អានតួអត្ថបទ

COP២៤ អនុម័ត​ដំណើរការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស តែ​គ្មាន​មហិច្ឆតា​ថ្មី

បន្ទាប់​ពី​បាន​ពន្យារ​ពេល​​ជាង​​មួយ​ថ្ងៃ​បន្ថែម​ទៀត ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ​COP24 បាន​បិទ​បញ្ចប់ នៅ​ថ្ងៃ​សៅរ៍​ ដោយ​បាន​សម្រេច​អនុម័ត​​​អំពី​វិធី​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស។ ប៉ុន្តែ​គ្មាន​ទេសន្ទុះ​កិច្ចសន្យា​អ្វី​ថ្មី​សម្រាប់​ទប់​ទល់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី​ បើ​ទោះ​បី​ភាព​បន្ទាន់​មាន​កាន់​តែ​ខ្លាំង គ្រោះ​មហន្តរាយ​មាន​កាន់​តែ​ញាប់​និង​ធ្ងន់ធ្ងរ​​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។

រូប​ថត​ជុំ​ក្រុមការងារ​ COP24 នៅ​ក្រុង​ Katowice ប្រទេស​ប៉ូឡូញ ក្នុង​ថ្ងៃ​បិទ​សន្និសីទ
រូប​ថត​ជុំ​ក្រុមការងារ​ COP24 នៅ​ក្រុង​ Katowice ប្រទេស​ប៉ូឡូញ ក្នុង​ថ្ងៃ​បិទ​សន្និសីទ REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

ដំបូង​ឡើង​គេទំនង​ជា​​គិត​ថា ​​អាមេរិក និង​អារ៉ាប៊ីសាអូឌីត នឹង​ខ្ទប់​ដំណើរការ​សន្និសីទ​អាកាសធាតុ​​របស់​​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ការ​ឱ្យ​មាន​យល់​ព្រម​គ្នាទាំងស្រុង ទើប​អនុម័ត​ចេញ​ជា​កិច្ចជា​ព្រមព្រៀង​បាន​ មិនឱ្យ​ចេញ​អ្វីបាន។ ប៉ុន្តែ​វា​មិន​ដូច្នោះទេ !

បន្ទាប់​ពី​បាន​រៀប​ចំ​អស់​រយៈ​ពេល​បី​ឆ្នាំ និង​ប្រើ​ពេល​សំរិត​សំរាំង​បង្ហើយអស់​​១៤​ថ្ងៃ​ និង​ជា​ច្រើន​យប់ យ៉ាង​តឹង​សរសៃ​ក​មក នៅយប់​មិញ “មគ្គុទេសក៍” ​ ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស សម្រាប់ប្រទេស​នីមួយៗ ត្រូវ​បាន​អនុម័ត​ ក្រោម​ស្នូរ​ទះ​ដៃ​យ៉ាង​រំពង។

ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​អាកាសធាតុ​ ​​ក្រុម​ប្រទេ​សកំពុង​អភិវឌ្ឍ​ន៍​ ទទួល​បាននូវ​អ្វី​ពួក​គេ​ចង់ ៖ ពោល​គឺ​​លទ្ធភាព​វាយតម្លៃ​សេចក្តី​ត្រូវការ​របស់​ពួក​គេ និង​លក្ខខណ្ឌ​ច្បាស់​លាស់​សម្រាប់​វិភាគ​កិច្ចសន្យា​ហិរញ្ញវត្ថុ​និង​ការ​ប្រើប្រាស់​ថវិកា​នោះ។ ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​ទទួល​បាន​នូវ​ពាក្យ​សន្យា​ពី​សំណាក់​ក្រុមប្រទេស​អ្នក​មាន​​-ឧស្សាហកម្ម​ ក្នុង​ការ​បំពេញ​ហិប​​​មូលនិធិ​អាកាសធាតុ​​ ក្នុង​ទំហំ​១០ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៩។ ប្រទេស​អ្នក​មាន​ក៏​ព្រម​ឱ្យ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​លទ្ធភាព​បន់​បែន​ ទៅ​តាម​សភាព​ការណ៍​ ​ ក្នុង​ការគោរព​កិច្ចព្រមព្រៀង​ទៀត។

ប៉ុន្តែ​​​ជោគជ័យ​នេះ ជា​ថ្នូរ​នឹង​ការ​​​ធ្វើ​សម្បទាន​តប​វិញ​ខ្លះ ! នៅក្នុង​របាយការណ៍​ អ្នក​ជំនាញ​អាកាសធាតុ Giec ​បាន​ទាញ​សញ្ញា​អាសន្ន​ ណែនាំ​ឱ្យ​ពិភពលោក​ប្រឹង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ឱ្យ​បាន​៥០% បើ​ប្រៀប​នឹង​ឆ្នាំ​២០១០ ប្រសិន​បើ​​​ចង់​កំរិត​កម្តៅ​ភពផែន​ឱ្យ​ឡើង​ត្រឹម​ក្រោម​២ ឬ​ត្រឹម​១,៥​អង្សា​ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ ហើយ​ថ្វី​បើ​ចំណុច​ទាក់ទង​នឹង​​សំណង​នៃការ​បាត់​បង់ ឬ​ខូច​ខាត​បង្ក​ឡើង​​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ត្រូវ​បាន​រក្សា​ទុក​​មែន តែ​ក្រុម​ប្រទេស​អ្នក​មាន គ្មាន​ជាប់ពាក្យ​​សន្យាទេ។ ​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម ក៏​មិន​បាន​សន្យា​ប្រឹង​ធ្វើ​បន្ថែម និង​ឱ្យ​បាន​លឿន ក្នុង​ការ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភាព​ផែន​ដី​​ឡើយ។

ប្រតិភូដែល​បាន​មក​ចូល​រួម​សន្និសីទ​នេះ​ យល់​ថា​មគ្គុទេសក៍​នៃការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នេះ ជា​សៀវភៅ​ណែនាំ​សម្រាប់​ប្រទេស​នីមួយៗ​យក​ទៅ​ប្រតិបត្តិ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន។

សន្និសីទ​អាកាសធាតុ​ ​COP២៤ បានបិទ​បញ្ចប់​ទៅ​ ដោយ​មាន​​​ថត​រូប​ជុំ​គ្នាផង។ នេះ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិ​សន្និសីទ​!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ