rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស សហភាពអឺរ៉ុប Brexit

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Brexit ៖ ផ្ទុះសង្គ្រាម​ពាក្យ​សំដី​រវាង​អតីត​និង​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​តំណែង

media
អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Tony Blair ធ្វើ​សន្និសីទកាសែត​អំពាវនាវ​ឱ្យ​ប្រជាមតិ​ថ្មី​ស្តីពី Brexit REUTERS/Henry Nicholls

​ជា​សង្គ្រាម​ពាក្យ​សំដី ជា​សាធារណៈ​ ដ៏​កម្រ​បំផុត នៅអង់គ្លេស ! លោកស្រី នាយករដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា ម៉េ (Theresa May) បាន​ចោទ​ប្រកាន់​លោក តូនី ប្លែរ (Tony Blair) ជា​អតីត​នាយក​រដ្ឋមន្ត្រី​ ថា​បាន​និង​កំពុង​រារាំង​ដំណើរការ​Brexit ព្រោះលោក​​បាន​​អំពាវនាវ​ឱ្យ​មាន​ការ​រៀប​ចំ​ប្រជាមតិ​ជា​លើក​ទីពីរ។ ចំណែក​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ឆ្លើយ​តប​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ចោទ​ប្រកាន់​លោកស្រី ម៉េ ថា​គ្មានទំនួល​ខុស​ត្រូវ។


“ស្វែងរក​ការ​រៀប​ចំ​ប្រជាមតិ​ស្តីអំពី Brexit ជា​លើក​ទី​ពីរ គឺ​ការ​ជេរ​ប្រទេស​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​លោក​ធ្លាប់​កាន់ និង​ជេរ​ប្រជាជន​ដែលលោក​ធ្លាប់​បម្រើ !” នេះ​ជា​សេចក្តី​ថ្លែងការណ៍​​របស់​លោកស្រីនាយករដ្ឋ​មន្ត្រី​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ដោយ​អះអាង​ទៀត​ថា លោកស្រី​បាន​ប្រឹង​ចរចា​យ៉ាង​លំបាក​លំបិន​ អស់​រយៈ​ពេល​១៧​ខែ ទម្រាំ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​។ ហើយ​​ពេល​នេះ​លោកស្រី​ចង់​បាន​តែ​ការ​ធានា​បន្ថែម​ទៀត ដើម្បី​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ឱ្យ​បោះឆ្នោត​គាំទ្រកិច្ចព្រមព្រៀង​នោះ។ ប៉ុន្តែ “មានមនុស្ស​ច្រើន​នាក់ណាស់ ​ចង់​បង្អាក់​ដំណើរការ​នីតិវិធី​ដើរ​ចេញ​ពី​អឺរ៉ុប ដើម្បីការពារ​នយោបាយ​ខ្លួន​ឯង​ជាង​ប្រយោជន៍​ជាតិ !” នេះ​ជា​ពាក្យ​​ចោទ​ប្រកាន់​​ដែល​លោកស្រី ម៉េ ចង់​សំដៅ​ទៅ​លើ​រូប​លោក​តូនី ប្លែរ។

ជា​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ពី​ឆ្នាំ​១៩៩៧-២០០៧ លោក តូនី ប្លែរ បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ នៅទីក្រុង​ឡុងដ៍ ក្នុង​ពេលដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី​កំពុង​ជួប​ពិភាក្សា​ជាថ្មី​ជាមួយ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ចង់​ឃើញ​អង់គ្លេស​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តី​ពី​ការ​ដើរ​ចេញ​អឺរ៉ុប​ ម្តង​ទៀត។ ហើយនៅ​ថ្ងៃអាទិត្យ ខុស​ពី​ទម្លាប់​ លោក​តូនី ប្លែរ​ ក៏​បាន​ឆ្លើយ​បក​ទៅនឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​ថា លោក​មិន​ដែល​ភ្លេច​កាតព្វកិច្ច​ និង​លទ្ធផល​ប្រជាមតិ​ខែ​មិថុនា​ឆ្នាំ​២០១៦​ដែល​មាន​ប្រជាជន​៥២%​បោះឆ្នោត​គាំទ្រ​Brexitទេ ! ប៉ុន្តែ​វា​ការ​ខ្វះ​ទំនួល​ខុស​ត្រូវ ដែល​ត្រូវ​ទៅ​បង្ខំ​សមាជិក​សភា​ឱ្យ​ទទួល​យក​កិច្ចព្រមព្រៀង​ មិន​ល្អ​ ឬ​ព្រម​ឱ្យ​អង់គ្លេស​​​បំបែក​ចេញ​ពីអឺរ៉ុប​ដោយ​គ្មានកិច្ចព្រមព្រៀង​​នោះ។ គ្មាន​ប្រជាជន និង​សមាជិកសភា​ណា​ គាំទ្រ​កិច្ចព្រមព្រៀង​របស់​លោកស្រី​ម៉េ​ទេ ! បើ​តំណាង​សភា​មិន​ព្រម ដូច្នេះ​វាគឺ​ជា​រឿង​ធម្មតា​ទេ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើផ្តល់​ឱកាស​ឱ្យ​ប្រជារាស្ត្រ​សម្រេច​ចិត្ត​ជា​ថ្មី ! នេះ​ជា​ប្រតិកម្ម​របស់​លោក​តូនី ប្លែរ តាម​រយៈ​សារ​ទ្វីតទ័រ។

ជម្រើស​រៀប​ចំ​មតិ​ជា​លើក​ទីពីរ ក៏​ត្រូវ​បាន​សមាជិក​រដ្ឋាភិបាល​ជា​ច្រើន​រូប រាប់​ទាំង​ប្រមុខ​ដឹកនាំ​លំដាប់​ទីពីរ​ផងកំពុង​ពិចារណា។ នេះ​បើ​គេ​ជឿ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អង់គ្លេស​ជា​ច្រើន។ ប៉ុន្តែ​ខុទ្ទការល័យ​នាយក​រដ្ឋមន្ត្រី​បាន​បដិសេធ​ពាក្យ​ចចាម​អារាម​ទាំង​នេះ ដោយ​បាន​លើក​ឡើង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ធ្វើ​ប្រជាមតិ​ជា​លើក​ទីពីរ ថា​រឹត​តែ​​ធ្វើ​អង់គ្លេស​​ប្រេះ​ឆា៕​