សង្រ្គាមអវកាស៖បារាំងកំពុងពង្រឹងសមត្ថភាពដើម្បីប្រជែងទល់នឹងសហរដ្ឋអាមេរិក ចិន និងរស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៥
នៅសប្តាហ៍ក្រោយ បារាំងនឹងបញ្ជូនយានអវកាសយោធាមួយដោយនាំយកផ្កាយរណបមួយចំនួនទៅដាក់ក្នុងលំហអាកាស។ នេះជាការបាញ់បញ្ជូនយានអវកាសលើកទី១១ និងជាលើកចុងក្រោយសម្រាប់ឆ្នាំ ២០១៨។ ក្រៅពីប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក និងស៊ុយអែតក៏បានចុះហត្ថលេខាជាលក្ខណៈទ្វេភាគីជាមួយក្រុងប៉ារីសដើម្បីអាចទទួលបានព័ត៌មានពីផ្កាយរណបទាំងនេះ។ ក្រសួងការពារជាតិបារាំងបានប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៦ ធ្នូថា គម្រោងបាញ់បញ្ជូនផ្កាយរណបយោធាទៅដាក់ក្នុងអវកាសពេលនេះជាសក្ខីកម្មដែលបញ្ជាក់ពីការផ្តើមឡើងវិញនូវមធ្យោបាយអាវកាសយោធាបារាំង។
មានផ្កាយរណបយោធាច្រើនដែលគ្រោងនាំទៅដាក់នៅក្នុងអវកាស តែក្នុងចំណោមផ្កាយរណបទាំងនោះមានពីរសំខាន់ ទី១ មានបេសកកម្មស្ទាបស្ទង់ ឃ្លាំមើលស្ថានការណ៍ដែលនឹងត្រូវដាក់នៅកម្ពស់ ៨០០គីឡូម៉ែត្រពីផែនដី ហើយទី២ មានបេសកកម្មស្រង់អត្តសញ្ញាណដែលនឹងត្រូវដាក់នៅកម្ពស់ ៤៨០គីឡូម៉ែត្រពីផែនដី។ ផ្កាយរណបទាំងអស់នោះនឹងបញ្ជូនឲ្យផែនដីនូវរូបភាពច្បាស់ដែលគេហៅថារូបភាព HD។ ផ្កាយរណបទាំងអស់នេះនឹងត្រូវបញ្ជូនទៅអវកាសនៅសប្តាហ៍ក្រោយ បន្ទាប់មកនៅក្នុងឆ្នាំ ២០២០ និង ២០២១ នឹងមានការបញ្ជូនផ្កាយរណបយោធាថ្មីៗបន្ថែមទៀតដើម្បីទៅជំនួសផ្កាយរណបចាស់ៗដែលមានស្រាប់នៅអវកាស។
កម្មវត្ថុរបស់បារាំងក្នុងការបំពាក់ផ្កាយរណបយោធានៅក្នុងអវកាសពេលនេះមានពីរ ទី១ បន្តរក្សាខ្លួនជាប្រទេសមហាអំណាចអវកាស និងទី២ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងថ្មីៗដែលពិភពលោកកំពុងជួបប្រទះសព្វថ្ងៃ។ សម្រាប់បារាំង អវកាសបានក្លាយជាបញ្ហាប្រឈមសម្រាប់សន្តិសុខជាតិដែលគេមិនអាចមើលស្រាលបានឡើយ។ លោកប្រធានាធិបតីបារាំងម៉ាក្រុងចង់បំពាក់ឲ្យបារាំងក្នុងឆ្នាំ ២០១៩ នូវយុទ្ធសាស្រ្តការពារអវកាសមួយ។ ក្រសួងការពារជាតិកំពុងរៀបចំសំណើមួយចំនួនស្តីពីយុទ្ធសាស្រ្តការពារអវកាសទៅឲ្យលោកម៉ាក្រុងនាពេលខាងមុខ។ សម្រាប់ថវិកាយោធាពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥ បារាំងបានគ្រោងចំណាយលុយដល់ទៅ ៣ ៦០០លានអឺរ៉ុបសម្រាប់វិស័យយោធាអាវកាស។
តែគម្រោងចំណាយរបស់បារាំងក្នុងវិស័យនេះនៅមានកម្រិតទាបបើធៀបនឹងសហរដ្ឋអាមេរិកដែលគ្រោងចំណាយ ៥០ ០០០លានដុល្លារ ចិនគ្រោងចំណាយ ១០ ០០០លានដុល្លារ ហើយរុស្ស៊ីគ្រោងចំណាយ ៤ ០០០លានដុល្លារ។
អវកាសកំពុងក្លាយជាសរមភូមិប្រយុទ្ធសម្រាប់សង្រ្គាមលោកនៅថ្ងៃខាងមុខ?
អវកាសបាន និងកំពុងក្លាយជាទីតាំងភូមិសាស្រ្តមួយយ៉ាងសំខាន់សម្រាប់កងទ័ពរបស់គ្រប់ប្រទេសទាំងអស់ក្នុងលោក ពោលមិនមែនសម្រាប់តែប្រទេសបារាំង សហរដ្ឋអាមេរិក រុស្ស៊ី ឬប្រទេសចិនទេ។ កន្លងមក គេបានប្រើផ្កាយរណបក្នុងគោលដៅស៊ីវិល ដូចយ៉ាងក្នុងវិស័យទូរគមនាគមន៍ ឬមួយក្នុងវិស័យបរិស្ថានជាដើម តែសព្វថ្ងៃ ផ្កាយរណបបានក្លាយជាមធ្យោបាយចាំបាច់មិនអាចខ្វះបាននៅក្នុងវិស័យយោធា។ ប្រទេសមហាអំណាចយោធាភាគច្រើនបានប្រើផ្កាយរណបដើម្បីចាប់ទីតាំងភូមិសាស្រ្តច្បាស់លាស់ ឃ្លាំមើលសកម្មភាពផ្សេងៗ និងប្រមូលគ្រប់ព័ត៌មានសម្ងាត់ទាំងអស់របស់ប្រទេសដទៃ ពិសេសប្រទេសសត្រូវ។
នៅខែតុលាកន្លងទៅ លោកហ្វីលីព ឡាវីញ អគ្គមេបញ្ជាការកងទ័ពអាកាសបារាំងបានគូសបញ្ជាក់ច្បាស់ៗថា បើបារាំងចាញ់សង្រ្គាមអាវកាស មានន័យយ៉ាងខ្លីថា បារាំងចាញ់សង្រ្គាម។ គួរបញ្ជាក់ថា អ្នកដែលបានចូលប្រឡូក និងព្យាយាមត្រួតត្រាលើអវកាសមិនមែនបារាំងទេ តែគឺសហរដ្ឋអាមេរិក ចិន និងប្រទេសរុស្ស៊ី។ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសក្តែងៗក្នុងខែសីហាថាចាប់ពីពេលនេះតទៅ អវកាសបានក្លាយជាសមរភូមិប្រយុទ្ធដូចសមរភូមិលើអាកាស លើដី និងលើទឹកអ៊ីចឹងដែរ។ លើសពីនេះ លោកត្រាំគ្រោងបង្កើតពីពេលនេះដល់ឆ្នាំ ២០២០ នូវកម្លាំងទ័ពអវកាសដែលជាកម្លាំងទ័ពទី៦ របស់សហរដ្ឋអាមេរិក។
ឃើញថា សង្រ្គាមអាវកាសនៅមិនទាន់មានទេពេលនេះ តែប្រទេសមហាអំណាចសឹងតែទាំងអស់បានប្រើផ្កាយរណបយោធាដើម្បីឈ្លបយកការណ៍គ្នាទៅវិញ ទៅមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ