អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដល់​ថ្ងៃ​បិទ​បញ្ចប់​ សន្និសីទអាកាសធាតុ​COP២៤ កាន់​តែ​តានតឹង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អង្គការ​សហប្រជាជាតិ​​ស្តី​អំពី​អាកាសធាតុ​ COP​២៤​ ដែល​​ប្រព្រឹត្ត​ទៅនៅ​ប្រទេស​ប៉ូឡូញ ជាទី​សង្ឃឹម​ថា​នឹង​រក​ឃើញ​វិធីសាស្ត្រ​​ប្រកប​ដោយ​មហិច្ឆតា សម្រាប់​យក​ទៅ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​​ក្រុង​ប៉ារីស​។ គ្រោង​​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ សន្និសីទកំពុង​​ឈាន​ចូល​ដល់​ដំណាក់​កាល​ប្រញឹក និង​តាន​តឹង​យ៉ាង​ខ្លាំង។ ការ​ជជែក​តស៊ូ​មតិ ទំនង​ជា​នឹងអាច​​បន្ត​អូស​បន្លាយ​ពេល​​ច្រើនម៉ោង​​ ​រហូត​ដល់​ចុង​សប្តាហ៍​ទៀត​ផង​។

សន្និសីទ​អាកាសធាតុ​លើក​ទី ២៤ នៅ​ក្រុង​ Katowice ប្រទេស​ប៉ូឡូញ
សន្និសីទ​អាកាសធាតុ​លើក​ទី ២៤ នៅ​ក្រុង​ Katowice ប្រទេស​ប៉ូឡូញ La Moncloa
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អាកាសធាតុ​លើក​ទី​២៤​នេះ ជា​សន្និសីទ​ដ៏​ធំ​និង​សំខាន់​ខ្លាំង​បន្ទាប់​ពី​ សន្និសីទ​អង្គការ​សហប្រជាជាតិ​រៀប​ចំ​ធ្វើ​នៅ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១៥ ឬ​ហៅ​ថា​COP២១។ ពីព្រោះ​សន្និសីទ​នេះ មាន​កម្មវត្ថុ​រក​ឱ្យ​ឃើញកិច្ចវិធានការ​​ ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ផង និង​វិធី​​​​ពង្រឹងហិរញ្ញវត្ថុ​ សម្រាប់​សម្រួល​ពិភពលោក​ឱ្យ​ឆ្លង​អន្តរកាល​ឆ្ពោះ​ទៅ​រក​ពិភពលោក​គ្មានរង​ឥទ្ធិពល​ពី​​ឧស្ម័ន​កាបូន។ ជាពិសេស​នេះ​ជា​ឱកាស​ដែល​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិទាំង​អស់ ត្រូវ​បង្ហាញជា​ថ្មី​​ឆន្ទៈ​និង​កិច្ច​សន្យា​ប្រឹង​ប្រែង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ក្នុង​ខណៈ​ដែល​ភព​ផែនដី​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើង​កម្តៅ​អាកាសធាតុ​ដល់​ទៅ ៣,៣​អង្សា​ នៅ​ចុង​សតវត្សរ៍​នេះ​ផង បើ​នៅ​តែប្រកាន់​ឥរិយាបថ​ដូច​សព្វថ្ងៃ។

ប៉ុន្តែ​​​ថ្ងៃ​បិទ​បញ្ចប់​ជា​ផ្លូវការ​ខិត​មក​ដល់​ ការ​ចរចាកាន់​តែ​ប្រញឹក​និង​តានតឹង។ បើ​យោង​ទៅ​តាម​ស្ថានការណ៍ជាក់​ស្តែង ទំហំ​នៃ​ការ​ទទួល​បន្ទុកដ៏​​​ស្មុគស្មាញ និង​បង្កប់​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្លាំង​ផង ធ្វើ​ឱ្យ​​ការ​ចរចា​ដើរ​ទៅ​មុខ​យ៉ាង​យឺត​យ៉ាវ​បំផុត។ ដូច្នេះ​ សន្និសីទ​ក្រុង​កាតូវីស ទំនង​ជា​ត្រូវ​ដើរ​តាម​គន្លង​ចាស់​ជា​ប្រពៃណី ដូច​​លើក​មុន​ៗ ដោយ​ត្រូវ​បន្ត​ពេល​វេលា​បន្ថែម​ទៀត ដោយ​ចៀស​មិន​រួចឡើយ។ ប្រតិភូ​ក្នុង​កិច្ចចរចា​នេះ​សុទ្ធ​តែ​បាន​ដឹង​ខ្លួន​ជា​ស្រេច។ ​ម្យ៉ាង​ទៀត គម្រោង​សេចក្តី​សម្រេច​ របស់ប៉ូឡូញ ដែល​ជា​​ប្រធាន​សន្និសីទ​COP២៤ ទើប​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ល្ងាច​មិញ។

​តើ​ ​អ្វី​ខ្លះទៅ​ជា​​ចំណុច​ខ្ទាស់ខ្លាំង​ ?

គម្រោង​សេចក្តី​សម្រេច​ ដែល​ជា​មគ្គុទេសក៍​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀងអាកាសធាតុ​ក្រុង​ប៉ារីស​ ពោល​គឺ​ជា​វិធាន​ច្បាប់ ​សម្រាប់​ទប់​កម្តៅ​ផែនដី​កុំ​​​ឱ្យ​ឡើង​ក្រោម​ខ្ពស់​លើស​ពី ២​អង្សា​ មាន ១៥​ជំពូក។ ​ ចំណុចដែល​​ត្រូវ​កែ​​សម្រួល​ និង​ត្រូវ​ចរចា​​អារកាត់​មាន​ជាច្រើន​ដូច​ជា ៖ ជំពូក​ស្តី​អំពី​ការ​ប្រើប្រាស់​ទីផ្សារ​កាបូន និង​ចំណោទ​ស្តី​អំពី​ដំណើរការ ព្រមទាំង​អភិបាលកិច្ច​ឬ​ក្បួន​នៃ​ការ​គិត​។ យន្តការ​ប្រកប​ដោយ​តម្លាភាព ដែល​នឹង​ត្រូវ​ចាប់​ធ្វើ​អន្តរាគមន៍​​ចាប់​ពី​ឆ្នាំ​២០២៤​ទៅ ក៏​កំពុង​នៅ​ជជែក​តវ៉ា​គ្នា​នៅ​ឡើយ ​ ថាតើ​មាន​វិធី​វាស់​វែ​ង​យ៉ាង​ណា ? តើ​ក្រុម​ប្រទេស​អ្នក​មាន​ប្រឹង​​ធ្វើ​បានត្រឹមត្រូវតាម​សន្យា​បាន​​ប៉ុណ្ណា ជឿនលឿន​ប៉ុណ្ណា ? ចុះប្រទេស​កំពុង​លូតលាស់ មានបាន​ទទួល​ការ​បន្ធូរបន្ថយ​បាន​ត្រឹម​ណា និង​សម្រាប់​រយៈ​ពេល​ប្រវែងណា ?

បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​​​អាកាសធាតុ​ក៏​ជា​ចំណុច​ខ្ទាស់​ខ្លាំង​ដែរ ! ​ក្រុម​បណ្តា​ប្រទេស​ក្រីក្រចង់​បាន​ការ​ធានា​ថា​តើ​ការ​ដំឡើង​មូលនិធិ​ ដែល​ក្រុម​ប្រទេស​អ្នក​មាន​សន្យា​ នឹង​ត្រូវ​រៀប​ចំ​​យ៉ាង​ដូចម្តេច​ចាប់​ពី​ឆ្នាំ​២០២៥​ទៅ។ គ្រោះ​មហន្តរាយធម្មជាតិ ​ដែល​បង្ក​ឡើង​​​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ដូច​ជា ព្យុះ​សង្ឃរា ទឹក​ជំនន់ បានក្លាយ​ជា​ចំណុច​តូច​ល្អិត​មួយ​ កត់​ត្រា​នៅ​ចុង​ក្រដាស មិនមែន​ជា​អត្ថបទ​ច្បាប់​គោល​ត្រូវ​គិត​គូរ​ ដូច​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស​ទេ។ នេះ​ជា​អ្វី​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្គាល់​ឃើញ​ថា​ជា​ចំណុចដើរ​ថយ​ក្រោយ។

ក្រៅ​អំពី​ចំណុច​ខ្ទាស់​នេះ គេ​ក៏​ឃើញ​មានលើក​ឡើង​ពី​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ​។ កាលពី​ថ្ងៃព្រហស្បតិ៍​ ប្រទេស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ចំនួន​ប្រមាណ​៥០​ប្រទេស បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចេញ​សកម្មភាព​​ប្រឆាំង​នឹង​ “ហានិភ័យ​ផុត​ពូជប្រទេស”។ ក្រុម​ប្រទេស​ទាំង​នេះ ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ដល់​ទៅ​១ពាន់​លាន​នាក់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក អាស៊ី និង​កូន​កោះ​តូចៗ បាន​ប្រកាស​សន្យា​រួច​ទៅ​ហើយថា​នឹង​​កំរិត​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចាប់​ពី​នេះ​ទៅ​ឆ្នាំ​២០២០​តែ​ម្តង។

អឺរ៉ុប​ស្ងាត់ស្ងៀម អាមេរិក​រាទឹក

ក្រៅ​អំពី​ចំណុច​ខ្ទាស់​ទាក់​ទង​នឹង​វិធី​ណែនាំ​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស ប្រធាន​បទ​ដ៏​ចម្រូង​ចម្រាស​មួយ​ទៀត​ ដែល​ប្រតិភូ​ក្នុង​អង្គ​សន្និសីទ​ត្រូវ​ជំនះ​ឱ្យ​បាន​នោះ​គឺ​ ការ​រាប់​បញ្ចូល​របាយការណ៍​ចុងក្រោយ​របស់​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ (GIEC) ទៅ​ក្នុង​សេចក្តី​សម្រេច​បង្ហើយ។ ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត រុស្ស៊ី អាមេរិក​ បាន​បដិសេធ មិន​ ស្វាគមទេ។ មហិច្ឆតារបស់​COP២៤ ​ក៏​​ចង់​រុញ​ច្រាន​ឱ្យ​ក្រុមប្រទេស​ទាំង​នោះ ដែល​បាន​ធ្វើ​ការ​សន្យា​ចុងមាត់​ចុងក​ និង​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១៥ ពង្រឹង​កិច្ចខិត​ខំប្រឹង​ប្រែងដោយ​ត្រូវ​បង្ហាញ​ផែនការ​​ចាប់​ពី​ឆ្នាំ​២០២០ទៅ។ ប៉ុន្តែ​ គេ​មិន​ប្រាកដ​ថា​នឹង​អាច​មាន​សេចក្តី​ថ្លែងការណ៍​អ្វី​ចេញ​ប្រកាស​នៅ​ពេល​បិទ​បញ្ចប់​សន្និសីទ​ជា​ស្ថាពរ​ឡើយ។

និយាយ​ជា​សរុប​ទៅ​ សន្ទុះ​នៃ​ក្តី​សង្ឃឹម​​របស់​ក្រុម​ប្រទេស​តូចៗ ត្រូវស្ទះ​កក​ទៅ​វិញ ត្រឹម​ក្រុម​ប្រទេស​មហាអំណាច ដែល​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង ដូច​ជា សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា​ មិន​បញ្ចេញ​កាយ​វិការ​ប្រឹង​ដើម្បី​អាកាសធាតុ​សោះ។ បើ​ថា​មិនខំ​ ក៏​មិនអី នេះ​ថែម​ទាំង​បាន​យក​ជើង​មក​រា​ទឹក​ទៀត ៖ អារ៉ាប៊ីសាអូឌីត អាមេរិក រុស្ស៊ី បាន​ថែម​ទាំង​បន្ទាប​បន្ថោក​របាយការណ៍​របស់​GIEC។ អញ្ចឹង​បាន​ជា​នៅ​ល្ងាច​មិញ នាយក​រដ្ឋមន្ត្រី​ហ្វីជី ដែលទើប​ចប់​អាណត្តិ​​ជា​ប្រធានផ្លាស់​វេន​​COP23​ បាន​ចាក​ចេញ​ពី​តួនាទី​ទាំង​កំហឹង​ ប្រកាស​ចាត់​ទុក​មេដឹកនាំ​ដែល​មិន​ទទួល​ស្គាល់​របាយការណ៍​របស់​អ្នក​ជំនាញ​អាកាសធាតុ​ថា គ្មាន​ទំនួល​ខុស​ត្រូវ​និង​អាត្មានិយម។

អាមេរិក​​​ព្រងើយ សហភាព​អឺរ៉ុប ដែល​កំពុង​ឆ្លង​កាត់​វិបត្តិ (បារាំង​ជួប​វិបត្តិ​អាវកាក់លឿង អង់គ្លេសកំពុង​វក់​នឹង​នីតិវិធី​ដើរ​ចេញ​ពីអឺរ៉ុប អាល្លឺម៉ង់មាន​វិបត្តិ​មេកើយ ... )ពុំ​បាន​ចេញ​មុខ​ដឹកនាំ​សន្និសីទ​អាកាសធាតុ​នៅ​លើក​នេះ​។ មាន​តែ​ចិន​​នាំ​មុខ​។​ ចំណែក​ប្រធាន​ផ្លាស់​វេន​COP២៤ ជា​ប៉ូឡូញ​ដែល​មិន​ដែល​មាន​គម្រោង​ចង់​ពង្រឹង​កិច្ចសន្យា​ដើម្បី​អាកាសធាតុ​ទៀត។​ ដូច្នេះតើ​គេ​អាច​រំពឹង​ទទួល​បាន​លទ្ធផល​យ៉ាងណា ?! ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ