អានតួអត្ថបទ

របាយការណ៍CAT ៖ សីតុណ្ហភាព​​ផែនដី​នឹង​ឡើង​កម្តៅ៣,៣អង្សា នៅឆ្នាំ​២១០០

នៅក្នុង​​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​ ​ឆ្នាំ​២០១៥​ ចុះ​ហត្ថលេខា នៅ​ក្រុង​ប៉ារីស ពិភពលោក​បាន​កំណត់​កម្មវត្ថុ​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុនៃ​ភពផែន​ដី​​ជា​មធ្យម ឱ្យ​​បាន​ត្រឹមក្រោម​​២​អង្សា​ ជាមធ្យម។ ប៉ុន្តែ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយ ជា​សាធារណៈ​​នៅ​ថ្ងៃអង្គារ​ទី ១១​ធ្នូ​នេះ សីតុណ្ហភាព​នៃ​ភព​ផែនដី នឹង​កើន​ឡើង​ខ្លាំង​លើស​កម្មវត្ថុ​កំណត់​នោះ​ឆ្ងាយ​ណាស់។ នេះ​បើ​យោល​ទៅ​វិធានការ​ការ​ពារ​បរិស្ថាន​សព្វថ្ងៃ។

ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​ផ្ទាំង​​ទឹកកក​នៅ​តំបន់​អាកទិក​រលាយ​
ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​ផ្ទាំង​​ទឹកកក​នៅ​តំបន់​អាកទិក​រលាយ​ Petrosyan/Kommersant Photo via Getty Images
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​សិក្សា​របស់​អង្គការ​អឺរ៉ុប​បី​រួម​បញ្ចូល​គ្នា​ឈ្មោះ​ថា Climate Action Tracker (CAT) នៅ​ចុង​សតវត្សរ៍​ទី​២១​នេះ សីតុណ្ហភាព​នៃ​ភព​ផែន​ដី​នឹង​កើន​ឡើង​ជា​មធ្យម​ដល់​ទៅ ៣,៣​អង្សា​ឯណោះ ! ក៏​ប៉ុន្តែ​ការ​ឡើង​កម្តៅ​អាកាសធាតុ អាច​ខ្លាំង​ឬ​ខ្សោយ​ជាង​ការ​ព្យាករ​ អាស្រ័យ​លើ​កិច្ចខំប្រឹង​ប្រែង​របស់​ប្រទេស​នីមួយ​ ក្នុង​ការរារាំង​បម្រែបម្រួល​​​អាកាសធាតុ។

បើ​តាម​CAT តាំង​ពី​ឆ្នាំ​២០១៥​មក គេ​សង្កេត​ឃើញ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ប៉ុន្តែបើ​មើល​ទៅ​លើ​វិធានការ​ដែល​មាន​សព្វថ្ងៃ​នេះ សីតុណ្ហភាព​នៃ​ភពផែនដី អាច​នឹង​កើន​ឡើង​ជា​មធ្យម​ដល់​៣,៣​អង្សា ពោល​គឺ​ទាប​ជាង​ការព្យាករ​កាល​ពី​ឆ្នាំ​មុន​ ដែល​អង្គការ​មើល​ឃើញការ​កំណើន​អាកាសធាតុ​ជា​មធ្យម​ដល់​ទៅ ៣,៤អង្សា។ ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​ហត្ថលេខី​ទាំង​អស់ ពិត​ជា​ប្រឹង​អនុវត្ត​តាម​អ្វី​ដែល​បាន​ប្រកាស​ នោះ​កម្តៅ​នៃ​ភពផែន​ដី​អាច​នឹង​កើន​ឡើង​​ត្រឹម៣​អង្សា នៅ​ឆ្នាំ​២១០០។ មាន​ន័យ​ថា​ ទោះ​ក្នុង​ទស្សនវិស័យ​ណា​ ក៏​​ទាប​ជាង​២​អង្សា​ដូច​ដែលមាន​​កំណត់​ក្នុង​កិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីស​ដែរ។

ឡើង​បី​អង្សា តំបន់​ថ្មប៉ប្រះ​ទឹក-​​ផ្កាថ្ម នឹង​ត្រូវ​បាត់​បង់​ ភ្នំ​ទឹក​កក​នៅ​កំពូល​ភ្នំ​Alpeរបស់​បារាំង​នឹង​លែង​មាន គ្មាន​សមុទ្ទទឹកកក​នៅ​​អាកទិកទៀត​ទេនារដូវ​ក្តៅ ហើយ​សូម្បី​តែមួក​ទឹកកក​នៅ​តំបន់​ប៉ូល​Groenland ក៏​ទំនង​ជា​នឹង​ត្រូវ​រលាយ។ បើ​ទឹកកក​នៅ​តំបន់​ប៉ូល​ត្រូវ​រលាយ​​ ហើយ​មិន​អាច​កក​វិញ​បាន នោះ​វា​នឹង​ធ្វើ​ឱ្យ​ទឹកកម្ពស់​​សមុទ្ទ​ឡើង​​យ៉ាងខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​​មិន​ខាន។ នេះ​បើ​តាម​ការ​ព្យាករ​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​អន្តររដ្ឋាភិបាល GIEC។

ដើម្បី​រក្សា​ការ​ឡើង​កម្តៅ​អាកាសធាតុនៃ​ផែន​ដី ​ត្រឹម​១,៥​អង្សា​ជាមធ្យម ​ចាំ​បាច់​ត្រូវ​មាន​ការ​ប្តូរ​ផ្លាស់​ឥរិយាបថ​មនុស្ស​ឱ្យ​​យ៉ាង​លឿន​ និង​ខ្លាំង​បំផុត​។ ប៉ុន្តែ​តាំង​ពី​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉ារីសមក អាហ្សង់ទីន កាណាដា ឈីលី ឥណ្ឌា សហភាព​អឺរ៉ុប ដើរ​ក្នុង​ទិស​ល្អ​ឆ្ពោះទៅ​រក​កាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ ឯ​ចិន​បាន​បង្ហាញ​ភាព​ជឿន​លឿន​ច្រើន​នៅ​ឆ្នាំ​នេះ។ ចំណែក​សហរដ្ឋ​អាមេរិក អូស្ត្រាលី ប្រេស៊ីល​ ឬ​រុស្ស៊ី​វិញ គ្មាន​ប្រឹង​ប្រែង​សោះ។ នេះ​បើ​តាម​របាយការណ៍​CATដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ