rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង បាតុកម្ម ពន្ធដារ ប្រេងកាត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហេតុអ្វី​​ប្រធានាធិបតី​បារាំង នៅ​ស្ងាត់ស្ងៀម ទោះ​មាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង?

media
បាតុករ​របស់​ក្រុមអាវកាក់លឿង​ដុតបដានៅ​មុខ​វិមាន​ជ័យជំនះ​របស់​បារាំង នៅ​ក្បែរ​មហាវិថី ស្ហង់អេលីហ្សេ ថ្ងៃទី ២៤​វិច្ឆិកា ២០១៨ ©REUTERS/Benoit Tessier

ក្រោយ​បាតុកម្ម​ហិង្សា​២លើក​របស់​ក្រុម​អាវកាក់លឿង សម្ពាធ​កាន់ច្រើន ធ្លាក់​ទៅ​លើ​ប្រធានាធិបតី បារាំង។ នៅមួយ​ថ្ងៃ​ក្រោយ បាតុកម្ម​របស់​ចលនា​អាវកាក់លឿង កាលពី​ថ្ងៃ​សៅរ៍ ទី ៨ ធ្នូ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​របួស​ជិត ២រយនាក់ និង​ការចាប់ខ្លួន​ជាង ១ពាន់នាក់ នៅទូទាំងប្រទេស​បារាំង សម្ពាធ​មាន​មក​ពី​គ្រប់ទិស ទៅ​លើ​លោកប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​មាន​គម្រោង​ឡើង​ថ្លែងសុន្ទរកថា ទៅ​កាន់​ប្រជាជន​បារាំង នៅ​ដើម​សប្តាហ៍នេះ។ នៅ​ថ្ងៃ​អាទិត្យ នៅ​ក្នុង​កិច្ចពិភាក្សា​នៅតាម​វិទ្យុ រដ្ឋមន្រ្តី​ការបរទេស​របស់​លោក​ម៉ាក្រុង ផ្ទាល់ បាន​សំណូមពរ ឲ្យ​ប្រធានាធិបតី បង្កើត​កិច្ចសន្យា​សង្គម​ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ប្រជាជន​បារាំង។


សំណួរ​ជាច្រើន​បាន​ចោទសួរថា នៅ​ពេល​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង​ផ្ទុះឡើង នៅទូទាំងប្រទេស កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ តើ​ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅ​ឯណា? ចាប់តាំង​ពី​បាតុកម្ម​ដ៏​ហិង្សា ដែល​ផ្ទុះឡើង នៅ​តាម​ទីក្រុង​ធំៗ​របស់​បារាំង ជាពិសេស រដ្ឋធានី ប៉ារីស កាលពី​ថ្ងៃទី ១ធ្នូ ប្រមុខរដ្ឋ​បារាំង នៅ​មិន​ទាន់​ចេញមុខ ថ្លែង ជា​សាធារណៈ ម្តងណាទេ។

តាំង​ពី​មុន​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង កាលពី​ថ្ងៃ​សៅរ៍​ទី ៨​ធ្នូ ដែល​បាន​ធ្វើ​ឲ្យ​ប៉ារីស​ធ្លាក់​ជា​លើក​ទី២ ទៅក្នុង​អំពើ​ហិង្សា ដុតបំផ្លាញ​រថយន្ត ហើយ​និង​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប៉ូលិស និង​បាតុករ វិមាន​ប្រធានាធិបតី បារាំង បាន​លើកឡើង​ថា លោក​អេម៉ានុយអែល ម៉ាក្រុង​នឹង​ឡើង​ថ្លែង​សារ​មួយ ទៅ​ជន​រួមជាតិ នៅ​សប្តាហ៍​នេះ។

ខ្លឹមសារ​នៃ​សារ​របស់​ប្រធានាធិបតី បារាំង ជាអ្វី​ដែល​ប្រជាជន​បារាំង កំពុង​តាមដាន​ចង់​ដឹង។ បន្ទាប់​ពី សម្រេច​លុបចោល​ទាំងស្រុង ពន្ធ​លើ​ប្រេងឥន្ធនៈ ដែល​ជា​ដើមចម​នៃ​ការផ្ទុះ​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង តើ​ប្រធានាធិបតី​បារាំង ប្រុង​នឹង​ចាត់វិធានការ​អ្វី​បន្ត​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការទាមទារ​ក្រុមអាវកាក់លឿង ដែល​បាន​ប្រកាស​រួចហើយ​ថា នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​ខាងមុខទៀតនោះ?

នៅ​ថ្ងៃ​អាទិត្យ ការអំពាវនាវ ឲ្យ​ប្រធានាធិបតី បារាំង​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ មាន​មក​ពីគ្រប់​ភាគី​នយោបាយ មិនថា បក្ស​ប្រឆាំង ឬ​មន្រ្តី​រដ្ឋាភិបាល​របស់លោក​ម៉ាក្រុង​ផ្ទាល់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​បាតុកម្ម​សាជាថ្មី របស់​ក្រុមអាវកាក់លឿង នៅ​ចុងសប្តាហ៍នេះ។ សម្រាប់​អ្នកនាំពាក្យ​របស់​គណបក្ស​ស្តាំ​និយមជ្រុល ប្រជាជន​បារាំង រង់ចាំ​ពាក្យ​អាណិតអាសូរ ពីលោក​ម៉ាក្រុង ប៉ុន្តែ ជាមួយគ្នា នោះ គេចង់​បាន​វិធានការ​ជាក់ស្តែង របស់​រដ្ឋាភិបាល ដើម្បី សម្រាលបន្ទុក​សេដ្ឋកិច្ច​របស់​ប្រជាជន​បារាំង។

លោក​Jean Yves Le Drian រដ្ឋមន្រ្តី​ការបរទេស​បារាំង វិញ ដែល​បាន​និយាយ​ហាក់ចុងមាត់ ចុងក រិះគន់​កំណែទម្រង់​របស់​លោកម៉ាក្រុង បាន​សំណូមពរ​ឲ្យ​លោកប្រធានាធិបតី ម៉ាក្រុង បង្កើត​កិច្ចសន្យា​សង្គម​ថ្មីមួយ ដើម្បី បំបាត់​ចោល អសមភាព ទីក្រុង និង​ជនបទ ហើយ​និង​គម្លាត​សង្គម អ្នកមាន និង​អ្នកក្រ ដែល​កើតឡើង ដោយសារ​នយោបាយ​សារពើ​ពន្ធ ដែល​រដ្ឋាភិបាល បាន​ចាប់អនុវត្ត សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​បារាំង លោក​Bruno Le Maire វិញបាននិយាយ​ ថា បាតុកម្ម វាយបំផ្លាញ ទាំងពីរ​លើក បាន​ប៉ះពាល់​ដ៏ធ្ងន់ធ្ងរ ដល់​ផ្នែក​ទេសចរណ៍ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​បារាំង ព្រោះ​វា​បានកើត​ឡើង នៅ​ចំពេល​ដែល​ប្រជាជន​បារាំង​កំពុង​ត្រៀម​រៀបចំ​បុណ្យ​ចុងឆ្នាំ។ សម្រាប់​លោក​Bruno Le Maire ការខូចខាត​ដោយសារ​តែ បាតុកម្ម របស់​ក្រុមអាវកាក់លឿង នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​បារាំង​អាច​ធ្លាក់​ថយចុះ៕