rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង បាតុកម្ម ប្រេងកាត សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បាតុកម្ម​អាវកាក់លឿង៖ រដ្ឋាភិបាល​បារាំងរិះរក​វិធានការ នៅក្រោយ​ភាពវឹកវរ កាលពី​ថ្ងៃ​សៅរ៍

media
ប៉ូលិស​បារាំង​ប៉ះទង្គិច​ ជាមួយ​បាតុករ​របស់​ចលនា​អាវកាក់លឿង នៅ​លើ​កណ្តាល​ក្រុង​ប៉ារីស ថ្ងៃសៅរ៍ទី ១​ធ្នូ ២០១៨ ©REUTERS/Stephane Mahe/File

ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​កោះប្រជុំ​បន្ទាន់ មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​នៅ​ព្រឹកថ្ងៃ​អាទិត្យ នេះ នៅក្រោយ បាតុកម្ម​របស់​ក្រុមអាវកាក់លឿង ដែល តវ៉ា​ប្រឆាំង​នឹង​ប្រេងសាំង​ឡើងថ្លៃ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​រាលដាល​ទៅ​ជា​បាតុកម្ម​ហិង្សា ដុតបំផ្លាញ រថយន្ត ជាពិសេស នៅទីក្រុង​ប៉ារីស។ តាមតួលេខ​ចុងក្រោយ​របស់​ប៉ូលិស​បារាំង ការប៉ះទង្គិច​ដ៏ហិង្សា​រវាង​ប៉ូលិស និង​ក្រុមបាតុករ បានធ្វើ​ឲ្យ​មនុស្ស​របួស ១៣៣​នាក់ ដែលនៅក្នុង​នោះមាន​ប៉ូលិស ២៣នាក់ ហើយ​និង​ការចាប់ឃុំខ្លួន​ជនដៃដល់​ប្រព្រឹត្ត​អំពើ​ហិង្សា ៣៧៨នាក់។

 

 


នៅថ្ងៃ​អាទិត្យ នេះ នៅក្រោយ​ត្រលប់​ពី​ប្រជុំ G ២០​នៅប្រទេស​អាហ្សង់ទីន ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរ​ភ្លាម​ទៅ​មើលកន្លែង ដែល​ផ្ទុះ​កើត​មាន​បាតុកម្ម​ហិង្សា រវាង​ប៉ូលិស និង​បាតុករ កាល​ពី​ថ្ងៃសៅរ៍ម្សិលមិញ។

នៅទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ម្សិលមិញ ការប្រឈមមុខ ដាក់​គ្នា​រវាង​ប៉ូលិស ហើយ​និង​បាតុករ ក្រុម​អាវកាក់លឿង បានប្រែក្លាយ​ទៅ​ជា​បាតុកម្ម​ដ៏​ហិង្សា នៅពេល​បាតុករ បាន​គប់ដបសាំង ទៅលើ​កងកម្លាំង​ប៉ូលិស និង​ចូល​ដុត​វាយបំផ្លាញ ភោជនីយដ្ឋាន អគារ​លក់ទំនិញ។ នៅ​ព្រឹកថ្ងៃអាទិត្យ​នេះ នៅ​លើ​មហាវិថី ស្ហង់ អេលីហ្សេ និង​តំបន់​ជុំវិញ គេ​ឃើញ​ខ្មោច​រថយន្ត​ជាច្រើន​គ្រឿង ដែល​ត្រូវ​ក្រុមបាតុករ​ដុតបំផ្លាញ ចំណែក​របង​របស់​សួនច្បារ ហើយ​និង​ថ្ម ក្រាល​ផ្លូវ ត្រូវគេ​គាស់​បំផ្លាញ ដើម្បី​យកទៅគប់​លើ​ប៉ូលិស។ ជាលើកទី១ ក្នុង​ប្រវត្តិ​បាតុកម្ម​នៅ​ស្រុកបារាំង វិមាន ជ័យជំនះ​របស់​បារាំង Arc de Triomphe ដែល​មាន​ឈ្មោះ របស់​ទាហាន​ស្លាប់​ក្នុង​សម័យ​សង្រ្គាម បាន​រងខូចខាត ដោយសារ​អក្សរបាញ់ថ្នាំ​ក្រវ៉េមក្រវ៉ាម។

តាំង​ពី​ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃ​ម្សិលមិញ ប្រមុខរដ្ឋបារាំង បាន​វាយតម្លៃថា ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ មិនមែន​ជា​ការសំដែង​កំហឹង ដោយ​ស្របច្បាប់ ក្នុង​បាតុកម្ម​សន្តិភាព នោះទេ។

លោក​ម៉ាក្រុង បាន​កោះប្រជុំ​បន្ទាន់ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង​មន្រ្តី​ពាក់ព័ន្ធ ដើម្បី ស្វែងរក​វិធានការ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​បាតុកម្ម​ដ៏ហិង្សា​បែបនេះ កើតមាន​ជារៀងរាល់​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​បារាំង។ នេះបើតាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល Benjamin Griveaux។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​រូបនេះ ធ្លាប់​បាន​លើកឡើង​ផងដែរ ពីការដាក់ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន  ដើម្បីទប់ស្កាត់ កុំ​ឲ្យ​មាន​អំពើហិង្សាខ្លាំង ដូច​កាលពី​ថ្ងៃ​សៅរ៍។ រដ្ឋាភិបាល​បារាំង ធ្លាប់​បាន​ទម្លាក់​កំហុស​រួចហើយ ទៅ​លើ​ក្រុម​ជ្រុលនិយម ហើយ​និង​ក្រុម​ដើរ​បំផ្លាញ ថា ជាអ្នក​ប្រព្រឹត្ត​អំពើហិង្សា នៅក្នុង​ពេល​កើតមាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង។ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ ក្រៅតែ​ពីក្រុង​ប៉ារីស បាតុកម្ម​របស់​ក្រុមអាវកាក់លឿង ដែល​ធ្វើឡើង ដើម្បី ប្រឆាំង​នឹង​ការដំឡើងពន្ធ ដែល​ធ្វើ​ឲ្យ​ប្រេងឡើង​ថ្លៃនោះ ​បានកើតមាន​នៅតាម​ទីក្រុងៗ​របស់​ខេត្ត​ផ្សេងទៀត ដូចជាMarseilles Bordeaux ឬ Haute-Loire​ជាដើម ជាទី​ដែល​អគារ​ប៉ូលិស​ត្រូវ​បាន​គេ​ដុតបំផ្លាញ នៅក្នុង​ពេល​មាន​បាតុកម្ម៕