អានតួអត្ថបទ
បារាំង

លោកម៉ាក្រុង​មិនព្រម​ឈប់​ដំឡើងពន្ធ​ប្រេង តាម​ការទាមទារ​របស់​ចលនា​អាវកាក់លឿង

លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ម៉ាក្រុង នៅថ្ងៃ​អង្គារ​ម្សិលមិញ មិន​បានចុះញ៉ម ​យល់ព្រម​ធ្វើ​តាម​ការទាមទារ​របស់​ក្រុមបាតុករ អាវកាក់​លឿង​នោះទេ។ នៅក្នុង​សុន្ទរកថា ថ្លែង​ពី​កម្មវិធី​របស់រដ្ឋាភិបាល ស្តីពី​ថាមពល នៅថ្ងៃអនាគត​នៅ​បារាំង លោក​ម៉ាក្រុង បាន​និយាយ​ថា លោក​យល់ និង​បាន​លឺ​សម្រែកទាមទារ​របស់​បាតុករ​អាវកាក់លឿង ប៉ុន្តែ រដ្ឋាភិបាល​នៅ​តែ​រក្សា​គោលនយោបាយ​ថវិកា​សព្វថ្ងៃ​ដដែល ពោល​គឺ​នៅតែ​ដំឡើង​ពន្ធ ប្រេង ទៅតាម​ការគ្រោងទុក នៅខែ​មករា ឆ្នាំ​ក្រោយ។ សម្រាប់​ប្រធានាធិបតី បារាំង ថវិកា​បាន​មក​ពី​ការដំឡើង​ពន្ធ​ប្រេង បានជួយ​ឲ្យ​បារាំង​យក​ទៅ​ប្រើ​សម្រាប់ ​ការផលិត​ថាមពល​ថ្មី ដូចជា​ខ្យល់ និង​កំដៅ​ព្រះអាទិត្យ ដែល​មិន​ប៉ះពាល់​បរិស្ថាន។ 

ប្រធានាធិបតី បារាំង​ឡើង​ថ្លែង​សុន្ទរកថា ស្តីពី​ថាមពល​នៅ​ថ្ងៃ​អនាគត នៅ​វិមាន​ប្រធានាធិបតី​ថ្ងៃអង្គារទី ២៧ វិចិ្ឆកា ២០១៨
ប្រធានាធិបតី បារាំង​ឡើង​ថ្លែង​សុន្ទរកថា ស្តីពី​ថាមពល​នៅ​ថ្ងៃ​អនាគត នៅ​វិមាន​ប្រធានាធិបតី​ថ្ងៃអង្គារទី ២៧ វិចិ្ឆកា ២០១៨ ©Ian Langsdon/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា ថ្លែង​ពី​យុទ្ធសាស្រ្ត​ស្តីពី​ថាមពល សម្រាប់​ថ្ងៃ​អនាគត ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​និយាយ​ថា លោក​នឹង​មិន​បោះបង់​ចោល​នយោបាយ​ដំឡើង​ពន្ធ​ប្រេង ដ៏ចម្រូងចម្រាស​នោះឡើយ។ សម្រាប់​ប្រធានាធិបតី​បារាំង រដ្ឋាភិបាល​ត្រូវតែ​ស្តាប់​ធ្វើតាម​ការទាមទារ​របស់​បាតុករ ដែល​ទាញសញ្ញាអាសន្ន​ពី​បញ្ហា​សង្គម ប៉ុន្តែ ជាមួយ គ្នានោះ រដ្ឋាភិបាល ក៏​មិន​ត្រូវ​បោះបង់​ចោល ការទទួល​ខុសត្រូវ លើ​បរិស្ថាន សម្រាប់​បច្ចុប្បន្ន ក៏ដូចថ្ងៃ​អនាគត ដែរ។

ទោះមិន​លះបង់​ចោល នយោបាយ​ដំឡើង​ពន្ធ​លើ​ប្រេង ដែល​ជា​ប្រភពខឹងសម្បារ​តវ៉ា​របស់​ចលនា​អាវកាក់លឿង តាំង​ពី​២សប្តាហ៍មកនោះមែន ប៉ុន្តែ ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ ប្រជាជន​បារាំង ដែលមិន​សប្បាយចិត្ត នឹងប្រេង​ឡើងថ្ល្លៃ ដោយសារ​តែ​ដំឡើង​ពន្ធលើប្រេង នៅ​ឆ្នាំនេះ។ តាម​លោក​ម៉ាក្រុង រដ្ឋាភិបាល​នៅតែ​រក្សា​ដដែល នយោបាយ​ថវិកា សម្រាប់​ឆ្នាំ ២០១៩ ដែលនៅក្នុង​នោះ មានការដំឡើង​ពន្ធ​លើ​ប្រេងម៉ាសូត ប៉ុន្តែ ជាមួយគ្នានោះ រដ្ឋាភិបាល​នឹង​អាច​សើរើ​ឡើងវិញ អត្រាពន្ធ​លើ​ប្រេង វិញ ដោយ​មើល​ទៅលើ​តម្លៃ​ប្រេង នៅ​លើ​ទីផ្សារ​អន្តរជាតិ។ សម្រាប់ លោក​ម៉ាក្រុង នយោបាយ​ដំឡើង​ពន្ធប្រេង​សព្វថ្ងៃ ធ្វើឡើង​មិនត្រឹមត្រូវ​តាមកាលៈទេសៈ ព្រោះ​វាកើតឡើង​នៅ​ចំពេល​ដែល​តម្លៃប្រេង​នៅទីផ្សារ កំពុង​ឡើង​ថ្លៃខ្ពស់ រួចទៅហើយ។

ប្រមុខរដ្ឋាភិបាល​បារាំង​បាន​សន្យា​ដោះស្រាយ ទាំង​បញ្ហា​បរិស្ថាន ហើយ​និង​ឆ្នាំងបាយ​របស់​ប្រជាជន​បារាំង។ យ៉ាងណាក៏ដោយ  លោក​ម៉ាក្រុង​បាន​និយាយ​បែបបញ្ឆិតបញ្ឆៀងថា គេ​មិនអាច​ស្រែក​ចង់​ការពារ​បរិស្ថាន នៅ​ថ្ងៃ​ចន្ទ បន្ទាប់​មកនៅ​ថ្ងៃ​អង្គារ ស្រែក​ទាមទារ ប្រឆាំង នឹង​ប្រេងឡើងថ្លៃនោះទេ។

រដ្ឋាភិបាល​បារាំង បានអនុវត្ត​នយោបាយ​ដំឡើងពន្ធ​លើប្រេង ដើម្បី ជំរុញ ឲ្យ​មនុស្ស​ងាក​មក​ប្រើ​ថាមពល ដែល​មិន​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ដែល​ជា​ប្រភព​នៃ​ការឡើងកំដៅ​ផែនដី។ នៅក្នុង​គោលដៅ​កាត់បន្ថយ​ថាមពល​ដែល​បញ្ចេញ ឧស្ម័ន​ផ្ទះកញ្ចក់ ប្រធានាធិបតី បារាំង បាន​ប្រកាស​បិទ​ចោល​រោងចក្រ​អគ្គិសនី​ចំនួន ៤ចុងក្រោយ ដែល​ដើរដោយ​ធ្យូងថ្មយ៉ាងយូរ​បំផុត នៅ​ឆ្នាំ ២០២២។ តាម​លោក​ម៉ាក្រុង ថវិកា​ដែល​បាន​មកពីការដំឡើង​ពន្ធលើ​ប្រេង នឹង​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​សម្រាប់​គម្រោង​ផលិត​ថាមពល ដែល​បាន​មក​ពី​ខ្យល់ និង​ព្រះអាទិត្យ នឹង​កើនឡើង​ពី​៥ពាន់ ទៅ ៨ពាន់​លាន​អឺរ៉ូ ក្នុង​មួយឆ្នាំ។ តាម​លោក​ម៉ាក្រុង រដ្ឋភិបាល នឹង​បង្កើន​ទីលាន​សាងសង់ កង្ហារខ្យល់ សម្រាប់​ផលិតអគ្គិសនី ឲ្យ​បាន​បីដង ពីពេលនេះដល់​ឆ្នាំ ២០៣០។ ចំណែក​នៅ​ឆ្នាំ ២០៣៥ រដ្ឋាភិបាល​នឹង​កាត់បន្ថយ បិទរោងចក្រ​ដើរ​ថាមពល​នុយក្លេអ៊ែរ ១៤​កន្លែង ក្នុង​ចំណោម ៥៨​កន្លែង ដើម្បី គោរព​ទៅតាម​ការសន្យា ក្នុងការកាត់បន្ថយ​ការពឹងអាស្រ័យ លើ​រោងចក្រ​នុយក្លេអ៊ែរ ដែល​ជា​សត្រូវ​របស់​ក្រុមអ្នកការពារ​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ