rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

ដោយ ឈាង បុប្ផា

តើ​បារាំង​នឹង​ប្រគល់​វត្ថុបុរាណ​ទៅ​ឲ្យ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​វិញ? នៅ​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ត្រូវ​ទទួល​អាន​របាយការណ៍​មួយ ដែល​និយាយ​ពី​ការប្រគល់​វត្ថុបុរាណ ទៅ​ឲ្យ​ប្រទេស​ម្ចាស់ដើម នៅ​អាហ្វ្រិក​វិញ។ វត្ថុបុរាណ ដែល​បាន​ឃ្លាតចាក ចេញ ពី​ទឹកដី​អាហ្វ្រិក ក្នុង​សម័យ​អាណានិគមនិយម​បារាំង ហើយ​ដែល​សព្វថ្ងៃ​ជាសម្បត្តិរដ្ឋ នៅ​តាម​សារមន្ទីរ​បារាំង។

ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ត្រូវ​ទទួល​អាន​របាយការណ៍​ដ៏ចម្រូងចម្រាស​មួយ ដែល​នៅក្នុង​នោះ អ្នកជំនាញ បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ម្ចាស់ដើមវិញ នៅ​វត្ថុបុរាណ​អាហ្វ្រិក ដែល​បាន​មក​ដោយ​ខុសច្បាប់ តាំង​ពី​សម័យអាណានិគម។

របាយការណ៍​ដែល​មាន​កម្រាស​ច្រើន​ជាង ២០០​ទំព័រ ជាការប៉ង​ចង់បាន របស់​លោក​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង។ លោក​ម៉ាក្រុង​បាន​ដាក់​ភារកិច្ច​ឲ្យ​អ្នកជំនាញ​២នាក់ ដែល​ម្នាក់​ជា​ប្រវត្តិវិទូ​បារាំង និង​ម្នាក់ទៀត ជា​អ្នកនិពន្ធ​ជាតិ​សេណេហ្កាល់ ឲ្យ​សរសេរ​របាយការណ៍ មួយ ស្តីពី​វត្ថុបុរាណ អាហ្វ្រិក ដែល​មាន​នៅក្នុង​ទឹកដី បារាំង។ នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេស​បួគីណា​ហ្វាសូ នៅ​ខែ​កញ្ញា ២០១៧ លោក​ប្រធានាធិបតី បារាំង បាន​ប្រកាស​ក្តែងៗ​ថា នៅក្នុង​រយៈពេល ៥​ឆ្នាំ លោក​នឹង​រៀបចំ​ឲ្យ​មាន​ការប្រគល់ ជា​បណ្តោះអាសន្ន ឬ​ជា​ស្ថាពរ​តែម្តង វត្ថុបុរាណ ដែល​ជា​បេតិកភណ្ឌ​របស់​អាហ្វ្រិក ទៅ​ឲ្យ​ប្រទេស​ម្ចាស់​ដើម​វិញ។ លោក​ម៉ាក្រុង​ទទួល​ស្គាល់​ថា វា​មិន​ធម្មតា​ទេ ដែល​វត្ថុបុរាណ​អាហ្វ្រិក បាត់មុខ សឹង​ទាំងស្រុង នៅលើ​ទឹកដី អាហ្វ្រិកនោះ។

សារមន្ទីរ​Quai Branly មាន​វត្ថុបុរាណ​អាហ្វ្រិក​ច្រើន​ជាងគេ

នៅក្នុង​របាយការណ៍ ដែល​បាន​ធ្លាក់​ដល់​ដៃ​របស់​អ្នកកាសែត នៅមុន​ប្រធានាធិបតី​បារាំង បាន​ទទួល​អាន​ជាផ្លូវការ​ទៅទៀតនោះ អ្នកជំនាញ​បាន​វាយតម្លៃ​ថា ពី​៨៥%​ទៅ ៩០%នៃ​បេតិកភណ្ឌ​អាហ្វ្រិក ស្ថិតនៅ​ក្រៅ​ទ្វីបអាហ្វ្រិក។ វត្ថុបុរាណ​អាហ្វ្រិក រាប់សែន​វត្ថុបុរាណ​ត្រូវ​បាន​ដឹក​យក​ចេញ​ពី​ទឹកដី​អាហ្វ្រិក ពី​សម័យ​អាណានិគម ចន្លោះ​ពី​ឆ្នាំ ១៨៨៥ ដល់​ឆ្នាំ ១៩៦០។ នៅ​បារាំង គេ​រក​ឃើញ​មាន​វត្ថុបុរាណ​អាហ្វ្រិក ជាង ៩ម៉ឺន​វត្ថុបុរាណ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដៃ​គ្រប់គ្រង​របស់​សារមន្ទី​រដ្ឋ​បារាំង។ ជាក់ស្តែង គ្រាន់តែ​នៅក្នុង​សារមន្ទីរ​Quai Branly តែ​មួយ នៅទីក្រុង​ប៉ារីស មាន​វត្ថុបុរាណ​អាហ្វ្រិក​ដល់ទៅ ៧ម៉ឺន ចំណែក ២ម៉ឺន​ផ្សេងទៀត បាន​ក្លាយ​សម្បត្តិ​របស់​សារមន្ទីរ រដ្ឋ នៅ​តាម​ខេត្ត​ផ្សេងទៀត​របស់​បារាំង។

តាម​អ្នកជំនាញ វត្ថុបុរាណ​អាហ្វ្រិក​ភាគច្រើន ដែលមាន​នៅ​តាម​សារមន្ទីរ​បារាំង គឺ​ជា​វត្ថុបុរាណ ដែល​បារាំង​បាន​ដឹកជញ្ជូន យក មក ក្នុង​សម័យ​អាណានិគម។ នៅ​សារមន្ទីរ Quai Branly នៅ​កណ្តាល​ក្រុង​ប៉ារីស​ ដែល​ជា​សារមន្ទីរ​ផ្តោតពិសេស​ទៅលើ​វប្បធម៌ អាហ្វ្រិក វត្ថុបុរាណ​ភាគច្រើន មាន​ប្រភព​មក​ពី ប្រទេស​ឆាត (៩ពាន់) បន្ទាប់​គឺ​កាមេរូន ម៉ាដាហ្កាស្កា ម៉ាលី កូដឌីវ័រ បេណាំង ហ្កាបុង ឬ​កុងហ្គោ​ជាដើម។

ក្រៅតែ​ពី​រាប់​រកឃើញ​ចំនួន​វត្ថុបុរាណ​អាហ្វ្រិក ក្នុង​ទឹកដី​បារាំង អ្នកជំនាញ បាន​កំណត់​ផងដែរ ប្រភេទ​វត្ថុ​បុរាណ ដែល​រដ្ឋបារាំង​គួរ​ប្រគល់​ជូន​ឲ្យ​ប្រទេស​ម្ចាស់ដើម នៅ អាហ្វ្រិកវិញ។ ទី១ គឺ​វត្ថុបុរាណ ដែល​បារាំង​បាន​រឹបអូស​យកមកបាន ដោយសារ​ការធ្វើ​សង្រ្គាម។ ទី២ គឺ​ប្រភេទ​វត្ថុបុរាណ​ដែល​បាន​ទាហាន រដ្ឋបាល ឬ​គ្រួសារ​បារាំង​លួច​នាំយកមក ក្នុង​សម័យ​អាណានិគម។ ទី៣ គឺ​វត្ថុបុរាណ ដែល​ជនជាតិ​បារាំង បាន​ទៅដឹក​យកមក ឬ​ទិញ​ក្នុង​តម្លៃ​ថោក នៅក្នុង​បេសកកម្ម​សិក្សា​សា្រវជ្រាវ របស់ពួកគេ នៅ​សតវត្សរ៍ ទី​២០ ហើយ​និងទី៤ គឺ​វត្ថុបុរាណ ដែល​បាន​មក​ដោយ​ខុសច្បាប់ ទៅតាម​ការជួញដូរ​វត្ថុបុរាណ នៅ​ក្រោយ​សម័យឯករាជ្យ​របស់​បណ្តាប្រទេស នៅអាហ្វ្រិក។

អ្នកជំនាញ​ស្នើ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​បេតិកភណ្ឌបារាំង

ច្បាប់​បារាំង​សព្វថ្ងៃ​ហាម​មិន​ឲ្យ​រដ្ឋាភិបាល​បារាំង ប្រគល់​វត្ថុបុរាណ ទៅឲ្យ​ប្រទេស​ម្ចាស់ដើម ដែល​ដាក់​ពាក្យ​ទាមទារ​សុំ​យក​វត្ថុបុរាណ ដែល​បារាំង​បានមក នៅក្នុង​សម័យអាណានិគម​នោះទេ។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ ម្ចាស់របាយការណ៍​ខាងលើ ដើម្បី អាច​ប្រគល់​វត្ថុបុរាណ ត្រលប់​ទៅ​ម្ចាស់ដើម​វិញ ដោយ​សន្តិភាព រដ្ឋាភិបាល​បារាំង ត្រូវ​តែ​កែប្រែច្បាប់​ខាងលើនេះ។ រហូតមកដល់​ពេលនេះ គេនៅមិនទាន់​ដឹងច្បាស់ថា តើ​វត្ថុបុរាណ​ចំនួន​ប៉ុន្មានទេ​ដែល​រដ្ឋបារាំង ត្រូវ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើមវិញ។ ប៉ុន្តែ បើសិន​រដ្ឋបារាំង ព្រមធ្វើ​តាម​អ្នកជំនាញ ដែល​បាន​ស្នើ​ឲ្យ​មាន​ការប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើមវិញ នូវ​វត្ថុបុរាណ​ទាំងឡាយណា ដែល​បាន​មក​ ដោយ​ការលួច ឬ​យក​មក​ដោយ​គ្មាន​ការសុំ​អនុញ្ញាត​ត្រឹមត្រូវ​ពី ម្ចាស់​ដើម នោះ គឺ​វត្ថុបុរាណអាហ្វ្រិក រាប់ម៉ឺន ដែល​បារាំង ត្រូវ​ប្រគល់​ទៅ​ប្រទេស​ម្ចាស់ដើមវិញ។ មួយវិញទៀត បើសិន លោក​ប្រធានាធិបតី ម៉ាក្រុង​យល់ព្រម​ធ្វើតាម​មែន វា​គឺការចាប់ផ្តើម​នៃ​ការធ្វើ​បដិវត្ត​ក្នុង​ពិភព​វប្បធម៌ ហើយ​វា​នឹង​អាច​ជះ​ឥទ្ធិពល​ទៅលើ​ប្រទេសម្ចាស់​អាណានិគម​ផ្សេង​ទៀត​ដូចជា​អង់គ្លេស បែលហ្សិក អាល្លឺម៉ង់​ឬ​ហូឡង់​ជាដើម។

នៅពេល​ដែល​បណ្តាប្រទេស​អាហ្វ្រិក​អាច​រីករាយ​នឹង​លទ្ធផល​នៃ​របាយការណ៍​របស់​អ្នកជំនាញ ប៉ុន្តែ គឺ រដ្ឋបារាំង ពោល​គឺ​សារមន្ទីរជាតិ​បារាំង តែម្តង ដូចជា​Quai Branly តែម្តង ដែល​ត្រូវ បោសអស់ពីឃ្លាំង ឬត្រូវ​បិទទ្វារ​តែម្តង ដោយសារ​តែ​លែងមាន​វត្ថុបុរាណ​អាហ្វ្រិក​ដាក់តាំង តទៅទៀត បើសិន​ជា​រដ្ឋបារាំង​ត្រូវ​ប្រគល់​វត្ថុបុរាណ​ទៅ​ឲ្យ​ប្រទេស​ម្ចាស់ដើម​មែនវិញនោះ។ ប៉ុន្តែ នៅពេល​ដែល​សារមន្ទីរបារាំង ជួប​វិបត្តិ​គ្មាន​វត្ថុបុរាណ អាហ្វ្រិក​ជា​សម្បត្តិផ្ទាល់ខ្លួន​ទៀតនោះ ផ្ទុយទៅវិញ គឺ​មុខមាត់ កេរ្តិ៍ឈ្មោះ ដែល​រដ្ឋបារាំង​បានមក​វិញ ក្នុង​នាម​ជា​ប្រទេស​ដែល​ចេះ​ទទួល​ខុសត្រូវ សុខចិត្ត​យល់ព្រម​ប្រគល់​វត្ថុបុរាណ ដែល​បាន​មក​ដោយ​ការលួច ឬ​ដោយ​គ្មាន​ការយល់ព្រម ទៅ​ឲ្យ​ប្រទេស​ម្ចាស់ដើម​វិញ។

កម្ពុជា​អាច​មាន​សង្ឃឹម​នឹង​ទទួល​វត្ថុបុរាណ​របស់ខ្លួនវិញ?

របាយការណ៍​និយាយ​ច្រើន​ពី​វត្ថុបុរាណ​អាហ្វ្រិក ព្រោះ​កន្លងមក មាន​ប្រទេស​នៅអាហ្រ្វិក​ច្រើន ដូចជា​បេណាំង សេណេហ្កាល់ ឬ នីហ្សេរីយ៉ា​ជាដើម បាន​ដាក់​តវ៉ា ទៅ​រដ្ឋបារាំង​ដើម្បី​សុំ​យក​វត្ថុបុរាណ​របស់ពួកគេ​ទៅវិញ។ ក្នុង​ករណី​វត្ថុបុរាណ​ខ្មែរ ដែល​ត្រូវ​បាន​នាំយក​មក​បារាំង តាំង​ពី​សម័យ​អាណានិគម វិញ បើសិន​ច្បាប់ត្រូវបាន​កែប្រែ​ទៅ​តាម​ការស្នើចង់​បាន​របស់​ម្ចាស់​របាយការណ៍ មែន នោះ វា​នឹង​អាច​បើក​លទ្ធភាព​ច្រើន​ឲ្យ​ប្រទេស​ខ្មែរ ​បាន​វត្ថុបុរាណ​របស់​ខ្លួន​មក​វិញ ដែរ ជា​ពិសេស​ចំពោះ​វត្ថុ​បុរាណ​ណា​ដែល​បាន​មក​ដោយ ខុស​ច្បាប់ នៅក្នុង​សម័យ​ដែល​បារាំង​ធ្វើ​អាណានិគម​ទៅលើ​ប្រទេស​កម្ពុជា៕

Brexit៖ បូរីស ចនសុន មកជួបមេដឹកនាំអាល្លឺម៉ង់ និងបារាំង ដើម្បីបញ្ចុះបញ្ចូល​គេ​ឲ្យ​គិត​ដូច​ខ្លួន

Facebook និង Twitter បិទគណនី​ចំនួន​២០ម៉ឺន ដោយ​សង្ស័យ​ថា​ចិន​ប្រើប្រាស់​ដើម្បី​បង្ខូច​កិត្តិយស​របស់​បាតុករ​ហុង​កុង

ហេតុអ្វីប្រធានាធិបតីបារាំងបើកជំនួបជាមួយប្រធានាធិបតីរុស្ស៊ី មុនជំនួបG៧ ?

ជាង ២០ឆ្នាំក្រោយធ្លាក់ក្នុងដៃចិនដីគោក តើសង្គមហុងកុងកំពុងពុះចែកជាពីរឬ?

ឥណ្ឌាចង់​សើរើ​ទ្រឹស្តី​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្រោយ​ជំនួប​ក្រុម​ប្រឹក្សា​សន្តិសុខ​ស្តីពី​កាស្មៀរ

តើបរាជ័យនៃវេទិកាប្រចាំឆ្នាំនៃកោះប៉ាស៊ីហ្វិកស្តីពីអាកាសធាតុជាកំហុសរបស់អ្នកណា?

ចិន​បញ្ចូន​ទ័ព​​ទៅ​​ព្រំដែន​​ហុងកុង ត្រាំ​​ភ្ជាប់​​​សង្គ្រាម​ពាណិជ្ជកម្ម​​ទៅ​​នឹង​​វិបត្តិ​ហុងកុង

លោក​ដូណាល់ត្រាំ បន្ធូរ​ដៃឲ្យ​ចិន តាម​រយៈ​ការ​ព្យួរ​ការដំឡើងពន្ធ ដល់​ពាក់​កណ្តាល​ខែ​ធ្នូ

ហុងកុង៖​ ចិន​អាច​បង្រ្កាបដោយហិង្សា​លើ​​​បាតុករ​ ដូចនៅ​ ​ធាន​អាន​មេន ដែរទេ?

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចោទសួរ​សហគមន៍​អន្តរជាតិ​ចំពោះ​ភាពអសកម្ម​ជុំវិញ​វិបត្តិ​កាស្មៀរ​

ហេតុអ្វីបានជាប្រទេសយេម៉ែនកំពុងប្រឈមនឹងហានិភ័យសង្រ្គាមស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិល?

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​​២គ្រាប់ ខណៈ​លោក​ត្រាំ​ទទួល​បាន​សំបុត្រ​ពី គីម ជុងអ៊ុន

នាយករដ្ឋមន្ត្រីឥណ្ឌា សង្ឃឹម​រៀបចំតំបន់កាស្មៀរ ឱ្យ​ទៅជា​ឋានសួគ៌

របាយការណ៍ Giec អំពាវនាវ​ឱ្យ​មនុស្សជាតិ​ប្តូរ​ទម្លាប់​ធ្វើ​កសិកម្ម​និង​ទម្លាប់​អាហារ ដើម្បី​អាកាសធាតុ

តើការបង្កកទ្រព្យសម្បតិ្តរដ្ឋាភិបាលវ៉េណេស៊ុយអេឡាពីសំណាក់រដ្ឋបាលអាមេរិកាំងអាចនឹងទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗឬទេ?

ចិន​ព្រមាន​អាមេរិក​មិនឲ្យ​ដាក់​ពង្រាយ​មីស៊ីល​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ឥណ្ឌា​លុបចោល​​ស្វ័យភាពពិសេស​​​របស់​តំបន់​កាស្មៀរ​ ដោយ​ប្រើក្រិត្យប្រធានាធិបតី

សហរដ្ឋអាមេរិកជួបគ្រោះបាញ់ប្រហារមនុស្ស ជាថ្មី បែបប្រកាន់ពូជសាសន៍

​ហុងកុង៖ អាជ្ញាធរ​ព្រមាន​បង្ក្រាប ​បាតុករនៅតែ​ក្រោកតវ៉ា ​ស្ថានការណ៍​កាន់តែ​ក្តៅ!​

អាមេរិក​៖ សមយុទ្ធ​​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្តកើតមាន