អានតួអត្ថបទ

ឆ្នាំ២០១៧ បំបែក​ឯតទគ្គកម្មផ្នែក​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​លើក​ទី ២៤ នៅ​ទីក្រុង​ Katowice ប្រទេស​ប៉ូឡូញ អង្គការ​ឧតុនិយម​របស់​អង្គការ​សហប្រជាជាតិ បានស្រែក​​ដាស់​ស្មារតី​ពិភពលោក។ ​​ ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស​ ដែល​ដើមហេតុ​នៃ​ការ​ឡើង​កម្តៅ​ភពផែន​ដី បានឡើង​ដល់​កំរិតកំពូល​​មិន​ធ្លាប់​មាន ជា​ថ្មី នៅ​ឆ្នាំ​២០១៧ ! ហើយ​គ្មាន​សញ្ញា​អ្វី​ដែល​បញ្ជាក់​ថា​កំរិត​ឧស្ម័ន​ពុលអាច​​ធ្លាក់​ចុះ​សោះ​នៅ​ពេល​ខាង​មុខ។ នេះ​បើ​តាមរបាយការណ៍​ប្រចាំ​ឆ្នាំ​​របស់​អង្គការ​ឧតុនិយម​ពិភពលោក​។

ផ្សែង​ចំហាយ​ទឹក​ចេញ​ពី​រោងចក្រដុត​សម្រាម​នៅ​ជាយក្រុងប៉ារីស
ផ្សែង​ចំហាយ​ទឹក​ចេញ​ពី​រោងចក្រដុត​សម្រាម​នៅ​ជាយក្រុងប៉ារីស REUTERS
ផ្សាយពាណិជ្ជកម្ម

ទិន្នន័យ​ផ្តល់​ដោយ​អ្នក​វិទ្យាសាស្ត្រ​គ្មាន​ស្រពិចស្រពិល​ទេ ! បើ​មិន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​ជាពិសេស​ឧស្ម័នកាបូនិក ឱ្យ​បាន​ឆាប់​ទេ នោះ​ផលវិបាក​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ នឹង​មិន​អាច​កែកុន​បានវិញ​​ឡើយ ! ជីវិត​លើ​ភពផែនដី​នឹង​ត្រូវ​បានរង​​ការ​បំផ្លាញ​កាន់​តែ​ខ្លាំងនិង​ផ្ទួន​ៗ​គ្នា។ ពេលវេលា​ដ៏​ល្អ​សម្រាប់​សង្គ្រោះ​ផែនដី ​​ជិតផុត​ហើយ ! ​ នេះ​បើ​បាន​ការ​គូសបញ្ជាក់​របស់​អគ្គលេខា​អង្គការ​​ឧតុនិយម​ពិភពលោក​នៅក្នុង​ថ្លែងការណ៍ ដែល​បាន​លម្អិត​ទៀត​ថា កំហាប់​ឧស្ម័ន​កាបូនិក​ បាន​ឡើ​ង​ដល់​៤០៥,៥PPM នៅ​ឆ្នាំ​២០១៧ ទល់​នឹង​ ៤០៣,៣ppm នៅ​ឆ្នាំ​២០១៦ និង​៤០០ppm នៅ​ឆ្នាំ​២០១៥។ ពោល​គឺ​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម (១៧៥០) កំរិត​ឧស្ម័នផ្ទះ​កញ្ចក់​​ក្នុង​បរិយាកាស​នៅលើភពផែន​ដី​ទាំង​មូល​ បាន​កើន​ឡើង​ដល់​ទៅ ១៤៦%។ ឧស្ម័ន​មេតាន ដែល​ជា​ប្រភព​បំពុល​បរិយាកាស​លំដាប់​ទីពីរ បានកើន​ឡើង​ដល់កំរិត​កំពូល​ដែរ​នៅ​ឆ្នាំ​២០១៧។ បើ​គិត​ជា​ភាគរយ ឧស្ម័ន​មេតាន​នេះ​កើន​ ដល់​ទៅ ២៥៧% បើ​ប្រៀប​ទៅ​នឹងឆ្នាំ​១៧៥០។

​របាយការណ៍​ដដែលបាន​លម្អិត​បន្ថែម​ទៀត​ថា ផែនដី​ធ្លាប់​មាន​កំរិត​ឧស្ម័ន​ផ្ទះ​កញ្ចក់ខ្ពស់​កំរិត​បែប​នេះ​ម្តង និង​ជា​លើក​ចុងក្រោយ កាលពី​ឆ្នាំ​៣ទៅ​៥​ពាន់​លាន​ឆ្នាំ​មុន។ កាល​ណោះ​សីតុណ្ហភាព​​នៃ​ភព​ផែនដី​ឡើង​ខ្ពស់​ ពី​២​ទៅ​៣​អង្សារ​ លើស​សីតុណ្ហភាព​ត​បច្ចុប្បន្ន ហើយ​កម្ពស់​ទឹក​សមុទ្ទ​ក៏​​ឡើង​ខ្ពស់​ប្រមាណ​ពី​​១០​ទៅ​២០​ម៉ែត្រ​លើស​កម្ពស់​ទឹកសមុទ្ទ​រាល់​ថ្ងៃ​នេះ។

ប៉ុន្តែ​ អ្វី​ដែល​អាសន្ន​ខ្លាំង​គឺ​ កំណើន​ឧស្ម័ន​មាន​ល្បឿន​ខ្លាំង​ នារយៈ​ពេល​៣០​ឆ្នាំ ចុងក្រោយ​នេះ។ ហើយ​នៅ​រវាង​ពី​ឆ្នាំ​២០១៦​និង​២០១៧ កំណើន​កំរិត​ឧស្ម័ន​ពុល​ មាន​ប្រហាក់​ប្រហែល​នឹង​អត្រា​កំណើន​នៃមធ្យម​ភាគ​​១០​ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​ប្រសាសន៍​របស់​អ្នកស្រី Oksana Tarasova ​​នាយក​ស្រាវជ្រាវ​​បរិស្ថាន​បរិយាកាស។

ដូច្នេះ​សហគមន៍​អន្តរជាតិទាំងមូល​ ត្រូវ​បង្ហើយ​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីសឱ្យ​បាន​ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​២៤ ​ដើម្បី​សម្រេច​កម្មវត្ថុ​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុត្រឹម​២​អង្សា​​ឬ​បើ​អាចត្រឹម​១,៥​អង្សា។​ ព្រោះ​បើ​បន្ត​សកម្មភាព​ដូច​សព្វ​ថ្ងៃ សីតុណ្ហភាព​នៃ​ភព​ផែន​ដី​នឹង​ឡើង​ហួស​ពី​បី​អង្សា​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ