rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម ចារកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អេមីរ៉ាតអារ៉ាប់រួមកាត់​ទោសដាក់​ពន្ធនាគារ​មួយជីវិត​ជនជាតិ​អង់គ្លេស​ម្នាក់​ពី​បទចារកិច្ច

media
លោក Matthew Hedges និង​ភរិយា ©AFP

តុលាការ​សហព័ន្ធ​អាប៊ុយដាប៊ី បាន​សម្រេច​កាត់​ទោស​ លោក Matthew Hedges ជនជាតិ​អង់គ្លេស​ នៅ​ថ្ងៃពុធ​ទី ២១​វិច្ឆិកា​២០១៨ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ ចារកិច្ច។ នៅ​ចំពោះ​មុខ​សាល​ក្រម​ដ៏​ធ្ងន់ធ្ងរ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អង់គ្លេស បាន​សម្តែង​ការ​រន្ធត់​សោក​ស្តាយ និង​ព្រមាន​អំពី​ផល​ប៉ះពាល់​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។


ត្រៀម​យក​​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Durham ក្នុង​តំបន់​ភាគ​ឦសាន្ត​ប្រទេស​អង់គ្លេស លោក ​Matthiew Hedges ត្រូវរង​ការ​ចាប់​ខ្លួន នៅ​ពេល​ចុះ​ដល់​ព្រលាន​យន្តហោះ​ក្រុង​ឌូបៃ កាលពី​ថ្ងៃទី ៥ ឧសភា ២០១៨។ លោក​ធ្វើ​ដំណើរ​ទៅ​កាន់​អេមីរ៉ាត​អារ៉ាប់​រួម ដើម្បី​ប្រមូល​បទ​សម្ភាសន៍​ស្តី​អំពី​នយោបាយ​ការបរទេស​ និង​យុទ្ធសាស្ត្រ​របស់​ប្រទេស​ក្នុង​វិស័យ​សន្តិសុខ ក្នុង​ក្របខ័ណ្ឌនៃ​ការ​សរសេរ​និក្ខេបទ។

៦ខែក្រោយ ពោល​គឺ​នៅ​ថ្ងៃពុធ​នេះ តុលាការ​អាប៊ុយដាប៊ី បាន​បើក​សវនាការ​ កាត់​ទោស​លោក​ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ធ្វើ​ចារកិច្ច​ឱ្យ​ប្រទេស​ដទៃ​ បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​យោធា នយោបាយ​ និង​សេដ្ឋកិច្ច​រដ្ឋអេមីរ៉ាតអារ៉ាប់រួម។ បើ​តាម​រាជអាជ្ញា​ ជនជាប់​បាន​ប្រើ​សិទ្ធិ​ជា​អ្នក​ស្រាវជ្រាវ​​ដើម្បី​បិទ​បាំង​សកម្មភាព​ចារកិច្ច ហើយ​អេមីរ៉ាត​អារ៉ាប់​រួម​​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ព្រោះ​តែ​មាន​ភស្តុតាង​ច្បាស់​លាស់។

សវនាការ​ប្រព្រឹត្ត​ទៅ​តែ​រយៈ​ពេល​៥​នាទី និង​ដោយ​គ្មាន​មេធាវី​របស់​ជនជាប់​ចោទទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ។ បើ​តាម​ប្រព័ន្ធ​ឃោសនា​របស់​អេមីរ៉ាត​អារ៉ាប់​រួម លោក Hedgesមាន​ពេល​៣០ថ្ងៃ​សម្រាប់​ធ្វើ​ឧទ្ធរណ៍។

គ្រាន់​តែ​បាន​ឮ​សាលក្រម​ភ្លាម រដ្ឋាភិបាល​អង់គ្លេសបាន​សម្តែង​ការ​ខក​ចិត្ត និងមាន​​ក្តី​រន្ធត់​យ៉ាង​ខ្លាំង​ ព្រោះ​មិន​នឹង​ស្មានថា​ប្រទេស​ជា​មិត្ត ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ដូច​យ៉ាង​អេមីរ៉ាត​អារ៉ាប់​រួម​ ធ្វើ​ដល់​យ៉ាង​ដូច្នេះ​សោះ។ កាលពី​ថ្ងៃ​ទី ១២​វិច្ឆិកា នាឱកាស​បំពេញ​ទស្សនកិច្ច​​នៅ​អាប៊ុយដាប៊ី លោក​ប្រមុខ​ការ​ទូត​អង់គ្លេស បាន​លើក​ករណី​ Matthiew Hedges ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​អេមីរ៉ាត​ផង និង​បាន​ពិភាក្សា​ជាមួយ​រាជទាយាទ​ដ៏​មាន​អំណាច​របស់​អេមីរ៉ាត​ ម៉ូហាមេដ បេន ហ្សាយ៉េដ ព្រម​ទាំង​រដ្ឋមន្ត្រីការបរទេស​ដោយ​ផ្ទាល់​ទៀត។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ លោក​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​​អង់គ្លេស ដោយ​​បាន​ព្រមាន​ថា សាលក្រម​បែប​នេះ នឹង​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដោយ​ចៀស​មិន​រួច​លើ​ទំនាក់ទំនង​ការ​ទូត​អង់គ្លេស​ជាមួយ​អេមីរ៉ាតអារ៉ាប់​រួម។ ​

​ចំណែក​លោកស្រី​នាយក​រដ្ឋមន្ត្រី​វិញ បាន​ប្រកាស​នៅ​ចំពោះ​សភា​ ​បន្តធ្វើ​​អន្តរាគមន៍ទាក់ទង​រដ្ឋាភិបាល​អេមីរ៉ាត​អារ៉ាប់រួម​ទៀត។