អានតួអត្ថបទ

ប្រឈម​នឹង​​អាមេរិក បារាំង​និង​អាល្លឺម៉ង់​ប្រឹង​សម្តែង​សាមគ្គីភាព​ដាក់​គ្នា

ក្រោយ​ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ​​នៃ​កា​របិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ ថ្ងៃទី ១១​ វិច្ឆិកា នៅ​ប្រទេសបារាំង ថ្ងៃ​នេះ​ដល់​វេន​ប្រធានាធិបតី​បារាំង ដែល​ត្រូវ​អញ្ជើញ​ទៅ​អាល្លឺម៉ង់ ដើម្បី​ចូល​រួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​​ដល់​ជន​រងគ្រោះ​សង្គ្រាម​វិញ​ម្តង។ វត្តមាន​របស់​លោក​ម៉ាក្រុង នៅ​ប៊ែរឡាំង ជា​ឱកាស​សម្តែង​អំពី​​​​​សាមគ្គីភាព​ជា​ធ្លុង​មួយ រវាង​បារាំង​និង​​អាល្លឺម៉ង់ ទល់​នឹង​សន្ទុះ​ជាតិ​និយម​អាមេរិក​របស់​លោក​ត្រាំផង និង​ដើម្បី​និយាយ​អំពី​អឺរ៉ុបផង។

ប្រធានាធិបតី​បារាំង​និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​
ប្រធានាធិបតី​បារាំង​និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ REUTERS/Gonzalo Fuentes/Pool
ផ្សាយពាណិជ្ជកម្ម

​លោកប្រធានាធិបតី​បារាំង​ ម៉ាក្រុង ត្រូវ​ផ្តើម​ទស្សនកិច្ច​នៅ​ប៊ែរឡាំង ជា​មួយ​នឹង​ការ​អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កា​ឧទ្ទិស​ដល់​វិញ្ញណក្ខន្ធ​ជន​រងគ្រោះសង្គ្រាម​ទាំង​អស់​ ជាមួយ​ប្រធានាធិបតី​អាល្លឺម៉ង់លោក ​ Frank-Walter Steinmeier ។ បន្ទាប់​មក ជា​លើក​ទី​មួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០មក ដែល​ប្រធានាធិបតី​បារាំង ត្រូវ​ឡើង​ថ្លែងសុន្ទរកថា​​កាន់​សភា​អាល្លឺម៉ង់ នៅ​វេលា​ម៉ោង​១២​កន្លះ ម៉ោង​សាកល។

នៅ​ចំពោះ​មុខ​សភាអាល្លឺម៉ង់ លោក​​ប្រធានាធិបតី​បារាំងទំនង​ជា​នឹង​ឆ្លៀត​លើក​ឡើង​ជា​ថ្មី​អំពី​គម្រោង​ចង់​បង្កើត​កងយោធា​អឺរ៉ុប​រួម ដែល​លោកស្រី​មែរកិល បាន​សម្តែង​ការ​គាំទ្រ​រួច​ហើយ បើ​ទោះ​បី​ជា​លោក​ដូណាល់ ត្រាំ​ ប្រធានាធិបតី​អាមេរិក​ស្រែក​ប្រឆាំង​យ៉ាង​ខ្លាំង​ក៏​ដោយ។

ក្នុង​បរិបទ​នៃ​ការ​ស្ទុះ​ឡើង​ខ្លាំង​នូវ​ចរន្ត​ប្រជាភិថុត និង​ដើម្បី​បង្ហាញ​ឆន្ទៈ​រួម ជាមួយ​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ ​ប្រឈម​នឹង​នយោបាយ​ជាតិ​និយម​របស់​មហាយក្ស​អាមេរិក សុន្ទរកថា​របស់​លោក​ម៉ាក្រុង ​ ទំនង​​ជា​នឹង​ផ្តោ​ត​ខ្លាំង​ទៅ​លើ​អឺរ៉ុប។ ​​អឺរ៉ុបដែល​​កំពុង​ឆ្លង​កាត់ការ​លំបាក ត្រូវ​ការ​ការ​រុញ​ច្រាន​ខ្លាំង​ពី​ប៉ារីស និង​ប៊ែរឡាំង។

លោក ម៉ាក្រុង និង​​លោកស្រី​ មែរកិល ត្រូវ​ពិភាក្សា​ការងារ​​រក​​មធ្យោបាយ​ស្ថាបនា​អឺរ៉ុប​ឱ្យ​មាន​សន្ទុះ​ឡើង​វិញ។ ទាំង​ពីរ​ប្រទេស​ បាន​ព្រមព្រៀងគ្នា និង​ផ្តល់​សំណើ​​ទៅ​អឺរ៉ុប នៅ​ថ្ងៃ​ស្អែក ​គម្រោង​ថវិកា​តំបន់​អឺរ៉ូ ដែល​លោក​ម៉ាក្រុងគាំទ្រ​យ៉ាង​ខ្លាំង។

ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លងមក​នេះ ​ប្រធានាធិបតី​បារាំង​ និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បង្ហាញ​កាយវិការ​ងាក​ស្និទ្ធ​រក​គ្នា​ជា​ច្រើន។​ ប៉ុន្តែ​ការរួបរួមនេះ​ ហាក់​មាន​​តែ​សម្រក​ក្រៅ និងមិន​អាច​លាក់បាំងការ​​គំនិត​ខ្វែង​គ្នាបាន​ទេ។ អាល្លឺម៉ង់​ មិនទាន់​ឯកភាព​ជាមួយ​បារាំង លើ​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​សំណុំ​រឿង​ជា​ច្រើន ដូច​ជា​ ​​គម្រោង​ធ្វើ​កំណែទម្រង់​សហភាព​អឺរ៉ុប​ ការ​បង្កើត​វិស័យ​យោធា​អឺរ៉ុប កំណែទម្រង់​តំបន់​អឺរ៉ូ ឬ​​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​អាមេរិក (Google Apple Facebook Amazon)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ