អានតួអត្ថបទ
បារាំង-ភេរវកម្ម

៣ឆ្នាំ​ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស សំណុំរឿង​ភេរវកម្ម​ថយចុះ ប៉ុន្តែ ការគំរាម​នៅតែមាន

ប្រទេស​បារាំង នៅថ្ងៃ​អង្គារ​នេះ ប្រារព្ធ​បុណ្យ​ថ្នាក់ជាតិ ដើម្បី​រំលឹក​ខួប​៣ឆ្នាំ នៃ​ការវាយប្រហារ​ភេរវកម្ម ១៣​វិច្ឆិកា ឆ្នាំ ២០១៥ ដែល​បាន​សម្លាប់​មនុស្ស​១៣០នាក់ ហើយ​និង​របួស ៣៥០នាក់។ នៅ​ថ្ងៃ​នេះ​អង្គារ ក្បួន​ដង្ហែ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ ធ្វើនៅ​៦កន្លែង ក្នុង​ទីក្រុង​ប៉ារីស ជាទី ដែល​សមាជិក​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បំផ្ទុះគ្រាប់បែក និងបាញ់រះ ទៅលើ​ហ្វូងមនុស្ស កាលពី​៣ឆ្នាំមុន។ 

ចៅហ្វាយក្រុងប៉ារីស​លោកស្រីAnne Hidalgo និងនាយករដ្ឋមន្រ្តី​បារាំងលោក​Edouard Philippe ក្នុង​ពិធីរំលឹក​ខួប​៣ឆ្នាំ​នៃការវាយប្រហារ​ភេរវកម្ម នៅក្បែរ​ភោជនីយដ្ឋាន Le Petit Cambodge នៅថ្ងៃទី ១៣ វិច្ឆិកា ២០១៨
ចៅហ្វាយក្រុងប៉ារីស​លោកស្រីAnne Hidalgo និងនាយករដ្ឋមន្រ្តី​បារាំងលោក​Edouard Philippe ក្នុង​ពិធីរំលឹក​ខួប​៣ឆ្នាំ​នៃការវាយប្រហារ​ភេរវកម្ម នៅក្បែរ​ភោជនីយដ្ឋាន Le Petit Cambodge នៅថ្ងៃទី ១៣ វិច្ឆិកា ២០១៨ ©REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹកថ្ងៃ​អង្គារនេះ ក្បួនដង្ហែរ​ ដើម្បី រំលឹក​ខួប​៣​ឆ្នាំ នៃ​ការវាយប្រហារ​ភេរវកម្ម នៅទីក្រុង​ប៉ារីស នាំមុខ​ដោយ​នាយករដ្ឋមន្រ្តី​បារាំង និង​ចៅហ្វាយក្រុង​ប៉ារីស ចាប់ផ្តើម​ចេញ​ពី​ស្តាត​នៅ​ជាយក្រុង រហូត​ដល់​រោងតន្រ្តី Bataclan កណ្តាល​ក្រុង​ប៉ារីស ដែល​កាលពី​៣ឆ្នាំមុន ក្រុម​កងកុម្មង់ដូរ​ជីហាត បាន​បាញ់​សម្លាប់​មនុស្ស​៩០នាក់។

នៅ​បី​ឆ្នាំ​ក្រោយ ការវាយប្រហារ​ភេរវកម្ម ដែល​សម្លាប់​មនុស្ស​ដ៏​ច្រើន មិន​ធ្លាប់​មាន នៅប្រទេស​បារាំង គ្រួសារ​ជនរងគ្រោះ ហើយ​និង​អ្នក​ដែល​រួចរស់​ជីវិត​ពី​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកា នៅតែ​ទន្ទឹងរង់ចាំ​រកយុត្តិធម៌ នៅពេល​ដែល​សវនកា​ជំនុំជម្រះ លើ​ជនដៃដល់ ដែល​ចូលរួម​រៀបចំ ភេរវកម្ម នឹង​អាច​បើកធ្វើ នៅ​អំឡុង​ឆ្នាំ ២០២០។

ឆ្នាំ ២០១៥ ជាឆ្នាំ​ដែល​ប្រទេស​បារាំង រង​ការវាយប្រហារ​ភេរវកម្ម ជាច្រើនលើក មិនធ្លាប់មាន ដោយ​ចាប់ផ្តើម​ដំបូង​ជាមួយ នឹង​ការបាញ់សម្លាប់​ក្រុមអ្នកកាសែត របស់​Charlie Hebdo។ នៅ​៣​ឆ្នាំ ក្រោយ ការវាយប្រហារ​ភេរវកម្ម​១៣ វិច្ឆិកា បារាំង​នៅ​តែ​រង​ការគំរាមកំហែង​ធ្វើភេរវកម្ម ប៉ុន្តែ សំណុំរឿង​ភេរវកម្ម​បាន​ថយចុះ​មកវិញ នៅការិយាល័យ​របស់​ក្រុមអ្នកស៊ើបអង្កេត។ នេះ​បើតាម​លើកឡើង​របស់​François Moulins រដ្ឋអាជ្ញា​បារាំង ទទួល​បន្ទុក​ផ្នែក​ប្រយុទ្ធប្រឆាំង​ភេរវកម្ម។

តាម​រដ្ឋអាជ្ញា​បារាំង សំណុំរឿងភេរវកម្ម​បាន​ថយចុះ​ពី​១៣០ នៅ​ឆ្នាំ មុន មកនៅ​ត្រឹមតែ​៨៤​ករណី នៅ​នៅក្នុង​រយៈពេល ៩ខែ​ដើមឆ្នាំនេះ។ ការបែកបាក់​ខ្ចាត់ខ្ចាយ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ច្បាប់​ហាមឃាត់​មិន​ឲ្យ​ជនសង្ស័យ​ចាកចេញពី​ប្រទេស ហើយ​និង ការតាមដាន​ជាប់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង គឺ​ជា​កត្តាធំសំខាន់ ដែល​ធ្វើ​ឲ្យ​សកម្មភាព​របស់​ក្រុម​ភេរវនិយម បាន​ធ្លាក់​ថមថយ​នៅ​ឆ្នាំនេះ។

សូមអាន៖ ​ភេរវកម្ម ៖ បារាំង​ត្រៀម​ចែង​ច្បាប់​ដក​សញ្ជាតិបារាំង​ពី​អ្នក​មាន​សញ្ជាតិ​ពីរ

យ៉ាងណាក៏ដោយ តាម​រដ្ឋអាជ្ញាបារាំង​ដដែល កម្រិតគំរាមកំហែង ធ្វើ​ភេរវកម្ម​នៅ​តែ​មាន​ខ្ពស់​ដដែល។ អាជ្ញាធរ​បារាំង នៅតែ​ផ្តោត​ការយកចិត្តទុកដាក់ តាមដាន ដំណើរ​របស់​បុគ្គល​ដែល​អាច​ធ្វើភេរវកម្ម ទៅតាម ការអំពាវនាវ​របស់​ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម ហើយ​និង​ក្រុមទណ្ឌិត ដែល​អ៊ីស្លាមជ្រុលនិយម និងដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ​ជាប់​ពាក់ព័ន្ធ​ ឬ​បាន​រៀបចំ​គម្រោង​ធ្វើភេរវកម្ម។ ការតាមដាន​លើ​ភេរវជន​អ៊ីស្លាម ដែល​ត្រូវ​រួចផុតទោស គឺ​ការងារ ប្រឈម​ខ្លាំង​របស់​ប៉ូលិស​បារាំង។ នៅ​ឆ្នាំក្រោយនេះ ភេរវជន ៤៨នាក់ និង​អ្នកទោស ដែល​មាន​និន្នាការ​អ៊ីស្លាមជ្រុលនិយម ជាង ៤០០​នាក់​នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ។ តាម​រដ្ឋអាជ្ញា​បារាំង ទោះ​ត្រូវដោះលែង ដោយសារ​បាន​អនុវត្តទោស នៅក្នុង​ពន្ធនាគារ ប៉ុន្តែ ក្រុមភេរវជន និង​អ្នកទោស​អ៊ីស្លាមជ្រុលនិយម​ទាំងនោះ នៅតែ​ស្ថិតនៅ ក្នុង​បញ្ជី តាមដាន ឃ្លាំមើល​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ