អានតួអត្ថបទ
បារាំង-សព្វាវុធ

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ទាមទារ​ឲ្យ​បារាំង​បញ្ឈប់​ការ​អភិវឌ្ឍន៍​មនុស្សយន្ត​ឃាតករ

នៅ​ក្នុង​ប្រទេស​បារាំង អង្គការ​ក្រៅរដ្ឋាភិបាល Human Rights Watch បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​នា​ថ្ងៃ​ពុធ ទី៧ វិច្ឆិកា។ នៅ​ក្នុង​របាយការណ៍​នោះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​លើ​ការ​អភិវឌ្ឍន៍​គ្រឿងសព្វាវុធ​ស្វយ័ត ដូច​យ៉ាង​ការ​ផលិត​ឃាតករ​ជា​មនុស្សយន្ត​ជា​ដើម។ ទន្ទឹម​គ្នា​នេះ របាយការណ៍​បាន​ទាមទារ​ឲ្យ​បារាំង​គាំទ្រ​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ហាម​ផលិត​មនុស្សយន្ត​ឃាតករ។

អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch
អង្គការឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស Human Rights Watch @google
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ធ្លាក់​មក ជិត ២សប្តាហ៍​មុន​បើក​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​សមាជិក​របស់​ស្ថាប័ន​អន្តរជាតិ​ស្តីពី​អាវុធ​ទូទៅ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​អង្គការ​សហប្រជាជាតិ​ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២៣ វិច្ឆិកា។ នៅ​ក្នុង​របាយការណ៍ Human Rights Watch បាន​កត់សម្គាល់​ឃើញ​ពី​ការ​ដែល​បារាំង​បាន​ធ្វើ​ផ្ទុយ​នឹង​អ្វី​ដែល​ខ្លួន​បាន​និយាយ។ នៅ​ត្រង់​ចំណុច​នេះ Human Rights Watch បាន​ស្រង់​សម្តី​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ដែល​ធ្លាប់​បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​លើ​ការ​អភិវឌ្ឍន៍​ឃាតករ​ជា​មនុស្សយន្ត។ តែ​ការ​ពិត​ជាក់ស្តែង ក្រសួង​ការពារជាតិ​កំពុង​សហការណ៍​ជាមួយ​ក្រុម​ឧស្សាហកម្ម​ផលិតអាវុធ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ប្រណាំងប្រជែង​សព្វាវុធ​ស្វយ័ត។

តាម Human Rights Watch ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្នុង​ទីក្រុង​ស្តុកខុល កងទ័ព​បារាំង​បាន​អភិវឌ្ឍ​រួច​ហើយ​នូវ​ប្រព័ន្ធ​ការពារសកម្ម​ដែល​អាច​ចាប់​ផ្ទាំងស៊ីប និង​សម្រេច​ចាត់​វិធានការ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​មាន​ការ​បញ្ជា​ពី​មនុស្ស​ទេ។ បន្ទាប់​មក និង​បើ​តាម​ Human Rights Watch ដដែល បារាំង​ក៏​កំពុង​ពិចារណា​លើ​ការ​ផលិត​ដ្រូនស្វយ័ត​សម្រាប់​បំពេញ​បេសកកម្ម​នៅ​បាត​សមុទ្រ​ដែរ។ អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់ Human Rights Watch គឺ​ប្រសិទ្ធភាព និង​គុណភាព​នៃ​ស្វ័យភាព​របស់​គ្រឿងសព្វាវុធ ទោះ​បី​ជា​ទាហានយន្ត ឃាតករ​យន្ត ឬ​ដ្រូនចម្បាំង​ក្តី។

ក្រៅ​ពី​ទាមទារ​ឲ្យ​បារាំង​ហាម​ការ​អភិវឌ្ឍន៍​ឃាតករ​ជា​មនុស្សយន្ត Human Rights Watch ក៏​បាន​ស្នើ​ឲ្យ​បារាំង​ឲ្យ​គាំទ្រ​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ហាម​ផលិត​មនុស្សយន្ត​ឃាតករ​ដែរ។ ក្រៅ​ពី​ប្រទេស​បារាំង Human Rights Watch ក៏​បាន​ចង្អុល​មុខ​ប្រទេស​រុស្ស៊ី និង​អាមេរិក​ដែរ។ ទន្ទឹម​គ្នា​នេះ និង​ដើម្បី​ដាស់​ស្មារតី​ដល់​ក្រុម​ប្រទេស​មហាអំណាច​យោធា​ក្នុង​លោក អង្គការ​ប្រមាណ​ជា ៨៥អង្គការ​បាន​រួម​កម្លាំង​គ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ឃាតករ​ជា​មនុស្សយន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ