អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២ វិច្ឆិកា​នេះ​ជា​ខួបគម្រប់ ៥ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​វិទ្យុបារាំងអន្តរជាតិ​ចំនួន ២នាក់ គឺ​លោកស្រី Ghislaine Dupont និង​លោក Claude Verlon។ ដោយឡែក ក្រោយ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​បារាំង​ទាំង​ពីរ​រូប អង្គការសហប្រជាជាតិ​ក៏​បាន​កំណត់​យក​ថ្ងៃទី២ វិច្ឆិកា​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត​ដែរ។ គួរ​រម្លឹក​ថា លោកស្រី Ghislaine Dupont និង​លោក Claude Verlon ត្រូវ​បាន​គេ​ចាប់​ជា​ចំណាប់ខ្មាំង រួច​សម្លាប់​ចោល​កាល​ពី​ថ្ងៃទី២ វិច្ឆិកា ឆ្នាំ ២០១៣ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​បំពេញ​បេសកកម្ម​នៅ​តំបន់​គីដាល់​ស្ថិត​ប៉ែក​ខាងជើង​ប្រទេស​ម៉ាលី។ ៥ឆ្នាំ​ក្រោយ​មក ពន្លឺ​នៃ​ការស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​សម្លាប់​លោកស្រី Ghislaine Dupont និង​លោក Claude Verlon នៅ​តែ​បន្ត​ស្រពិចស្រពិល។

លោក Claude Verlon និង​លោកស្រី Ghislaine Dupont
លោក Claude Verlon និង​លោកស្រី Ghislaine Dupont RFI
ផ្សាយពាណិជ្ជកម្ម

៥ឆ្នាំ​ក្រោយ​ឃាតកម្ម​សម្លាប់​លោកស្រី Ghislaine Dupont និង​លោក Claude Verlon នីតិវិធី​នៃ​ការ​ស៊ើបអង្កេត​ត្រូវ​បាន​បើក​ធ្វើ​ចំនួន​ពីរ​ដាច់​ពី​គ្នា មួយ​នៅ​ក្នុង​ប្រទេស​ម៉ាលី​ដែល​ជា​កន្លែង​កើតហេតុផ្ទាល់ និង​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​ដឹក​នាំ​ដោយ​លោក Jean-Marc Herbaut ចៅក្រម​ប្រឆាំង​នឹង​ភេរវនិយម។ ចៅក្រម​បារាំង​រូប​នេះ​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​ម៉ាលី​នា​ដើមខែ​កុម្ភៈ​កន្លង​ទៅ​ដោយ​បាន​ជួប​សន្ទនា និង​ធ្វើ​ការងារ​ទាំង​យប់ ទាំង​ថ្ងៃ​ជាមួយ​សមភាគី​ម៉ាលី។ វត្តមាន​លោក Herbaut នៅ​ក្នុង​ទឹកដី​ម៉ាលី​បាន​អនុញ្ញាត​ឲ្យ​លោក​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ​ដែល​លោក​ចង់ដឹង និង​បាន​ទាមទារ​ជា​យូរ​មក​ហើយ។

តែ​ព័ត៌មាន​ដែល​លោក Herbaut ទទួល​បាន​ហាក់​មិន​បាន​ផ្តល់​អ្វី​បន្ថែម​ដូច​ដែល​លោក​កំពុង​មាន​ក្នុង​ដៃ​ស្រាប់​ហើយ​នោះ​ទេ។ មួយ​វិញ​ទៀត ការ​វិភាគ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ ពិសេស​ខ្លឹមសារ​នៃ​បទយកការណ៍​របស់​លោកស្រី Ghislaine Dupont ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បារាំង France 2 កាល​ពី​១ឆ្នាំ​កន្លះ​មុន​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​បន្ថែម​ដែរ។ ចំណែក​ការ​ស៊ើបអង្កេត​នៅ​ខាង​ប្រទេស​ម៉ាលី​ឯណោះ​វិញ​ក៏​ហាក់​គ្មាន​ការ​ចម្រើន​ទៅ​មុខ​ដូច​ក្តី​សង្ឃឹម​ទុក​ទេ នោះ​បើ​ទោះ​បី​ជា​មាន​ការ​តែងតាំង​ចៅក្រម​ស៊ើបអង្កេត​នា​ដំណាច់​ឆ្នាំ ២០១៧ ក៏​ដោយ។

៥ឆ្នាំ​ក្រោយ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​វិទ្យុបារាំង​អន្តរជាតិ​ទាំង​ពីរ​រូប​មក យុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ​ហាក់​នៅ​ឆ្ងាយ ហើយ​ការ​ស៊ើបអង្កេត​ហាក់​នៅ​មិន​ទាន់​អាច​ឈាន​ទៅ​ក្របួច ក ជនដៃដល់​ទៅ​ផ្ទន្ទាទោស​នៅ​តុលាការ​បាន​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី បារាំង និង​ម៉ាលី​បាន​ប្តេជ្ញាចិត្ត​បន្ត​ការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត​ដោយ​មិន​ហ៊ាន​សន្យា​ថា តើ​នឹង​អាច​រក​ឃើញ​ការ​ពិត​នៅ​ពេល​ណា​ទេ។

ភាព​ក្តុកក្តួល និង​ការ​ឈឺចាប់​កំពុង​បន្ត​កើត​មាន​ចំពោះ​គ្រួសារ​ជងរងគ្រោះ

ក្រុមគ្រួសារ​របស់​សព​លោកស្រី Ghislaine Dupont និង​លោក Claude Verlon ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រង់ចំា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ពី​ខាង​ភាគី​បារាំង​ក៏​ដូច​ពី​ខាង​ភាគី​ម៉ាលី។ តែ​ក្នុង​ពេល​រង់ចាំ​ការ​ពិត ពិធី​រម្លឹក​ខួប​នៃ​ឃាតកម្ម​អ្នកកាសែត​បារាំង​ទាំង​ពីរ​នាក់​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទេ។ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១ វិច្ឆិកា ភ្លើង​ដែល​គេ​ដាក់​លំអ​លើ Tour Eiffel ក្នុង​ពេល​រាត្រី​ត្រូវ​បាន​គេ​បិទ​រយៈពេល ៣នាទី​ដើម្បី​ចូលរួម​គោរព​វិញ្ញាក្ខន្ធ​លោកស្រី Ghislaine Dupont និង​លោក Claude Verlon។ ចំណែក​ម្តាយ​របស់​សព​លោកស្រី Ghislaine Dupont គឺ​លោកស្រី Marie Solange Poinsot បាន​បញ្ជាក់​ថា ៥ឆ្នាំ​នៃ​ការ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ​សម្រាប់​លោកស្រី អ្វី​ដែល​សំខាន់ ដំណើរ​ជីវិត​របស់​លោកស្រី​មួយ​ភាគ​ធំ​ត្រូវ​បាន​ជាប់​គាំង​តាំង​ពី​ថ្ងៃទី២ វិច្ឆិកា ឆ្នាំ ២០១៣ មក​ដល់​សព្វថ្ងៃ។

លោកស្រី Marie Solange Poinsot បាន​បន្ថែម​ថា ៥ឆ្នាំ​ក្រោយ​មក នៅ​តែ​គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​លោកស្រី​ពី​មូលហេតុ​នៃ​ការ​ស្លាប់​កូនស្រី Ghislaine Dupont និង​ស្លាប់​ដោយ​របៀប​ណា។ ភាព​ក្តុកក្តួល និង​ឈឺ​ចាប់​ក៏​កំពុង​បន្ត​មាន​ចំពោះ​អ្នកស្រី Apolline Verlon ដែល​ជា​កូនស្រី​របស់​សព​លោក Claude Verlon។ ក្រៅ​ពី​ក្រុមគ្រួសារ​របស់​លោកស្រី Ghislaine Dupont និង​លោក Claude Verlon ពិធី​ចូលរួម​រម្លឹក​វិញ្ញាក្ខន្ធ​ក៏​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បុគ្គលិក​របស់​វិទ្យុបារាំង​អន្តរជាតិ​ទាំង​អស់​ដែរ។

ក្នុង​រយៈពេល ១០ឆ្នាំ មាន​អ្នកកាសែត​ជាង ១ ០០០នាក់​ត្រូវ​បានគេ​សម្លាប់

ក្រោយ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​វិទ្យុបារាំង​អន្តរជាតិ​ទាំង​ពីរ​រូប គឺ​លោកស្រី Ghislaine Dupont និង​លោក Claude Verlon អង្គការ​សហប្រជាជាតិ​បាន​កំណត់​ថ្ងៃទី២ វិច្ឆិកា​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត។ វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ​ដែល​អ្នកសារព័ត៌មាន​ព្យាយាម​យក​ព័ត៌មាន និង​សរសេរ​ការពិត​តែងតែ​ត្រូវ​បាន​គេ​តាម​ធ្វើ​ទុក្ខបុកម្នេញ រួច​ពេល​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់​ចោល​ទៅ​វិញ។ របាយការណ៍​របស់​អង្គការ Unesco ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១ វិច្ឆិកា​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ​ពោល​ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៧ មាន​អ្នកកាសែត​ចំនួន ១០១០នាក់​ត្រូវ​បាន​គេ​សម្លាប់។ គ្រាន់​តែ​ពី​ថ្ងៃទី១ មករា​ដល់​ដំណាច់ខែ​តុលា ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ស្លាប់​អ្នកកាសែត​ចំនួន ៨៦នាក់​ដោយសារ​ការ​បំពេញ​អាជីព​របស់​ខ្លួន។

របាយការណ៍​របស់ Unesco ដដែល​បាន​បន្ថែម​ថា អ្នកកាសែត​ដែល​ត្រូវ​បាន​គេ​សម្លាប់​ច្រើន​ជាង​គេ​មិនមែន​អ្នក​កាសែត​ដែល​បាន​ចុះ​ទៅ​យកការណ៍​នៅ​លើ​សមរភូមិ​ទេ តែ​គឺ​អ្នកកាសែត​ដែល​អង្គុយ​ក្នុង​ការិយាល័យ​ដើម្បី​ស៊ើប​ព័ត៌មាន​រឿង​នយោបាយ រឿង​ឧក្រិដ្ឋកម្ម និង​រឿង​អំពើ​ពុករលួយ។ គឺ​ពួក​អ្នកកាសែត​ប្រភេទ​នេះ​ឯង​ដែល​បាន​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ប្រទេស​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​តែ​ម្តង។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ ជនល្មើស ៩នាក់​ក្នុង​ចំណោម ១០នាក់​មិន​ត្រូវ​បាន​គេ​អូស ក ទៅ​កាត់​ទោស​ទេ។ កំណត់​សម្គាល់​មួយ​ទៀត មាន​ស្រ្តី​កាន់​តែ​ច្រើន​ដែល​កំពុង​ប្រកប​អាជីព​ជា​អ្នកកាសែត​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​កាន់​តែ​ខ្លាំង ពិសេស​ការ​យាយី​ផ្លូវភេទ។

នាយិកា​អង្គការ Unesco លោកស្រី Audrez Azoulay បាន​ថ្លែង​ថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត​ជា​ការ​រួម​ចំណែក​មួយ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​ចូល​យក​ព័ត៌មាន។ នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ជួយ​លើក​តម្កើង​អាជីព​អ្នកកាសែត អង្គការ Unesco បាន​ផ្តើម​យុទ្ធនាការ​នា​ឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត​ក្រោម​ចំណង​ជើង​ថា « ការ​ពិត​មិន​ស្លាប់​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ