អានតួអត្ថបទ

អូតង់ធ្វើសមយុទ្ធយក្ស​ បង្ហាញ​ធ្មុង​ដាក់​​រុស្ស៊ី ?!

នៅ​ថ្ងៃព្រហស្បតិ៍​នេះ អូតង់ បាន​ចាប់​ផ្តើម​បើក​សមយុទ្ធ នៅ​ប្រទេស​ន័រវែស។ ​ជា​សមយុទ្ធ​​ ​ទ្រង់ទ្រាយ​ដ៏​ធំ​បំផុត​ មិន​ធ្លាប់​មាន​ធ្វើ​មក​សោះ​គិត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​បិទ​បញ្ចប់​ទៅ។ តើ​អ្វី​ទៅកម្មវត្ថុនៃ​សមយុទ្ធ ? គឺ​អូតង់​ចង់រំលឹក​ប្រាប់​រុស្ស៊ី​ថា​ អង្គការ​សម្ព័ន្ធ​អាត្លង់​ទិក ​មាន​សាមគ្គីភាព​​គ្នា​ជា​និច្ច​ បើ​ទោះ​បី​ជា​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ បាន​សាប​ព្រោះ​ភាព​មន្ទិល​សង្ស័យ​លើ​អូតង់​​ខ្លះ​ៗ​ក៏​ដោយ។

ទាហាន​ន័រវែស​ត្រៀម​ចូល​ធ្វើ​សមយុទ្ធ​អូតង់ Trident Juncture 18
ទាហាន​ន័រវែស​ត្រៀម​ចូល​ធ្វើ​សមយុទ្ធ​អូតង់ Trident Juncture 18 Remko de Waal / ANP / AFP
ផ្សាយពាណិជ្ជកម្ម

ទាហាន ៥​ម៉ឺន​នាក់ (១៤០០០នាក់​ជាទាហាន​អាមេរិក) រថយន្ត១ម៉ឺន​គ្រឿង នាវា​៦៥​គ្រឿង យន្តហោះ​២៥០​គ្រឿង​មក​ពី​៣១​ប្រទេស (២៩​ជា​សមាជិក​អូតង់ + ស៊ុយអែត និង​ហ្វាំងឡង់)កំពុង​បង្ហាញ​ខ្លួន​ក្នុង​សមយុទ្ធ​ Trident Juncture 18 ជួយ​សង្គ្រោះ​ប្រទេស​ជា​សមាជិក​របស់​សម្ព័ន្ធ​អាត្លង់​ទិក​មួយ​​រង​ការ​ឈ្លានពាន​​ពី​សត្រូវ រហូត​ដល់​ថ្ងៃទី ១​វិច្ឆកា នៅ​ក្នុង​ទឹក​ដី​ប្រទេស​ន័រវែស។ ​រុស្ស៊ី​ពីរ​នាក់ និង​បៀឡារុស្ស៊ី​ពីរ​នាក់ ត្រូវ​បាន​អញ្ជើញ​មក​ចូលជា​​អ្នក​សង្កេតការណ៍។

សមយុទ្ធ​នេះ​ជា​សារ​ដ៏​ច្បាស់​លាស់​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​និង​គូសត្រូវ​​ថា​អូតង់​ មិន​ស្វែង​រក​ការប្រឈម​មុខ​ណា​មួយ​ទេ តែ​អូតង់​ត្រៀម​ជា​ស្រេច​នឹង​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាមពី​ខាង​ក្រៅ។ បើ​តាម​បអគ្គលេខាអង្គការ បរិបទ​សន្តិសុខ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​គួរឱ្យ​កត់​សម្គាល់​ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ចុះ​តើ​គូប្រជែង​ជា​យថាហេតុ​នោះ​ជា​នរណា ? អូតង់​មិន​បាន​ដៅ​ឈ្មោះ​​ទេ ប៉ុន្តែ​ទំនងជា​រុស្ស៊ី​ហើយ ! រុស្ស៊ី​បាន​បង្កើន​មហិទ្ធិរិទ្ធ​យោធា​របស់​ខ្លួន​យ៉ាង​ខ្លាំង​និង​មាន​ព្រំដែន​រួម​ជាមួយ​ន័រវេស​ប្រវែង​ដល់​ទៅ​១៩៨​គីឡូម៉ែត្រ​ នៅភាគ​ខាង​ជើង​បំផុត។ ក្រោយ​ពី​បាន​ក្តោប​យកតំបន់​គ្រីមេ​​មក យោធា​រុស្ស៊ី​បាន​ចូល​រួម​បង្ក​អស្ថិរភាព​​នៅភាគ​ខាង​កើត​អ៊ុយក្រែន​ និង​បាន​បង្កើន​សមត្ថភាព​នៅ​ក្នុង​មហាសមុទ្ទ​ទឹកកក​អាកទិក ព្រមទាំង​បាន​ធ្វើ​សមយុទ្ធ​​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិ​យោធា​រុស្ស៊ី កាលពី​ខែ​កញ្ញា នៅ​ភាគ​ខាង​កើត​​ប្រទេស។

ចំណែក​ខាង​រុស្ស៊ី​វិញ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ក្រុង​អូស្លូ បាន​ចាត់​ទុក​សមយុទ្ធ​Trident ថា​លំហាត់​សឹក​ប្រឆាំង​នឹង​រុស្ស៊ី​តែ​ម្តង។ ​ ទោះ​បី​អូតង់​ខំ​បញ្ជាក់​ថា​លំហាត់​ការពារ​ខ្លួន​ក្តី ក៏​សម្រាប់រុស្ស៊ី សកម្មភាព​នេះ​ជា​ការ​បង្ក​ហេតុ។

តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ម៉ូស្គូ ខឹង​សម្បារ​នឹង​ការ​ពង្រឹង​វត្តមាន​ទ័ព​អូតង់ (ទាហាន​អង់គ្លេស​និង​អាមេរិក)​នៅ​ក្នុង​តំបន់ ក្បែរ​ព្រំទល់​រុស្ស៊ី ដោយ​បាន​បរិហារ​សកម្មភាព​គ្មានទំនួល​ខុស​ត្រូវ​នេះ​នឹង​នាំ​មកនូវ​អស្ថិរភាព​នយោបាយ យោធា និង​ដំឡើង​សម្ពាធ​​តាន​តឹង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ