អានតួអត្ថបទ
បារាំង-អូតង់

លោកជីម ម៉ាត់ទីស៖​អាមេរិក​នឹង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួមចំណែក​ឥត​រាថយ​ជាមួយ​អង្គការអូតង់

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ជីម ម៉ាត់ទីស​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​នា​ថ្ងៃ​អង្គារ ទី២ តុលា។ នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​បារាំង​លោកស្រី Florence Parly លោក​ម៉ាត់ទីស​បាន​ធានា​ថា អាមេរិក​នឹង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ដោយ​ឥត​រា​ថយ​នៅ​ក្នុង​ការ​រួម​ចំណែក​របស់​ខ្លួន​ជាមួយ​អង្គការ​អូតង់។ ទន្ទឹម​គ្នា​នេះ ប្រមុខ​ការពារជាតិ​អាមេរិក​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាមេរិក​ក៏​នឹង​បន្ត​រក្សា​ជំនួយ​ដល់​កម្លាំង​ទ័ព​បារាំង​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ភេរវជន​នៅ​ក្នុង​ប្រទេស​ម៉ាលី។

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ជីម ម៉ាត់ទីស និង​សមភាគីបារាំងលោកស្រី Florence Parly ក្នុង​ទីក្រុង​ប៉ារីស ថ្ងៃទី២ តុលា ២០១៨
លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ជីម ម៉ាត់ទីស និង​សមភាគីបារាំងលោកស្រី Florence Parly ក្នុង​ទីក្រុង​ប៉ារីស ថ្ងៃទី២ តុលា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

វត្តមាន​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ជីម ម៉ាត់ទីស​នៅ​ក្នុង​ទឹកដី​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​នៃ​អង្គការ​អូតង់​រៀបចំ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ក្រៅ​ពី​មាន​ជំនួប​ជាមួយ​សមភាគី​បារាំង​លោកស្រី Florence Parly ក្នុង​ទីក្រុង​ប៉ារីស លោក​ជីម ម៉ាត់ទីស​ក៏​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ដែរ។ លោក​ម៉ាត់ទីស​បាន​និយាយ​ប្រាប់​លោក​ម៉ាក្រុង​ថា អាមេរិក​នឹង​បន្ត​សហការណ៍​យ៉ាង​ពេញ​ទំហឹង​ជាមួយ​អង្គការ​អូតង់ និង​ទទួល​ស្គាល់​ថា​ពេល​ខ្លះ ការ​អនុវត្ត​ជាក់ស្តែង​មិន​ដូច​នឹង​ការ​និយាយ​នោះ​ទេ។

អ្វី​ដែល​លោក​ម៉ាត់ទីស​ចង់​និយាយ​ធានា​បារាំង​នោះ​គឺ​ថា អាមេរិក​ក្នុង​នាម​ជា​សមាជិក​អូតង់​ដូច​បារាំង​ដែរ​នោះ​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​អង្គការ​មួយ​នេះ​ទេ។ គួរ​រម្លឹក​ជូន​ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ធ្លាប់​បាន​រិះគន់ វាយប្រហារ​មិន​សំចៃ​មាត់​ជា​ច្រើន​ដង​លើ​ក្រុម​ប្រទេស​សមាជិក​អង្គការ​អូតង់ ពិសេស​អាល្លឺម៉ង់​ពី​បទ​បាន​បង់​វិភាគទាន​តិចតួច​ឲ្យ​អូតង់ ហើយ​បាន​ពឹង​លើ​អាមេរិក​ឲ្យ​ជួយ​ការពារ​សន្តិសុខ​ចំពោះ​ខ្លួន។ សូម​ជម្រាប​ជូន​ថា​ក្នុង​ឆ្នាំ ២០១៤ សមាជិក​អូតង់​ទាំង ២៩ប្រទេស​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដំឡើង​ថវិកាយោធា​ឲ្យ​ដល់ ២% នៃ​ផលិផលសរុប​ក្នុង​ស្រុក​របស់​ខ្លួន​នៅ​រង្វង់​ឆ្នាំ ២០២៤។

តែ​គិត​ត្រឹម​ឆ្នាំ ២០១៨ មាន​សមាជិក​ចំនួន ១៥ប្រទេស ក្នុង​នោះ​មាន​ទាំង​ប្រទេស​អាល្លឺម៉ង់​ផង​បាន​សម្រេច​ដំឡើង​តិច​ជាង ១,៤% នៃ​នៃ​ផលិផលសរុប​ក្នុង​ស្រុក ហើយ​មាន​ប្រទេស​សមាជិក​ខ្លះ​បាន​សារភាព​ជា​ចំហ​ថា គ្មាន​លទ្ធភាព​សម្រេច​គោលដៅ​ដែល​បាន​កំណត់​នោះ​ទេ​ដោយ​ត្រូវ​បង្វែរ​ការ​ចំណាយ​នៅ​ក្នុង​វិស័យ​ផ្សេង។ លោកស្រី Florence Parly បាន​គូសបញ្ជាក់​ថា « អូតង់​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ ការពារ​សមូហភាព​របស់​យើង » និង​ថា « សហភាព​អឺរ៉ុប​មិនមែន​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ទេ តែ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ »។

បន្ទាប់​មក ប្រមុខ​ការពារជាតិ​បារាំង​ក៏​បាន​កោត​សរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​ទ័ពបារាំង និង​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី ព្រម​ទាំង​អរគុណ​អាមេរិក​ដែល​បាន​គាំទ្រ​ដល់​កម្លាំងទ័ព​បារាំង​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ភេរវជន​នៅ​ក្នុង​ប្រទេស​ម៉ាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ