អានតួអត្ថបទ

លោកCharles Aznavour ម្ចាស់ដើម​នៃ​បទចម្រៀង “ទោះយ៉ាងណា” ជានរណា ?

​​ជា​តារា​ចម្រៀង តារា​សម្តែង និង​អ្នក​និពន្ធបទ​​ចម្រៀង ​ លោក Charles Aznavour ស្ហាលស៍ អាសណាវួរ ជា​អ្នក​ចម្រៀង​បារាំង​ដ៏​ល្បីល្បាញ​តែ​ម្នាក់​គត់​ ដែល​មាន​ឈ្មោះ​រន្ទឺ​នៅ​លើ​ពិភពលោក។ ​នៅ​ប្រទេស​កម្ពុជា ក្រៅ​ពី​អ្នក​សិក្សាភាសាបារាំង ដែល​ធ្លាប់​រៀន​ជួប​បទ​ចម្រៀង​របស់​លោក​អាសណាវួរ ក្នុង​សៀវភៅ ពលរដ្ឋ​ខ្មែរ​ពុំ​សូវ​ស្គាល់​ឈ្មោះ​ និង​ស្តាប់​ចម្រៀង​លោក​ទេ ប៉ុន្តែ​ខ្មែរ​ស្គាល់​ច្បាស់​បទ "ទោះជា​យ៉ាងណា" របស់​លោកស៊ីន ស៊ីសាម៉ុត ដែល​បក​ប្រែ​ពី​​ចម្រៀងបារាំង Et pourtant  ​​របស់​លោក អាស្នាវួរ នេះឯង។ លោក​បាន​ទទួល​មរណភាព​ នៅយប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ​ ក្នុង​ជន្មាយុ​៩៤ឆ្នាំ។ ​បារាំង​ អាមេរិក​ អារមេនី ក៏​ដូច​ជា​ប្រិយមិត្ត​អ្នក​ស្តាប់​ទូទាំង​ពិភពលោក នាំ​គ្នា​​ប្រារព្ធ​ឧទ្ទិស​ដល់​វិញ្ញណក្ខន្ធ​លោក​។

លោក Charles Aznavourក្នុង​កម្មវិធី​ទូរទស្សន៍ជាតិ កាលពី​ឆ្នាំ​២០១៥
លោក Charles Aznavourក្នុង​កម្មវិធី​ទូរទស្សន៍ជាតិ កាលពី​ឆ្នាំ​២០១៥ BERTRAND GUAY / AFP
ផ្សាយពាណិជ្ជកម្ម

ជា​និម្មិត្តរូប និង​ជា​សរសរទ្រូង​នៃ​សិល្បៈ​ចម្រៀង​បារាំង លោក អាសណាវួរ បាន​តែង​បទ​ចម្រៀង​សរុប​១៣០០​បទ ច្រៀង​១៤០០​បទ សម្តែង​តួ​ក្នុ​ងភាពយន្ត៦០​រឿង និង​លក់​ថាស​ចម្រៀង​បាន​ជាង​ ១៨០​លាន​ និង​អាច​តែង​ច្រៀង​ជា​៦ភាសា។ បទចម្រៀង​របស់​លោក ត្រូវ​បាន​បក​ប្រែ​ជាភាសា​បរទេស​ដ៏​ច្រើន ក្នុង​នោះ​មាន​មួយ​បទ​ ជា​ភាសា​ខ្មែរ ដែល​មាន​ចំណង​ជើង​ថា “ទោះយ៉ាងណា” បក​ពី​បទ​ដើម​ “Et Pourtant”។

កើត​នៅ​ថ្ងៃទី ២២ ឧសភា ១៩២៤ នៅ​ទីក្រុង​ប៉ារីស ពី​ឪពុកម្តាយ​ជាតិ​អារមេនី លោក Charles Aznavour បាន​បញ្ចប់​ការ​សិក្សា​ក្នុង​វ័យ​៩​ឆ្នាំ ដើម្បី​ជួយ​សម្រួលជីវភាព​គ្រួសារ និង​បានចាប់​ផ្តើម​ចូល​លេង​ល្ខោន លេង​កុន ជា​តួតូច​តាច។ ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ លោក​បាន​ចាប់ផ្តើម​អាជីព​ជា​សិល្បករ ដោយ​បាន​​ថត​ចម្រៀង​មួយ​បទ​ដំបូង​ នៅ​ឆ្នាំ ១៩៤៨និង​ចាប់ផ្សងព្រេង​នៅ​ទ្វីប​អាមេរិក កាណាដា។

ក៏​ប៉ុន្តែ​លោកត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៥៦​ នៅ​ពេល​លោក​ឡើងច្រៀង​នៅ​សាល​ដ៏​ធំ​នៅ​ទីក្រុង​ប៉ារីស ទើប​អាជីព​ជា​អ្នក​ចម្រៀង​​របស់​លោក ចាប់​មាន​ពន្លឺ។ បួន​ឆ្នាំក្រោយមក​ទៀត លោក Charles Aznavour ចាប់​ល្បីល្បាញ​ក្លាយ​ជា​តារា​ចម្រៀង​ជា​ទី​និយម ជាមួយ​នឹង​បទ​ចម្រៀង Je m’voyais déjà។ Emmenez-moi, La Bohème, Hier encore, Et pourtant, Formidable La mamma ... សុទ្ធ​សឹង​ជា​បទ​ចម្រៀង​ដ៏​ល្បីល្បាញ ដែល​មាន​អ្នក​ស្តាប់​ច្រើន​ជាងគេ។

លោក អាសណាវួរ និពន្ធបទ​ចម្រៀង​សម្រាប់​ច្រៀងខ្លួន​ឯង​ផង ​និង​ឱ្យ​តារា​ល្បីៗ​ផង និង​បន្ត​ឡើង​ឆាក​នៅទូទាំង​ពិភពលោក​ក្នុង​សាល​ដ៏​កិត្យានុភាព នៅញូវយ៉ក នៅ​តូក្យូ​ជា​ដើម​ ។ល។

ក្រៅ​ពី​សិល្បៈ​ លោក​សកម្មខ្លាំង​ដើម្បី​បុព្វហេតុ​អារមេនី ប្រទេស​កំណើត​របស់​ឪពុក​ម្តាយលោក។ នៅ​ឆ្នាំ​១៩៨៨ នៅ​ពេល​ប្រទេស​អារមេនី​ ​ រងគ្រោះ​រញ្ជួយ​ដីដ៏​ធ្ងន់ធ្ងរ លោក​បាន​តែង​និង​ច្រៀង​បទ​ចម្រៀង​មួយ​បទ​ មាន​ចំណង​ជើងថា “​សម្រាប់​អ្នក” Pour toi, Armenie។ ថវិកា​បាន​ពី​បទ​ចម្រៀង​នេះ ត្រូវ​ក្លាយ​ជា​មូលនិធិ​សម្រាប់​ជួយ​ជនរងគ្រោះ​អារមេនី​ទាំ​ងអស់។ ​ក្រោយ​ពី​បាន​ទទួល​សញ្ជាតិ​អារមេនី​ នៅ​ក្នុង​វ័យ​៨៤​ឆ្នាំ លោក អាសណាវួរ ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អារមេនី​ប្រចាំ​ស្វីស។

ក្នុង​វ័យ​៩១​ឆ្នាំ (នៅ​ឆ្នាំ​២០១៥) លោក បានថត​អាល់ប៊ុម​ចុង​ក្រោយ​ ដែលមាន​ចំណង​ជើង​ថា “Encore”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ