rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ព្រសហ្បតិ៍ ទី២៧ កញ្ញា​នេះ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ តាំង​ពី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​តួកគី​ក្នុង​ឆ្នាំ ២០១៤ មក នេះ​ជា​លើកទី១ ដែល​មនុស្សខ្លាំង​តួកគី​រូប​នេះ​បាន​ដាក់​ជើងជាន់​ទឹកដី​អាល្លឺម៉ង់។ តែ​គេ​មិន​ត្រូវ​និយាយ​ទេ​ថា វត្តមាន​របស់​លោក​អ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​តួកគី​កំពុង​ស្គាល់​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ស្គាល់​ភាព​តានតឹង​រវាង​គ្នា​យ៉ាង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ភាព​តានតឹង​ដែល​លោក​អ៊ែរដូហ្កាន​សង្ឃឹម​កាត់បន្ថយ​នៅ​ក្នុង​គម្រោង​ជំនួប​ជាមួយ​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី​ម៊ែរកិល។

វត្តមាន​រយៈពេល ៣ថ្ងៃ​របស់​លោក​អ៊ែរដូហ្កាន​ក្នុង​ទឹកដី​អាល្លឺម៉ង់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ដល់​ថ្ងៃ​សៅរ៍ ទី២៩ កញ្ញា លោក​អ៊ែរដូហ្កាន​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ម៊ែរកិល​ទាំង ៣ថ្ងៃ​ជាប់​គ្នា ឬ​យ៉ាង​ហោច​ណាស់​ក៏ ២ថ្ងៃ​ក្នុង​ទីក្រុង​ប៊ែរឡាំង។ ទន្ទឹម​គ្នា​នេះ លោក​អ៊ែរដូហ្កាន​ក៏​ត្រូវ​ចូល​ជួប​សំណេះសំណាល​ជាមួយ​ប្រធានាធិបតី​សហព័ន្ធ​អាល្លឺម៉ង់​លោក​ហ្រ្វង់ វ៉ល់ធ័រ ស្តាញម៉ៃយ័រ​ដែរ (Frank-Walter Steinmeier)។ លោក​ស្តាញម៉ៃយ័រ​ដែល​នឹង​រៀចំ​ពីធី​ជួបលៀង​ទទួល​លោក​អ៊ែរដូហ្កាន​នៅ​ថ្ងៃ​សុក្រ ទី២៨ កញ្ញា តែ​នឹង​គ្មាន​វត្តមាន​លោកស្រី​ម៊ែរកិល។

បន្ទាប់​មក​នៅ​សៅរ៍ ទី២៩ កញ្ញា​ដែល​ជា​ថ្ងៃ​ទស្សនកិច្ច​ចុង​ក្រោយ លោក​អ៊ែរដូហ្កាន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កូឡូញ​ដើម្បី​បើក​សម្ពោធ​វិហារ​អ៊ីស្លាម​មួយ​របស់​សមាគមជាតិ​តួកគី​ឈ្មោះ Ditib។ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​វិហារ​អ៊ីស្លាម​នេះ រដ្ឋអំណាច​អាល្លឺម៉ង់​បាន​ស្នើ​លោក​អ៊ែរដូហ្កាន​ជា​មុន​កុំ​ឲ្យ​ធ្វើ​ការ​ឃោសនា​អ្វី​ជា​ចំហ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​លោក​អ៊ែរដូហ្កាន​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ក៏​ដូច​ជា​នៅ​ក្នុង​ទីក្រុង​កូឡូញ​ក៏​នឹង​ទទួល​ស្វាគមន៍​ដោយ​ក្បួន​បាតុកម្ម​ពី​ពួកប្រឆាំង​ដែរ ពិសេស​ពី​ប្រជាជន​គួដឌីស្ថាន។

តួកគី និង​អាល្លឺម៉ង់​មើល​មុខ​គ្នា​មិន​ចំ​តាំង​ពី​ឆ្នាំ ២០១៦

វត្តមាន​លោក​អ៊ែរដូហ្កាន​ក្នុង​ទឹកដី​អាល្លឺម៉ង់​ពេល​នេះ​កើត​មាន​ឡើង ចំ​ពេល​ដែល​តួកគី​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង​រវាង​គ្នា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រធានបទ​នៃ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​អាល្លឺម៉ង់ និង​តួកគី​មាន​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អ៊ែរដូហ្កាន​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ ២០១៦។ តាំង​ពី​ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នោះ​មក លោក​អ៊ែរដូហ្កាន​បាន​បើក​ប្រតិបត្តិការ​បោសសំអាត​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​មន្រ្តី​ក្នុង​ជួរ​កងទ័ព នគរបាល និង​ស៊ីវិល​ដែល​ជាប់​សង្ស័យ​ក្នុង​បទ​រួមគំនិត និង​រៀបចំ​រដ្ឋប្រហារ។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​ត្រូវ​បាន​កាត់ទោស​​ញាត់គុក និង​បញ្ឈប់​ពី​ការងារ។

ទង្វើ​របស់​លោក​អ៊ែរដូហ្កាន​របៀប​នេះ​បាន​ទទួល​ការ​ផ្តន្ទាទោស​យ៉ាង​ចាស់ដៃ​ពី​សហគមន៍អន្តរជាតិ មាន​ទាំង​ប្រទេស​អាល្លឺម៉ង់​ផង។ អាល្លឺម៉ង់​ដែល​លោក​អ៊ែរដូហ្កាន​បាន​ស្តី​បន្ទោស​ពី​ការ​គាំទ្រ​ស្ទើរស្ទាក់​ចំពោះ​ចំណាត់ការ​របស់​លោក​នៅ​ក្នុង​យុទ្ធនាការ​បោសសំអាត​លើ​ជនសង្ស័យ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក​មិន​បាន​សម្រេច។ មាន​ពលរដ្ឋ​អាល្លឺម៉ង់​ជា​ច្រើន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​តួកគី​ត្រូវ​បាន​រដ្ឋអំណាច​ទីក្រុង​អង់ការ៉ា​ចាប់​ដាក់​គុក មាន​ទាំង​អ្នក​កាសែត​ជា​ច្រើន​នាក់​ផង។ តួលេខ​ចុង​ក្រោយ​ផ្តល់​ដោយ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា នៅ​សល់​ពលរដ្ឋ​អាល្លឺម៉ង់ ៥នាក់​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​គុក​តួកគី។

លោក​អ៊ែរដូហ្កាន​បាន​ចោទ​អាល្លឺម៉ង់​ពី​បទ​បាន​គាំទ្រ​លោក Gülen ដែល​ជា​សកម្មជនប្រឆាំង​តួគកី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​កំពុង​រស់នៅ​ក្នុង​ទឹកដី​អាមេរិក។ លោក Gülen ដែល​ជា​សត្រូវ​ស៊ូពូជ​នឹង​លោក​អ៊ែរដូហ្កាន​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ចោទ​ពី​បទ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​មិន​បាន​សម្រេចក្នុង​ឆ្នាំ ២០១៦។ ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ ពោល​បន្ទាប់​ពី​រដ្ឋអំណាច​អាល្លឺម៉ង់​បាន​បដិសេធ​មិន​ឲ្យ​លោក​អ៊ែរដូហ្កាន​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ក្នុង​ទឹកដី​អាល្លឺម៉ង់​មក លោក​អ៊ែរដូហ្កាន​បាន​ដៀលត្មះ​អាល្លឺម៉ង់​ពី​បទ​អនុវត្ត​វិធានការ​ផ្តាច់ការ​តាម​បែប​របប​ជំនាន់​ណាហ្ស៊ី។ សូម​ជម្រាប​ជូន​ថា​នៅ​អាល្លឺម៉ង់​សព្វ​ថ្ងៃ មាន​ពលរដ្ឋ​អាល្លឺម៉ង់​ដើមកំណើត​តួកគី​រស់នៅ​ចំនួន ៣លាននាក់។

តួកគី​ត្រូវ​ការ​អាល្លឺម៉ង់​ជាង​អាល្លឺម៉ង់​ត្រូវ​ការ​តួកគី

តិច ឬ​ច្រើន វត្តមាន​របស់​លោក​អ៊ែរដូហ្កាន​ក្នុង​ទឹកដី​អាល្លឺម៉ង់​ពេល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ទីក្រុង​ប៊ែរឡាំង និង​ទីក្រុង​អង់ការ៉ា នោះ​បើ​ទោះ​បី​ជា​គេ​នៅ​មិន​ទាន់​អាច​និយាយ​ពី​រាត្រី​ទឹកខ្មេះ​ទៅ​ជា​រាត្រី​ទឹកឃ្មុំ​ក៏​ដោយ។ ចូរ​កុំ​ភ្លេច​ថា ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​របស់​លោក​អ៊ែរដូហ្កាន​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ពីរ ទី១ សេដ្ឋកិច្ច​តួកគី​កំពុង​ធ្លាក់​ក្នុង​វិបត្តិធ្ងន់ធ្ងរ និង​ទី២ តួកគី និង​អាមេរិក​កំពុង​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង។ ដូច្នេះ​ចង់ ឬ​មិន​ចង់ និង​ដើម្បី​ស្រោចស្រង់​វិបត្តិសេដ្ឋកិច្ច​តួកកី លោក​អ៊ែរដូហ្កាន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដាក់ចិត្ត ដាក់​កាយ​សុខចិត្ត​ងាក​ទៅ​រក​អ្នក​ផ្សេង​ដែល​ស្ថិត​ជុំ​វិញ​ខ្លួន​ទេ។

មាន​ប្រធានបទ​អាទិភាព​ចំនួន ៣ ដែល​លោក​អ៊ែរដូហ្កាន​ចង់​បាន​ពី​អាល្លឺម៉ង់ ទី១ វិធានការ​ជាក់ស្តែង​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​គ្នា។ លោក​អ៊ែរដូហ្កាន​យល់​ថា ជាមួយ​នឹង​វត្តមាន ៧ ៥០០ក្រុមហ៊ុន រោងចក្រ​អាល្លឺម៉ង់​ក្នុង​ទឹកដី​តួកគី​សព្វថ្ងៃ អាល្លឺម៉ង់​ជា​ដៃគូ​សេដ្ឋកិច្ច​មិន​អាច​ខ្វះ​បាន ទី២ លោក​អ៊ែរដូហ្កាន​ចង់​ឲ្យ​អាល្លឺម៉ង់​ចូលរួម​ឲ្យ​មាន​ប្រសិទ្ធិភាព​ជាង​មុន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​គណបក្ស​ពលករ​គួដឌីស្ថាន PKK ដែល​ជា​អង្គការ​ភេរវនិយម និង​ទី៣ លោក​អ៊ែរដូហ្កាន​ត្រូវ​ការ​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ស្ថាបនិក​មួយ​របស់​អឺរ៉ុប​ឲ្យ​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​ក្នុង​ការ​បញ្ចូល​តួកគី​ទៅ​ក្នុង​សមាជិក​សហភាព​អឺរ៉ុប ឬ​មួយ​ក៏​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​តួកគី​អាច​ធ្វើ​ដំណើរ​ចេញ ចូល​ក្នុង​ទឹកដី​អឺរ៉ុប​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ។

តែ​ទន្ទឹម​គ្នា​នេះ បញ្ហា​សិទ្ធិមនុស្ស​នៅ​តួកកី​អាច​ជា​ប្រធានបទ​ដែល​លោកស្រី​ម៊ែរកិល​លើក​ទៅ​ជជែក​ជាមួយ​លោក​អ៊ែរដូហ្កាន។ ក្រៅ​ពី​ប្រធានបទ​ដែល​តួកគី​ត្រូវ​ការ​អាល្លឺម៉ង់​ជាង​អាល្លឺម៉ង់​ត្រូវ​ការ​តួកគី ក៏​នៅ​មាន​ប្រធានបទ​រួម​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​ដែរ ពិសេស​ក្នុង​សំណុំរឿង​ជនភៀសខ្លួន​ស៊ីរី​ដែល​ទីក្រុង​ប៊ែរឡាំង​មិន​ចង់​ឲ្យ​មាន​លំហូរ​ជនភៀសខ្លួន​ស៊ីរី​ចូល​ក្នុង​អឺរ៉ុប​ជា​ថ្មី។ សូម​ជម្រាប​ជូន​ថា​សព្វថ្ងៃ តួកគី​បាន​ទទួល​ជនភៀសខ្លួន​ស៊ីរី​ចំនួន ២លាននាក់​ឲ្យ​ជ្រកកោន។ ករណី​នេះ​មិន​ទាក់ទង​តែ​នឹង​ប្រទេស​អាល្លឺម៉ង់​មួយ​ប៉ុណ្ណោះ​ទេ តែ​គឺ​អឺរ៉ុប​ទាំង​មូល​តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប និង​តួកគី​នា​ពេល​កន្លង​មក៕

Google ផ្តាច់​កិច្ចសហការ​ជាមួយ Huawei បង្ក​នូវ​​ផលវិបាក​អ្វីខ្លះ ?

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?