rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

ដោយ ឈាង បុប្ផា

ជំនួបកំពូល​របស់​ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប នៅ​ប្រទេស​អូទ្រីស ផ្តោត​ទៅលើ​សំណុំរឿង​សំខាន់ពីរ គឺ​បញ្ហា​អន្តោប្រវេសន៍ ហើយ​និង​ការលែងលះ​ជាមួយ​អង់គ្លេស បាន​ឈាន​ចូល​ដល់​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុងក្រោយ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ២០ កញ្ញា។ ការចរចា​ស្តីពី​ការដើរចេញ​របស់​អង់គ្លេស​ពីសហភាព អឺរ៉ុបជិត​ឈាន​ចូល​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ ភាគី​អឺរ៉ុប ហើយ​និង​អង់គ្លេស នៅ​មិនទាន់​រកឃើញ​កិច្ចព្រមព្រៀងនឹង​គ្នា​នៅឡើយ។ ពេលវេលា កាន់តែ​ខើច ព្រោះថា នៅសល់​ពេល​តែ​៦ខែ​ទៀត​ប៉ុណ្ណោះ (ថ្ងៃទី ៣០​មីនា ២០១៩) អង់គ្លេស នឹង​ត្រូវ​ដើរចេញ​ជា​ផ្លូវការ​ពីរង្វង់​សហភាព​អឺរ៉ុប។

 

ជំនួបកំពូល​អឺរ៉ុប​បាន​បើកធ្វើ តាំង​ពី​ថ្ងៃ​ម្សិលមិញ នៅ​ទីក្រុង​Salzbourg ទៅតាម​ការកោះ​អញ្ជើញ​របស់​នាយករដ្ឋមន្រ្តី​អូទ្រីស ដែល​ត្រូវ​ធ្វើ​ជា​ប្រធានផ្លាស់វេន​​របស់​សហភាព​អឺរ៉ុប រហូត​ដល់​ចុងឆ្នាំ នេះ។ ជំនួបកំពូល​របស់​ប្រមុខដឹកនាំ​អឺរ៉ុប​ផ្តោត​សំខាន់​លើ​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​កំពុង​ធ្វើ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប ឈ្លោះ​បែកបាក់គ្នា ហើយ​និង​ការចរចា​ជាមួយ អង់គ្លេស ដែល​ត្រូវ​ដើរចេញពី​​សមាជិកភាព​​សហភាព​អឺរ៉ុប។

ជំនួបកំពូល​នៅប្រទេស​អូទ្រីស នៅថ្ងៃពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ធ្វើឡើង ដើម្បី​ត្រៀម​ជំនួបកំពូល មួយទៀត នៅ​ពាក់កណ្តាល​ខែ​តុលា។ ពីពេលនេះ​រហូត​ដល់​ចុងឆ្នាំ សហភាព​អឺរ៉ុប​ត្រូវ​បើកជំនួប​កំពូល​៣ ដង ដើម្បី​ពិភាក្សា ​រក​កិច្ចព្រមព្រៀង​ជាមួយ អង់គ្លេស ឲ្យ​បាន​ឆាប់បំផុត ព្រោះថា ថ្ងៃ​កំណត់​ដែល​អង់គ្លេស ត្រូវ​ចាកចេញពី​សហភាព​អឺរ៉ុប នឹងចូល​មកដល់ គឺ​ថ្ងៃទី ៣០ មីនា ២០១៩។

អឺរ៉ុប​នៅបន្ត​បែកបាក់​គ្នា ក្នុង​រឿងទទួល​ជនអន្តោប្រវេសន៍

ជំនួបកំពូល​រយៈពេល ពីរថ្ងៃ របស់​ប្រមុខដឹកនាំ​អឺរ៉ុប នៅប្រទេស​អូទ្រីស​ជា​ជំនួបកំពូល​មិនផ្លូវការ។ មានន័យថា នឹង​គ្មាន​សេចក្តីថ្លែងការណ៍​ជាផ្លូវការ​នោះទេ នៅក្រោយ​ជំនួបកំពូល​ពីរ​ថ្ងៃ​នេះ។ គោលដៅ​នៃ​កិច្ចប្រជុំ​នៅប្រទេស​អូទ្រីស​លើកនេះ គឺ​រក​ដំណោះស្រាយ ឲ្យ​វិបត្តិនយោបាយ​នៅ​សហភាព អឺរ៉ុប ដែល​បណ្តាល​មកពី​ការខ្វះ​សាមគ្គីភាព​រវាង​ប្រទេស​សមាជិក ក្នុង​បញ្ហា​ជនអន្តោប្រវេសន៍។ ប្រទេសនៅ​ប៉ែក​អឺរ៉ុប​ខាងកើត ដូចជា​ហុងគ្រី ប៊ុលហ្គារី ជាដើម បាន​បដិសេធ​មិនទទួល​យក​នយោបាយ​បែងចែក ជនអន្តោប្រវេសន៍ របស់​គណៈកម្មការ​អឺរ៉ុប ចំណែក ប្រទេស​អឺរ៉ុប​នៅ​ប៉ែក សមុទ្រ​មេឌីទែរ៉ាណេ ដូចជា​អ៊ីតាលី ក្រិក ឬអេស្ប៉ាញ ជាដើម ដែល​ប្រឈម​នឹង​ការហូរចូល​ខ្លាំង​របស់​ទូក​ដឹក​ជនអន្តោប្រវេសន៍ខុសច្បាប់ មកពី​តំបន់​អាហ្វ្រិក ក៏​កំពុង​បិទ កំពង់ផែរបស់ខ្លួន លែង​ឲ្យ​កប៉ាល់​ដឹកសង្រ្គោះ ជនអន្តោប្រវេសន៍​ពី​ក្នុងទឹក​​សមុទ្រ ចូលចត​ដូចមុនទៀត។ ប្រទេស​អូទ្រីស ដែល​ជាអ្នករៀបចំ​ជំនួប​កំពូល​ថ្ងៃ​នេះ​ទៀតសោត ក៏​កំពុង​រឹតបន្តឹង ច្បាប់ ផ្តល់​សិទ្ធិ​ជ្រកកោន ដល់​ជនភៀសខ្លួន។

នៅថ្ងៃ​ពុធម្សិលមិញ នៅពេល​ការពិភាក្សា​ផ្តោត​ទៅលើ​ការបែងចែក ទទួល​ជនភៀសខ្លួន ថ្នាក់ដឹកនាំ​អឺរ៉ុប​នៅតែ​បន្ត បែកបាក់ និង​ខ្វែងគំនិតខ្លាំង​ណាស់។ ប៉ុន្តែ នៅពេល​គេចាប់និយាយ​ពី​ការងារ ទប់ស្កាត់​កុំ​ឲ្យ​ជនអន្តោប្រវេសន៍​ធ្វើដំណើរ​ចូល​មកអឺរ៉ុប គឺ​គ្រប់​មេដឹកនាំ​របស់​អឺរ៉ុប បានយល់ស្របគ្នា​ខ្លាំង​ណាស់។ គេ​បាន​និយាយ​យល់ស្របគ្នា ជា​ឯកច្ឆ័ន្ទ ឲ្យពង្រឹង ព្រំដែន​អឺរ៉ុប ពង្រឹង​កងកម្លាំង​ ឆ្មាំសមុទ្រ​អឺរ៉ុប Frontex ដែល​មាន​តួនាទី ចាប់ឃាត់ កុំ​ឲ្យ​ទូកឈ្មួញ ដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ចូលក្នុង​​ដែនសមុទ្រ​អឺរ៉ុប។ តាមគម្រោង គេ​ចង់​បង្កើន​កងកម្លាំង​អឺរ៉ុប ពី ១៥០០ ទៅ​១ម៉ឺននាក់ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២០។ ប្រទេស​សមាជិកអឺរ៉ុប​មូលមតិ​គ្នា​ផងដែរ ក្នុង​រឿង​បណ្តេញ ចាប់​បញ្ជូន​ចេញ ឲ្យ​បាន​ឆាប់ នូវ​រាល់​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ដែល​មិន​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅអឺរ៉ុប។

ចំណុច​សំខាន់​មួយ​ទៀត ដែល​សហភាព​អឺរ៉ុប​កំពុង​ផ្តល់អាទិភាព​ដើម្បី ដោះស្រាយ​វិបត្តិលំហូរ​ជនអន្តោប្រវេសន៍ ទៅក្នុង​ទឹកដី​អឺរ៉ុប គឺ ផ្តល់​មូលនិធិ​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក ដែល​ជា​ប្រភព​ចាកចេញ​របស់​ជនអន្តោប្រវេសន៍ ហើយ​និង​បង្កើត​កន្លែង​ទទួល ជន​អន្តោប្រវេសន៍ នៅក្នុងទឹកដី​អាហ្វ្រិក។ នៅក្រោយ​​ប្រទេស​ម៉ារ៉ុក​បដិសេធ​មិន​សហការ​ជាមួយ​អឺរ៉ុប នៅថ្ងៃ​ម្សិលមិញ នាយករដ្ឋមន្រ្តី​អូទ្រីស ហើយ​និង​ប្រធាន​សហភាព​អឺរ៉ុប បាន​លើក​ឡើង​ពីលទ្ធភាព​ផ្តលជំនួយ និង​បង្កើត ជំរំ​ទទួល និងជ្រើសរើស​ជន​អន្តោប្រវេសន៍ នៅក្នុង​ប្រទេស​អេហ្ស៊ីប គឺ​ដូចដែល សហភាពអឺរ៉ុបបាន​សហការ ជាមួយ​តួកគី រហូតបាន​ជួយ​ធ្វើ​ឲ្យ​លំហូរ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន មក​ក្នុង​ទឹកដី​អឺរ៉ុប​ធ្លាក់ចុះ គួរឲ្យ​កត់សំគាល់ តាំង​ពី​ឆ្នាំ ២០១៥។

លោក​ម៉ាក្រុង៖ សហភាពអឺរ៉ុប​ត្រូវ​បន្ត​រួម​កម្លាំងគ្នា

នៅថ្ងៃ​ព្រហស្បតិ៍ នេះ ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប មួយ​ចំនួន ដោយមានទាំង​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវ​ឲ្យ​មាន​ការរួបរួម សាមគ្គីគ្នា​ជា​ធ្លុងមួយ របស់​ប្រទេស​សមាជិក​អឺរ៉ុប ទាំង ២៧ នៅ​ក្នុង​ពេល​ចរចា ជាមួយ​អង់គ្លេស។ ការអំពាវនាវ​នេះ ធ្វើឡើង នៅក្រោយ​មាន​ដំណឹង​ថា រដ្ឋាភិបាល​អង់គ្លេស កំពុងធ្វើ​នយោបាយ​ដើរ​បញ្ចុះបញ្ចូល បំបែក​បំបាក់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ នៅ​ក្នុង​រឿង​ចរចា លែងលះ​ជាមួយ​អង់គ្លេស។

នៅជាប់គាំង​ត្រង់​បញ្ហា​អៀរឡង់ខាងជើង

តាំង​ពី​បើកការចរចា​នឹងគ្នា មក អង់គ្លេស និង​សហភាព​អឺរ៉ុប បាននិយាយ​ចុះសម្រុង​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន ជាពិសេស​បញ្ហា​ហិរញ្ញវត្ថុ ប៉ុន្តែ នៅ​សល់​ចំណុច​សំខាន់ និង​រសើប​ចុងក្រោយ​មួយទៀត ដែល​អង់គ្លេស និង​សហភាព​អឺរ៉ុប​នៅតែ​​និយាយ​មិនទាន់​ចុះសម្រុងគ្នា នោះ​គឺ​បញ្ហា​ព្រំដែន​ប្រទេស​អៀរឡង់ ដែល​ជាសមាជិក​របស់អឺរ៉ុប ហើយ​និង ខេត្ត​អៀរឡង់​ខាងជើង​ដែល​ជាដែនដី​របស់​អង់គ្លេស។ ទាំង​ភាគី​អង់គ្លេស ហើយនិង​សហភាព​អឺរ៉ុប រួម​ទាំង​ប្រទេស​អៀរឡង់ខ្លួន​ឯង​ផង យល់ស្រប ថា ទោះបី​ជា​អង់គ្លេស ត្រូវ​ដើរចេញពី​សហភាព អឺរ៉ុប ពោល​គឺ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​អង់គ្លេស ជាមួយ​ទឹកដី ប្រទេស​ផ្សេងទៀត​របស់​សហភាព​អឺរ៉ុប នឹង​ត្រូវ​បង្កើត ឡើងវិញ​នោះ ក៏ប៉ុន្តែ គេ​មិនត្រូវ​បង្កើត​ឡើង​វិញ ព្រំដែន រវាង​ប្រទេស​អៀរឡង់ ជាមួយ ខេត្ត​អៀរឡង់​ខាងជើង របស់​អង់គ្លេស​នោះទេ។ បើគេ​បង្កើត​ខ្សែព្រំដែន​ឡើងវិញ រវាង​ប្រទេស​អៀរឡង់ ហើយ​និង​ខេត្ត​អៀរឡង់​ខាងជើង នោះ​បញ្ហា​នឹង​មាន​ច្រើន ដែល​ប៉ះពាល់​ទៅដល់​ការដោះដូរ​ទំនិញ ហើយ​និងប្រជាជន​ដែល​ឆ្លង​ព្រំដែន​ទៅ​ធ្វើការ​នៅក្នុង​ទឹកដី​អៀរឡង់ ឬ​នៅ ខេត្ត​អៀរឡង់​ខាងជើង​របស់អង់គ្លេស។ មួយវិញ ទៀត គេ​បារម្ភថា បើសិន​គំនូស​ព្រំដែន​ត្រូវ​បង្កើត​ឡើងវិញ រវាង​អៀរឡង់ ហើយ​និង​ខេត្ត​អៀរឡង់​ខាងជើង នោះ ក្រុមឧទ្ទាម ប្រដាប់អាវុធ ដើម្បី ឯករាជ្យ​អៀរឡង់ នឹង​អាច​ត្រលប់​មក​បង្ក​ភេរវកម្ម បំផ្លាញ​សន្តិសុខនៅទឹកដី​​អៀរឡង់​ឡើងវិញ។

អង់គ្លេស និង​សហភាពអឺរ៉ុប​បាន​យល់ស្រប​ថា នឹង​មិន​បង្កើត​ព្រំដែន​រវាង​អៀរឡង់​ហើយ​និង​អៀរឡង់​ខាងជើង​នោះទេ។ ប៉ុន្តែ បញ្ហា​ចោទឡើង នៅត្រង់​ថា សម្រាប់​អឺរ៉ុប នៅក្នុង​ពេល​រងចាំ​អនាគត​កិច្ច​ព្រមព្រៀង​ជាមួយ​អង់គ្លេស អៀរឡង់​ខាងជើង ត្រូវនៅ​បន្ត គោរព​តាម​គោលនយោបាយ​ពន្ធដារ​របស់អឺរ៉ុប មាន​ន័យថា ប្រទេស​អង់គ្លេស ដែល​ចង់​បន្ត​នាំចូល​ទំនិញ​របស់ខ្លួន​ចូល ទៅ ខេត្ត​អៀរឡង់​ខាងជើង ត្រូវ​គោរព​តាម​អត្រាពន្ធ​របស់​អឺរ៉ុប ព្រោះថា ​អង់គ្លេស​លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុបតទៅទៀត។

លោកស្រី នាយករដ្ឋមន្រ្តី​អង់គ្លេស នៅថ្ងៃ​ម្សិលមិញ​បាន​ទាត់ចោល​សំណើ​របស់​សហភាពអឺរ៉ុប ដែល​លោកស្រី វាយតម្លៃថា កំពុង​បំបែកបំបាក់ ឲ្យ​ល្អិតបំផុត ទឹកដី​អង់គ្លេស។ ផ្ទុយទៅវិញ លោកស្រីតេរ៉េហ្សា មេ បាន​ស្នើ​យ៉ាង​ដូច្នេះ​វិញថា បើ​នយោបាយ​អនុគ្រោះ ពន្ធដា​របស់​អឺរ៉ុប​ក្តោប​លើ​អៀរឡង់​ខាងជើង ដែល​ជា​ខេត្ត​របស់​អង់គ្លេស នោះ នយោបាយ​របស់​អឺរ៉ុប​លើ​រឿង​អនុគ្រោះ​ពន្ធ​ក៏​ត្រូវតែ​អនុវត្ត​ជាទូទៅ​លើ​ទឹកដី​អង់គ្លេស៕

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា