អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី-អ៊ីស្រាអែល

យន្ដហោះ​​រុ​ស្ស៊ី ​​បាញ់ធ្លាក់​​ដោយ​​កងទ័ព​​ស៊ីរី​​ប៉ុន្តែ​ ​ម៉ូស្គូ​​ចោទ​ ​អ៊ីស្រាអែល​​

នាយទាហានរុស្ស៊ី ១៥ នាក់ ធ្លាក់ខ្លួនស្លាប់ ក្នុងគ្រោះថ្នាក់យន្ដហោះឈ្លបការណ៍រុស្ស៊ី ដែល បាញ់កំទេចដោយ ប្រព័ន្ធការពារដែនអាកាសស៊ីរី ។ ពេលនោះឯង ខេត្តស៊ីរី Lattaquié  រងការវាយប្រហារ ពីខាង យន្ដហោះចម្បាំងអ៊ីស្រាអែល។ ម៉ូស្គូ ទម្លាក់រាល់​ការ​ទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុនេះ ទៅលើ កងទ័ពអ៊ីស្រាអែល។ ក្រសួង​ការបរទេស​រុស្ស៊ី​ បានកោះហៅទូតអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ថ្លែងថា នឹង មាន​ចម្លើយសមស្រប បកទៅអ៊ីស្រាអែលវិញ។ ប៉ុន្តែ លោកប្រធានាធិបតីពូទីនផ្ទាល់ បន្ទន់​សំដី ​ថា ​សោកនាដ​កម្ម​បណ្តាល​មក​ពី”កាលៈទេសៈ​គ្រោះថ្នាក់​មួយ​ចំនួន​ប្រទាក់គ្នា”។​

ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine ​
ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine ​ Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

យន្ដហោះរុស្ស៊ីនោះ ដែលបាញ់ធ្លាក់ដោយមីស៊ីលកងទ័ពស៊ីរី តាមពិត គឺត្រូវចុះចត​នៅ​មូលដ្ឋាន​រុស្ស៊ី ដែលស្ថិតក្នុងខេត្តស៊ីរី Lattaquié ខណៈដែលនៅពេលនោះឯង តាម​ព័ត៌មាន​​កងទ័ពរុស្ស៊ី  ក្រុមយន្ដហោះ អ៊ីស្រាអែល ធ្វើប្រតិបត្តិការនៅតំបន់ផ្ទាល់។ គឺ មីស៊ីល​ស៊ីរី ដែលបានបង្កឲ្យមានគ្រោះថ្នាក់ធ្លាក់យន្ដហោះ រុស្ស៊ី ប៉ុន្តែតាម​ទស្សនៈ​អាជ្ញាធរ​រុស្ស៊ី ពិតជាអ៊ីស្រាអែល ដែលជាប់ទោស ក្នុងមរណភាពយោធារុស្ស៊ី ១៥ នាក់។ សម្រាប់ក្រសួងការពារជាតិរុស្ស៊ី គឺពួកពីឡុតអ៊ីស្រាអែល ដែលវាយប្រហារ​ពេលយប់​ទៅ​លើ​ខេត្តស៊ីរី Lattaquié បានដាក់” ដោយចេតនា” ឲ្យយន្ដហោះឈ្លបការណ៍រុស្ស៊ី ស្ថិត​ក្នុង​គ្រោះថ្នាក់​ពេលវាហោះត្រឡប់ ទៅមូលដ្ឋានវិញ។

តបនឹងសំនួរទូរទស្សន៍ជាតិ អ្នកនាំពាក្យកងទ័ពរុស្ស៊ី លោក Igor Konashenkov ទំលាក់​យ៉ាង​ជាក់ច្បាស់ រាល់ការទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុនេះ ទៅ​លើ​កងទ័ព​អ៊ីស្រាអែល។​ តាមសំដីគាត់ ៖ កងកម្លាំង អ៊ីស្រាអែល បានដៅចំណាំយន្ដហោះរុស្ស៊ី ពេលវាហោះនៅកំពស់ ៥ គម។ ប៉ុន្តែ កងកម្លាំងនោះ នៅតែ បំពេញដោយចេតនា ទង្វើ​បង្ក​ហេតុនេះ ។ អ៊ីស្រាអែល បានព្រមានទីបញ្ជាការកងទ័ពរុស្ស៊ី អំពី ការចាប់ផ្តើម ប្រតិបត្តិការ ពេលដែលនៅសល់​តែ​១ ​នាទីប៉ុណ្ណោះ ហេតុដែលមិនគ្រប់គ្រាន់ទេ សម្រាប់​ភាគី​រុស្ស៊ី ​បញ្ចៀស យន្ដហោះខ្លួន ទៅកាន់ ទីសុវត្ថិភាព។ ​

ពេលសន្ទនា​តាមទូរសព្ទជាមួយ​សមភាគី​អ៊ីស្រាអែល​ លោក​រដ្ឋមន្ត្​រីការពារជាតិ​រុស្ស៊ី​ Serguei Shoigou បានអះអាងថា ប្រទេសគាត់ រក្សាសិទ្ធិ” ឆ្លើយតបវិញ” ក្រោយពី យន្ដហោះ​រុស្ស៊ី​ ត្រូវបាន​បាញ់​ធ្លាក់​ដោយ ​មកពី ទង្វើបង្កហេតុ ពីខាងអ៊ីស្រាអែល។ គាត់ថា “កំហុស” ចំពោះការស្លាប់ទៅនៃយោធារុស្ស៊ី ១៥ នាក់ គឺ “ ធ្លាក់​ទាំង​ស្រុង​ទៅ​លើ​អ៊ីស្រាអែល”។

ជាសញ្ញានៃកំហឹងម៉ូស្គូ ទល់នឹងក្រុង Tel Aviv ក្រសួងការបរទេសរុស្ស៊ី ថ្លែងឲ្យដឹងថា ខ្លួនបានកោះហៅ ទូត អ៊ីស្រាអែល ដែលប្រចាំនៅក្រុងម៉ូស្គូ។

អ្នកនាំពាក្យ​យក្រេមឡាំងលោក ឌ្មីទ្រី ពេស្កូវ ប្រកែកមិនធ្វើអត្ថាធិប្បាយអ្វីណាទេ អំពី អនាគតនៃទំនាក់ទំនង រុស្ស៊ី-អ៊ីស្រាអែល ។ គាត់គ្រាន់តែថ្លែងថា ៖ ស្ថានការណ៍​កំពុង​ស្ថិត​ក្នុង​ដំណាក់ធ្វើវិភាគ”។

ក្នុងសន្និសីទកាសែត លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ប្រកែកមិនព្រម​ធ្វើការ​ប្រៀប​ធៀប​​ ការបាញ់ធ្លាក់ យន្ដហោះរុស្ស៊ីលើកនេះ ទៅនឹង ការបាញ់​ធ្លាក់​យន្ដហោះ​រុស្ស៊ី ដោយ​យន្ដហោះប្រដេញតួកគី កាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ ដែលបន្ទាប់មក​ហែរហម​ដោយវិបត្តិការទូតយ៉ាងធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។ គាត់គ្រាន់តែ ថ្លែងថា ៖ តាមមើលទៅ សោកនាដកម្មនេះ បណ្តាលមកពី​”កាលៈទេសៈ​គ្រោះថ្នាក់មួយ​ចំនួន​ប្រទាក់​គ្នា”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ