rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ដោយ អៀង សុខម៉ិញ

លោក ជីម ម៉ាទីស Jim Mattis រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាសេដ្វាន នៅ​ថ្ងៃ​ចន្ទ​ទី ១៧ កញ្ញា ២០១៨​ ដើម្បីសម្តែង​ការ​គាំទ្រ​ដំណើរការ​បោះឆ្នោត​ប្រជាមតិ ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​ឈ្មោះ​ប្រទេស។ ការ​ប្តូរ​ឈ្មោះ​ប្រទេស ដែល​ជា​កត្តា​ចម្បង អាច​នាំ​​ម៉ាសេដ្វាន​ឱ្យ​​ចូល​ជា​សមាជិក​អង្គការ​អូតង់ និងសហភាពអឺរ៉ុប ទៅ​ថ្ងៃ​អនាគត។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង ក្នុង​ពេល​ដែល​អាមេរិក​សង្ស័យ​ថា​រុស្ស៊ី​កំពុង​ធ្វើ​យុទ្ធនាការ ដើម្បី​រារាំង​កុំ​ឲ្យ​ម៉ាសេដ្វាន​ប្តូរឈ្មោះ​និង​ចូល​ជា​សមាជិក​អូតង់។

ម៉ាសេដ្វាន​ត្រូវ​រៀប​ចំ​បោះឆ្នោត​ប្រជាមតិ​ នៅថ្ងៃអាទិត្យ​​ទី ៣០​កញ្ញា​ ចុង​ខែ​នេះថា​តើ​ពួក​គេ​ព្រម​ប្តូរ​ឈ្មោះ​ប្រទេស​ ទៅ​ជា សាធារណរដ្ឋ​ម៉ាសេដ្វាន​ខាង​ជើង ស្រប​តាម​កិច្ចព្រមព្រៀង​ជាមួយ​ក្រិក​ កាលពី​ខែ​មិថុនា​ដែរឬ​អត់។

ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៩១ ម៉ាសេដ្វាន ឬ​សាធារណរដ្ឋ​ម៉ាសេដ្វាន ដែល​ជា​អតីត​​​យូហ្កោស្លាវី ជា​ប្រទេស ដ៏​តូច​ជាង​គេ​មួយ​ប្រចាំ​តំបន់​ប៉ាល់កង់ និង​​មាន​ប្រជាពលរដ្ឋ​សរុប​ជាង​២,១​លាន​នាក់ តែង​រង​ការ​ប្រឆាំង​វេតូ​ពី​សំណាក់​ប្រទេស​ក្រិក​ ជា​រៀង​រហូត​ លើ​​​រាល់​គ្រប់​ដំណើរការ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​ឬ​សមាជិក​សហភាព​អឺរ៉ុប។ ​ ​

​សម្រាប់​ក្រិក ការ​ដែល​ប្រទេសអតីត​យូហ្កោស្លាវី​ប្រើ​ឈ្មោះ​ម៉ាសេដ្វាន ឈ្មោះ​ដូច​គ្នា​បេះ​ដាក់​ នឹង​ខេត្ត​ភាគ​ខាងជើង​​របស់​ក្រិក គឺ​​ជា​ការ​​លួច​អត្តសញ្ញាណ​បន្សល់​ទុក​ដោយ​​មរតក​ប្រវត្តិសាស្ត្រ​​ក្រិកផង​ និងខ្លាច​ប្រទេស​ដ៏​តូច​មួយ​នេះ​​មាន​ល្បិច​ប្រើ​នយោបាយ​​វាត​ទីនិយម​ពង្រីក​ទឹក​ដីផង។

ជម្លោះ​២៧​ឆ្នាំ​រវាង​ក្រិក​និង​ប្រទេស​ម៉ាសេដ្វាន ត្រូវ​បាន​បិទ​បញ្ចប់ តាមរយៈ​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ​​នៅ​ថ្ងៃ​ទី ១៧ មិថុនា ២០១៨ កន្លង​ទៅ​ថ្មីៗ រវាង​រដ្ឋាភិបាល​ក្រុង​អាថែន និ​ងក្រុង​ស្កុបជេ ប្តូរ​ឈ្មោះ​ប្រទេស​ម៉ាសេដ្វាន​-អតីត​យូហ្កោស្លាវី ទៅ​ ម៉ាសេដ្វាន​ខាង​ជើង​វិញ។

សំណួរ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ដំណើរ​រឿង​ប្រទេស​នេះ ៖ តើ​អ្នក​ព្រម​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​និង​អូតង់ ដោយ​ព្រមប្តូរ​ឈ្មោះ​ប្រទេស​ ស្រប​តាម​​កិច្ចព្រមព្រៀង​​រវាង​សាធារណរដ្ឋ​ម៉ាសេដ្វាន និង​ក្រិក​ ដែរឬទេ ?

​ប្តូរ​អត្ត​សញ្ញាណ​ ដើម្បី​អនាគត

បើ​តាម​រដ្ឋធម្មនុញ្ញ​ ប្រជាមតិ​នេះ ​​ជា​ការ​សាកសួរ​យោបល់​​ បន្ទាប់​មក​ បើប្រជាពល​រដ្ឋ​ឆ្លើយ​ “ព្រម” សភា​ត្រូវ​បោះឆ្នោត​​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​២ភាគបី។ តែ​ប្រជាមតិ​នេះ​ជា​ដំណាក់កាល​ ដ៏​ចាំ​បាច់​មួយ​សម្រាប់​សាធារណរដ្ឋម៉ាសេដ្វាន ក្នុង​ការ​បោះជំហាន​ឆ្ពោះ​ទៅ​រក​ដំណើរការ​ចរចា​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប​និ​ងអូតង់។ អូតង់​បាន​អញ្ជើញ​សាធារណរដ្ឋ​ម៉ាសេដ្វាន​ឱ្យ​ចូល​ចរចា​ហើយ បើ​ប្តូរ​ឈ្មោះ​រួច​។ ចំណែក​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ហាក់​ដូចជា​នៅ​​វែង​ឆ្ងាយ​ជាង អឺរ៉ុប​នឹង​ដាក់​​លក្ខខណ្ឌ​បើក​កិច្ចចរចា​នៅ​ខែ​មិថុនា​២០១៩។

ពលរដ្ឋ​ភាគ​ច្រើន​មាន​អារម្មណ៍​ឈឺចាប់​ ចំពោះ​ការ​ប្តូរ​ឈ្មោះ​ប្រទេស​ បង្ខំ​ដោយ​អ្នក​ខាង​ក្រៅ​។ ប៉ុន្តែ​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ដែល​សកម្មខ្លាំង​រហូត​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ក្រិក ប្រជាពលរដ្ឋ​ប្រទេស​ម៉ាសេដ្វាន​ប្រមាណ​៨០%​ មាន​ទំនោរ​ចង់​ក្លាយ​ជា​សមាជិក​សហភាពអឺរ៉ុប និង​ភ្ជាប់​ខ្លួន​ជាមួយ​អង្គការ​អូតង់។ មជ្ឈមណ្ឌល​ស្រាវជ្រាវគាំទ្រ​ដោយ​អាមេរិក សិក្សា​ឃើញ​ថា​ប្រជាពលរដ្ឋ​ម៉ាសេដ្វាន ៥៧%​ គាំទ្រ​ និងឆ្លើយ​ថា “​ព្រម​” ក្នុង​ប្រជាមតិ​នេះ។

លោក Zoran Zaev ​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​ទើប​ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ​២០១៧ បាន​​និ​ង​កំពុង​ប្រឹង​ឃោសនា​បញ្ចុះ​បញ្ចូលប្រជាពលរដ្ឋ​ឱ្យ​ “ព្រម”​ ទទួល​យក​ការ​ប្តូរ​ឈ្មោះ​ប្រទេស​ ដើម្បី​តំរៀប​ប្រទេស​ក្នុង​ជួរ​លោក​ខាង​លិច។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ចម្លើយ​ថា​ “ព្រម” នៅក្នុង​ប្រជាមតិថ្ងៃទី​៣០​កញ្ញា គឺជា​ការ​ស្ថាបនា​អនាគតជាមួយ​​អឺរ៉ុប​​ និង​សម្រាប់​តំបន់​បាល់កង់ ព្រមទាំង​​ជា​គំរូ​​សម្រាប់​បណ្តា​ប្រទេសដទៃ​ផ្សេង​ទៀត​លើ​លោក​ ក្នុង​ន័យ​ថា​​បញ្ហា​អត្តសញ្ញាណ​ជាតិ​អាច​ដោះស្រាយ​បាន​តាម​រយៈ​កិច្ចព្រមព្រៀង។

លោក​នាយក​រដ្ឋមន្ត្រី​ម៉ាសេដ្វាន ពុំបាន​រៀប​សេណារីយោ​បរាជ័យ​ទេ ! លោក​មិន​បាន​គិត​សោះ​ ថា​ប្រជាពលរដ្ឋ អាច​នឹង​បោះឆ្នោត​ឆ្លើយ​បដិសេធ​នឹង​ប្រជាមតិ ព្រោះ​ចម្លើយ ថា “មិនព្រម” អាច​មាន​ន័យ​ស្មើ​នឹង​ គ្មាន​ក្តី​សង្ឃឹម​ទាល់​តែ​សោះ ដាក់​ប្រទេស​ឱ្យ​ឯកា​ ហើយ​បើក​ផ្លូវ​ទៅ​រក​ទំព័រ​ជីវិត​ថ្មី​ដែល​អាច​ជួប​អសន្តិសុខ​និង​អស្ថិរភាព​ក្នុង​​តំបន់​បាល់កង់​ខាង​ត្បូង​ ពោល​គឺ​ត្រលប់​ទៅ​ជាន់​ដាន​ចាស់​ ក្នុង​អតីតកាល​វិញ។

​រុស្ស៊ី​បំពុល​ព័ត៌មាន​

ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ក្រុម​បក្ស​ប្រឆាំង ស្តាំ​ជាតិ​និយម​ បាន​ធ្វើ​យុទ្ធនាការ​មិន​ទៅ​បោះឆ្នោត តែ​​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋសម្រេច​​​ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់ខ្លួន។ ហើយ​ការ​ព្រួយ​បារម្ភ​មួយ​ទៀត គឺ​ការ​លូក​ដៃ​រុស្ស៊ី។ ​វ៉ាស៊ីនតោន បាន​ចោទ​រុស្ស៊ីដែល​ប្រឆាំង​រាល់​គ្រប់​ការ​ពង្រីក​សមាជិក​​អូតង់​ នៅ​តំបន់​អឺរ៉ុប​ខាង​កើត និង​តំបន់​បាល់កង់ ដែល​ធ្លាប់​ជា​ដែន​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​សម័យ​សហភាព​សូវៀត ថា បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ឃោសនាបំពុល​​ព័ត៌មាន​ តាម​ប្រព័ន្ធ​សង្គម​ បញ្ចុះ​បញ្ចូល​បណ្តាល​ពលរដ្ឋ​ម៉ាសេដ្វាន​កុំ​ឱ្យ​ទៅ​បោះឆ្នោត។ បើ​តាម​លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ម៉ូស្គូ​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឥទ្ធិពល​រុស្ស៊ី ដូច​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត ដោយ​ផ្តល់​ហិរញ្ញវត្ថុ​ឃោសនា​ដល់​ក្រុម​បក្សនយោបាយ​ប្រឆាំង។ ម៉ូស្គូ​បាន​ថែម​ទាំង​ផ្តល់​ថវិកា​ដល់ម្ចាស់​ឆ្នោត​ម៉ាសេដ្វាន​ ឱ្យ​អវត្តមាន​ក្នុង​ពេល​បោះឆ្នោត​។ រដ្ឋាភិបាល​រុស្ស៊ី​បាន​សាកល្បងបញ្ចុះបញ្ចូល​ជា​​ផ្លូវការ​ បន្ទាប់​មក​ក៏​ក្លាយ​ជា​បង្វិល​ និង​ការ​គំរាមកំហែង​ភ្លាម។ នេះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​​អាមេរិក​ទទួល​បន្ទុក​កិច្ចការរុស្ស៊ីនិង​អឺរ៉ុប​ខាងកើត។

ក្រោយ​ពី​បាន​ព្រមាន​​និង​ថ្កោល​ទោស​រុស្ស៊ី​មិន​ឱ្យ​ចូល​លាន់​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ នៅ​ម៉ាសេដ្វាន ​នៅ​ថ្ងៃ​នេះ​ ​លោក​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​ បាន​អញ្ជើញ​មក​ដល់​ក្រុង​ស្កុបជេ​ ផ្ទាល់​តែ​ម្តង​ ដើម្បី​សម្តែង​ការ​គាំទ្រ​រដ្ឋាភិបាល​ម៉ាសេដ្វាន ចំពោះ​ការ​ធ្វើ​ប្រជាមតិ​នេះ។ លោក​ក៏​គ្រោង​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​និង​ប្រធានាធិបតី​ម៉ាសេដ្វាន ដែល​ស្និទ្ធ​ក្រុម​ជាតិ​និយម​និង​ដែល​ប្រឆាំង​នឹងកិច្ចព្រមព្រៀង​ជាមួយ​ក្រិក។

លោកស្រី​ប្រមុខ​រដ្ឋាភិបា​លអាល្លឺម៉ង់​ក៏​ដូច​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​លោក​ខាង​លិច​ជា​ច្រើន បាន​ធ្វើ​ដំណើរ​មក​កាន់​សាធារណរដ្ឋ​ម៉ាសេដ្វាន ដើម្បី​គាំទ្រ​​ប្រជាមតិ​។ កាលពី​ឆ្នាំ​២០១៧ ម៉ុងតេណេហ្ក្រោ ប្រទេស​ដ៏​តូច​មួយនៅ​តំបន់​បាល់កង់ដែរ ​បាន​ក្លាយ​ជា​សមាជិក​អង្គការ​អូតង់ហើយ បើ​ទោះ​បី​ជា​រុស្ស៊ី​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​​ក៏​ដោយ៕​

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា