អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតីចិន ស៊ី ជិន ពីង ដែលមានទំនាក់ទំនងតានតឹង ជាមួយសមភាគី អាមេរិកាំង​របស់គាត់ លោក ដូណាល់ ត្រាំ ថ្ងៃអង្គារ ១១ កញ្ញា បានសង្កត់លើ សារៈ​សំខាន់​នៃ ចំណង រវាង ​ប៉េកាំង និង ម៉ូស្គូ ក្នុងជំនួបកំពូល ចិន-រុស្ស៊ី នៅក្រុង Vladivostok ​តំបន់​​ចុងបូព៌ាប្រទេសរុស្ស៊ី។ ទន្ទឹមនិង ជំនួបកំពូលនេះ កងទ័ពចិន និង រុស្ស៊ី បានចាប់ផ្តើមលំហាត់សឹករួមគ្នា ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន នៅត្រង់ព្រំប្រទល់ ប្រទេសទាំងពីរ។

ប្រធានាធិបតី រុស្ស៊ី​ Vladimir Poutine​
ប្រធានាធិបតី រុស្ស៊ី​ Vladimir Poutine​ Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងរវាងម៉ូស្គូនិងប៉េកាំង អស់ពេលយ៉ាងយូរ ត្រូវបានកត់សម្គាល់​ដោយការ​មិន​ទុកចិត្ត​គ្នា ទៅវិញទៅមក។ ពួកជាតិនិយមរុស្ស៊ី គូសបញ្ជាក់ពី ឥទ្ធិពលកាន់តែ​ខ្លាំង​ឡើងៗ​ របស់ចិន នៅតំបន់ខាងកើត រុស្ស៊ី ដែលសម្បូណ៏ដោយ ធនធានធម្មជាតិ។

ក៏ប៉ុន្តែ រុស្ស៊ីបានបែរមុខទៅរកចិន ក្រោយពីបស្ចិមលោកដាក់ទណ្ឌកម្មលើខ្លួន មកពីការ​ភ្ជាប់​យកទឹកដីគ្រីមេ ក្នុងខែមិនាឆ្នាំ២០១៤។ តាំងពីពេលនោះមក ចំណងពាណិជ្ជកម្ម​រវាង​រុស្ស៊ីនិងចិន ដែលមានព្រំដែនរួម ប្រវែង ៤.២០០ គម ចេះតែរីកផុសផុលជាដរាប។

“បរិយាកាសភូម៏សាស្ត្រ-នយោបាយដែលវិវឌ្ឍដោយគេមិនអាចគិតទុកជាមុន ប្រែភាព​ជា​ដៃគូរុស្ស៊ី-ចិន ឲ្យ កាន់តែមានន័យសំខាន់”-សេចក្តីនេះ ថ្លែងដោយលោក ស៊ី ជិនពីង ក្នុងសន្និសីទកាសែត រួមជាមួយ សម ភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្រុង Vladivostok ​ក្រោយពីមានប្រព្រឹត្តទៅជំនួបមេដឹកនាំទាំងពីរ ។

ប៉េកាំងនិងម៉ូស្គូ ត្រូវតែធ្វើការងាររួមគ្នា ដើម្បីប្រឈមនឹងនយោបាយអាត្មានិយម និង”ចលនា​ឯកតោភាគី” នៃបញ្ហាអន្តរជាតិ - មេដឹកនាំចិនបានបន្ថែមដោយមិន​បញ្ចេញ​ឈ្មោះ​ក្រុងវ៉ាស៊ីនតោន ដែលក្រោមអំណាច លោកប្រធានាធិបតី ត្រាំ បរិហារកិច្ចព្រម​ព្រៀងពហុភាគីទាំងឡាយ ចុះដោយ សរអា ខ្លួនឯង  រួចជំនួសវា ទៅដោយ កិច្ចព្រមព្រៀង​ទ្វេភាគីវិញ។

ប្រទេសចិន ដែលធ្លាប់តែនាំចេញទៅសរអាច្រើនជាងនាំចូលពីទីនោះ ក្នុងខែសីហាកន្លង​ទៅ ​ស្រាប់តែ ផុងផត តាំងពី សរអាបានប្រកាសសង្គ្រាមពាណិជ្ជកម្មទល់នឹងខ្លួន អស់​ប៉ុន្មាន​​ខែ​ជាប់​មកហើយ។

ប្រទេសទាំងពីរ ឥឡូវនាំគ្នាប្រើសិទ្ធិដំឡើងពន្ធគយទៅវិញទៅមក លើមុខទំនិញ​កាន់តែ​ច្រើន​ឡើងៗ។  

 លោក ដូណាល់ ត្រាំ ត្រៀមដំឡើងពន្ធគយលើទំនិញនាំចូលពីចិន ក្នុង ទឹក ប្រាក់ ២៦៧.០០០ ​លាន ដុល្លារ ទៀត បន្ថែមលើ ២០០.០០០ លានដុល្លារ ដែលអនុវត្ត​ទៅ​ហើយ។ ​

ចិន ពីចំណែកខ្លួន បានឲ្យដឹងថា ក្នុងសប្តាហ៏ក្រោយ នឹងសុំ ពី អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​​ OMC នូវ សេចក្តីអនុញ្ញាត ដាក់ទណ្ឌកម្មទល់នឹង សរអា។

ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន ឈរលើគ្រឹះនៃការជឿទុកចិត្តគ្នា ក្នុងវិស័យនយោបាយ ក៏ដូចជាក្នុងវិស័យ សន្តិសុខនិងការពារប្រទេស-សេចក្តីនេះ ថ្លែងពីចំណែកខ្លួន​ ដោយ​លោក​​ប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ក្បួនរថក្រោះ  

ស្តីអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ លោកពូទីន ចាត់ទុកថាមាន​ន័យ​សំខាន់​ជា” អាយុ​ជីវិត”​ ការ​ដែល សរអា និងកូរ៉េខាងជើង រៀបរយទំនាក់ទំនងនឹងគ្នាឲ្យបានស្រួលបួល ។ សេតវិមាន បាន​ប្រកាសថ្ងៃចន្ទថា លោក ដូណាល់ ត្រាំ បានទទួលសារលិខិតមួយច្បាប់ ពី អគ្គមគ្គុទេសក៏កូរ៉េខាងជើង លោក គិម ជុង អ៊ុន ដែលស្នើ ធ្វើ ជំនួបមួយលើកទៀត ក្រោយពី​មានប្រព្រឹត្តទៅ ជំនួបលើកដំបូង នៅក្រុង សិង្ហបុរី កាលពីថ្ងៃ ១២ មិថុនា។  

លោកស្រី Valentina Matvienko ដែលជា ប្រធានព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី ថ្ងៃសៅរ៏​កន្លង​ទៅ ​បានជួប ពិភាក្សា នៅក្រុង ព្យុងយ៉ាង ជាមួយមេដឹកនាំកូរ៉េខាងជើង ផ្ទាល់។ គាត់​បាន​ថ្លែង​ថា លោក គិម ជុង អ៊ុន គ្មានគម្រោងធ្វើ ការរំសាយនុយក្លេអ៊ែរតែម្នាកឯងឡើយ ហើយ​រង់​ចាំចម្លើយពីខាង សរអា ចំពោះវិធានការ នានា ចាត់ដោយ​ក្រុង​ព្យុងយ៉ាង​ទៅ​ហើយ​ នៅលើផ្លូវនេះ។

ថ្ងៃ ១១ កញ្ញា រុស្ស៊ី បានផ្តើមសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាន គិតតាំងពីពេលដែល សហភាពសូវៀត រលំរលាយទៅ ក្នុងឆ្នាំ១៩៩១ ។ ដាក់ឲ្យសកម្មក្នុងលំហាត់សឹកនេះ គឺ យោធាដល់ទៅ ៣ សែននាក់ យន្ដហោះ ១ពាន់គ្រឿង រថក្រោះ ៣ម៉ឺន ៦ពាន់គ្រឿង នាវា​ចំបាំង ​៨០ គ្រឿង។

ក្រសួងការពារជាតិរុស្ស៊ី ថ្ងៃអង្គារ បានផ្សព្វផ្សាយ រូបភាពនៃកាម៉្ញុងយោធា ដឹកតាម​រថភ្លើង​ទាំងខ្សែៗ ក្បួន រថក្រោះ រថពាសដែក ឡានដឹកទ័ព ការចល័តនៃ​ក្រុម​នាវា​ចម្បាំង​ ព្រមទាំង ការហោះព្រោងព្រាតក្នុងផ្ទៃ មេឃ នៃ ឧទ្ធម្ភាគចក្រ និង យន្ដហោះ​ចម្បាំង។​ សេចក្តីជូនដំណឹងរបស់ក្រសួង លើកឡើងថា ៖ លំហាត់ នឹង ចប់ទៅនៅថ្ងៃ ១៧ កញ្ញា។ ខ្លឹមសារវា គឺ ពង្រាយទ័ពបន្ថែមទៀត នៅតំបន់ចុងបូព៏ារុស្ស៊ី និងប្រមូលផ្តុំ ឡើងវិញ ក្រុមកប៉ាល់ចម្បាំងនៃ កងនាវារុស្ស៊ី ដែលប្រចាំនៅសមុទ្រប៉ាស៊ីហ្វិក និង សមុទ្រ​ទឹកកកប៉ែកឧត្តរ នៃផែនដី។  

តាមមតិអ្នកជំនាញខ្លះ ល្បែងសង្គ្រាមនេះ ជាសារម្យ៉ាងបញ្ជូនទៅក្រុង វ៉ាស៊ីនតោន - ដែលជាមួយក្រុងនេះ  សព្វថ្ងៃ ម៉ូស្គូ និង ប៉េកាំង មាន ទំនាក់ទំនងតានតឹង។

“ដោយធ្វើសមយុទ្ធនេះក្រោមឈ្មោះថា” បូព៏ា-២០១៨” រុស្ស៊ី ផ្ញើសារ ដែលចង្អុល​ឲ្យ​ឃើញ​​ថា សរអា បង្កប់ ដោយសក្តានុពលជា ខ្មាំង ហើយ ចិន គឺបង្កប់ដោយ​សក្តានុពល​ជា ​សម្ព័ន្ធមិត្ត  “ - យោបល់នេះ បញ្ចេញ ដោយ លោក Dmitri Trenine - អតីត​វរសេនីយឯក​នៃ​កងទ័ពរុស្ស៊ី និងជា នាយក មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវCarnegie Moscow Center ។

គាត់បន្ថែមថា ៖ ចិនដែលបានបញ្ជូនក្រុមទ័ពខ្លួន មកហ្វឹកហាត់សមជើងជា​មួយកង​ទ័ព​រុស្ស៊ី​ ឲ្យសញ្ញាថា សម្ពាធ ​ពីខាងសរអា គឺច្រានក្រុងប៉េកាំង ឲ្យសហការ​ផ្នែកយោធា​កាន់តែ​ជិតស្និទ្ធ ជាមួយក្រុងម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ