អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា​នេះ ប្រទេស​ស៊ុយអែត​បាន​រៀបចំ​បោះឆ្នោត​សភា​ដែល​មាន​អ្នក​ចូលរួម​បោះឆ្នោត​ប្រមាណ​ជា ៧លាន ៥សែន​នាក់។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ការ​បោះឆ្នោត​សភា​នៅ​ស៊ុយអែត​ពេល​នេះ គឺ​ការ​ធ្លាក់​សម្លេង​របស់​គណបក្ស​សង្គម ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី Stefan Löfven និង​ការ​កើន​សម្លេង​របស់​គណបក្ស​អ្នកប្រជាធិបតេយ្យ​ស៊ុយអែត​ដែល​ជា​បក្ស​ស្តាំនិយមជ្រុល។ លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា គណបក្សស្តាំនិយមជ្រុល​ទទួល​បាន​សម្លេង​គាំទ្រ​ក្នុង​រង្វង់​ពី ១៦ ទៅ ២៥%។

ស៊ុយអែត​រៀបចំ​បោះឆ្នោត​សភា​ដែល​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង ថ្ងៃទី៩ កញ្ញា ២០១៨
ស៊ុយអែត​រៀបចំ​បោះឆ្នោត​សភា​ដែល​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង ថ្ងៃទី៩ កញ្ញា ២០១៨ REUTERS/Ints Kalnins
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ស្តាំនិយមជ្រុល​នៅ​ស៊ុយអែត​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៨៨។ ក៏​ដូច​ជា​គណបក្សស្តាំនិយមជ្រុល​នៅ​ក្នុង​ប្រទេស​បារាំង ឬ​អាល្លឺម៉ង់​ដែរ គណបក្ស​ស្តាំនិយមជ្រុល​នៅ​ស៊ុតអែត​ជា​គណបក្ស​ដែល​ប្រកាន់​ពូជសាសន៍ និង​ស្អប់​ជនបរទេស​ដែល​កំពុង​តាំង​ទីលំនៅ​ក្នុង​ទឹកដី​ស៊ុយអែត។ តែ​​មិន​មែន​មាន​ន័យ​ថា ប្រជារាស្រ្ត​ស៊ុយអែត​ទាំង​អស់​សូទ្ធ​ជា​អ្នក​ប្រកាន់​ពូជសាសន៍ និង​ស្អប់​ជនបរទេស​ទេ។ សូម​ជម្រាប​ជូន​ថា ស៊ុយអែត​ដែល​ជា​ប្រទេស​អឺរ៉ុប​ដ៏​ធំ​មួយ​មាន​ផ្ទៃដី ៤៥០ ០០០គីឡូម៉ែត្រក្រឡា មាន​ពលរដ្ឋ​រស់នៅ​ចំនួន ១០លាននាក់ និង​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រទេស​ដែល​មាន​នយោបាយ​សប្បុរសធម៌​ចំពោះ​ជនអន្តោប្រវេន៍ និង​ជន​សុំសិទ្ធិជ្រកកោន។

ក្នុង​ពេល​ដែល​អឺរ៉ុប​បាន​ជួប​វិបត្តិ​អន្តោប្រវេសន៍​ដំបូង ស៊ុយអែត​ជា​ប្រទេស​ស្ថិត​ជួរ​មុខ​ដែល​បាន​ទទួល​យក​ជនអន្តោប្រវេសន៍​ច្រើន​ជាង​គេ។ ចន្លោះ​ឆ្នាំ ២០១២ និង ២០១៧ ស៊ុយអែត​បាន​ទទួល​ពាក្យ​សុំសិទ្ធិជ្រកកោន​ជាង ៣៩៤ ៥០០ច្បាប់ និង​ដែល​មាន​ជាង ៦០% ទទួល​បាន​ការ​យល់ព្រម។ គ្រាន់​តែ​ក្នុង​ឆ្នាំ ២០១៥ ស៊ុយអែត​បាន​ទទួល​ពាក្យ​សុំសិទ្ធិជ្រកកោន​ចំនួន ១៦២ ០០០ច្បាប់។ គឺ​ទើប​តែ​នៅ​ឆ្នាំ​ដំណាច់​ឆ្នាំ ២០១៥ ដែល​រដ្ឋាភិបាល​ស៊ុយអែត​ដឹកនាំ​ដោយ​គណបក្ស​សង្គម ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី Stefan Löfven បាន​ផ្តើម​រឹតបន្តឹង​លក្ខខណ្ឌ​ទទួល​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន រួម​ទាំង​ដំឡើង​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ឡើង​វិញ។

បញ្ហា​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ត្រូវ​បាន​គណបក្ស​ស្តាំនិយមជ្រុល​បាន​យក​ធ្វើ​ជា​ប្រធានបទ​ស្នូល​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត និង​កំពុង​ទទួល​បាន​សម្លេង​គាំទ្រ​ខ្លាំង។ ពិត​ណាស់​ថា ស៊ុយអែត​ជា​ប្រទេស​សប្បុរសធម៌ ចំណែក​ប្រជាជន​ភាគច្រើន​ក៏​មិនមែន​ជា​អ្នក​ប្រកាន់​ពូជសាសន៍ ឬ​ស្អប់​ជនបរទេស​ដែរ។ តែ​នេះ​មិនមែន​មាន​ន័យ​ថា ស៊ុយអែត​បាន​សុខចិត្ត​បើក​ទ្វារចំហ​ដើម្បី​ទទួល​យក​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ដោយ​គ្មាន​កំណត់​នោះ​ទេ។

គណបក្ស​ស្តាំនិយមជ្រុល​ឡើង​កាន់​អំណាច​នៅ​ស៊ុយអែត?

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា គណបក្សស្តាំនិយមជ្រុល​ទទួល​បាន​សម្លេង​គាំទ្រ​ពី ១៦% ទៅ ២៥% ហើយ​គណបក្ស​សង្គម ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​របស់​លោក​នាយករដ្ឋមន្រ្តី Stefan Löfven ទទួល​បាន​ជាង ២៦% ដែល​ជា​អត្រា​ដ៏​ទាប​មិន​ធ្លាប់​មាន​ទេ។ បើ​លទ្ធផល​ផ្លូវការ​បញ្ជាក់​ដូច​លទ្ធផល​ស្ទង់មតិ​មែន នោះ​គណបក្សស្តាំនិយមជ្រុល​នឹង​ឈរ​លំដាប់ទី២។ ដូច្នេះ កំណើន​សម្លេង​របស់​គណបក្សស្តាំនិយមជ្រុល​អាច​នឹង​ផ្លាស់ប្តូរ​រូបភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ដែល​ស្គាល់​តែ​ការ​ប្តូរ​គ្នា​កាន់​អំណាច​រវាង​គណបក្ស​ប្រពែណី​ធំ​ចំនួន​ពីរ​ដែល​គេ​តែង​ហៅ​ថា គណបក្ស​ស្តាំនិយម និង​គណបក្ស​ឆ្វេងនិយម។

បើ​គិត​តាំង​ពី​ឆ្នាំ ១៩៣២ មក អំណាច​ភាគ​ច្រើន​បាន​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​គណបក្ស​សង្គម ប្រជាធិបតេយ្យ​ដោយ​បាន​ចាប់​ដៃ​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ​ទៀត និង​ទោះ​បី​ជា​មាន​សម្លេង​គាំទ្រ​ធ្លាក់​ចុះ​ក៏​ដោយ ក៏​គណបក្ស​គណបក្ស​សង្គម ប្រជាធិបតេយ្យ​អាច​បន្ត​ស្ថិត​នៅ​លំដាប់ទី១ ដែល​ចាំ​បាច់​ត្រូវ​ចាប់ដៃ​ជាមួយ​គណបក្ស​ដៃគូ​ផ្សេង​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។ ទន្ទឹម​គ្នា​នេះ គណបក្សស្តាំនិយមជ្រុល​អាច​ក្លាយ​ជា​គណបក្ស​ដែល​មាន​ទឹកមាត់ប្រៃ ជា​គណបក្ស​ដែល​គ្រប់​គ្នា​មិន​អាច​មើល​រំលង​បាន និង​ជា​គណបក្ស​ដែល​មាន​គេ​ចែចូវ​ច្រើន។

សូម​ជម្រាប​ជូន​ថា និន្នាការ​មួយ​នេះ​មិនមែន​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​ស៊ុតអែត​ទេ តែ​បាន​កើត​មាន និង​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​គេ​អាច​និយាយ​ថា ជា​និន្នាការ​ដែល​កំពុង​សាយភាយ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ដោយសារ​តែ​វិបត្តិ​ជនអន្តោប្រវេសន៍។

អន្តោប្រវេសន៍ និង​ឧក្រិដ្ឋកម្ម​បាន​ក្លាយ​ជា​ក្តីបារម្ភ​របស់​ប្រជាជន​ស៊ុយអែត

សម្រាប់​ប្រជារាស្រ្ត​ស៊ុយអែត​ទូទៅ ទោះ​បី​ជា​លោក​នាយករដ្ឋមន្រ្តី Stefan Löfven បាន​ផ្តើម​រឹតបន្តឹង​នយោបាយ​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៥ ក៏​ដោយ ក៏​អ្វីៗ​ហាក់​ដូច​ជា​យឺតពេល និង​ពិបាក​បន្ត​ទុក​ចិត្ត​បាន។ ចូរ​កុំ​ភ្លេច​ថា​ជានិច្ចកាល ពលរដ្ឋ​ស៊ុយអែត​មិន​សូវ​ស្វាគមន៍​លំហូរ​ជនអន្តោប្រវេសន៍​ប៉ុន្មាន​ទេ។ អ៊ីចឹង​ហើយ​បាន​គណបក្សស្តាំនិយមជ្រុល​មិន​ញញើត​នឹង​ប្រើ​ប្រធានបទ​មួយ​នេះ​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត​ឡើយ។ ពាក្យស្លោក​ដែល​គណបក្សស្តាំនិយមជ្រុល​បាន​ប្រើ​គឺ​សាមញ្ញ​បំផុត « បោះឆ្នោត​ឲ្យ​គណបក្សស្តាំនិយមជ្រុល គឺ​បោះឆ្នោត​ឲ្យ​មាន​ជនអន្តោប្រវេស៍​តិច »:

នៅ​ក្នុង​សម័យ​បោះឆ្នោត​មុនៗ ប្រធានបទ​អាទិភាព​ដែល​ពលរដ្ឋ​ស៊ុយអែត​ចង់​ឮ​ពី​បបូរមាត់​បេក្ខជន គឺ​សេដ្ឋកិច្ច និង​សង្គម។ តែ​តាំង​ពី​ឆ្នាំ ២០១៥ មក បញ្ហា​ជនអន្តោប្រវេសន៍ និង​ឧក្រិដ្ឋកម្ម​បាន​ក្លាយ​ជា​ក្តីបារម្ភ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ស៊ុយអែត​វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ