អានតួអត្ថបទ

បារាំង-អង់គ្លេស-អាមេរិក-អ៊ីតាលី អំពាវនាវ​ឱ្យ​បិទបញ្ចប់​អំពើ​ហិង្សា​នៅ​លីប៊ី

ឡុងដ៍ ប៉ារីស រ៉ូម វ៉ាស៊ីនតោន បាន​បរិហារ​រួម​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​អំពើ​ហិង្សា​ នៅ​ក្នុងរដ្ឋធានី​លីប៊ី​ និង​បាន​អំពាវនាវ​រួម​គ្នា​គ្រប់​ភាគី​បិទ​បញ្ចប់​ការ​ប្រយុទ្ធគ្នា​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​បារាំង។ គិត​ត្រឹម​តែ​រយៈ​ពេល​៥​ថ្ងៃ មាន​ស្លាប់​យ៉ាងហោចណាស់​៣៩​នាក់ និង​របួស​ជាង​មួយ​រយ​នាក់ ភាគ​ច្រើន​ជា​ជនស៊ីវិល។ អាកាសយានដ្ឋាន​តែ​មួយគត់​របស់​ប្រទេស​ត្រូវ​ផ្អាក​ចរាចរណ៍​ហោះហើរ​ទៀត តាំង​ពី​ល្ងាច​ថ្ងៃសុក្រ​មក រហូត​ដល់​ថ្ងៃអាទិត្យ​​យ៉ាង​ឆាប់។

ផ្សែង​នៃ​គ្រាប់​ផ្ទុះ​ក្នុង​ការ​វាយប្រហារ​គ្នា​នៅទីក្រុង​ទ្រីប៉ូលី ប្រទេសលីប៊ី
ផ្សែង​នៃ​គ្រាប់​ផ្ទុះ​ក្នុង​ការ​វាយប្រហារ​គ្នា​នៅទីក្រុង​ទ្រីប៉ូលី ប្រទេសលីប៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

“រដ្ឋាភិបាល​បារាំង អង់គ្លេស អ៊ីតាលី និង​អាមេរិក សូម​ថ្កោល​ទោស​រួម​គ្នា​អំពើ​ហិង្សា​រវាង​ក្រុមប្រដាប់​អាវុធ​លីប៊ី​ ដែល​បាន​បង្ក​ឱ្យ​ជន​រងគ្រោះ​យ៉ាង​ច្រើន” នេះ​ជា​អ្វី​ដែល​មាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​ របស់​​ក្រសួងការបរទេស​បារាំង​ ដោយ​ព្រមាន​ថា​ក្រុមប្រដាប់​អាវុធ​ណា​បង្ក​អស្ថិរភាព នឹង​ត្រូវ​ទទួលផល​ពី​​ទង្វើ​របស់​ខ្លួន។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នេះ​ដដែល គេ​មិន​អនុញ្ញាត​ឱ្យ​មាន​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុមប្រដា​ប់​អាវុធ​ ក្នុង​បំណង​រំខាន​ដំណើរការ​វិវឌ្ឍន៍​នយោបាយ​ និង​បន្ទាប​បន្ថោក​អាជ្ញាធរ​ស្រប​ទេ។

សូម​បញ្ជាក់​ថា​ តាំង​ពី​​៥​ថ្ងៃ​មក​នេះ រដ្ឋធានី​ទ្រីប៉ូលី បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​ប្រកួត​ប្រជែង​គ្នា គ្មាន​ឮ​សម្រែក​ថ្កោល​ទោស​របស់​អង្គការ​សហប្រជាជាតិ​ឡើយ។ ​ក្រោយ​ពេល​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ ការ​ប្រយុទ្ធ​គ្នា​ត្រូវ​បាន​ផ្អាក​តែ​មួយ​ថ្ងៃព្រហស្បតិ៍ រួច​អំពើ​ហិង្សា​ក៏​បាន​បន្ត​ផ្ទុះ​ឡើង​វិញ​នៅ​ល្ងាច ដោយ​មាន​ការ​បាញ់​គ្រាប់​រុកកែត កាំភ្លើង​ធំ អាវុធ​ធុនធ្ងន់​ឥត​ដាច់​ និង​ធ្លាក់​នៅ​ក្បែរៗ​អាកាសយានដ្ឋាន​អន្តរជាតិ​ផង។ នៅទីបំផុត រាល់ការ​ហោះហើរ​ទៅ​បង្វែរ​ទៅ​ចុះ​ថត​​នៅក្នុង​អាកាសយានដ្ឋាន​យោធា​ ចំងាយ​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ជំនួស​វិញ​ ដើម្បី​សុវត្ថិភាព។

ក្រោយ​ការ​ដួល​រំលំ​របប​កាដាហ្វ៊ី ​នៅ​ឆ្នាំ​២០១១ មក លីប៊ី​បាន​ធ្លាក់​ក្នុង​ភាព​វឹក​វរ និង​សង្គ្រាម​ ដណ្តើម​អំណាច​គ្នា​ ពី​សំណាក់​ក្រុមប្រដាប់​អាវុធ​ក្នុង​ប្រទេស​ជា​ច្រើន​បក្ស​ពួក។ រដ្ឋាភិបាល​សម្ពន្ធ​ជាតិ​ បង្កើត​ឡើង​ក្រោម​កា​រផ្តួច​ផ្តើម​របស់​អង្គការ​សហប្រជាជាតិ និងទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ ប៉ុន្តែ​បាន​ទទួល​ការ​គាំទ្រ​ក្នុង​ប្រទេស​ពី​បក្ស​នយោបាយ និង​ក្រុមយុទ្ធជន​នៅ​ប៉ែក​ខាង​លិច​និង​កណ្តាល​ប្រទេស​តែ​ប៉ុណ្ណោះ។

ដែន​អំណាច​របស់​រដ្ឋាភិបាល​លីប៊ី មាន​កំរិត និង​មិន​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​ក្រុម​ប្រដាប់​អាវុធ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ខា​លីហ្វា ហាហ្វតារ Khalifa Haftar​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ