អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី បាន​ជា​កើតមាន​សោកនាដកម្ម​បាក់ស្ពាន​នៅ​អ៊ីតាលី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ពានថ្ម​បាក់​នៅ អ៊ីតាលី កាលពី​ថ្ងៃ​អង្គារ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣៨នាក់ ដែលនៅក្នុង​នោះ មាន​៣នាក់​ជា​កុមារ និង​៣នាក់​ផ្សេង​ទៀត ជា​ជនជាតិ​បារាំង។ នៅក្រោយ​គ្រោះថ្នាក់ រំលំបាក់​ស្ពានថ្ម គេ​នៅមិនទាន់​មូលហេតុ​ឃើញនៅឡើយទេ ប៉ុន្តែ សំណួរជាច្រើន​បាន​ចោទសួរ​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស ចំណែក​អ្នកនយោបាយ​អ៊ីតាលី​វិញ ស្វែងរក​មុខ​អ្នក​ដែលគេ​ត្រូវ​បន្ទោស ទម្លាក់​កំហុស។ 

ស្ពានថ្មបេតុងMorandi នៅភាគខាងជើង​អ៊ីតាលី​ដែល​រលំបាក់​សង្កត់​សម្លាប់មនុស្ស​យ៉ាងតិច ៣៨នាក់ កាលពីថ្ងៃទី ១៤ សីហា ២០១៨
ស្ពានថ្មបេតុងMorandi នៅភាគខាងជើង​អ៊ីតាលី​ដែល​រលំបាក់​សង្កត់​សម្លាប់មនុស្ស​យ៉ាងតិច ៣៨នាក់ កាលពីថ្ងៃទី ១៤ សីហា ២០១៨ REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

តើគេ​ត្រូវ​បន្ទោស​អ្នកណា? តើអ្នកណា​ជាអ្នកទទួល​ខុសត្រូវ លើ ស្ពាន​ថ្ម ​បាក់ ដែល​បានសង្កត់ សម្លាប់​មនុស្ស ៣៨នាក់ នៅ​អ៊ីតាលី? ហេតុការណ៍​បាក់ស្ពាន កាលពី​ថ្ងៃ​អង្គារ នៅ​ភាគខាងជើង​អ៊ីតាលី ក្បែរ​ព្រំដែន​បារាំង គឺជា​សោកនាដកម្ម​ដែល​គេ​មិន​នឹកស្មាន ដល់​ថា អាច​កើត​មាន នៅ​ក្នុង​ប្រទេស​អឺរ៉ុប ដ៏​រីកចម្រើន​មួយ ដូចជា​អ៊ីតាលី​នោះទេ។

សាងសង់​ឡើង​នៅ​ឆ្នាំ ១៩៦៣ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ ១៩៦៧ ស្ពាន​Morandi ដែល​យក​តាម​ឈ្មោះ​របស់​វិស្វករ​អ៊ីតាលី លោក​Riccardo Morandi ធ្លាប់​ត្រូវ​បាន​គេ​ចាត់ទុក​ជា​សមិទ្ធិផល ដ៏​ជោគជ័យ​នៃ​បច្ចេកវិទ្យា ឈានមុខ របស់​អ៊ីតាលី នៅ​សម័យនោះ ក្នុង​ទសវត្សរ៍ឆ្នាំ ៦០។ វិស្វករ អ៊ីតាលី លោក Riccardo Morandi ផ្ទាល់​ល្បីឈ្មោះ ត្រូវ​គេ​ទទួល​ស្គាល់ សម្រាប់​ស្នាដៃ​សំណង់​ដែល​ធ្វើ​ថ្ម បេតុង។ ក្រៅ​ពី​ស្ពាន​ថ្ម Morandi លោក​Riccardo Morandi ជា​អ្នកគូរ សាងសង់ ស្ពាន​ថ្ម​បេតុង ដ៏វែង ប្រវែង​៨គីឡូម៉ែត្រ មួយទៀត នៅ​ប្រទេស​វ៉េណេស៊ុយអេឡា( Général Rafael Urdaneta)។

ស្ពាន​Morandi មាន​លក្ខណៈ​ពិសេស​របស់​វា គឺ ធ្វើ​ពី​ថ្ម​បេតុង​សុទ្ធ សូម្បី​តែ​ខ្សែយោង​របស់​ស្ពាន​ក៏ធ្វើ​ពី​ថ្ម បេតុង​ដែរ គឺ​មិនមែន​ធ្វើពី​ខ្សែ​ពួរ​ដែក​ដូច​ស្ពាន ដទៃ​នោះទេ។ មាន​រហស្សនាម​ថា ស្ពាន​Brooklyn ដោយសារ​វា​មាន​រូបរាង​ដូច ស្ពាន​ដែក Brooklyn នៅ​ទីក្រុង​ញូវយ៉ក សំណង់​ស្ពានថ្ម Morandi​ត្រូវ​បាន​គេសាងសង់​ឡើង​សម្រាប់​ការប្រើប្រាស់​រយៈពេល ១០០​ឆ្នាំ។

ប៉ុន្តែ នៅក្រោយ​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​បាន​តែប៉ុន្មានឆ្នាំ ស្ពានថ្ម Morandi ស្រាប់​តែ​បញ្ចេញ​ឲ្យ​ឃើញ បញ្ហា​ខុស​បច្ចេកទេស​ជាច្រើន​របស់​ស្ពាន។ អតីត​ប្រធាន​ក្រុមវិស្វករ​អ៊ីតាលី នៅ​ទីក្រុង​Gênes បាន​និយាយ​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុកថា កាលពី​៥០ឆ្នាំមុន គេ​ធ្លាប់​មានជំនឿទុកចិត្ត ១០០ភាគរយ​លើ​សំណង់ថ្មបេតុង។ គេ​ធ្លាប់គិតថា សំណង់ថ្ម​បេតុង អាចថិតថេរ មាន​អាយុកាល​មិនកំណត់។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ គេ​ស្រាប់តែ​យល់​ភ្លាមថា តាមពិត​សំណង់ថ្មបេតុង អាចរឹងមាំ មានអាយុ​តែ​ប៉ុន្មាន​ទសវត្សរ៍​តែប៉ុណ្ណោះ។ នៅក្នុង​ករណី​របស់​ស្ពានថ្ម​ Morandi​ផ្ទាល់ ការដ្ឋាន​ជួសជុល ត្រូវ​បាន​បើកធ្វើ ជាហូរហែរ និង​ជា​ប្រចាំ ដោយសារ​តែ​ភាពប្រេះស្រាំ ស្ទើគ្រប់​កន្លែង​របស់​ស្ពាន។ តាមអ្នកជំនាញ នៅ​ពេល​ថ្ម​បេតុង​ដែល​ធ្វើ​ពី​ស៊ីម៉ង់​ចាប់​ប្រេះស្រាំ ខ្យល់​បាន​ចូល​ប្រតិកម្ម ធ្វើ​ឲ្យ​សរសៃ​ដែកក្នុង​នោះ​ចាប់ច្រែះ។

តាម​អ្នកជំនាញ​វិស្វកម្ម​ដដែល នៅពេលនោះ គេមិន​បាន​គិតគូរ ដល់​ភាពរញ្ជួយ​ខ្លាំង ដែល​បង្ក​ឡើង​ដោយ​ចរាចរណ៍​ឆ្លងកាត់​របស់​រថយន្ត នោះទេ។ ក្នុង​មួយឆ្នាំៗ មាន​រថយន្ត​ប្រមាណ ២៥លានគ្រឿង​បើក​ឆ្លងកាត់​ស្ពាន Morandi ដែល​ជា​ផ្លូវធ្វើ​ដំណើរ​សំខាន់ ពី​ភាគខាងត្បូង​បារាំង ទៅ​ប្រទេស​អ៊ីតាលី។

នៅពេល​រដ្ឋាភិបាល​អ៊ីតាលី​កំពុង​បើកការស៊ើបអង្កេត រកដើមហេតុ ធ្វើ​ឲ្យ​ស្ពាន​ថ្មបាក់​សង្កត់​សម្លាប់មនុស្ស​កាលពី​ថ្ងៃ​អង្គារ វិស្វករ​ជំនាញ​មួយ​ចំនួន​វាយតម្លៃ​ថា ស្ពាន​ថ្ម Morandi ដែល​ទើប​ទទួល​បាន​ការជួសជុល នៅ​ឆ្នាំ ២០១៦ អាច​បាក់ស្រុត ចុះ ដោយសារ​តែ​ខ្សែ​យោងស្ពាន ដែល​ធ្វើ​ពីថ្ម រាប់ពាន់​តោន ប្រេះ បាក់ លែង​អាច យឹតយោង​ស្ពាន​តទៅទៀត។

នៅក្រោយ​ស្ពានថ្ម​បាក់ ដល់​ពេល​ត្រូវ​រកមុខអ្នកទទួល​ខុសត្រូវ

នៅពេល​អ្នកជំនាញ​វិស្វកម្ម​លើកឡើង​ពី​កំហុស​ឆ្គង​ផ្នែក​បច្ចេកទេស​របស់​ស្ពាន តាំង​ពី​ដំបូងទី អាជ្ញាធរ​អ៊ីតាលី ស្វែងរក​មុខ​អ្នកទទួល​ខុសត្រូវ​លើ​គ្រោះថ្នាក់​បាក់ស្ពាន​ដែល​បាន​សម្លាប់មនុស្ស​យ៉ាងហោច​៣៨នាក់។ រដ្ឋាភិបាល​អ៊ីតាលី បាន​ផ្តើម​និតិវិធី ដើម្បី​ដកហូត​សិទ្ធិ​សម្បទាន​គ្រប់គ្រង​ស្ពាន ពី​ក្រុមហ៊ុន​ឯកជន​Autostrade Per Italia នៅក្រោយ​ពេល​មាន​ការចុះផ្សាយ​ព័ត៌មាន​ជាច្រើន​ដែល​បង្ហាញ​ថា កន្លងមក គេ​ធ្លាប់​បាន​ជូនដំណឹង​ជាច្រើន​ដងទៅ​ក្រុមហ៊ុន​ Autostrade Per Italia ពី​ភាពប្រេះស្រាំ និង​ពុកផុយ​ដោយ​កន្លែង​របស់​ស្ពាន នៅមុនថ្ងៃ​ធ្លាក់បាក់​រលំគ្រេង នៅថ្ងៃអង្គារ។

មន្រ្តី​រដ្ឋាភិបាល​អ៊ីតាលី​ខ្លះវិញ​បានទម្លាក់​កំហុស​ទៅលើ​រថយន្ត​ដឹកទំនិញ ធុនធ្ងន់​របស់ប៉ូឡូញ ដែល​ឧស្សាហ៍​បើកឆ្លងកាត់​ស្ពាន Morandi។ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អ៊ីតាលីវិញ ដែល​មិន​សូវ​ចូលចិត្ត​អឺរ៉ុប​ប៉ុន្មាន​ផង បាន​លេស យក​រឿង​ស្ពាន​បាក់​លើកនេះ​ទៅ​បន្ទោស ទម្លាក់កំហុស​លើ​សហភាព​អឺរ៉ុប។ បើតាម​លោករដ្ឋមន្រ្តី​មកពី​គណបក្ស​ស្តាំនិយមជ្រុល​អ៊ីតាលី បើសិន​សហភាព​អឺរ៉ុប​មិន​ដាក់​គំនាប បញ្ជា​ឲ្យ​រដ្ឋាភិបាល​អ៊ីតាលី រឹតបន្តឹង ការចាយវាយ​ថវិកា​សាធារណៈ​ទេ រដ្ឋាភិបាល​អ៊ីតាលី ប្រាកដ​ជា​អាច​ចំណាយ​ថវិកា​សម្រាប់​កែលម្អ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន​ដែល​មួយចំនួន សុទ្ធ​តែ​មាន​វ័យចំណាស់ និង​ត្រូវ​គេ​បោះបង់​ចោល មិន​ជួសជុល ដោយសារ​តែ​រដ្ឋគ្មាន​ថវិកា។

សម្រាប់​អ្នកកាសែត​អ៊ីតាលី វិញ អ្នក​ដែល​ទទួល​ខុសត្រូវ​ខ្លាំងជាងគេ គឺ​អ្នកនយោបាយ​អ៊ីតាលី​ទៅវិញ​ទេ ព្រោះ​ថា នៅ​ពេល​គេ​រកឃើញ​ថា ស្ពាន Morandi សង់​ខុស​បច្ចេកទេស អ្នកនយោបាយ អ៊ីតាលី បែរ​ជា​ឈ្លោះ ប៉ែងជើងគ្នា មិនព្រម​បោះឆ្នោត គាំទ្រ គម្រោង សាងសង់ផ្លូវ ឬ​ស្ពាន​ថ្មី ជំនួស ស្ពាន​Morandi។ ជាក់ស្តែង នៅ​ឆ្នាំ ១៩៩០ គេ​បាន​រកឃើញ​គម្រោង សង់ផ្លូវថ្មី ឈ្មោះ La Gronda  ដើម្បី​ជំនួស ស្ពាន​ Morandi ប៉ុន្តែ ដោយសារ​ការប្រឆាំង​គ្នា រវាង​អ្នកនយោបាយ ដែល​គិត​តែ​ប្រយោជន៍​របស់​បក្ស និង​សំឡេង​ឆ្នោត ​ការពិភាក្សា ធ្វើឡើង​អស់​រាប់សិប​ឆ្នាំ ទម្រាំ​ដល់​មាន​ការបោះឆ្នោត អនុម័ត នៅបំផុត។ ការដ្ឋាន​សង់ផ្លូវ ថ្មី​នឹង​ចាប់ផ្តើម នៅ​ចុងឆ្នាំនេះ ដើម្បី ដាក់​ឲ្យ​ប្រើប្រាស់ ស្នងតំណែង​បន្ត​ពី​ស្ពាន Morandi ប៉ុន្តែ នៅពេល​ដែល​ផ្លូវថ្មី​មិនទាន់​កើតចេញ​រូបរាង​ផងនោះ ស្ពាន Morandi​បាន​បាក់​រលំ​គ្រេង ក្ស័យជីវិត មុន​បាត់​ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ