អានតួអត្ថបទ

អ៊ីតាលី​បដិសេធ​មិន​ទទួល​ទូក​សង្គ្រោះ​អន្តោប្រវេសន៍​មេឌីទែរ៉ាណេ

វិបត្តិ​អន្តោប្រវេសន៍​ ជា​ប្រវត្តិ​ច្រំ​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​ទេ​ឬ ?! ជា​ថ្មីម្តងទៀត អ៊ីតាលី​បាន​បដិសេធ​ ​នៅ​ថ្ងៃ​ចន្ទ​នេះ មិន​អនុញ្ញាត​ឱ្យ​នាវាសង្គ្រោះ​​ជនភៀ​ស​ខ្លួន ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ​ ចូល​ចត​ក្នុង​ផែ​របស់​ខ្លួន​ឡើយ។ សម្រាប់​អ៊ីតាលី​ គឺ​ប្រទេស​អង់គ្លេស​និង​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ជា​អ្នក​ត្រូវ​បើក​ទ្វារ​ទទួល​ជន​អន្តោប្រវេសន៍ដែល​​ស្រង់​បាន​ពី​ជិត​ឆ្នេរ​លីប៊ី។ អង្គការ​សង្គ្រោះ​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ បាន​អំពាវនាវ​ឱ្យ​សមាជិក​អឺរ៉ុប​ចេះ​មាន​ទំនួល​ខុស​ត្រូវ​។

អន្តោប្រវេសន៍​ដែល​អង្គការ​SOS Méditerranéeនិង​ Médecins sans frontière ស្រង់​បាន​ពី​ឆ្នេរ​លីប៊ី
អន្តោប្រវេសន៍​ដែល​អង្គការ​SOS Méditerranéeនិង​ Médecins sans frontière ស្រង់​បាន​ពី​ឆ្នេរ​លីប៊ី REUTERS/Guglielmo Mangiapane
ផ្សាយពាណិជ្ជកម្ម

នាវា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល sos Méditerranée សហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មានព្រំ​ដែន ដែល​កំពុង​ស្ថិត​ក្នុង​ដែន​ទឹក​អន្តរជាតិ​​ ចន្លោះ​រវាង​ប្រទេស​អ៊ីតាលី​និ​ង ប្រទេសម៉ាល់ត៍ មិន​ដឹង​ថា​ត្រូវ​ទៅ​ទិស​ណា​ទេ។ អ៊ីតាលី​បាន​បដិសេធ​យ៉ាង​ដាច់​ខាត តាម​រយៈ​សារ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដោយ​​ជំរុញ​ឱ្យ​នាវា​សង្គ្រោះ​នេះ​ ស្វែង​រក​ជំនួយ​ពី​ប្រទេស​ផ្សេង ដូច​ជា​បារាំង អង់គ្លេស​ ឬអាល្លឺម៉ង់​ទៅ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វិញ​បាន​ប្រកាស​ដោយ​ចំៗ​ថា នាវា​សង្គ្រោះ​ជា​របស់​​ហ្ស៊ីលប្រាតា ​ដូច្នេះ​ត្រូវ​តែ​អង់គ្លេស​ជា​អ្នក​ទទួល​ខុស​ត្រូវ ! តែខាង​អង់គ្លេស​ពុំ​ទាន់​មាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា នៅ​​ថ្ងៃសុក្រនាវាសង្គ្រោះ​Aquarius បាន​ស្រង់​ជន​អន្តោប្រវេសន៍​ចំនួន ១៤១​នាក់ ពីទូក​រខេករខាកអណ្តែត​ក្នុង​ដែន​សមុទ្ទ​លីប៊ី ​គ្មាន​ទឹក​គ្មានអាហារ​។​ ពួក​គេ​ភាគ​ច្រើន​ជា​ក្មេង​ពុំ​ទាន់​ពេញ​វ័យ​រត់​ភៀស​ខ្លួន​ពី​ប្រទេស​សូមាលី និង​អេរីត្រេ។ កាលពី​ខែ​មិថុនា​នាវាសង្គ្រោះ​Aquarius មាន​ផ្ទុកជនអន្តោប្រវេសន៍​៦៥០​នាក់ ធ្លាប់ជាប់​កុន​​៦​ថ្ងៃ ក្នុង​មហាសាគរ​ម្តង​ហើយ​ ដោយហេតុ​តែ​អ៊ីតាលី​និង​ម៉ាល់​ត៍​បដិសេធ​មិន​ឱ្យ​ចូល​ចត​ក្នុង​ដែន​ទឹក​របស់​ខ្លួន។ ប្រទេ​សទាំ​ងពីរ​បាន​ថែម​ទាំង​ចោទ​ប្រកាន់​ថា​អង្គការ​មនុស្សធម៌​នេះ​បាន​​ ផ្សំ​គំនិត​ជា​មួយ​ឈ្មួញ​កណ្តាល​​អន្តោប្រេវេសន៍​ផង។ ការ​បដិសេធ​របស់​រដ្ឋាភិបាល​ស្តាំ​និយម​អ៊ីតាលី បាន​បង្ក​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង រវា​ង​អ៊ីតាលី​និងសហភាព​អឺរ៉ុប ទម្រាំ​រក​ឃើញ​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍បាន កាលពី​ចុង​ខែ​មិថុនា។

ក្រោម​សម្ពាធ​របស់​អាជ្ញាធរ​អ៊ីតាលី​និង​ម៉ាល់ត៍ នាវា​របស់​អង្គការ​មនុស្សធម៌​ជា​ច្រើន​បាន​ផ្អាក​សកម្មភាព​ល្បាត​តាម​បណ្តោយ​ឆ្នេរលីប៊ី​។ គ្មាន​ការ​សង្គ្រោះ ក្នុង​រវាង​ខែ​មិថុនា​និង​កក្កដា​ មាន​អន្តោប្រវេសន៍​រត់​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ យ៉ាង​ហោច​៧២០​នាក់​បាន​បង់​ជីវិត នេះ​​បើ​តាម​អង្គការ​Amnesty International។ តែចរន្ត​អន្តោប្រវេសន៍​មិន​បាន​ថមថយ​ទេ អ៊ីតាលី​បិទ​ខ្ទប់​ខ្លាំង រលក​ជន​ភៀសខ្លួន​បាន​បុក​ទៅ​ខាង​អេស្ប៉ាញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ