អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រឿងអាស្រូវបេណាឡា ៖ ប្រធានាធិបតី​បារាំង​ក្លាយ​ជា​ផ្ទាំង​ស្ទីប​នៃការរិះគន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំ​រឿង​អតីត​អង្គរក្ស​ប្រធានាធិបតីបារាំង មាន​ចរិត​មិន​ល្អ កំពុង​បន្ត​ពុះ​កញ្ជ្រោលយ៉ាង​ខ្លាំង ! អាឡិចសង់ បេណាឡា អង្គរក្ស​ដើមហេតុ​ ព្រមទាំងមនុស្ស​​៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ល្ងាចមិញ។ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បារាំង​ លោក ហ្សេរ៉ា កូឡុំ Gérard Collomb ព្រមទាំង​មេប៉ូលិស​ក្រុង​ប៉ារីស ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា នៅ​ថ្ងៃ​ចន្ទ​នេះ។​ ប៉ុន្តែផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ កំពុង​តម្រង់​ទិស​ស្រួច​​ខ្លាំង​ជាងគេ ទៅ​រក​លោក​ប្រធានាធិបតី​បារាំង បើ​ទោះ​បី​ជា​លោកម៉ាក្រុង បាន​ធានាអះអាង​ ​ដោយ​ប្រយោល​ថា​គ្មានទេ​ និទណ្ឌភាព ក៏ដោយ។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក Gérard Collomb
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក Gérard Collomb Alberto PIZZOLI / AFP
ផ្សាយពាណិជ្ជកម្ម

បេណាឡា ជាប់ចោទ​ជា​ផ្លូវការ

​ដំណើរការ​អង្កេត​​ជុំ​វិញ​រឿង​អាស្រូវ​របស់​លោក បេណាឡា បាន​ស្គាល់​ការ​ជឿនលឿន​ទៅ​មុខ​ច្រើន ដោយ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ តុលាការ​បាន​ប្រកាស​ធ្វើ​ចោទ​ប្រកាន់​មនុស្ស​៥​នាក់ ៖ ដំបូង​គេគឺ​ រូប​អតីត​អង្គរក្ស​ប្រធានាធិបតី​ បេណាឡា ជនទីពីរ គឺលោក វាំងសង់ ក្រាស ​បុគ្គលិក​របស់​គណបក្ស​La République en Marche (បក្ស​កាន់​អំណាច) ដែល​បង្ហាញ​វត្តមាន​ក្បែរ​លោក​បេណាឡា ពេល​កំពុង​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​បាតុករ។ បេណាឡា និង​ក្រាស ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា ជ្រៀតជ្រែកការងារ​រដ្ឋ បិទ​បាំង​បង្វិល​រូប​ភាព​ខ្សែវីដេអូ​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព កាន់​អាវុធ​។ លោក បេណាឡា អាច​នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ៤ម៉ឺន៥ពាន់​អឺរ៉ូ។

ចំណែក​ជន​បី​នាក់​ផ្សេង​ទៀត គឺ​ជាមន្ត្រី​​ជាន់​ខ្ពស់ នៃ​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​សាធារណៈ​និង​ចរាចរណ៍ របស់​ប៉ូលិស​ក្រុង​ប៉ារីស​ ដែល​ជាប់​សង្ស័យ​បាន​លួច​បញ្ជូន​ទិន្នន័យ​វីដេអូ​​ ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព មាន​ជាប់រូប​លោក បេណាឡា ទៅ​ឱ្យ​លោកបេណាឡា។ ទង្វើ​បែប​នេះ​ជា​ការ​បំពាន​លើ​កិច្ចការ​សម្ងាត់​រដ្ឋ។ ជនទាំង​បី​នាក់​នេះ ត្រូវ​ជាប់​ចោទ​ពី​បទ​ លួច​បន្លំ​រូប​ថត​ និង​រំលោភ​ការ​សម្ងាត់​វិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ភ្នាក់ងារ​សន្តិសុខ​ប្រធានាធិបតី

នៅ​ថ្ងៃ​ចន្ទ​នេះ គណៈកម្មការ​ច្បាប់​របស់​សភា​ បាន​ប្រែ​ខ្លួន​ជា​គណៈកម្មការ​អង្កេត ​សាកសួរចម្លើយ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​មេប៉ូលិស​ក្រុង​ប៉ារីស។

ការ​សាកសួរ បាន​ប្រព្រឹត្ត​ទៅ​ជា​សាធារណៈ នៅ​វេលា​ម៉ោង​១០​ព្រឹក​ ម៉ោង​នៅ​ក្នុង​ប្រទេស​បារាំង។​ ​តំណាង​សភា​​មក​ពី​គ្រប់​និន្នការ​នយោបាយ ដែល​ជា​សមាជិក​គណៈកម្មការ​ច្បាប់​របស់​​សភា បាន​ចោទ​សួរ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់ម្តងៗ។ ​គណៈកម្មការ​ចង់​ដឹង​ថា​តើ​ក្នុង​នាម​ជា​មនុស្ស​សំខាន់​ទីពីរ​របស់​រដ្ឋាភិបាល ​ដឹង​អំពីគ្រប់​​ហេតុការណ៍​សន្តិសុខ ​ ចុះ​ហេតុ​អ្វី​បាន​ជា​មិនបញ្ចេញ​​ប្រតិកម្ម​ឱ្យ​បាន​សមស្រប​ ប្តឹង​ប៉ូលិស​ ឬ​តុលាការ នៅ​ពេល​អង្គរក្ស​ប្រធានាធិបតី​ប្រែកាយ​ជា​ប៉ូលិស​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ?!

លោក​រដ្ឋមន្ត្រី​ បាន​​ទទួល​ស្គាល់​ទង្វើមិន​ត្រឹម​ត្រូវ ​របស់​បេណាឡា ប៉ុន្តែ គឺ​មេប៉ូលិស​ក្រុង​ប៉ារីស និង​ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​ទេ ដែល​ជា​អ្នក​ចាត់​វិធានការ​ ក្រោយ​ការ​ធ្លាយ​វីដេអូ បង្ហាញ​អំពី​អំពើ​ហិង្សា​របស់​លោក​បេណាឡា លើ​បាតុករ។

​មេប៉ូលិសក្រុង​ប៉ារីស ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​សភា នៅ​វេលា​ម៉ោង ២​រសៀលនេះ។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ ព្រឹទ្ធសភា​ សាកសួរ​ ទៀត នៅថ្ងៃ​ស្អែក។

ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី និង​ឥស្សរជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​មាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​គណៈកម្មការ​សភា​នឹង​កោះ​ហៅ​មក​សាក​សួរ​ជា​បន្ត​បន្ទាប់។

ប្រធានាធិបតី​បារាំង ​ជា​ផ្ទាំង​ស្ទីប​នេះ​ការ​រិះគន់

តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​បេណាឡា​មក លោកប្រធានាធិបតី​បារាំងសំងំ​ស្ងាត់​មាត់​ឈឹង និង មិន​បាន​ចេញ​មុខ​ធ្វើ​សេចក្តី​ថ្លែងការណ៍​អ្វី​ជា​សាធារណៈ ទេ ! ប៉ុន្តែ​នៅ​ល្ងាច​មិញ លោក​បាន​បញ្ចេញទស្សនៈ​របស់​លោក នៅ​ក្នុង​ជំនួប​ប្រជុំដោះស្រាយវិបត្តិ​ដោយ​បិទ​ទ្វារ ជាមួយ​នាយក​រដ្ឋមន្ត្រី អ្នក​នាំពាក្យ​ប្រធានាធិបតី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ទទួល​ទំនាក់ទំនង​ជាមួយ​សភា នៅ​វិមាន​អេលីហ្សេ។ ប្រសាសន៍​របស់​លោក​ប្រធានាធិបតី ត្រូវ​ព្រលយ​ឱ្យ​ដឹង​ជា​សាធារណៈ តាម​រយៈ​ការ​ពាំពាក្យ​របស់​សមាជិក​នៃ​ក្រុមការងារ​នោះ។ មាន​ន័យ​ថាជា​ការ​ទម្លាយ​ឱ្យ​ដឹង​ដោយ​ចេតនា​​ដើម្បី​ និង​ក្នុង​បំណង​តែ​មួយ គឺ​ធ្វើ​ឱ្យរឿង​អាស្រូវ​បេណាឡា​បាន​​ស្ងប់​ស្ងាត់ទៅ​វិញ។

​តើ​លោក​ម៉ាក្រុង​មាន​ប្រសាសន៍​យ៉ាងណា ? លោក​បាន​ចាត់​ទុក​ឥរិយាបថ​របស់​ លោក បេណាឡា ​ដោយ​ប្រើ​ពាក្យ​ថា “មិនអាច​ទទួល​យក​បាន” “គួរ​ឱ្យ​រន្ធត់”។ លោក​ម៉ាក្រុង បាន​បន្ត​ទៀត​ថា គ្មាន​ទេ​ពាក្យ​ថា​ និទណ្ឌភាព ! គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​ឡើយ។ លោក​ប្រធានាធិបតី​បាន​ស្នើ​ឱ្យ​​អគ្គលេខា​វិមាន​ប្រធានាធិបតី​ ​រៀប​ចំសើរើខុទ្ទកាល័យ​ទទួល​បន្ទុក​កិច្ចការ​​សន្តិសុខ​ប្រធានាធិបតី​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​មាន​ករណីអាស្រូវ​អាច​កើត​ឡើង​បានទៀត។

ក្រោម​សន្ទុះ​នៃ​ការរិះគន់អស់​មួយ​សប្តាហ៍​ លោក អេម៉ាណុយអែល ម៉ាក្រុង​ ចង់​បង្ហើរ​សារ​ ប្រាប់​ថា មាន​ការ​បើក​អង្កេត​បី​ជុំវិញ​រឿង​អាស្រូវ​នេះ ជា​ការអង្កេត​របស់​តុលាការ របស់​សភា និង​ការ​អង្កេត​រដ្ឋបាល។ លោក​ត្រៀម​នឹង​ចាត់​វិធានការ​ តាម​ច្បាប់ និង​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​មែន។

ប៉ុន្តែសារ​នេះ​មិន​គ្រប់គ្រាន់​នឹង​បញ្ចប់​រឿង​អាស្រូវ​ឡើយ។ តាំង​ពី​មួយ​សប្តាហ៍​នេះ សមាជិកសភា​នៃ​​បក្ស​ប្រឆាំង​ទាំង​អស់​នៅ​ក្នុង​សភា បាន​នាំ​គ្នា​បន្ទោស និង​ទម្លាក់​ការ​រិះគន់​ ផ្តុំ​លើ​រូប​លោក​ប្រធានាធិបតី​។ បក្ស​ប្រឆាំង​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ការ​តស៊ូ​មតិ​ស្តី​ពី​ការ​សើរើ​រដ្ឋធម្មនុញ្ញ ដោយ​ហេតុ​តែ​រឿង​អាស្រូវ​បេណាឡានេះ។ ហើយ​ពួក​គេ​ទំនង​ជា​មិន​ព្រលែង​រឿង​នេះ​ដោយ​ស្រួលៗ​ឡើយ។

លោក​ប្រធានាធិបតី​ម៉ាក្រុង ពេល​នេះ កំពុង​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំងណាស់ ព្រោះ​លោក​ជា​ទិសដៅ​នៃការ​វាយប្រហារ។ ការ​ដែល​លោក​ព្រម​បញ្ចេញ​ទស្សនៈ ក្រោយ​ការ​ប្រកាស​របស់​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​លោក បេណាឡា និង​មនុស្ស​៤​រូប​ផ្សេង​ទៀត និង​មុន​សភា​ចោទ​សួរ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អាច​បញ្ជាក់​បាន​អំពី​ទម្ងន់​នៃស្ថានការណ៍។

បញ្ហា​សម្រាប់​ពេល​នេះ​ គឺត្រូវ​រក​ឱ្យ​ឃើញ​អត្តសញ្ញាណ បណ្តាញ​​អ្នក​ទទួល​ខុស​ត្រូវ​។ តើ​ ​អាចស្រាវ​​ឡើង​ប៉ះពាល់​ដល់​រូប​លោក​ប្រធានាធិបតី​ដែរ​ឬយ៉ាងណា ? បើ​មែន លោកម៉ាក្រុង ពិត​ជា​កំពុង​ស្វែង​រក​វិធី​បញ្ចៀ​ស​ឱ្យ​បាន​ហើយ។ ​តើ​លោក​ម៉ាក្រុង កំពុង​ត្រៀម​ បូជា​ មនុស្ស​ជំនិត​​​មួយ​ណា ដើម្បី​​ការពារ​ខ្លួនលោក ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ