អានតួអត្ថបទ

FMI ៖សង្គ្រាម​​ពាណិជ្ជកម្ម​​នឹង​​បញ្ចុះ​​កំណើន​​សេដ្ឋកិច្ច​​ពិភពលោក

នា​ឱកាស​បើក​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​អភិបាល​ធនាគារ​នៃ​ក្រុម​ប្រទេស​ហ្សេ២០ រយៈ​ពេល​ពីរ​ថ្ងៃ​ (២១-២២ កក្កដា) នៅ​ប្រទេស​ប្រេស៊ីល លោកស្រី នាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ គ្រីស្ទីន ឡាហ្កាដ បាន​ព្រមាន​ជា​ថ្មី​ ថា​សង្គ្រាម​ពាណិជ្ជកម្ម បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​មួយ​សហភាព​អឺរ៉ុប ចិន​និង​រុស្ស៊ី ពេល​នេះ នឹង​ប៉ះពាល់ដល់​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល។ ប៉ុន្តែ​​វ៉ាស៊ីនតោន ហាក់​គ្មាន​អើ​ពើ​នឹង​ពាក្យ​ព្រមាន​នោះ​​អ្វី​បន្តិចសោះ។

លោក Bruno Le Maire រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ និង​លោកស្រី​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិChristine Lagarde
លោក Bruno Le Maire រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ និង​លោកស្រី​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិChristine Lagarde REUTERS/Marcos Brindicci
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ត្រូវ​ធ្លាក់​ចុះ​ប្រមាណ​០,៥​% នៅ​ឆ្នាំ​២០២០ ! ចំណែក​ទីផ្សារការងារ​ក៏នឹង​ត្រូវរងការ​​​បំផ្លាញ​ ! និង​មាន​តែ​អ្នក​ខាត​ប៉ុណ្ណោះ ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​នាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ក្នុង​សន្និសីទ​កាសែត។ ផលប៉ះពាល់​ចំពោះកំណើន​​សេដ្ឋកិច្ច​ពិភពលោក និង​​ចំពោះ​​បណ្តា​ប្រទេស​កំពុង​លូតលាស់ បង្ក​ឡើង​សង្គ្រាម​ពាណិជ្ជកម្ម ទំនងត្រូវ​​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការ​បង្ហើយ ក្រោយ​ការ​បិទ​ជំនួប​ប្រជុំ​ហ្សេ២០​ នៅយប់​នេះ។

នា​ឱកាស​ជំនួប​ប្រជុំ​ហ្សេ២០​នេះ​ដែរ ភាគី​បារាំង តាមរយៈ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ ​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្តូរ​ចិត្ត​ត្រលប់​មក​ធ្វើ​ជា​ប្រទេស​មាន​ហេតុផល និង​ដោះស្រាយវិបត្តិ​​សេដ្ឋកិច្ចពិភពលោក​​ តាម​ច្បាប់​អន្តរជាតិបែបពហុជាតិ មិនមែន​បែប​ព្រៃ​ឡើយ។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មិនរង្គើ​សោះ​នៅ​លើក​នេះ។ ​បន្ថែម​ពី​សេចក្តី​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ ចាត់ទុក​ប៉េកាំង អឺរ៉ុប​និង​ម៉ូស្គូ​ជា​សត្រូវ​ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​បញ្ជាក់​ជំហរដ៏​​តឹង​ម៉ឺង​របស់ខ្លួន ថា​​សហភាព​អឺរ៉ុប និង​ចិន ត្រូវ​ធ្វើ​សម្បទាន​ ទើប​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា​មាន​លំនឹង​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​អនុវត្ត​ទណ្ឌកម្មដំឡើង​​​ពន្ធ​លើ​ការនាំ​ចូល​ដែកថែប និងអាលុយមីញ៉ូម មកពី​ចិន និង​អឺរ៉ុប ​លោក​ត្រាំ បាន​គំរាម​យក​ពន្ធ​បន្ថែម​លើការ​នាំ​ចូល​រថយន្តអឺរ៉ុប​ទៅ​សហរដ្ឋអាមេរិក ព្រម​ទាំង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​រកស៊ី​ជាមួយ​អ៊ីរ៉ង់ និង​យក​ពន្ធ​នាំ​ចូល​លើ​គ្រប់​ផលិតផល​របស់​ចិន។

ប្រឈម​នឹង​ភាព​មានៈ​របស់អាមេរិក​ ប្រធានគណៈកម្មការ​អឺរ៉ុប លោក ហ្សង់ក្លូត ចាំងគ័រ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​បន្ធូរ​សម្ពាធ ប៉ុន្តែអឺរ៉ុប​​បាន​តាំង​ចិត្ត​រួច​ជា​ស្រេច​ថា​នឹង​មិន​ព្រម​ឱ្យ​​អាមេរិកសម្រេច​ការណ៍​ពិភពលោក​អ្វី​តែ​ម្នាក់ឯង​ទៀត​​ឡើយ។ លោកស្រី​នាយក​​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​ ក៏​បាន​ព្រលយ​ហើយ​ថា​អឺរ៉ុប​នឹង​ចាត់វិធានការ​តប។ អឺរ៉ុប​បដិសេធ​មិន​ចរចាទេ​ គឺ​អាមេរិក​ជា​អ្នក​ត្រូវ​ដក​ថយ។ នេះ​ជា​ជំហរ​របស់​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ