អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាយុ២០ឆ្នាំ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ធ្វើអ្វី​បាន​ខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ជាខួប​កំណើតគម្រប់​​២០​ឆ្នាំ​គត់ ​​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ កាលពី​ថ្ងៃទី ១៧ កក្កដា ១៩៩៨​ សមាជិក​តុលាការ​បាន​នាំ​គ្នា​បោះឆ្នោត​អនុម័ត ទទួល​យក​​សន្ធិសញ្ញា​ ក្រុង​រ៉ូម​ បង្កើតតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិដំបូង​របស់ខ្លួន។ ប៉ុន្តែ​វ័យ​កាន់​តែ​ចម្រើន ប្រសិទ្ធិភាព​និង​សមត្ថកិច្ច​របស់​តុលាការ​ទទួល​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅទីក្រុង​ឡាអេ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅទីក្រុង​ឡាអេ REUTERS/Jerry Lampen
ផ្សាយពាណិជ្ជកម្ម

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ជា​ស្ថាប័នអចិន្ត្រៃយ៍​​ដំបូង​គេ​បង្អស់ ដែល​មានបន្ទុក​និង​សមត្ថកិច្ច​កាត់​ទោស​អ្នក​ទទួល​ខុស​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ផ្សេងៗ​ មាន​ជាអាទិ៍​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ប្រល័យ​ពូជសាសន៍​​ នៅ​ពេល​ណា​ដែល​តុលាការ​ជាតិ​មិន​អាច​មាន​សមត្ថកិច្ចធ្វើកើត ឬ​គ្មាន​ចេតនា។ គេ​ត្រូវ​ប្រើ​ពេលចរចា​គ្នា​​អស់​ជិត​បី​ឆ្នាំ ទើប​អាច​​​អនុម័ត​សន្ធិសញ្ញា​បង្កើត​តុលាការ​នេះ​បានសម្រេច​ នៅថ្ងៃទី ១៧ កក្កដា ១៩៩៨​ ​​ក្នុង​អង្គ​ប្រជុំ​ដ៏​តាន​តឹង​និង ចម្រូង​ចម្រាស នា​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ ​ ជា​សរុប​មាន​ប្រទេស​ចំនួន ១២៣​ រដ្ឋ​ជា​សមាជិក​តុលាការ​។

ចំពោះ​ស្នាដៃការងារ​វិញ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ​ តុលាការ​បាន​ទទួលបើក​​សំណុំ​រឿង ​ចំនួន​២៦ ភាគ​ច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់ការសវនាការ​នៅឡើយ។ តុលាការ​ក៏​បាន​ចេញ​ដីការ​តាម​ចាប់​ខ្លួន​ចំនួន ៣២នាក់ បាន​សម្រេច​ចំនួន​១៥​ករណី និង​មាន​អ្នក​ទោ​សក្នុង​ពន្ធនាគារ​ចំនួន​៦​នាក់។ ​គេ​ត្រូវ​រង់​ចាំ​ដល់​ទៅ ១៤​ឆ្នាំ​ គិត​ចាប់​ពី​ថ្ងៃ​បង្កើត​ស្ថាប័ន​ឡើង​ភ្លាម ទើប​តុលាការ​អាច​កាត់​ទោស​ជនជាប់​ទី​មួយ​របស់​ខ្លួន​បាន។ អ្នក​ទោស​ទី​មួយ​របស់​តុលាការ មាន​ឈ្មោះ​ថា Thomas Lubanga មេកង​ជីវពល Ituri ខេត្ត​មួយ​របស់​សាធារណរដ្ឋ​កុងហ្កោ ដោយ​ត្រូវ​ជាប់​ទោស​ចំនួន​១៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២មក ​ពី​បទ​ចាប់​ក្មេងយកទៅ​ធ្វើ​ទាហាន។ សវនាការ​នេះ​ជា​ឧទាហរណ៍​ជាក់​ស្តែង​ដំបូង​របស់​តុលាការ តែ​ការ​រិះគន់​ក៏​បាន​ចាប់​លាន់​ឮ​ហើយ​ដែរ ! ថា​តុលាការ​កាត់ទោស​ជន​ដែលគ្រាន់​តែ​បាន​ជ្រើស​រើស​ក្មេង​ទៅកាន់អាវុធ។

ប៉ុន្តែជា​សរុប​ទៅ បើ​តាម​​ក្រុម​មេធាវី​ជំនាញព្រហ្មទណ្ឌអន្តរជាតិ ក៏​ដូច​ជា​បណ្តា​ថ្នាក់​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ធំ ជា​ពិសេស​ មេដឹកនាំអាហ្វ្រិក ពួក​គេ​សុទ្ធ​ យល់​ថា តុលាការ​​មាន​ស្នាដៃ​ ទាប​ជាង​ការ​គិត​ខ្លាំងណាស់។ ដំណើរការ​ក៏​យូរ វែង យឺត សំណុំ​រឿង​ខ្លះ​ប្រើ​ពេល​ដល់​ជាង​១០​ឆ្នាំ ហើយ​ចេញ​សាលក្រម​មក​បែរ​ជា​គ្មាន​ទោស​ទៅ​វិញ​ក៏​មាន។

​តុលាការ​សម្រាប់​​កាត់ទោស​តែ​​មេដឹកនាំ​អាហ្វ្រិក ?!

ពាក្យ​ចោទ​ប្រកាន់​មាន​ធ្ងន់ធ្ងរ​ជា​ង​នេះ​ទៅ​ទៀត ដល់​ថ្នាក់​ប្រើ​ពាក្យ​ថា តុលាការ​ស កាត់ ទោស​មេដឹកនាំ​ខ្មៅ​ផង … ​នេះ​ជា​គ្រាន់​តែ​ជា​ពាក្យ​មនុស្ស​ទេ ! ប៉ុន្តែបើ​យើង​ក្រលេក​មើល​ប្រវត្តិ​ដើម​ឱ្យ​ច្បាស់លាស់​ទៅ​​ទើប​យល់។ ដើម​ដំបូងភ្លាម តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ផ្តុំ​ការ​អង្កេត​តែ​លើ​សំណុំ​រឿង​នៅទ្វីបអាហ្វ្រិក​ទេ។ នៅ​សម័យ​បង្កើត​ស្ថាប័ន​ភ្លាម​នោះ គឺ​រដ្ឋ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ខ្លួន​ឯង ដូចជា កុងហ្កោ ​អាហ្វ្រិកកណ្តាល កូដឌីវ័រ ម៉ាលី ...ជា​អ្នក​អំពាវនាវ​ និង​ជ្រើសរើស​សុំ​ជំនួយ​ពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ម្យ៉ាង​វិញ​ទៀត គឺ​បណ្តាប្រទេស​នៅទ្វីប​អាហ្វ្រិក ជា​អ្នក​ដែល​សកម្ម​ និង​​បាន​ភ្ជាប់​ខ្លួន​នឹង​សន្ធិសញ្ញា​ក្រុង​រ៉ូម ច្រើន​ជាងគេ ៖ ៣៤​ប្រទេស​មក​ពី​ទ្វីប​អាហ្វ្រិក ទល់​នឹង​២៨​មក​ពី​តំបន់​កោះការ៉ាអ៊ីបអាមេរិកឡាទីន និង​តែ​២៥​ប៉ុណ្ណោះ​មកពី​ទ្វីបអឺរ៉ុប។ តែ​ដល់​ពេល​តុលាការ​ចាប់​ផ្តើម​បើក​អង្កេត​ និង​បើកសវនាការ​ប្រឆាំង​អតី​តប្រមុខ​រដ្ឋ​ស៊ូដង់ កេនយ៉ា … សហភាពអាហ្វ្រិក​បែរ​ជាមាន​អារម្មណ៍​ថា​កាត់​ទោស​តែមេដឹកនាំអាហ្វ្រិក​ដែល​ចាញ់​ បាត់​អំណាច​ទៅ​វិញ។ មួយរយៈ​ចុងក្រោយ​ គេ​ឃើញ​មាន​ប្រទេស​ខ្លះ​​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ក្រុង​រ៉ូម ទៀត​ផង។

សំណុំ​រឿង​អាហ្វ្រិក​ ពិត​ណាស់​ថា អាច​មាន​ច្រើន​ជាង​ទ្វីប​ដទៃ ព្រោះ​តុលាការជាតិ​ពុំ​សូវ​មាន​សមត្ថកិច្ច តែ​តុលាការ​ព្រហ្មទណ្ឌ​ក៏​កំពុង​បើក​អង្កេត​លើករណី​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត ដូច​ជា​ហ្សកហ្ស៊ី អ៊ុយក្រែន ប៉ាឡេស្ទីន អាហ្វហ្កានីស្ថាន វេណេស៊ុយអេឡា ឬ​កូឡុំប៊ី​។ល។

មិនល្អ​ឥតខ្ចោះ

​ថ្វី​បើ​ក្រុម​អ្នក​ប្រឆាំង​ នាំ​គ្នា​បរិហារ​ថា​តុលាការ​ជាស្ថាប័ន​កាន់​ជើង​អ្នក​ឈ្នះ ចាប់​ខ្លួន​អ្នក​ចាញ់​ ឬខ្លះ​​ខឹង​សម្បារ​ហើយ​សុំ​ដើរ​ចេញ​មែន ប៉ុន្តែ​តុលាការ​ក៏​មាន​អ្នក​គាំទ្រ​ច្រើនដែរ។ អង្គការ​មាន​ប្រទេស​ជា​សមាជិក​ដល់​ទៅ ១២៣​ឯណោះ។ ហើយ​មាន​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ធំៗការពារ​និង​គាំទ្រ។

អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International Human Rights Watch ​ បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​តុលាការ​និង​សកម្មភាព​របស់​តុលាការ​ ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់ ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​ឡើយ។ គេ​សង្កេត​ឃើញ​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ នៅ​ស៊ីរី ភូមា និង​កន្លែង​ផ្សេង​ទៀត ដែល​ជន​រងគ្រោះ​កំពុង​រង់ចាំ​យុត្តិធម៌ ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

សហព័ន្ធ​សិទ្ធមនុស្ស​អន្តរជាតិ ដែល​ជា​អ្នក​តាមដាន​ការ​វិវឌ្ឍ​របស់​តុលាការ​ យល់​ថា ស្ថាប័ន​នេះ​មិនល្អ​ឥត​ខ្ចោះ​មែន តែ​តុលាការ​ដ៏​ប្រសើរ​បំផុត​ និង​ត្រូវ​តែ​បន្ត​រក្សាវត្តមាន​ជា​និច្ច​ បើ​ទោះ​បី​ជា​ពិភពលោក​ហាក់​ដូច​ជា​បន្ថយ​សន្ទុះ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ឱ្យ​អន្តរជាតិ​ក៏​ដោយ។ គ្រាន់​តែ​ថា​ពេល​នេះ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពុំ​សូវ​មាន​មធ្យោបាយ​ ទើប​បញ្ចេញ​សកម្មភាព​ពុំ​សូវ​បាន​ទូលំទូលាយ​គ្រប់គ្រាន់។ បារាំង កាណាដា ជប៉ុន អាល្លឺម៉ង់ អង់គ្លេស សុទ្ធ​តែ​ប្រឹង​សន្សំ​សំចៃ មិន​សូវ​ចង់​ដំឡើង​កញ្ចប់​ថវិកា​​ឱ្យ​ស្ថាប័ន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ