អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​ជាលើកទីមួយ​​រវាង​លោក ដូណាល់ ត្រាំ និងលោកពូទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​ទី ១៦ កក្កដា ២០១៨​នេះ​ ក្រុង​ហែលសិនគី បាន​ក្លាយ​ជាម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​ជំនួប​​កំពូល​ដ៏​សំខាន់​មួយ នោះ​គឺ​ជំនួប​រវាង​ប្រធានាធិបតីរុស្ស៊ី លោក វ្លាដេមៀ ពូទីន និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ ជា​ជំនួប​ដែល​មាន​តម្លៃ​ការ​ទូត​ដ៏​សំខាន់​បំផុត​ផង ប៉ុន្តែ​ក៏​គួរ​ឱ្យ​ខ្វល់ខ្វាយ និង​​គួរ​ឱ្យព្រួយ​បារម្ភខ្លាំងបំផុតផង។ នេះ​ជា​ជំនួប​កំពូល​ផ្លូវការ​ មួយ​ទល់​នឹង​មួយ  ជា​លើកមួយ បន្ទាប់​ពី​អាក់ខាន​អស់​រយៈ​ពេល​៨​ឆ្នាំ។ សម្រាប់​ភាគី​ទាំង​ពីរ គ្មាន​នរណា​សង្ឃឹម​លើ​លទ្ធផល​នៃ​ជំនួប​នេះ​ឡើយ។

លោក ដូណាល់ ត្រាំ និង​លោក ពូទីន រូបថត​ចាប់​ដៃគ្នា ក្នុង​សម័យ​ប្រជុំ​G២០ កាលពី​ខែ​កក្កដា ២០១៧
លោក ដូណាល់ ត្រាំ និង​លោក ពូទីន រូបថត​ចាប់​ដៃគ្នា ក្នុង​សម័យ​ប្រជុំ​G២០ កាលពី​ខែ​កក្កដា ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

​លោក​ពូទីនបាន​ជ្រើសរើស បើក​ជំនួប​កំពូល​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ហែលសិនគី ប្រទេស​ហ្វាំងឡង់។ មិនមែនជា​ការ​ចៃដន្យ​ទេ ! តែ​ជា​ជម្រើស​ប្រកប​ដោយ​និម្មិត្តរូប​ រំលឹក​​ដល់​សម័យ​សង្គ្រាម​ត្រជាក់ ! ដែល​កាលណោះ ​ហ្វាំងឡង់​ ជា​តំណាង​​នៃ​ទំនាក់ទំនង​អន្តរជាតិ​ អព្យាក្រិត្យ។ ហ្វាំងឡង់​ ​មាន​ព្រំដែន​ជាប់​ជា​មួយ​អតីត​សហភាព​សូវៀត ដល់​ទៅ ១៣០០​គីឡូម៉ែត្រ បច្ចុប្បន្ន​នេះ ​ជា​​សមាជិក​សហភាព​អឺរ៉ុប ស្និទ្ធ​នឹង​អង្គការ​អូតង់។

រដ្ឋធានី​ហែលសិនគី របស់​ហ្វាំងឡង់​ជា​ទីកន្លែង​ដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ខាង​លិច​និង​ខាង​កើត​បូក​ទាំង​សហរដ្ឋ​អាមេរិក កាណាដា​ផង ​រួម​គ្នា​ជា​ធ្លុង​មួយ ចុះ​កិច្ចព្រមព្រៀង ថ្ងៃទី ១ សីហា ១៩៧៥​ ស្រប​តាម​សំណើ​របស់​សហភាព​សូវៀត បញ្ចប់​ភាព​ប្រេះឆា​ពុះចែក​អឺរ៉ុប និងកំណត់​​ព្រំដែន​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ (១៩៤៥)។ តែ​ក៏​ជា​ពេល​វេលា​នៃការ​ចាប់​ផ្តើម​របេះ​រដ្ឋ​ជា​សមាជិកសហភាព​សូវៀត។ ជំនួប​ចរចា​ចុងក្រោយ​រវាង​ប្រធានាធិបតី​រុស្ស៊ីលោក Mikhaïl Gorbatchev និង​អាមេរិកលោក George Bush នៅ​ឆ្នាំ​១៩៩០ ​ក៏​បានប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​ហែលសិនគីនេះ​ដែរ។ ក្រោយ​ជំនួប​នេះ​តែ​មួយ​ឆ្នាំ​សហភាព​សូវៀត​ក៏​រលំ នៅ​សល់​តែ​រុស្ស៊ី រហូត​មក​ទល់​សព្វថ្ងៃ។

ប្រវត្តិសាស្ត្រ​នេះ​អាច​ចាត់ទុក​ថា​ជា​បរាជ័យ​របស់​ម៉ូស្គូ ដោយ​ហេតុតែ​បណ្តាប្រទេស​នៅ​អឺរ៉ុប​ខាង​លិច ចេះ​រួម​រួម​គ្នា។ នៅ​ថ្ងៃនេះ លោក​ពូទីន ទំនង​ជា​ចង់​ល្បង​ភ្នាល់​និង​ឆ្លៀត​ឱកាស​នៃ​ភាព​ភាព​ប្រេះឆា​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច បង្ក​ឡើង​ដោយ​លោក​ត្រាំ ទើប​ជ្រើសរើស​ជួប​គ្នា​នៅ​ទីក្រុង​ហែលសិនគី​នេះ ក្រែង​អាចសងសឹក​វិញបាន។

ជំនួប​កំពូល​បើក​ផ្លូវ

ប៉ុន្តែ​ជំនួប​កំពូល​ថ្ងៃ​នេះ​ប្រព្រឹត្ត​ទៅក្នុង​បរិបទ​ដ៏​តាន​តឹង​បំផុត។ ទំនាក់ទំនង​រុស្ស៊ី​អាមេរិក​ ធ្លាក់​ដុនដាប​ខ្លាំងណាស់ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ហេតុ​តែ​ជំហរ​នយោបាយ​ផ្ទុយ​គ្នា​ខ្លាំង ក្នុង​សំណុំ​រឿង​អន្តរជាតិ​ជា​ច្រើន ដូច​ជា វិបត្តិស៊ីរី នុយក្លេអ៊ែរអ៊ីរ៉ង់ ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ទាប់​ពីការ​ក្រសោប​យក​ទឹកដី​គ្រីមេ ... និង​កាន់​តែ​ដុនដាប​ថែមទៀត តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដោយ​វ៉ាស៊ីនតោន ចោទ​រុស្ស៊ី​បាន​លួច​ចូល​ជ្រៀត​ជ្រែក។ ម្យ៉ាង​វិញ​ទៀត កាលពី​ពីរ​បី​ថ្ងៃមុន​នេះ រដ្ឋអាជ្ញាពិសេស​អាមេរិក​ទើប​តែ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មន្ត្រី​ចារកិច្ច​រុស្ស៊ី​ ជា​ផ្លូវការ​ពី​បទ​លួច​ទិន្នន័យ​របស់​បក្ស​ប្រជាធិបតេយ្យ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប្រធានាធិបតីអាមេរិក។ សំណុំ​រឿង​បំពុល​អតីត​ចារកិច្ច​រុស្ស៊ី​នៅ​ក្រុង​ឡុងដ៍កាលពី​ដើម​ឆ្នាំ​២០១៨ ក៏​បាន​មក​ជាន់​ពន្លិច​បន្ថែម​ទំនាក់ទំនង​រុស្ស៊ី​អាមេរិក ឱ្យ​កាន់​តែអាប់អួរ​ ដល់​ថ្នាក់​បណ្តេញ​អ្នក​តំណាង​ការទូត​គ្នា​ទៅ​វិញ​មក ​ដោយសារ​តែ​អាមេរិក​បានបង្ហាញ​សាមគ្គីភាពជា​មួយ​អង់គ្លេស។

និយាយ​ដោយ​ចំ គឺរុស្ស៊ី​​និង​អាមេរិក​មាន​ទំនាក់ទំនង​ធ្លាប់​ស្ទើរ​ដល់​បាត មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ! សូម្បី​តែ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ក៏​ទំនាក់ទំនង​មិន​ដាច់​គ្នា​ខ្លាំង​ដូច​ពេល​នេះ​ដែរ។ ដូច្នេះ​ជំនួប​ថ្ងៃ​នេះ មិនមែន​មាន​ន័យ​ថា ជា​ជំនួប ភ្ជាប់​ទំនាក់​ទំនង​ជា​ភារៈ​រវាង​​​​អាមេរិក​និង​រុស្ស៊ីទេ។ តែ​ជា​ការ​ចាប់​ផ្តើម !

លោក ត្រាំ សម័យ​ចង់​ឃើញ​មាន​ជំនួប​ជាមួយ​លោកពូទីន​នេះ​តាំង​ពីយូរ​មក​ហើយ ដោយ​ថែម​ទាំង​ធ្លាប់​បង្ហាញ​សុទិដ្ឋនិយម​ ថា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ជាមួយ​លោក​ពូទីន។ លោក​បាន​ព្រលយ​មាត់​ថា​នឹង​ថា​នឹងទៅ​ជជែក​ជាមួយ​លោក​ពូទីន អំពីស្ថានភាព​​ស៊ីរី ស្ថានភាព​អ៊ុយក្រែន ការ​ត្រួត​ពនិត្យ​អាវុធ​នុយក្លេអ៊ែរ ឬ​បញ្ហា​រុស្ស៊ី​លួច​ជ្រៀតជ្រែក​ការ​បោះឆ្នោតអាមេរិក។

ប៉ុន្តែ ​មើល​ទៅ​ការពិភាក្សា​​គ្នា​ទំនង​ជា​មិនទៅមុខ​ទេ ! ​ទាំង​ខាង​លោក​ត្រាំ ក៏​ដូច​ជា​លោក​ពូទីន។ នៅ​ល្ងាច​មិញ លោក​ត្រាំ​បាន​ទទួល​ស្គាល់​ថា លោក​មិន​រង់ចាំ​លទ្ធផល​នេះ​ជំនួប​នេះ​ទេ​ និង​បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ពូទីន​មិនមែន​ជា​សត្រូវ ថ្ងៃ​ណាមួយ​លោក​នឹងអាច​​ក្លាយ​ទៅ​ជាមិត្ត។ ចំណែក​ខាង​​ លោក​ពូទីន វិញ ក៏​ត្រូវ​ការ​មាន​ជំនួប​នេះ ដើម្បី​បាន​ឡើង​ស្មើមុខ​ស្មើ​មាត់​​លើឆាក​អន្តរជាតិ ប៉ុន្តែប្រភព​រុស្ស៊ីយល់ថា ​ជំនួប​នេះ​ទំនង​ជា​មិន​អាច​សម្រេច​ជា​សេចក្តី​ថ្លែងការណ៍​រួម​នឹង​គ្នា​បាន​​ផង។

ដៃគូ​អាមេរិក​​ ​ព្រួយទុកមុន

​​អ្នក​វិភាគជា​ច្រើន ​សង្ស័យ​ថាជំនួប​ថ្ងៃ​នេះ ជា​ឱកាស​កំណត់​ដែន​នៃ​ឥទ្ធិពល បាន​ន័យថា​លោកត្រាំ និង​លោក ពូទីន អាច​ត្រូវ​រ៉ូវ​គ្នា​លើ​ប្រធានបទ​មួយ​ចំនួន នៅ​ក្នុង​សំណុំ​រឿងដ៏​ចម្រូង​ចម្រាស​ខ្លាំង ដូច​ជា​ វត្តមាន​របស់​ទាហាន​អ៊ីរ៉ង់ ​នៅ​ស៊ីរីជាប់​ព្រំប្រទល់​អ៊ីស្រាអែល... ជំហរ​របស់​លោក​ត្រាំ ចង់​ដាក់​អ៊ីរ៉ង់​ឱ្យ​ឯកា​បំផុត អាច​នឹង​ជំរុញ​លោក​ត្រាំ​ឱ្យ​ងាក​ទៅ​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​រុស្ស៊ី ក្រោម​សម្ពាធ​ប៉ោងតឹង​របស់អឺរ៉ុប ​ជា​មិត្ត​ចាស់​។ ក្នុង​សំណុំ​រឿង​ស៊ីរី លោកត្រាំ ប្រហែលមិន​ដល់​ថ្នាក់​ព្រមព្រៀង​អ្វី​ជាមួយ​លោក ពូទីន​ ជា​សាធារណៈ​ទេ តែបើ​មាន​អ្វី​ប្រសើរឡើង គឺ​​លោក​ពូទីន​ច្បាស់​ជា​ស្ថិត​ក្នុង​ជំហរ​ខ្លាំង​ជាង​ហើយ។

ចំពោះ​បញ្ហា​គ្រីមេ លោកត្រាំ​មិន​អាច​ក្រឡាប់​ចាក់ស្ថានការណ៍​ទៅ​ទទួល​ស្គាល់​ទង្វើ​រុស្ស៊ី​មែន​ ប៉ុន្តែ​ក្នុង​នាម​ជា​មនុស្ស​មិន​សូវ​ខ្វល់​នឹង​ច្បាប់​អន្តរជាតិ​នោះ លោក​ត្រាំ​ទំនង​ជា​អាច​បន្ទន់​កាយវិការ​បន្តិច​បន្តួច​ទាក់​ចិត្ត​លោក​ពូទីន។ ​អញ្ចឹង​ហើយ​បាន​ជា​សហភាពអឺរ៉ុប អត់​ព្រួយ​មិន​បាន​នោះ។ នៅ​មាន​​សំណុំ​រឿងមួយ​ទៀត ​ដែល​សម្ព័ន្ធមិត្ត​ជាមហាអំណាច​នៅ​អឺរ៉ុប ហាក់​ផ្តោត​ការ​ព្រួយ​បារម្ភ​ ​នោះ គឺ​ការ​បញ្ឈប់​ការធ្វើ​សមយុទ្ធ​នៅ​សមុទ្ទ​បាល់ទិក។ សមយុទ្ធ​ជា​ទម្លាប់ ​រៀង​រាល់​ពី​រ​ឆ្នាំ​ម្តង តាំង​ពី​ឆ្នាំ​១៩៧០។

លោក​ដូណាល់​ត្រាំ ទំនង​ជា​អាច​លើ​បញ្ហា​សមយុទ្ធ​នេះ​ទៅ​ជជែក​ជាមួយ​លោក ពូទីន ព្រោះ​កាលពី​ខែ​មុន ដោយ​គ្មាន​ព្រៀង​ទុក លោក ដូណាល់​ត្រាំ បាន​សន្យា​ជាមួយ​លោក គីម ជុងអ៊ុន​ នៅពេល​ជួប​គ្នា​មួយ​ទល់​នឹង​មួយ ផ្អាក​សមយុទ្ធ​ជាមួយ​កូរ៉េខាង​ត្បូង។ តើ​អាមេរិក​របស់​លោក​ត្រាំ នឹង​ធ្វើ​ដូច​គ្នា​ចំពោះ​អឺរ៉ុប​ ឬ​យ៉ាងណា ? បើ​លោក​ត្រាំ​ទើប​តែ​​គំរាម​កំហែង​ដើរ​ចេញ​ពី​អូតង់ថ្មីៗ​នេះផងនោះ។ ​ជាទស្សនវិស័យ​មួយ ដែល​អឺរ៉ុប​ត្រូវ​តែ​គិតខ្វល់ខ្វាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ