លោកដូណាល់ ត្រាំ៖ ផែនការBrexit របស់លោកស្រី មេ អាចសម្លាប់កិច្ចព្រមព្រៀងអាមេរិក អង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៦
នៅមួយថ្ងៃមុន ជំនួប ទ្វេភាគី ជាមួយលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស តេរ៉េហ្សា មេ លោកដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗ រួចទៅហើយ រដ្ឋាភិបាលអង់គ្លេស និង ផែនការ Brexit របស់លោកស្រីមេ។ សម្រាប់ប្រធានាធិបតីអាមេរិក ចំណុចដែលស្នើឡើង ដោយរដ្ឋាភិបាលអង់គ្លេស មិនឆ្លើយតបនឹងការចង់បានរបស់ប្រជាជនអង់គ្លេស ដែលបានបោះឆ្នោត ទាមទារឲ្យអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប។ លោកដូណាល់ ត្រាំបានព្រមានដែរថា ផែនការ ការដើរចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប ដែលស្នើដោយរដ្ឋាភិបាលរបស់លោកស្រី មេ នឹងអាចទៅសម្លាប់កិច្ចព្រមព្រៀងដោះដូរ បាណិជ្ជកម្មអាមេរិក និងអង់គ្លេស។
នៅក្នុងបទសម្ភាសន៍ ឲ្យកាសែតអង់គ្លេស The Sun ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំបានវាយប្រហារ រិះគន់ រដ្ឋាភិបាលអង់គ្លេស និងថា ផែនការBrexit ដែលរដ្ឋាភិបាលអង់គ្លេស ដាក់ទៅសហភាព អឺរ៉ុប នឹងអាចសម្លាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងអង់គ្លេស។
សំដីរិះគន់របស់លោកដូណាល់ ត្រាំ ទៅលើផែនការBrexit ត្រូវបានចុះផ្សាយ នៅក្នុងកាសែតអង់គ្លេស The Sun នៅចំថ្ងៃតែមួយ ដែលរដ្ឋាភិបាលអង់គ្លេស បានបង្ហាញជាផ្លូវការសៀវភៅស ឬផែនការ ដើរចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប។ តាមលោកដូណាល់ ត្រាំ បើសិនអង់គ្លេស ចុះកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ដោយយោងទៅតាមផែនការBrexit របស់លោកនាយករដ្ឋមន្រ្តីមេ នោះ អាមេរិកគឺសុខចិត្តចរចា ជាមួយសហភាពអឺរ៉ុប ជាជាង ចរចាជាមួយ អង់គ្លេស។ សម្រាប់ប្រធានាធិបតីអាមេរិកាំង បើសិនអង់គ្លេស នៅតែរក្សា ផែនការ Brexit នោះអាមេរិកនឹងមិនអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសបានទេ។
នៅក្នុងសៀវភៅ ស ដែលរដ្ឋាភិបាលអង់គ្លេស ស្នើឡើង សម្រាប់ដំណើរការ ដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប អង់គ្លេស នៅតែចង់បន្ត រក្សាទំនាក់ទំនាក់ពាណិជ្ជកម្ម ជិតស្និទ្ធជាមួយសហភាពអឺរ៉ុប បើទោះបី ជាអង់គ្លេស លែងនៅជាសមាជិករបស់សហភាពអឺរ៉ុបតទៅទៀតក្តី។ នៅក្នុងចំណុចសំខាន់ដែលនិយាយពីរបាំងពន្ធគយ អង់គ្លេស បានស្នើថា នឹងជួយប្រមូលពន្ធគយ លើទំនិញនាំចូលពីប្រទេសទី៣ ឲ្យសហភាពអឺរ៉ុប។ អង់គ្លេសស្នើផងដែរ ឲ្យបង្កើតតំបន់សេដ្ឋកិច្ចសេរី ដែលនឹងត្រូវអនុវត្តទៅច្បាប់វិន័យរួមរបស់សហភាពអឺរ៉ុប ជាពិសេសសម្រាប់ទំនិញ កសិចំណីអាហារ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស នៅមួយថ្ងៃមុនជាន់ទឹកដីអង់គ្លេស លោកដូណាល់ ត្រាំ បាននិយាយថា លោកមិនដឹងទេថា តើគម្រោងនេះស្របទៅតាមអ្វីដែលពលរដ្ឋអង់គ្លេសចង់បាន។ ប្រជាជនអង់គ្លេសបានបោះឆ្នោត ចង់ផ្តាច់ទំនាក់ទំនងពីសហភាពអឺរ៉ុប។ ប៉ុន្តែ លោកដូណាល់ ត្រាំវិញយល់ថា អង់គ្លេស តាមពិត មិនបានលែងលះដាច់ស្រឡះ ចេញពីសហភាពអឺរ៉ុបនោះទេ។
ជាក់ស្តែង សៀវភៅសបានបង្ហាញហើយថា ក្រៅតែពី រក្សាទំនាក់ទំនងជិតស្និទ្ធិក្នុងផ្នែកដោះដូរពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប អង់គ្លេស នៅតែបន្តអនុវត្តតាមច្បាប់រួមរបស់សហភាពអឺរ៉ុប នៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការសន្តិសុខ នៅអឺរ៉ុប។ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអង់គ្លេស លោកដូណាល់ ត្រាំ មិនខ្លាចនឹងរិះគន់សហភាពអឺរ៉ុប ដែលបើតាមលោក គឺបានកេងយកចំណេញច្រើនណាស់ពីអាមេរិក។ ក្រៅតែពីថវិកាសម្រាប់កងទ័ពអូតង់ លោកដូណាល់ត្រាំ កំពុងដាក់សម្ពាធផងដែរលើសហភាពអឺរ៉ុប ដោយបានប្រកាសដំឡើងពន្ធលើដែក និងអាលុយមីញ៉ូមដែលនាំចូលពីអឺរ៉ុប។
លោកស្រីមេ៖ អាមេរិក និងអង់គ្លេស មិនត្រឹមជាសម្ព័ន្ធមិត្ត ប៉ុន្តែ ជាមិត្តដ៏ស្និទ្ធស្នាល និងស្មោះត្រង់
នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេស បាននិយាយ ថា លោកស្រី ប្រមុខរដ្ឋាភិបាលអង់គ្លេស អន្ទះអន្ទែង ចង់ពន្យល់ផ្ទាល់ លោកដូណាល់ ត្រាំ ពីផែនការBrexit ដែលរដ្ឋាភិបាលរបស់លោកស្រីបានដាក់ទៅសុំលែងលះពីសហភាពអឺរ៉ុប។
តាំងពីថ្ងៃព្រហស្បតិ៍ លោកស្រីនាយករដ្ឋមន្រ្តីមេ បានរៀបចំ ប្រិតប្រៀងខ្លាំងណាស់ ដើម្បី អាចឈានទៅបញ្ចុះបញ្ចូលឲ្យអាមេរិករបស់លោកដូណាល់ ត្រាំ ឲ្យចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយ អង់គ្លេស នៅក្រោយ អង់គ្លេស ដើរចេញពីសហភាពអឺរ៉ុប។
នៅពេលកាសែតចុះផ្សាយសំដីរិះគន់របស់លោកដូណាល់ ត្រាំ មកលើរដ្ឋាភិបាលរបស់លោកស្រី ក្តី លោកស្រីមេ នៅតែព្យាយាមលើកឡើងពីសារៈសំខាន់ និងឱកាសក្នុងការពង្រឹងចំណងអង់គ្លេស និងអាមេរិក ដែលបើតាមលោកស្រី មិនត្រឹមតែជាសម្ព័ន្ធមិត្ត ប៉ុណ្ណោះទេ ប៉ុន្តែ ជាមិត្តដ៏ស្មោះត្រង់ជិតស្និទ្ធនឹងគ្នា ថែមទៀត។ តាមលោកស្រីមេ ប្រជាជនអាមេរិកាំង ប្រមាណ ១លាននាក់ កំពុងបម្រើការឲ្យក្រុមហ៊ុនអង់គ្លេស។ ដូច្នេះ លោកស្រីសង្ឃឹមថា នៅក្រោយពេលអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប អង់គ្លេសនឹងពង្រឹង ចំណងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក ដើម្បីបង្កើតការងារធ្វើ និងផលចំណេញឲ្យគ្នាទៅវិញ ទៅមក រវាងអង់គ្លេស និងអាមេរិក។
លោកដូណាល់ ត្រាំ កំពុងជាន់ពន្លិច រដ្ឋាភិបាលរបស់លោកស្រីតេរ៉េហ្សា មេ?
នៅក្នុងសំដីរិះគន់ផែនការ Brexit លោកដូណាល់ ត្រាំ បានបង្ហាញច្បាស់ៗ ពីការខកចិត្តរបស់លោក ដែលឃើញ ថា ជំហររបស់នាយករដ្ឋមន្រ្តីតេរ៉េហ្សា មេ មិនរឹងមាំ និង តឹងរ៉ឹង នៅក្នុងពេលចរចាចង់ ដើរចេញពីអឺរ៉ុប។ លោកដូណាល់ ត្រាំ បាននិយាយថា លោកបានផ្តល់យោបល់ គំនិតច្រើន ដើម្បីឲ្យលោកស្រីមេ យកទៅពិចារណា សម្រាប់ ដើរចេញ ពីសហភាពអឺរ៉ុប។ “ប៉ុន្តែ លោកស្រីមេ មិនព្រមស្តាប់ ធ្វើតាម”។
នៅពេលនិយាយបណ្តុះបង្អាប់ រិះគន់លោកស្រី មេ លោកដូណាល់ ត្រាំ បាននិយាយលើកសរសើរផងដែរ អតីតរដ្ឋមន្រ្តីការបរទេស អង់គ្លេស លោកBoris Johnson ដែលទើបតែលាលែងចេញពីតំណែង ដោយសារតែមិនយល់ស្រប ជាមួយលោកស្រី នាយករដ្ឋមន្រ្តី មេ ពីរឿងផែនការ Brexit។ លោកដូណាល់ ត្រាំនិយាយថា លោកស្រី មេជាមនុស្សល្អ ប៉ុន្តែ ជាមួយគ្នានោះ លោកបាននិយាយថា លោក Boris Johnson សមនឹងធ្វើជានាយករដ្ឋមន្រ្តី ព្រោះលោកមានជំហររឹងមាំ ដាច់ខាតជាមួយសហភាពអឺរ៉ុប។
លោកដូណាល់ ត្រាំ រិះគន់ខ្លាំងៗប្រមុខរដ្ឋាភិបាលអង់គ្លេស នៅពេលនេះ គឺមិនខុសអី ពីកំពុងតែទៅជាន់ពន្លិចបន្ថែម ទូករដ្ឋាភិបាលរបស់លោកស្រីមេ ដែលកំពុងតែឃ្លីងឃ្លោង ចុះទន់ខ្សោយ រួចហើយ ដោយសារតែ ការសុំលាលែងចេញពីតំណែងរបស់រដ្ឋមន្រ្តី សំខាន់ៗ ពីររូប គឺលោករដ្ឋមន្រ្តីការបរទេស ហើយនិងរដ្ឋមន្រ្តីទទួលបន្ទុកការចរចា ជាមួយសហភាពអឺរ៉ុប ដែលតាមពិតទៅ មានជំហរដាច់ខាតចង់ឲ្យអង់គ្លេសដើរចេញ ១០០ភាគរយពីសហភាពអឺរ៉ុប។ តើលោកស្រីមេ អាចបញ្ចុះបញ្ចូលបានសម្រេច លោកដូណាល់ ត្រាំ ឲ្យដូរគំនិត និងទទួលយល់ស្របតាមផែនការ Brexitរបស់លោកស្រីដែរឬទេ? នៅថ្ងៃសុក្រនេះ លោកស្រី មេ មានពេលពេញមួយព្រឹក ដើម្បីបញ្ចុះបញ្ចូល លោកដូណាល់ ត្រាំ មុនពេលលោក ចេញទៅវិស្សមកាលជាលក្ខណៈ ឯកជន នៅស្កុតឡែន ដែលជាទឹកដីមួយផ្នែករបស់អង់គ្លេស នៅចុងសប្តាហ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ