អានតួអត្ថបទ
បារាំង

រដ្ឋាភិបាល​បារាំង​ចាត់​វិធានការ​សន្តិសុខ​ពិសេស​សម្រាប់​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ទី​១៥ កក្កដា

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កងអាវុធហត្ថ​សរុប​ចំនួន ១១០ ០០០នាក់ ព្រម​ទាំង​អ្នក​ពន្លត់​អគ្គីភ័យ​ចំនួន ៤៤ ០០០នាក់​ក្រុមនៅ​ទូទាំង​ប្រទេស​សម្រាប់​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ ទី១៤ កក្កដា​ដែល​ជា​ថ្ងៃ​បុណ្យជាតិ និង​ថ្ងៃ​អាទិត្យ ទី១៥ កក្កដា​ដែល​ជា​ថ្ងៃ​ក្រុមបាល់ទាត់​បារាំង​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ទល់​នឹង​ក្រុមបាល់ទាត់​ក្រូអាស៊ី​ក្នុង​ប្រទេស​រុស្ស៊ី។ តាម​ក្រសួង​មហាផ្ទៃ​បារាំង មាន « Fan Zone » ដែល​ជា​កន្លែង​សម្រាប់​អ្នកគាំទ្រ​ក្រុមបាល់ទាត់បារាំង​ចំនួន ២៣០កន្លែង​​ជាមួយ​​​ផ្ទាំងអេក្រង់​ធំៗ​នៅ​ទូទាំង​ប្រទេស​បារាំង​ត្រូវ​បាន​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​មួយ​នេះ។ ក្នុង​ទីក្រុង​ប៉ារីស « Fan Zone » អាច​ទទួល​អ្នក​ចូល​ទស្សនា​ចំនួន ៩០ ០០០នាក់ និង​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កងអាវុធហត្ថ​ចំនួន ១២ ០០០នាក់ក្នុង​ទីក្រុង​ប៉ារីស និង​ជាយក្រុង​ប៉ារីស​ ហើយ​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​នឹង​ត្រូវ​ពង្រឹង​សន្តិសុខ។ លោក Richard Lizurey អគ្គនាយក​កងអាវុធហត្ថជាតិ​បារាំង​បាន​ពន្យល់​ថា វិធានការ​សន្តិសុខពិសេស​រយៈពេល ២ថ្ងៃ​នេះ គឺ​ដើម្បី​ប្រឈមទប់​នឹង​ហានិភ័យ​ភេរវនិយម។

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង Gérard Collomb (រូបឆ្វេង) និង​លោក​ Richard Lizurey អគ្គនាយក​កងអាវុធហត្ថជាតិ
លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង Gérard Collomb (រូបឆ្វេង) និង​លោក​ Richard Lizurey អគ្គនាយក​កងអាវុធហត្ថជាតិ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

« យើង​កំពុង​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​គំរាមកំហែង​ភេរវនិយម​ជា​ប្រចាំ​ថ្ងៃ ហើយ​ហានិភ័យ​ភេរវនិយម​មួយ​នេះ​កំពុង​មាន​វត្តមាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់។ ដូច្នេះ វា​ចាំ​បាច់​ត្រូវ​តែ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដើម្បី​ឆ្លើយ​តប​គ្រប់​ពេល ទោះ​នៅ​ទីកន្លែង​ណា​ក៏​ដោយ​នៅ​ទូទាំង​ប្រទេស។ ក្នុង​ករណី​ដែល​ត្រូវ​ការ យើង​ត្រូវ​មាន​វត្តមាន​ជានិច្ច​ដើម្បី​ចូល​ខ្លួន​អន្តរាគមន៍​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​ដែល​អាច​កើត​មាន​ជា​យថាហេតុ ទោះ​បី​ជា​នៅ​ទីណា និង​នៅ​កន្លែង​ណា​ក៏​ដោយ។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឲ្យ​យើង​ប្រុង​ជើងការ​ជាប់​ជា​ប្រចាំ​ដើម្បី​អន្តរាគមន៍​នៅ​ក្នុង​គ្រប់​ឧប្បត្តិហេតុ​ទាំង​អស់​ឲ្យ​បាន​រហ័ស​បំផុត​ក្នុង​ការ​ជួយ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​របស់​ពលរដ្ឋ​បារាំង។ ការ​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន​សម្បើម​សម្រាប់​ចុង​សប្តាហ៍​នេះ គឺ​ជា​វិធានការសន្តិសុខ​ពិសេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ ក្នុង​នាម​ខ្ញុំ​ជា​នាយក​កងអាវុធហត្ថ ខ្ញុំ​មិន​ដែល​បាន​ឃើញ​ចំណាត់ការ​ពិសេស​ដូច​ពេល​នេះ​ឡើយ។

តែ​យ៉ាង​ណា​ក៏​ដោយ នេះ​មក​ពី​បារាំង​មាន​ព្រឹត្តិការណ៍​ផ្ទួន​គ្នា គឺ​រៀបចំ​ថ្ងៃ​បុណ្យជាតិ ១៤ កក្កដា​ជា​រៀងរាល់​ឆ្នាំ ពិធី​ប្រណាំងកង់​ជា​រៀងរាល់​ឆ្នាំ ហើយ​អ្វី​ដែល​ពិសេស​ជាង​គេ​ក្នុងឆ្នាំ​​នេះ​ទៀត គឺ​បាល់ទាត់ពិភពលោក​ដែល​ក្រុមកីឡាករ​បាល់ទាត់​បារាំង​បាន​ឡើង​ដល់​វគ្គផ្តាច់ព្រ័ត្រ។ ក្រៅ​ពី​នោះ យើង​ក៏​ត្រូវ​ការពារ​សន្តិសុខ​នៅ​តាម​ទីកន្លែង​ទេសចរណ៍​ជា​ច្រើន​ដែរ។ គឺ​ទាំង​អស់​នេះ​ហើយ​ដែល​ចាំ​បាច់​ត្រូវ​រៀបចំ​វិធានការ​សន្តិសុខពិសេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ