អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​មាន​ការ​ស្វាគមន៍​ពី​ក្បួន​បាតុកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អង្គការ​អូតង់​នា​ថ្ងៃ​ពុធ ទី១១ កក្កដា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អឺរ៉ុប​ដោយ​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កក្កដា។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ជាង ១ឆ្នាំ​មក នេះ​ជា​លើក​ទី១ ដែល​លោក​ត្រាំ​បាន​ដាក់​ជើង​ជាន់​ទឹកដី​អង់គ្លេស​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​មួយ​របស់​អាមេរិក។ ក្រៅ​ពី​ទទួល​ជួប​ដោយ​ព្រះមហាក្សត្រិយានី​អង់គ្លេស Elisabeth ទី២ និង​ប្រមុខ​រដ្ឋាភិបាល​លោកស្រី Theresa May វត្តមាន​លោក​ត្រាំ​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​ការ​ស្វាគមន៍​ពី​ក្បួនបាតុកម្ម។

លោកប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May​
លោកប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May​ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ជា​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ តែ​សាច់ការ​ពិត​ប្រាកដ​មាន​តែ ២ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ និង​ថ្ងៃ​សុក្រ ទី១៣ កក្កដា។ នៅ​សល់ ២ថ្ងៃ​ទៀត ជា​ថ្ងៃ​សម្រាក​លំហែកាយ​ជាមួយ​ភរិយា​ក្នុង​ទឹកដី​អង់គ្លេស មុន​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់​នៅ​ថ្ងៃ​ចន្ទ ទី១៦ កក្កដា​ដើម្បី​ជួប​សន្ទនា​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​អង់គ្លេស​មាន​ច្រើន​ដោយ​រាប់​តាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​អង់គ្លេស​លើ​វិស័យ​ជា​ច្រើន ពិសេស​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារ។

ប្រយោជន៍​ដែល​លោកស្រី Theresa May សង្ឃឹម​ទទួល​បាន​នា​ឱកាស​វត្តមាន​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ទឹកដី​អង់គ្លេស គឺ​ការ​រឹតចំណង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុងដ៏​ដែល​មាន​ស្រាប់ ព្រម​ទាំង​គិតគូរ​រក​បន្ថែម​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​ទៀត​នា​ពេល​ខាង​មុខ ពិសេស​នៅ​ពេល​ដែល​អង់គ្លេស​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ជិត ៩ខែ​ខាង​មុខ។ សម្រាប់​លោកស្រី May ទំនាក់ទំនង​រវាង​អាមេរិក និង​អង់គ្លេស​ជា​ទំនាក់ទំនង​ពិសេស ព្រោះ​បច្ចុប្បន្ន​ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត អង់គ្លេស​គ្មាន​សម្ព័ន្ធមិត្ត​ណា​ដែល​រឹងមាំ​ខ្លាំង និង​សំខាន់​ជាង​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក។

លោកស្រី May បាន​គូសបញ្ជាក់​បន្ថែម​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាមេរិក និង​អង់គ្លេស​ជា​ទំនាក់ទំនង​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អាច​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ុន្មាន​ទេ​ដែល​នឹង​ចុះ​ហត្ថលេខា​រវាង​អាមេរិក និង​អង់គ្លេស​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ត្រាំ។ តែ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង់គ្លេស​បាន​អះអាង​ថា លោក​ត្រាំ​ចង់​បាន​កិច្ចព្រមព្រៀង​ទ្វេភាគី​យ៉ាង​ឆាប់​បំផុត។ គួរ​បញ្ជាក់​ថា​ក្រោម​ភ្នែក ច្រមុះ​របស់​អាមេរិក អង់គ្លេស​ជា​សិស្សល្អ ព្រោះ​ក្នុង​នាម​ជា​សមាជិក​អង្គការ​អូតង់​ដូច​អាមេរិក​ដែរ​នោះ អង់គ្លេស​តែង​គាំទ្រ និង​ធ្វើ​តាម​សំណើ​អាមេរិក​មុន​គេ។ ម្យ៉ាង​ទៀត លោកស្រី May ជា​ប្រមុខដឹកនាំ​បរទេស​ទី១ ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​មុន​គេ​ក្នុង​ពេល​ដែល​លោក​ត្រាំ​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។

ល្អូកល្អឺន​ក៏​មាន រកាំរកូស​ក៏​មាន​

ភាព​រកាំរកូស​រវាង​អាមេរិក និង​អង់គ្លេស​បាន​ផ្តើម​ចេញ​ពី​រូប​លោក​ដូណាល់ ត្រាំ ពិសេស​នយោបាយ​របស់​លោក​ចំពោះ​ពិភពលោក។ តាំង​ពី​ក្លាយ​ជា​ម្ចាស់​សេតវិមាន លោក​ត្រាំ​បាន​ផ្តើម​អនុវត្តន៍​នយោបាយ « America First » ដោយ​ឆ្កឹះកកាយ​សើរើ​ពិនិត្យមើល​ឡើង​វិញ​ទាំង​អស់​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​មុន។ លោក​ត្រាំ​បាន​រះ​យក​ទាំង​អស់​ដោយ​មិន​គិត​ថា​ជា​ក្រុម​ប្រទេស​មិត្ត ឬ​ក្រុម​ប្រទេស​សត្រូវ។ អ្វី​ដែល​សំខាន់​សម្រាប់​លោក​ត្រាំ គឺ​គិតប្រយោជន៍​អាមេរិក និង​ពលរដ្ឋ​អាមេរិក​ជា​ធំ ហើយ​មិន​ចង់​ឲ្យ​ប្រទេស​ណា​មួយ​ស៊ីខូង​លើ​អាមេរិក​ជា​ដាច់​ខាត ទោះ​បី​ជា​សម្ព័ន្ធមិត្ត​ក៏​ដោយ។

គឺ​គោលនយោបាយ​អាត្មានិយម​មួយ​នេះ​ឯង​ដែល​បាន​បង្ក​ឲ្យ​មាន​កំហឹង​ក្តៅក្រហាយ​នៅ​សឹង​ទូទាំងពិភពលោក។ ពលរដ្ឋ​អង់គ្លេស​រាប់សិប​ម៉ឺននាក់​ធ្លាប់​បាន​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​ត្រាំ​រហូត​មាន​ជាង ១លាននាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មិន​ឲ្យ​លោក​ត្រាំ​ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស​តាម​ការ​អញ្ជើញ​របស់​លោកស្រី May ក្នុង​ឆ្នាំ ២០១៧។ បន្ទាប់​មក​ទៀត ភាព​រកាំរកូស​ក៏​បាន​កើត​មាន​ពី​ពាក្យសម្តី​ដៀមដាម​របស់​លោក​ត្រាំ​លើ​ចៅហ្វាយ​ក្រុង​ឡុងដ៏​លោក​សាឌី កាន​ស្តីពី​ភេរវកម្ម​ក្នុង​ទីក្រុង​ឡុងដ៏​ក្នុង​ថ្ងៃទី៣ មិថុនា ឆ្នាំ ២០១៧​ដោយ​បណ្តាល​ឲ្យ​ស្លាប់ ៧នាក់ និង​របួស​ជិត ៥០នាក់។

« ស្លាប់​យ៉ាង​តិច ៧នាក់ និង​របួស ៤៨នាក់​ហើយ បែរ​ជា​ចៅហ្វាយ​ក្រុង​ឡុងដ៏​និយាយ​ថា គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បារម្ភ​ទៀត » នេះ​ជា​ប្រតិកម្ម​របស់​លោក​ត្រាំ​ក្នុង​ថ្ងៃទី៤ មិថុនា ឆ្នាំ ២០១៧ តប​នឹង​លោក​សាឌី កាន​ដែល​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​អង់គ្លេស​ក្នុង​ថ្ងៃទី៣ មិថុនា ឆ្នាំ ២០១៧​ថា កុំ​ឲ្យ​បារម្ភ​ចំពោះ​វត្តមាន​កម្លាំង​ប៉ូលិស​ដ៏​ច្រើន​សម្បើម​នៅ​ក្នុង​ទីក្រុង​ឡុងដ៏។ បន្ទាប់​មក​ក្នុង​ថ្ងៃទី៦ មិថុនា ឆ្នាំ ២០១៧ ដដែល លោក​សាឌី កាន​បន្ត​វាយប្រហារ​លោក​ត្រាំ​ដោយ​យល់​ថា អង់គ្លេស​មិន​គួរ​ផ្តល់​កិត្តិយស​អញ្ជើញ​លោក​ត្រាំ​ឲ្យ​មក​ទស្សនកិច្ច​ក្នុង​ទឹកដី​អង់គ្លេស​ឆ្នាំ ២០១៧​ទេ។ គឺ​រឿងរ៉ាវ​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ទស្សនកិច្ច​របស់​លោក​ត្រាំ​លើក​ពេល​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កក្កដា ឆ្នាំ ២០១៨។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ទទួល​ស្វាគមន៍​ដោយ​ព្រះមហាក្សត្រិយានី​អង់គ្លេស Elisabeth ទី២ និង​ប្រមុខ​រដ្ឋាភិបាល​លោកស្រី Theresa May លោក​ត្រាំ​ក៏​នឹង​ទទួល​ស្វាគមន៍​ដោយ​បាតុករ​អង់គ្លេស​ជា​ច្រើន​ម៉ឺននាក់​ដែរ។

លោក​ត្រាំ​បន្ត​លូកដៃ​ក្នុង​សំណុំរឿង Brexit

ពិត​ណាស់​ថា រឿង Brexit ជា​រឿង​ផ្ទៃក្នុង​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប ហើយ​ពិត​មែន​តែ​លោក​ត្រាំ​ជា​សកម្មជន​គាំទ្រ​លើ​ការ​លែងលះ​គ្នា​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ក៏​ដោយ ក៏​​លោក​ត្រាំ​តែង​លូក​ដៃ​កកូរកកាយ​ញយ​ដង។ ថ្មីៗ​នេះ​ទៀត ពោល​ក្រោយ​ការ​លា​ចុះ​ពី​មុខ​តំណែង​របស់​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​បូរីស ចនសុន និង​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សំណុំរឿង Brexit លោក​ដាវីដ ដាវីដ លោក​ត្រាំ​មិន​ញញើត​នឹង​ថ្លែង​ថា អង់គ្លេស​កំពុង​ស្ថិត​ក្នុង​ព្យុះសង្ឃរា។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ថែម​ទាំង​ចង់​ជួប​ជាមួយ​លោក​បូរីស ចនសុន​ទៀត​ផង។

ដូច្នេះ​ចង់ ឬ​មិន​ចង់ ទង្វើ និង​ការ​លើកឡើង​របស់​លោក​ត្រាំ​ជា​ការ​ដៀមដាម​ឌឺដង​ដាក់​លោកស្រី May ព្រោះ​ចូរ​កុំ​ភ្លេច​ថា លោក​បូរីស ចនសុន និង​លោក​ដាវីដ ដាវីដ​ជា​ឥស្សរជន​ដែល​មាន​ជំហរ​ចរចា​តឹងរឹង​ទល់​នឹង​សហភាព​អឺរ៉ុប​ក្នុង​រឿង Brexit។ ចំណែក​លោកស្រី May ហាក់​មាន​ជំហរ​ទន់ជ្រាយ​ដោយ​ចង់​ឲ្យ​ការ​លែងលះ​រវាង​អង់គ្លេស និង​អឺរ៉ុប​ជា​ការ​លែងលះ​មួយ​មិន​ផ្តាច់​មនោសញ្ចេតនា​ដាច់​ណាត់​ពេក​ទេ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី May ត្រូវ​ការ​អាមេរិក ពិសេស​ចង់​ពង្រឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នៅ​ពេល​អង់គ្លេស​ចេញ​ផុត​ពី​អឺរ៉ុប។ ចំណែក​លោក​ត្រាំ​វិញ​ក៏​យល់​មិន​ខុស​ទេ​ថា នៅ​ពេល​អង់គ្លេស​ក្លាយ​ជា​ប្រទេស​នៅ​លីវ អាមេរិក​ស្រួល​ចែចូវ​ជាង​កំពុង​មាន​គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ