rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ដោយ ឈាង បុប្ផា

តើ​អ្នកវិទ្យាសាស្រ្តនឹងអាច​ឈាន​ទៅ​ផលិត​វ៉ាក់សាំង ប្រឆាំង​នឹង​ជម្ងឺ​អេដស៍? ការសិក្សា​មួយ ដែល​ត្រូវ​បាន​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត កាលពី​ថ្ងៃ​សៅរ៍ បាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ គួរ​ឲ្យ​លើក​ទឹកចិត្ត មួយ នោះគឺ វ៉ាក់សាំង​ដែលគេ​បាន​ធ្វើ តេស្ត សាកល្បង​ទៅលើ​មនុស្ស បាន​ទៅ​បង្កើត ប្រព័ន្ធ​ការពារ​សរីរាង្គ យ៉ាងរឹងមាំ និង​បាន​ជួយ​ការពារ​សត្វស្វា​ពិសោធន៍ មិន​ឲ្យ​ឆ្លងមេរោគ អេដស៍។

 

ក្តីសង្ឃឹម​រក​វ៉ាក់សាំង​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លងមេរោគ​អេដស៍ ដែល​គ្មាន​ថ្នាំព្យាបាល នោះ កំពុង​ចាប់ចេញ​ជា​ពន្លឺ​ខ្លះហើយ។ កាល​ពី​ថ្ងៃ​សៅរ៍ ការសិក្សា​ថ្មីមួយ ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី វិទ្យាសាស្រ្ត The lancet​បាន​បង្ហាញ​ពី​ការបោះជំហាន​មួយ​ដ៏សំខាន់ ក្នុង​ដំណើរការ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​មេរោគអេដស៍។ ដើម្បី​បង្កើត​វ៉ាក់សាំង ការពារ​មេរោគ​អេដស៍ អ្នកស្រាវជ្រាវ​បាន​ធ្វើតេស្ត​សាកល្បង​មួយ​ទៅលើ​មនុស្ស ហើយ​និង​សត្វស្វា នៅក្នុង​មន្ទីរពិសោធន៍។

សត្វស្វា​ចំនួន ៧២​ក្បាល​ត្រូវ​បាន​គេជ្រើសរើស សម្រាប់​ដំណាក់កាល​សាកល្បង លើកទី១ ដែលនៅក្នុង​នោះ មួយចំនួន​បាន​ទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ និង​មួយចំនួន​ទៀត​បាន​ទទួល​ត្រឹម​ថ្នាំ Placebo។ ជាលទ្ធផល នៅពេល​ដែល​អ្នកវិទ្យាសាស្រ្ត​ចាក់បញ្ចូល មេរោគ អេដស៍​ទៅក្នុង​រាងកាយ​របស់​សត្វសា្វ គេឃើញថា ពីរ ភាគ​បី​នៃ​សត្វស្វា​ពិសោធន៍ មាន​អង់ទីករ ការពារ មិន​ឲ្យ​ឆ្លង​មេរោគ។

នៅក្នុង​ដំណាក់កាល​ទី២ គេ​បាន​ចាក់​វ៉ាក់សាំង​ដដែល ទៅលើ​មនុស្ស​៣៩៣​នាក់ ដែល​បាន​ស្ម័គ្រចិត្ត ចូល​រួម ក្នុង ការស្រាវជ្រាវ នៅក្នុង​ប្រទេស ថៃ អាមេរិក ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងកើត ហើយនិង​អាហ្រ្វិក​ខាងលិច។ អ្នកដែល​ទទួល​ចាក់​វ៉ាក់សាំង​សាកល្បង សុទ្ធ​តែ​មាន​មនុស្ស​ដែល​មាន​សុខភាព​រឹងមាំ គ្មានមេរោគអេដស៍ និង​មាន​អាយុ ពី​១៨ រហូត​ដល់​៥០ឆ្នាំ។ នៅក្នុង​តេស្ត​សាកល្បង គេ​បាន​ចាក់​វ៉ាក់សាំង ដល់​ទៅ ៤ដង ក្នុង​រយៈពេល ៤៨​សប្តាហ៍។

ការធ្វើ​តេស្ត​សាកល្បង​បាន​បង្ហាញ​ពី​សុវត្ថិភាព គ្មានគ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស។ មាន​មនុស្ស​តែ​៥នាក់ ប៉ុណ្ណោះ ដែល​រងផល​ប៉ះពាល់​ ដោយសារ​ប្រតិកម្ម​របស់​វ៉ាក់សាំង ដូចជា​រាគរូស ហើមពោះ ឬ​ឈឺខ្នង។ ប៉ុន្តែ ក្រៅពីនោះ វ៉ាក់សាំង បាន​ទៅ​ជួយ​បង្កើន ប្រព័ន្ធ ការពារ​សរីរាង្គ​របស់​មនុស្ស មិន​ឲ្យ​ឆ្លង​មេរោគអេដស៍។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទស្សនាវដ្តី អ្នកជំនាញ​ខាងមេរោគ​លោក Dan Barouch បាន​បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​ខាងលើ បាន​បង្ហាញ​ពីការវិវឌ្ឍ​ដ៏សំខាន់​មួយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកជំនាញ​ជាច្រើន ក៏ដូចជា​លោក​Barouch ផង​នៅមិនទាន់​ហ៊ាន​ធានា​ទេថា វ៉ាក់សាំង ដែលគេ​បាន​ធ្វើតេស្ត​ដោយ​ជោគជ័យ​នៅពេលនេះ ជា​អនាគត វ៉ាក់សាំង សម្រាប់​ការពារ​មេរោគ​អេដស៍​នោះ។​

វ៉ាក់សាំង​ដែល​គេ​បាន​ចាក់សាកល្បង ទៅលើ​មនុស្ស និង​សត្វ ជា​វ៉ាក់សាំង ដែលផ្សំឡើង​ពី​មេរោគ​ច្រើនប្រភេទ​របស់​មេរោគ​អេដស៍​ដែល​ត្រូវ​គេ​បាន​បន្សាំ ឲ្យ​លែង​មាន​គ្រោះថ្នាក់។ គេសង្ឃឹមថា វ៉ាក់សាំង​ដែល​ផ្សំ​ពីមេរោគ ដែល​មិន​គ្រោះថ្នាក់ នោះ​នឹង​អាច​ជួយ​ទៅ​បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ ប៉ុន្តែ លទ្ធផល​គឺ​ល្អ​ហួស​ពី​ការគិតទុក ព្រោះ វ៉ាក់សាំង​បាន​ទៅ​ជំរុញ ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​មនុស្ស ឲ្យ​កាន់​តែ​ខ្លាំង​ជាងមុន។

ជាមួយ​នឹង​លទ្ធផល​ពិសោធន៍ ដ៏​វិជ្ជមាន និង​គួរ​ឲ្យ​ជឿជាក់​លើកនេះ គេ​​នឹងអាច​ចាប់ផ្តើម​ធ្វើតេស្ត​ជា​លក្ខណៈ​សកល។ តាមគម្រោង គេ​នឹង​ចាក់ វ៉ាក់សាំង ទៅលើ​មនុស្ស ស្រ្តី ២៦០០​នាក់ នៅ​បណ្តា​ប្រទេស​នៅ​អាហ្រ្វិក​ខាងត្បូង ជាទី​ដែល​មនុស្ស​ប្រឈម​ខ្លាំង​ជាងគេ​នឹង​ការឆ្លងមេរោគ អេដស៍។ លទ្ធផល​នៃការធ្វើ​តេស្ត​សាកល្បង​លើកនេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ដឹង នៅ​៣ឆ្នាំ​ខាងមុខ ឆ្នាំ ២០២១។

វ៉ាក់សាំង​ដែល​គេ​ទើប​ស្រាវជ្រាវ​រកឃើញថ្មី ស្ថិតនៅក្នុង​ការធ្វើតេស្ត​សាកល្បង​នៅឡើយ។ សម្រាប់ អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​ជាច្រើន ទោះបី​ជា​វ៉ាក់សាំង​ថ្មី​នេះ អាច​មិនមែន​ជា​អនាគត​វ៉ាក់សាំង​ការពារ​មេរោគអេដស៍ ប៉ុន្តែ គេ​សង្ឃឹមថា ជាមួយ​នឹង​ការរកឃើញ​ថ្មីៗ គេ​នឹង​អាច​រកឃើញ និង​ផលិត​បាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នៅក្នុង​រយៈពេល​១០​ឆ្នាំ មុខ គឺ​នៅ​៥៨​ឆ្នាំ​ក្រោយ​ដែល​គេ​ប្រទះ​រកឃើញ​ករណី​មនុស្ស​ឆ្លង​មេរោគ​អេដស៍ លើកដំបូងគេ​កាលពី​ឆ្នាំ ១៩៨០។

ចាប់តាំង​ពី​កើតឆ្លង​ទៅលើ​មនុស្ស នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ជម្ងឺអេដស៍ បាន​សម្លាប់​មនុស្ស ៣៥​លាន​នាក់។ តាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ ៣៧លាន​នាក់​កំពុង​រស់​ជាមួយ​មេរោគអេដស៍ និងកើតជម្ងឺ​អេដស៍ ខណៈពេល​ដែល​មនុស្ស​ប្រមាណ ១លាន ៨សែននាក់​បាន​ឆ្លងមេរោគអេដស៍​ជារៀងរាល់ឆ្នាំ៕

 

បោះឆ្នោតថៃ៖ ​លោកប្រាយុទ្ធ​នៅតែអាច​ធ្វើ​នាយករដ្ឋមន្រ្តី​ដោយ​មិន​ចាំបាច់​ឈ្នះបាន​សំឡេង​ភាគច្រើន

ករណី​លែងលះ​កើនឡើង​ធ្វើឲ្យ​គូស្នេហ៍​ជប៉ុន​គិតគូរពីការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍

តើ​រថយន្តអគ្គិសនី​អាច​ជួយ​បរិស្ថាន​បាន​ប៉ុណ្ណា?

ដើម្បីទប់​នឹង​ឥទ្ធិពល​របស់​ចិន បារាំង​ផ្តើម​ទៅ​បបោស​អង្អែល​ជីប៊ូទី​ដែល​ជា​ដៃគូ​យុទ្ធសាស្រ្ត និង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន

ស្ថានភាព និង​តួនាទី​ស្ត្រី ក្នុងប្រទេស​រុស្ស៊ី​សម័យថ្មី

ជម្លោះ​តំបន់កាស្មៀរ​មិនមែន​គ្រាន់តែ​ជា​ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​

ហេតុអ្វី​បានជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នាំគ្នា​ផ្តោត​ខ្លាំង​លើ​រថយន្ត​ដើរ​ដោយ​អគ្គិសនី?

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​អាល់ហ្សេរី​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ប្រធានាធិបតី​របស់​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​សម្រាប់​អាណត្តិ​ទី៥?

វិសមភាពសង្គម ​និង​ចល័តភាព​នៃ​ចំណូល​ក្នុង​បណ្តា​ប្រទេស​រីកចម្រើន

បារាំងចង់​​ឱ្យ​ចិន​មាន​តម្លាភាព​ក្នុងរឿង​ផ្តល់​ប្រាក់​ឱ្យ​ប្រទេស​​ក្រីក្រ​ខ្ចី

ហេតុអ្វី​បានជា​ប្រទេសចិន​ នៅតែ​ជាអ្នក​មាន​តួនាទី​សំខាន់​ចំពោះ​ជំនួប​ត្រាំ​-គីម​?

អេហ្ស៊ីប៖​អឺរ៉ុប និង​អារ៉ាប់​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា តែ​ចៀសវាង​ប្រធាន​រឿង​ចម្រូងចម្រាស

អព្ភូតហេតុ​នៃ​​សេដ្ឋកិច្ច​វៀតណាម​

ហេតុអ្វី​ប្រទេស​រុស្ស៊ី​ ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ចិន​ទៅវិញ?​

​អ្នក​នយោបាយ​​បារាំង ប្រមូល​ផ្តុំគ្នា​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​ជ្វីហ្វ

សេដ្ឋកិច្ច និង​ឥទ្ធិពល​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​មួយជុំ​តំបន់អាស៊ី​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន

ការ​ព្យាករណ៍​សេដ្ឋកិច្ច​សាកល​​​សម្រាប់​​​​ឆ្នាំ​​​២០១៩​​

ហេតអ្វី​បានជា​អូស្ត្រាលី​ ខិតខំ​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លាំងម្ល៉ោះ​?

តើ​ជំនួប​លើក​ទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន​ អាច​បញ្ចប់​សង្គ្រាម​កូរ៉េ​បានទេ​?

អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?