អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កំពុង​បន្ត​ចោទ​ជា​បញ្ហា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កក្កដា​ស្តីពី​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ នៅ​ក្នុង​របាយការណ៍​នោះ គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ពង្រឹង​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្នុង​ការ​ប្រឈម​ទប់​នឹង​គ្រោះថ្នាក់​ផ្សេងៗ និង​ការ​វាយប្រហារ​ភេរវនិយម​ជា​យថាហេតុ។ របាយការណ៍​មួយ​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​បារាំង​កំពុង​គិតគូរ​ពី​អនាគត​ប្រភព​ថាមពល​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​បាន​ពឹងផ្អែក​សឹង​តែ​ទាំង​ស្រុង​លើ​ថាមពល​នុយក្លេអ៊ែរ។

​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​បារាំង​កំពុង​បន្ត​ចោទ​ជា​បញ្ហា
​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​បារាំង​កំពុង​បន្ត​ចោទ​ជា​បញ្ហា GUILLAUME SOUVANT / AFP
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ស៊ើបអង្កេត​សភា​ស្តីពី​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ត្រូវ​បាន​បង្កើត​ឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​អ្នកតំណាងរាស្រ្ត​ម្នាក់​គឺ​លោកស្រី​បារបារ៉ា ប៉ុមពីលី​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ មួយ​វិញ​ទៀត ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត​សភា​មួយ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​អង្គការ Greenpeace ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៧។ នៅ​ក្នុង​របាយការណ៍​កាល​ណោះ អង្គការ Greenpeace បាន​ទាញ​សញ្ញាអាសន្ន​ពី​ភាព​ផុយស្រួយ​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ភាគ​ច្រើន ពិសេស​រចនាសម្ព័ន្ធ​របស់​អាងស្តុក​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​ដែល​ប្រើ​រួច​ហើយ។

គួរ​បញ្ជាក់​បន្តិច​ថា គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​ដែល​ប្រើ​រួច​ហើយ​ត្រូវ​គេ​យក​ទៅ​ស្តុក​ទុក​ក្នុង​អាងទឹក​ត្រជាក់​ច្រើន​ឆ្នាំ មុន​នឹង​យក​វា​ទៅ​ប្រើ​ឡើង​វិញ។ អង្គការ Greenpeace បាន​យល់​ឃើញ​ថា រចនាសម្ព័ន្ធ​របស់​អាងទឹក​ទាំង​អស់​នោះ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​​ប្រឈម​ទប់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូច​យ៉ាង​គ្រោះរញ្ជួយដី ទឹកជំនន់ ឬ​ខ្យល់ព្យុះ​សង្ឃរា តែ​មិន​បាន​បង្ការ​ពី​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​ខាង​ក្រៅ​ទេ ពិសេស​ការ​វាយប្រហារ​ភេរវកម្ម។ នៅ​ថ្ងៃ​អង្គារ ទី៣ កក្កដា អង្គការ Greenpeace ដដែល​បាន​បង្ហោះ​ដ្រូន​មួយ​ទៅ​បុក​នឹង​ជញ្ជាំង​អាងទឹក​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ស្ថិត​ក្នុង​ខេត្ត Lyon ដោយ​ជោគជ័យ។ នេះ​ជា​ទង្វើ​មួយ​ដែល​អង្គការ Greenpeace ចង់​ព្រមាន​បញ្ជាក់​ពី​កង្វះ​សុវត្ថិភាព និង​សន្តិសុខ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ។

ចំណែក​នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កក្កដា គណៈកម្មការ​ស៊ើបអង្កេត​សភា​មិន​បាន​លើក​អ្វី​ថ្មី​លើស​ពី​ការ​លើក​ឡើង​របស់​របស់​អង្គការ Greenpeace កាល​ពី ១ឆ្នាំ​មុន​ទេ។ អ្វី​ដែល​គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ផ្សព្វផ្សាយ គឺ​បញ្ជី​មួយ​ដ៏​វែងអន្លាយ​ដែល​បង្កប់​ដោយ​សំណួរ​ជា​ច្រើន និង​ភាព​មន្ទិលសង្ស័យ​ស្តីពី​ផលវិបាក​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ព្រម​ទាំង​បាន​ផ្តល់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន។

អនុសាសន៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​សភា​

អនុសាសន៍​មាន​ច្រើន តែ​បាន​ផ្តោត​លើ​អាទិភាព​មួយ​ចំនួន​មាន​ដូច​ជា ពង្រឹង​តួនាទី​រដ្ឋអំណាច​ទទួល​បន្ទុក​សុវត្ថិភាព​នុយក្លេអ៊ែរ ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ដែល​ទទួល​ការងារ​ពី​ក្រុមហ៊ុន​មេ គិតគូរ ពិចារណា​រក​វិធីសាស្រ្ត​ថ្មី​ដើម្បី​ស្តុក​កាកសំណល់​នុយក្លេអ៊ែរ ឬ​មួយ​ក៏​ដាក់​កម្លាំង​ទាហាន​ឲ្យ​យាម​ប្រចាំការ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នីមួយៗ​ជា​ដើម។ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ទទួល​ស្គាល់​ថា រចនាសម្ព័ន្ធ​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ភាគច្រើន​មិន​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ពី​ក្រៅ ដូច​យ៉ាង​ការ​វាយប្រហារ​ភេរវកម្ម​ឡើយ និង​ថា ការ​ជួសជុល​ឡើង​វិញ​ដើម្បី​ទប់​នឹង​ការ​វាយប្រហារ​បែប​នេះ​ជា​រឿង​ពិបាក។

បន្ទាប់​មក របាយការណ៍​ដដែល​ក៏​បាន​សម្តែង​ក្តីបារម្ភ​ជុំវិញ​ការ​ដឹកជញ្ជូន​ផលិផល​ដែល​ជា​វិទ្យុសកម្ម។ ជា​រៀងរាល់​ឆ្នាំ មាន​ផលិផល​វិទ្យុសកម្ម​ពី ១ ០០០ ទៅ ១ ៥០០ឡានកាំមីញ៉ុង​ត្រូវ​បាន​ដឹកជញ្ជូន​តាម​ផ្លូវគោក និង​ជា​ទូទៅ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដដែលៗ និង​ម៉ោង​ដដែលៗ។ នៅ​ក្នុង​ន័យ​នេះ គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ស្នើ​ឲ្យ​ប្តូរ​ផ្លូវ និង​ផ្លូវ​ម៉ោង​ញយ​ដង​ដើម្បី​ចៀសវាង​ផ្ទាំងស៊ីប​វាយប្រហារ​ពី​ជន​ខិលខូច។ សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន​អគ្គិសនី​បារាំង (EDF) ជា​ម្ចាស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ការងារ​ជា​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន EDF ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ។ ត្រង់​ចំណុច​នេះ គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ស្នើ​ឲ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​ម៉ត់ចត់​លើ​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​នោះ។

ថាមពល​អគ្គិសនី​ភាគច្រើន​បាន​មក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ

របាយការណ៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​សភា​បាន​ធ្លាក់​មក ចំ​ពេល​ដែល​បារាំង​កំពុង​គិតគូរ​ពី​អនាគត​ប្រភព​ថាមពល​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​បាន​ពឹងផ្អែក​សឹង​តែ​ទាំង​ស្រុង​លើ​ថាមពល​នុយក្លេអ៊ែរ។ តែ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​នៅ​ជប៉ុន​កាល​ពី​ឆ្នាំ ២០១១ ជា​មេរៀន​មួយ​ដែល​បារាំង​មិន​អាច​មើល​រំលង​បាន​ទេ ពិសេស​ក្នុង​ពេល​ដែល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ភាគ​ច្រើន​របស់​បារាំង​មាន​វ័យ​កាន់​តែ​ចាស់។ សព្វថ្ងៃ​នេះ បារាំង​មាន​​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​សរុប​ដល់​ទៅ ៥៨ ពោល​ច្រើន​ជាង​គេ​លំដាប់ទី២ បន្ទាប់​ពី​អាមេរិក ហើយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំង ៥៨ ផលិត​អគ្គិសនី​បាន​រហូត​ដល់​ទៅ ៧៧% នៃ​តម្រូវការ​សរុប​ក្នុង​ប្រទេស។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ២ភាគ៣ មាន​អាយុ​ជាង​៣០ឆ្នាំ ហើយ​គឺ​ភាព​ជរា​របស់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំង​អស់​នេះ​ហើយ​ដែល​ជា​មូលហេតុ​ចម្បង​នៃ​ភាព​ងាយ​ខូច និង​ភាព​ងាយ​គ្រោះ​ថ្នាក់។ ប្រសិន​បើ​ចង់​ជួសជុល​វា​ឡើង​វិញ ក៏​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​សម្បើម ហើយ​សូម្បី​តែ​កម្ទេច​វា​ចោល​ក៏​ត្រូវ​ការ​ចាយ​លុយ​ច្រើន​សម្បើម​ដែរ។ ជា​ការ​ពិត គុណប្រយោជន៍​នៃ​ថាមពល​បាន​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដោយសារ​តែ​វា​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​ដូច​រោងចក្រអគ្គិសនី​ដើរ​ដោយ​ប្រេង ឬ​ធ្យូងថ្ម។

តែ​តាំង​ពី​មាន​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​មក បារាំង​បាន​ចាប់​ផ្តើម​គិតគូរ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ថាមពល​នុយក្លេអ៊ែរ និង​ស្វែង​រក​ប្រភព​ថាមពល​ថ្មី ដូច​យ៉ាង​ថាមពល​ព្រះអាទិត្យ និង​ខ្យល់​ដែល​អាច​ផលិត​អគ្គិសនី​ដោយ​មិន​បំពុល​បរិយាកាស ហើយ​អាច​មាន​សុវត្ថិភាព​ជាង​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ