rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង់គ្លេស៖​តើ​មនុស្ស ២នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​រងគ្រោះ​ដោយ​សារធាតុពុលគីមី​ឬ?

media
ប៉ូលិស​អង់គ្លេស​ក្នុង​ស្រុក Salisbury ថ្ងៃទី4 កក្កដា ២០១៨ Geoff CADDICK / AFP

នៅ​ក្នុង​ប្រទេស​អង់គ្លេស អាថ៌កំបាំង​កំពុង​បន្ត​កើត​មាន​ជុំវិញ​មនុស្ស ២នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ក្រោយ​ពី​បាន​រងគ្រោះ​ដោយ​សារធាតុ​ម្យ៉ាង​ដែល​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ករណី​មួយ​នេះ​នាំ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ករណី​ប្រើ​សារធាតុគីមី​បំពុល​អតីត​ចារបុរស​រុស្ស៊ី​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់​កាល​ពី​ខែ​មីនា​កន្លង​ទៅ។ ជនរងគ្រោះ​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​សន្លប់​បាត់ស្មារតី​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្រុក Amesbury ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​សៅរ៍ ទី៣០ មិថុនា។


ជនរងគ្រោះ​ទាំង ២នាក់​ដែល​មាន​បុរស​ម្នាក់ ស្រ្តី​ម្នាក់ និង​មាន​អាយុ​ប្រហែល​ជា​សែសិប​ប្លាយឆ្នាំ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក Salisbury ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ស្រុក Wiltshire នា​ថ្ងៃ​ពុធ ទី៤ កក្កដា។ ខណៈ​នេះ ការ​ស៊ើបអង្កេត​មួយ​បាន​បើក​ធ្វើ​ឡើង​ដោយ​មាន​ការ​រួម​សហការណ៍​ពី​ស្ថាប័ន​ប៉ូលិស​ប្រឆាំង​ភេរវកម្ម។ សូម​ជម្រាប​ជូន​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​សោរ៍ ទី៣០ មិថុនា​ក្នុង​ស្ថានភាព​សន្លប់បាត់​ស្មារតី​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ក្នុង​ស្រុក Amesbury ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​អង់គ្លេស។

អ្វី​ដែល​ទើប​កើត​មាន​លើ​មនុស្ស​ទាំង​ពីរ​នាក់​នេះ​នាំ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ករណី​ប្រើ​សារធាតុគីមី​បំពុល​អតីត​ចារបុរស​រុស្ស៊ី​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់​កាល​ពី​ថ្ងៃទី៤ ខែ​មីនា​កន្លង​ទៅ​ក្នុង​ស្រុក Salisbury ដែល​ស្ថិត​ចម្ងាយ​ប្រមាណ​ជា ១០គីឡូម៉ែត្រ​ពី​ស្រុក Amesbury។ ករណី​បំពុល​លោក Skripal និង​កូនស្រី​របស់​គាត់​ត្រូវ​បាន​អង់គ្លេស​ចង្អុល​មុខ​រុស្ស៊ី​ដោយ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​រវាង​ទីក្រុង​ឡុងដ៏ និង​ទីក្រុង​មូស្គូ។ នៅ​ក្នុង​ករណី​មនុស្ស ២នាក់​ថ្មី​នេះ​ត្រូវ​បាន​ប៉ូលិស​លើក​សម្មតិកម្ម​ពី​ដំបូង​ថា ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញាន​ហួសកម្រិត។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប៉ូលិស​បាន​បញ្ជាក់​ពី​ការ​បន្ត​ធ្វើ​តេស្ត​បន្ថែម​ដើម្បី​ស្វែង​រក​ឈ្មោះ​សារធាតុពិត​ដែល​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បែប​នេះ។ ដោយឡែក កម្លាំង​ប៉ូលិស​ត្រូវ​បាន​គេ​ដាក់​ពង្រាយ និង​ពង្រឹង​បន្ថែម​នៅ​ក្នុង​ស្រុក Salisbury និង​ស្រុក Amesbury។ ចំណែក​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​បាន​យល់​ឃើញ​ថា ករណី​ថ្មី​មួយ​នេះ​នឹង​មិន​បង្ក​ហានិភ័យ​សុខភាព​សាធារណៈ​ទ្រង់ទ្រាយ​ធំ​ទេ។

តើ​ជនរងគ្រោះ​ទាំង ២នាក់​ត្រូវ​បាន​បំពុល​ដោយ​សារធាតុគីមី​ដូច​ករណី​លោក Skripal និង​កូនស្រី​របស់​គាត់ ឬ​យ៉ាង​ណា​នោះ ?។ គេ​ត្រូវ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​របស់​ប្រទេស​អង់គ្លេស៕