អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​អូទ្រីស​កំពុង​បំពុល​ដោយ​ការ​ចាប់​ខ្លួន​មន្រ្តី​ការទូត​អ៊ីរ៉ង់​ម្នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បន្ត​ដំណើរ​ទស្សនកិច្ច​ក្នុង​ទ្វីប​អឺរ៉ុប។ បន្ទាប់​ពី​បាន​ទៅ​ប្រទេស​ស្វ៊ីស​រយៈពេល ២ថ្ងៃ លោក​បាន​ទៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ក្នុង​ថ្ងៃ​ពុធ ទី៤ កក្កដា​នេះ។ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រ៉ូហានី គឺ​ស្វែង​រក​ការ​ធានា​ពី​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង​ក្នុង​ឆ្នាំ ២០១៥ បន្ទាប់​ពី​ការ​ដក​ខ្លួន​ចេញ​របស់​អាមេរិក។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​ប្រមុខរដ្ឋ​អ៊ីរ៉ង់​ក្នុង​ប្រទេស​អូទ្រីស​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​មន្រ្តីការទូត​អ៊ីរ៉ង់​ម្នាក់​ប្រចាំ​ក្រុង​វីយែន​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បទសង្ស័យ​ឃុបឃិត​រៀបចំ​គម្រោង​ភេរវកម្ម​លើ​ក្រុមប្រឆាំង​អ៊ីរ៉ង់​ក្នុង​ទឹកដី​បារាំង​កាល​ពី​ថ្ងៃ​សៅរ៍ ទី៣០ មិថុនា។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រូហានី (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​អូទ្រីស Sebastian Kurz ថ្ងៃទី៤ កក្កដា​ក្នុង​ទីក្រុង​វីយែន
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រូហានី (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​អូទ្រីស Sebastian Kurz ថ្ងៃទី៤ កក្កដា​ក្នុង​ទីក្រុង​វីយែន ALEX HALADA / AFP
ផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់​ជូន​ឡើង​វិញ​បន្តិច​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​ក្រុម​ប្រទេស ៥បូក១ គឺ​អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និង​ប្រទេស​អាល្លឺម៉ង់។ ដូច្នេះ អូទ្រីស​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នោះ​ទេ តែ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មួយ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ហើយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ក៏​កំពុង​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​សហភាពអឺរ៉ុប។ ម្យ៉ាង​ទៀត​នៅ​ថ្ងៃ​សុក្រ ទី៦ កក្កដា ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ក៏​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ការបទេស​នៃ​ក្រុម​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​គ្មាន​ភាគី​អាមេរិក។ អាមេរិក​ដែល​លោកត្រាំ​បាន​ប្រកាស​ខ្លួន​តាំង​ពី​ថ្ងៃទី៨ ឧសភា។

កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អ៊ីរ៉ង់​លោក​រ៉ូហានី​នៅ​អឺរ៉ុប​ពេល​នេះ​ក៏​ដូច​ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបទេស​នៃ​ក្រុម​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​សុក្រ ទី៦ កក្កដា គឺ​ដើម្បី​ធានា​ពី​ការ​បន្ត​រក្សា​ទុក និង​ការ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដោយ​គ្មាន​ភាគី​អាមេរិក។ នៅ​ក្នុង​ន័យ​នេះ ទីក្រុង​តេហេរ៉ង់​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ថា អ៊ីរ៉ង់​អាច​នឹង​បន្ត​គោរព​កិច្ចព្រមព្រៀង​នោះ​បាន លុះ​ត្រា​ណា​តែ​ប្រយោជន៍​របស់​ខ្លួន​មិន​ត្រូវ​បាត់បង់​ទេ។ ប្រយោជន៍​ដែល​អ៊ីរ៉ង់​ចង់​និយាយ​នេះ គឺ​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​កិច្ចព្រមព្រៀង។ ចូរ​កុំ​ភ្លេច​ថា ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​នោះ សហគមន៍​អន្តរជាតិ​បាន​យល់ព្រម​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់។

អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​ព្រមាន​រួច​ហើយ​ថា បើ​ខ្លួន​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច គ្មាន​ហេតុផល​អ្វី​ដែល​អ៊ីរ៉ង់​ត្រូវ​បន្ត​ឳប​កិច្ចព្រមព្រៀង​នោះ​ទៀត​ឡើយ ព្រម​ទាំង​ព្រមាន​ចាប់​ផ្តើម​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ឡើង​វិញ។

ស្វ៊ីស និង​អូទ្រីស​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ីរ៉ង់

ក្រោយ​ពី​លោក​ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់ ពិសេស​ប្រទេស​អឺរ៉ុប​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​អ៊ីរ៉ង់​កុំ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង និង​សន្យា​រក្សា​ទុក​ផលប្រយោជន៍​ដែល​អ៊ីរ៉ង់​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​នោះ។ ក្រុម​ប្រទេស​ហត្ថលេខី​អឺរ៉ុប មាន​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ក៏​បាន​យល់​ឃើញ​ដូច​លោក​ត្រាំ​ដែល​ថា កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ មិន​សូវ​តឹងរឹង ព្រោះ​មិន​បាន​ចែង​ពី​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ ជំហរ​គាំទ្រ​ភេរវនិយម​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ដោយ​លូកដៃ​គាំទ្រ​ពួកជ្រុលនិយម​នៅ​ប្រទេស​ស៊ីរី យេម៉ែន និង​ចលនា​ហេស្បូឡា​ក្នុង​ប្រទេស​លីបង់។

តែ​អ្វី​ដែល​ក្រុម​ប្រទេស​ហត្ថលេខី​អឺរ៉ុប​ចង់​បាន គឺ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ទៀត​ដាច់​ដោយឡែក ពោល​មិន​ត្រូវ​ឡូកឡំ​នឹង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ស្តីពី​រឿង​នុយក្លេអ៊ែរ​នោះ​ទេ។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​សហព័ន្ធ​ស្វ៊ីស Alain Berset នា​ថ្ងៃ​អង្គារ ទី៣ កក្កដា លោក​រ៉ូហានី​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​សមភាគី​ស្វ៊ីស​ដែរ។ ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់ និង​ស្វ៊ីស​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ផ្លូវគោក ព្រម​ទាំង​មាន​បំណង​រួមសហការណ៍​គ្នា​ក្នុង​វិស័យ​សុខាភិបាល និង​វិទ្យាសាស្រ្ត។ ចំណែក​វត្តមាន​របស់​លោក​រ៉ូហានី​ទឹកដី​អូទ្រីស​ថ្ងៃ​ពុធ ទី៤ កក្កដា​ក៏​ជា​ឱកាស​នៃ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អ៊ីរ៉ង់ និង​អូទ្រីស​ដែរ។

លោក​រ៉ូហានី​ទើសទាល់ចិត្ត​នឹង​រឿង​ចាប់​មន្រ្តីទូត​អ៊ីរ៉ង់​ក្នុង​បទ​ឃុបឃិត​រៀបចំ​ភេរវកម្ម

វត្តមាន​របស់​លោក​រ៉ូហានី​នៅ​ទឹកដី​អូទ្រីស​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ូលិស​អូទ្រីស​ទើប​បាន​ចាប់​ខ្លួន និង​ដក​អភ័យឯកសិទ្ធិ​មន្រ្តី​ការទូត​អ៊ីរ៉ង់​ម្នាក់​ប្រចាំការ​ក្នុង​ទីក្រុង​វីយែន​ពី​បទសង្ស័យ​ឃុបឃិត​រៀបចំ​គម្រោង​ភេរវកម្ម​ប្រឆាំង​នឹង​ក្បួនបាតុកម្ម​របស់​ក្រុមប្រឆាំង​អ៊ីរ៉ង់​ក្នុង​ទឹកដី​បារាំង​កាល​ពី​ថ្ងៃ​សៅរ៍ ទី៣០ មិថុនា។ ក្បួនបាតុកម្ម​នេះ​បាន​រៀបចំ​ឡើង​ដោយ​ចលនា​មួយ​ឈ្មោះ « មូចាយឌីន​ប្រជាជន »។ ចលនា​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៥ និង​ដែល​សមាជិក​របស់​ចលនា​នេះ​បាន​បំផុស​គំនិត​តាម​ទ្រឹស្តីម៉ាកនិយម។

តែ​ចលនា​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីរ៉ង់​ចាត់​ទុក​ជា​ចលនា​ភេរវនិយម និង​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នៅ​អ៊ីរ៉ង់​តាំង​ពី​ឆ្នាំ ១៩៨១។ នៅ​ក្នុង​ថ្ងៃ​រៀបចំ​បាតុកម្ម​នោះ ក្រុមប្រឆាំង​អ៊ីរ៉ង់​បាន​អះអាង​ពី​គម្រោង​ភេរវកម្ម​ប្រឆាំង​លើ​ពួក​គេ​ដោយ​មាន​ការ​រៀបចំ​ពី​រដ្ឋអំណាច​នៅ​អ៊ីរ៉ង់។ ក្នុង​ថ្ងៃ​សៅរ៍​ដដែល​នោះ ប៉ូលិស​បែលហ្ស៊ិក​ក៏​ចាប់​ខ្លួន​ប្តីប្រពន្ធ​ជនជាតិ​បែលហ្ស៊ិក​ដើមកំណើត​អ៊ីរ៉ង់​ក្បែរ​ទីក្រុង​ព្រុចសែល​ដែល​ជាប់​សង្ស័យ​បាន​រៀបចំ​គម្រោង​ភេរវកម្ម​នោះ។ បន្ទាប់​មក ប៉ូលិស​បារាំង និង​អាល្លឺម៉ង់​ក៏​បាន​សហការណ៍​គ្នា​ក្នុង​រឿង​នេះ​រហូត​ក្របួច ក ជនសង្ស័យ​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​មន្រ្តីការទូត​អ៊ីរ៉ង់​ម្នាក់​ប្រចាំការ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីសចាប់ខ្លួន​ក្នុង​ទឹកដី​អាល្លឺម៉ង់។

មន្រ្តីការទូត​អ៊ីរ៉ង់​រូប​នោះ​មាន​ឈ្មោះ​អាសាដូឡា អាសាឌី អាយុ ៤៧ឆ្នាំ និង​មាន​តួនាទី​ជា​ទីប្រឹក្សា​ក្នុង​ស្ថានទូត។ ក្នុង​ថ្ងៃ​ពុធ ទី៤ កក្កដា ពោល​ប៉ុន្មាន​ម៉ោង​មុន​ការ​ទៅ​ដល់​របស់​លោក​ប្រធានាធិបតី​រ៉ូហានី រដ្ឋអំណាច​អូទ្រីស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ទៅ​សួរនាំ និង​បញ្ជាក់​ពី​ការ​ដក​អភ័យឯកសិទ្ធិ​ជា​មន្រ្តីទូត​ពី​លោក​អាសាឌី។ រឿងរ៉ាវ​មួយ​នេះ​ត្រូវ​បាន​លោក​រ៉ូហានី​ចាត់​ទុក​ជា​កល្បិច និង​ជា​ឆាកល្ខោន​រៀបចំ​ដោយ​ក្រុមប្រឆាំង​អ៊ីរ៉ង់​នៅ​បរទេស។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ទង្វើ​គម្រោង​ភេរវកម្ម​ប្រឆាំង​លើ​ពួកប្រឆាំង​អ៊ីរ៉ង់​លើ​ទឹកដី​បារាំង​មួយ​នេះ​ជា​ការ​រៀបចំ​ដោយ​ក្រុមប្រឆាំង​ដើម្បី​ទម្លាក់​កំហុស​លើ​ទីក្រុង​តេហេរ៉ង់ ឬ​ជា​ការ​រៀបចំ​ពិត​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់។

អ្វី​ដែល​គេ​ដឹង រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​រ៉ូហានី​ទើសទាល់ចិត្ត និង​ក្រពុល​មុខ​យ៉ាង​ខ្លាំង។ ប្រសិន​បើ​ជា​ទង្វើ​​រៀបចំ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​មែន នោះ​អឺរ៉ុប​អាច​នឹង​ពិចារណា​ឡើង​វិញ​លើ​ទំនាក់ទំនង​ខ្លួន​ជាមួយ​អ៊ីរ៉ង់ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​កំពុង​ផុយស្រួយ​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ