rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ូឡូញ សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អឺរ៉ុប​ផ្តើម​នីតិវិធី​ប្រឆាំង​ប៉ូឡូញ​ក្នុង​រឿង​កំណែទម្រង់​លើ​ប្រព័ន្ធតុលាការ​ដ៏​ចម្រូងចម្រាស

media
បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​ប៉ូឡូញ REUTERS/Kacper Pempel

នៅ​ក្នុង​ប្រទេស​ប៉ូឡូញ កំណែទម្រង់​លើ​ប្រព័ន្ធ​តុលាការ​កំពុង​បង្ក​ចេញ​នូវ​សង្រ្គាម​ពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​រដ្ឋាភិបាល​អភិរក្សនិយម និង​ក្រុម​ចៅក្រម​នៃ​តុលាការកំពូល។ ជាមួយ​នឹង​ច្បាប់​ថ្មី​ដែល​ទើប​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃ​អង្គារ ទី៣ កក្កដា ចៅក្រម​នៃ​តុលាការកំពូល​ដែល​មាន​អាយុ​លើស​ពី ៦៥ឆ្នាំ​នឹង​ត្រូវ​ចូល​និវត្តន៍​ដោយ​ស្វ័យប្រវត្តិ។ សូម​ជម្រាប​ជូន​ថា​ជាមួយ​នឹង​ច្បាប់​ចាស់ ចៅក្រម​អាច​ប្រកប​មុខ​របរ​របស់​ខ្លួន​រហូត​ដល់​អាយុ ៧០ឆ្នាំ។ ទន្ទឹម​នឹង​ភាព​តានតឹង​ផ្ទៃក្នុង កំណែទម្រង់​នៅ​ប៉ូឡូញ​មួយ​នេះ​ក៏​កំពុង​បញ្ឆេះ​ឲ្យ​ខឹងសម្បារ​ពី​សហភាព​អឺរ៉ុប​ដែរ។ គណៈកម្មការ​អឺរ៉ុប​បាន​ផ្តើម​នីតិវិធី​មិន​ធ្លាប់​មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ូឡូញ។ ជា​និតិវិធី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​មួយ​នេះ​បាត់បង់​សិទ្ធិ​បោះឆ្នោត​នៅ​ផ្ទៃក្នុង​សហភាព​អឺរ៉ុប។ តែ​លោក​ហ្សាក់ រូបនីក អ្នកជំនាញ​ខាង​អឺរ៉ុបកណ្តាល និង​អឺរ៉ុប​បាន​យល់​ឃើញ​ថា ទណ្ឌកម្ម​បែប​នេះ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ។


« សហភាព​អឺរ៉ុប​បាន​ផ្តើម​នីតិវិធី​ជា ៣ដំណាក់កាល ដំណាក់កាល​ទី១ អឺរ៉ុប​សុំ​ការ​ពន្យល់​បំភ្លឺ​ពី​រដ្ឋាភិបាល​ប៉ូឡូញ​លើ​ច្បាប់​ដែល​បាន​អនុម័ត​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៥ ដំណាក់កាលទី២ អឺរ៉ុប​បាន​ផ្តើម​នីតិវិធី​នៃ​ការ​វាយតម្លៃ​ជា​លក្ខណៈ​ទូទៅ​មួយ។ នៅ​ក្នុង​ដំណាក់កាល​ទាំង​ពីរ​នេះ គេ​ត្រូវ​រង់ចាំ​មើល​ចម្លើយ​របស់​រដ្ឋាភិបាល​ប៉ូឡូញ​ជុំវិញ​រឿងរ៉ាវ​ដែល​បាន​កើត​មាន និង​កំពុង​បន្ត​កើត​មាន​នៅ​ប៉ូឡូញ​ទាក់ទង​នឹង​ច្បាប់​ថ្មី​ស្តីពី​ប្រព័ន្ធ​តុលាការ​នេះ។

បន្ទាប់​មក​ទៀត​នៅ​មាន​ដំណាក់កាល​ទី៣ ដែល​ជា​ចម្លើយ​របស់​សហភាព​អឺរ៉ុប​ឆ្លើយ​ចំពោះ​រដ្ឋាភិបាល​ប៉ូឡូញ។ នៅ​ក្នុង​ន័យ​នេះ អឺរ៉ុប​អាច​ប្រើ​ជា​យថាហេតុ​នូវ​មាត្រាទី៧ នៃ​សន្ធិសញ្ញា​ក្រុង​លីសបោន​ដែល​អាច​ឈាន​ទៅ​ព្យួរ​សិទ្ធិបោះឆ្នោត​របស់​ប្រទេស​សមាជិក។ វា​ពិត​ជា​រឿង​មួយ​ពិបាក​នឹង​ជឿ​ដែល​អឺរ៉ុប​អាច​អនុវត្ត​បាន​នូវ​មាត្រា​មួយ​នេះ ព្រោះ​ប្រទេស​ហុងគ្រី​ដែល​ជា​សមាជិក​ម្នាក់​ដែរ​នោះ​បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន​នឹង​មិន​បោះឆ្នោត​គាំទ្រ​លើ​ទណ្ឌកម្ម​បែប​នេះ​ប្រឆាំង​ប៉ូឡូញ​ទេ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ដែល​អឺរ៉ុប​បាន​ផ្តើម​គិតគូរ​ប្រើ​នីតិវិធី​មួយ​នេះ​ជា​ការ​ដាក់​គំនាប និង​ជា​សម្ពាធ​មួយ​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល​ប៉ូឡូញ ហើយ​ដែល​ទង្វើ​មួយ​នេះ​អាច​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប៉ូឡូញ​ផ្តើម​បន្ធូរបន្ថយ និង​ឈាន​ទៅ​ធ្វើ​វិសោតនកម្ម​ច្បាប់​នោះ​ផង »៕