អានតួអត្ថបទ
បារាំង-អាហ្រ្វិក

បារាំង-អាហ្រ្វិក៖​លោក​ម៉ាក្រុង​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​បារាំង​ក្នុង​ការ​ប្រឆាំង​ពួកជីហាត​នៅ​តំបន់​សាហ៊ែល

នៅ​ក្នុង​ឱកាស​ជំនួបកំពូល​សហភាពអាហ្រ្វិក​លើកទី៣១ រៀបចំ​ក្នុង​ទីក្រុង​ណួកសុត ប្រទេស​ម៉ូរីតានី​នា​ថ្ងៃ​ចន្ទ ទី២ មិថុនា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​រួម​ប្រជុំ​ជាមួយ​សមភាគី​ទាំង ៥ប្រទេស​អាហ្រ្វិក​ក្នុង​តំបន់​សាហ៊ែល គឺ​ម៉ូរីតានី ម៉ាលី នីហ្សេ ឆាដ និង​ប្រទេស​បួគីណា​ហ្វាសូ។ នៅ​ក្នុង​ជំនួប​រយៈពេល ២ម៉ោង ប្រមុខរដ្ឋ​ទាំង ៦ប្រទេស​បាន​ពិភាក្សា​លើ​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​ពី​ពួក​ជីហាត​នៅ​ក្នុង​តំបន់។ ជំនួប​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ភេរវកម្ម​ចំនួន​ពីរ​ក្នុង​ប្រទេស​ម៉ាលី​កាល​ពី​ថ្ងៃ​សុក្រ ទី២៩ មិថុនា និង​ថ្ងៃ​អាទិត្យ ទី១ កក្កដា​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ម៉ាលី​ចំនួន ៧នាក់ និង​របួស​ទាហាន​បារាំង​ចំនួន ៣នាក់។ នា​ឱកាស​ទស្សនា​វិទ្យាល័យ​យោធា​មួយ​របស់​ក្រុម ៥ប្រទេស​សាហ៊ែល​ក្នុង​ទីក្រុង​ណួកសុត លោក​ម៉ាក្រុង​បាន​ឆ្លៀត​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​បារាំង​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​នៅ​ក្នុង​តំបន់​សាហ៊ែល។

លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង
លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង Ludovic MARIN / POOL / AFP
ផ្សាយពាណិជ្ជកម្ម

« នៅ​ទីនេះ ខ្ញុំ​ចង់​និយាយ​បញ្ជាក់​ឡើង​វិញ​ពី​ការ​សន្យា​យ៉ាង​ពេញលេញ​របស់​បារាំង​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម ពិសេស​ពី​កម្លាំង​ទាហាន​របស់​យើង​ដែល​កំពុង​បំពេញ​បេសកកម្ម និង​កិច្ចសហប្រតិបត្តិ​នៅ​ក្នុង​ក្របខ័ណ្ឌ​បាកាន។ ខណៈ​នេះ ទាហាន​បារាំង​ដែល​បាន​រងរបួស​ថ្មីៗ​នៅ​ក្នុង​ការ​វាយប្រហារ​ពី​ពួក​ជីហាត​ក្នុង​ប្រទេស​ម៉ាលី​ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​បារាំង​ហើយ។

យើង​មិន​ចុះ​ញ៉ម​ជា​ដាច់​ខាត យើង​បន្ត​ពួត​ដៃ​គ្នា​ក្នុង​ការ​ប្រឆាំង​ទប់​នឹង​ពួក​ជីហាត ហើយ​យើង​នឹង​ទទួល​បាន​ជោគជ័យ​ទាំង​អស់​គ្នា​នៅ​ក្នុង​យុទ្ធនាការ​មួយ​នេះ។ យើង​នឹង​ទទួល​ជោគជ័យ​តាម​រយៈ​ឆន្ទៈ និង​ការ​ប្តេជ្ញាចិត្ត​ផ្លូវយោធា រួម​ទាំង​តាម​រយៈ​ការ​សម្របសម្រួល​ផ្នែក​សន្តិសុខ។ បន្ទាប់​មក យើង​ក៏​នឹង​ទទួល​ជោគជ័យ​ផង​ដែរ​តាម​រយៈ​ការងារ​ផ្លូវទូត។

ក្រៅ​ពី​នោះ ក៏​មាន​ការ​រៀបចំ​ឲ្យ​បាន​ប្រសើរ និង​ស៊ីសង្វាក់​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​ដែល​ស្ថិត​ក្រោម​រដ្ឋអំណាច​អាហ្រ្វិក និង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព។ បន្ទាប់​មក​ទៀត ជោគជ័យ​ក៏​នឹង​ទទួល​បាន​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​ក្នុង​ផ្នែក​អភិវឌ្ឍន៍ ក្នុង​ផ្នែក​អប់រំ​មាន​ន័យ​ថា ធ្វើ​ឲ្យ​ចុះ​ទន់ខ្សោយ​នូវ​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​រចនាសម្ព័ន្ធ​របស់​ពួកជីហាត និង​គ្រប់​ទម្រង់​ភេរវនិយម​ទាំង​អស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ