rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ម៉ាលី អាហ្វ្រិក ភេរវកម្ម កងទ័ព ម៉ូរីតានី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភេរវកម្ម​អត្តឃាត​សំដៅ ទាហាន​បារាំង នៅ​ប្រទេស​ម៉ាលី

media
មេបញ្ជាការ​ទាហាន​បារាំង​លោក Gauthier ឈរ​និយាយ​ជាមួយ​ទាហាន​ម៉ាលី នៅថ្ងៃទី១ វិច្ឆិកា ២០១៧ នៅ​ព្រំដែន​ម៉ាលី ជាមួយ​ប្រទេស​បួគីណាហ្វាសូួ ©Daphné BENOIT / AFP

ក្បួនរថយន្ត​ល្បាត​របស់​ទាហាន​បារាំង និង​ម៉ាលី បាន​រងការវាយប្រហារ​ភេរវកម្ម​អត្តឃាត នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ភាគខាងជើង​ប្រទេស​ម៉ាលី។ តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​បារាំង ភេរវកម្ម​អត្តឃាត​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ពីរនាក់​ស្លាប់ និង​ធ្វើ​ឲ្យ​ទាហាន​បារាំង ពី ៤ទៅ ៨​នាក់​រងរបួស។ អំពើ​ភេរវកម្ម សំដៅ​កងកម្លាំង​ប្រដាប់អាវុធ បារាំង ធ្វើឡើង​នៅ​មួយថ្ងៃ​ក្រោយ ដែល​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ត្រូវ​ទៅ​ប្រទេស​ម៉ាលី ដើម្បី ជួបពិភាក្សា ជាមួយ ថ្នាក់ដឹកនាំ​របស់​កងកម្លាំង​អាហ្រ្វិក ដើម្បី​ប្រយុទ្ធប្រឆាំង ក្រុមភេរវនិយម នៅ​សាអែល ក្នុង​ទឹកដី​អាហ្រ្វិក។

 


នៅក្នុង​រយៈពេល ៣ថ្ងៃ ប្រទេស​ម៉ាលី បាន​រង​ការវាយប្រហារ​ភេរវកម្ម ផ្ទួនៗគ្នា​ដល់ទៅ​៣លើក។ នៅថ្ងៃអាទិត្យ ក្បួនរថយន្ត ដឹក​ទាហាន​បារាំង បានក្លាយ​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ភេរវករ​អត្តឃាត។ តាម​មន្រ្តី​យោធា ម៉ាលី ភេរវជន បាន​បំផ្ទុះ​រថយន្ត ដែល​ពួកគេ​បាន​បើក​ទៅ​បុក​រថពាស​ដែក​ដឹក​ទាហាន​បារាំង។

អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​បារាំង លោក Patrick Steiger វិញបាន​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា ទាហាន​បារាំង​មិន​បាន​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះទេ ប៉ុន្តែ ពួកគេ​ទាំង​៣០​នាក់​ដែល​ស្ថិតនៅក្នុង​ហេតុការណ៍ ត្រូវ​បាន​គេដឹកជញ្ជូន​ទៅ​ទីកន្លែង​សុវត្ថិភាព​មួយ​រួចហើយ។

ភេរវកម្ម​អត្តឃាត កើតឡើង​នៅ​ចំថ្ងៃ​ដែលបើកជំនួប​កំពូល​សហភាពអាហ្វ្រិក និង​នៅ​តែ​ពីរថ្ងៃ​ក្រោយ ដែល អគារ​របស់​ទីស្នាក់ការ​កណ្តាល​របស់​កម្លាំង​សន្តិសុខ​ពិសេស ​តំបន់​សាហ៊ែល​អាហ្វ្រិក នៅ​ប្រទេស​ម៉ាលី បាន​រង​ការវាយប្រហារ​ពី​ក្រុម​ភេរវជន​អត្តឃាត ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​៦នាក់ ក្នុង​នោះ ពីរនាក់​ជា​ទាហាន​ម៉ាលី។ មួយវិញទៀត ភេរវកម្ម​សំដៅ ទាហាន​បារាំង ដែល​សហការ​ល្បាត​ជាមួយ​ទាហាន​ម៉ាលី ធ្វើឡើង នៅ​តែ​មួយថ្ងៃ​មុន​ដែល​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ូរីតានី ដើម្បី ជួបនិយាយ​ជាមួយ មេដឹកនាំ​អាហ្វ្រិក ពី​បេសសកម្ម​របស់​កងកម្លាំង​អាហ្វ្រិក នៅ​តំបន់​សាអែល។

បារាំង​បាន​គាំទ្រ​ជាពិសេស​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់ ​កម្លាំង​សន្តិសុខ​ពិសេស ​តំបន់​សាហ៊ែល ដែល​បារាំង​ប៉ង​ចង់​ឲ្យ​ធ្វើ​ជា​អ្នកស្នង បន្ត​ប្រតិបត្តិការ របស់​ទាហាន​បារាំង ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​ទឹកដី​ម៉ាលី។ នៅម៉ាលី ទាហាន​បារាំង៤ពាន់​នាក់ ត្រូវ​បាន​ពង្រាយ​ឲ្យ​រក្សា​សន្តិសុខ នៅតាម​ព្រំដែន ជាមួយ​នឹង​កងកម្លាំង​មួយខៀវ​របស់​អង្គការ​សហប្រជាជាតិ ប្រមាណ ១២ ០០០​នាក់។ ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​ជា​បណ្តាញ​របស់​ក្រុមអាល់កៃដា ត្រូវ​បាន​កម្ចាត់​ភាគច្រើន ចេញ​ពី​ទឹកដី​អាហ្វ្រិក ចាប់តាំង​ពី​បារាំង​បើក​ប្រតិបត្តិការ​យោធា នៅ​ប្រទេស​ម៉ាលី នៅ​ដើម​ឆ្នាំ ២០១៣។ បង្កើតឡើង​នៅ​ឆ្នាំ ២០១៧  ​កម្លាំង​សន្តិសុខ​ពិសេស តំបន់​សាហ៊ែលអាហ្រ្វិក  ដែល​មាន​ការចូលរួម​ពី​៥ប្រទេស មាន​គម្រោង​បង្កើន​ចំនួន​ទ័ពអាហ្វ្រិក ដល់​៥ពាន់នាក់។ ប៉ុន្តែ បញ្ហា​ហិរញ្ញវត្ថុ និង​ការចោទប្រកាន់​ជាច្រើន ស្តី​ពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​ទាហាន​អាហ្វ្រិក បាន​ក្លាយ​ជាឧបសគ្គ ធ្វើ​ឲ្យ​ការបង្កើត កង​កម្លាំង​ពិសេស​អាហ្រ្វិក សាហ៊ែល អាហ្រ្វិក មានតែ​នៅលើ​ក្រដាស៕