អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​រកឃើញ​កិច្ចព្រមព្រៀងដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំង​២៨​របស់​សហភាពអឺរ៉ុប នៅទីបំផុត​ទៅ​បាន​រកឃើញ​កិច្ចព្រមព្រៀង​រួម ដើម្បី​បញ្ចប់​វិបត្តិ​អន្តោប្រវេសន៍ ដែល​ជា​ប្រភព​នៃ​ការបែកបាក់​គ្នា រវាង​ប្រទេស​សមាជិក​អឺរ៉ុប។ អ៊ីតាលី​ធ្លាប់​គំរាម​បន្ទុចបង្អាក់ មិន​ឲ្យ​ជំនួបកំពូល​ចេញ​សេចក្តី​ថ្លែងការណ៍​រួម បើសិន​អឺរ៉ុប​មិន​ជួយ​រកមធ្យោបាយ សម្រាលបន្ទុក​អន្តោប្រវេសន៍​របស់​អ៊ីតាលី។ ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ អ៊ីតាលី​បាន​សម្រេច​ចូលរួម ជាមួយ​អឺរ៉ុប ក្នុង​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍។ 

ថ្នាក់ដឹកនាំ​អឺរ៉ុប​ជួបប្រជុំ​គ្នា​ក្នុង​ជំនួបកំពូល​នៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិកថ្ងៃទី ២៨​មិថុនា ២០១៨
ថ្នាក់ដឹកនាំ​អឺរ៉ុប​ជួបប្រជុំ​គ្នា​ក្នុង​ជំនួបកំពូល​នៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិកថ្ងៃទី ២៨​មិថុនា ២០១៨ ©Stephanie Lecocq/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រជុំ អស់ពេញ​មួយ​យប់​(៩ម៉ោង) នៅ​ថ្ងៃ​ព្រហស្បតិ៍ រហូត ដល់​ម៉ោង ៥​ទាបភ្លឺ ម៉ោង​នៅ​ស្រុក​បារាំង ថ្នាក់ដឹកនាំ របស់​ប្រទេស​ទាំង​២៨ សមាជិក​របស់​សហភាព​អឺរ៉ុប​បាន​រកឃើញ​កិច្ចព្រមព្រៀង​រួម​គ្នាមួយ ដើម្បី​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍។ ប៉ុន្មាន​សប្តាហ៍​មកហើយ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន ខ្វែងគំនិត​ខ្លាំងណាស់ ក្នុងរឿង​ទទួល​ជនអន្តោប្រវេសន៍ ដែល​ធ្វើដំណើរ​ចូល​មក​ទឹកដីអឺរ៉ុប។

អ៊ីតាលី ដែល​ធ្លាប់​គំរាម​រារាំង​មិន​ឲ្យ​អឺរ៉ុប​ចេញ​សេចក្តី​ថ្លែងការណ៍​រួម នៅទីបំផុត​បាន​ចុះ​ហត្ថលេខា លើ​សេចក្តីថ្លែងការណ៍ រួម នៅក្រោយ​កិច្ចព្រមព្រៀង ត្រូវ​បាន​រកឃើញ ក្នុង​ជំនួបកំពូល អឺរ៉ុប នៅថ្ងៃ​ព្រហស្បតិ៍។ កិច្ចព្រមព្រៀង ស្តី​ពី​ជនអន្តោប្រវេសន៍ សំខាន់​ណាស់ ព្រោះ​វាជា​កត្តា​កំណត់ អនាគត​ដ៏ផុយស្រួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ផង និង​ជួយ​បិទបញ្ចប់ ការខ្វែង​គំនិត​គ្នា រវាង​ប្រទេស​សមាជិក​អឺរ៉ុប ក្នុងរឿង​ទទួល​ជនភៀសខ្លួនផង។

នៅក្រោយ​ការចរចា ៩ម៉ោង នាយករដ្ឋមន្រ្តី​អ៊ីតាលី ដែល​ដាក់​សំពាធ​រហូតមក​លើ​ប្រទេស​ដៃគូ​អឺរ៉ុប បាន​ប្រកាស​ប្រាប់​អ្នកកាសែត ថា អ៊ីតាលី​លែង​នៅ​ឯកោ តែម្នាក់​ទៀតហើយ។ កិច្ចព្រមព្រៀង បាន​ឆ្លើយតប​នឹង​ការទាមទារ ចង់បាន របស់​រដ្ឋាភិបាល​អ៊ីតាលី ដែល​ចង់​ឲ្យ​មាន​យន្តការ​អឺរ៉ុប ទៅ​ជួយ សម្រាល​បន្ទុក​របស់​អ៊ីតាលី ក្នុង​រឿងទទួល​លំហូរជនអន្តោប្រវេសន៍។

អ៊ីតាលី​យល់ថា ខ្លួន​បាន​រងគ្រោះ​ដោយសារ​តែ​គេ​បាន​អនុវត្ត​ច្បាប់​Dublin។ តាម​ច្បាប់​Dublin ប្រទេស​ណា ដែល​បាន​ទទួល​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន​មុនគេ គឺ​ជាអ្នកទទួល​បន្ទុក ចាត់ចែង រឿង​ផ្តល់​ក្រដាសស្នាម ឬ​និតិផ្តល់​សិទ្ធិជ្រកកោន ដល់​ជនអន្តោប្រវេសន៍។ អ៊ីតាលី និង​ក្រិក ដែល​ប្រឈម​ខ្លាំង​ជាងគេ​នឹង​ការមកដល់​នៃ​ជនអន្តោប្រវេសន៍​តាមទូក នៅ​សមុទ្រ មេឌីទែរ៉ាណេ បាន​បរិហារិះគន់​រហូតមក ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ថា អត្មានិយម មិនព្រម​ជួយ​រំលែក​ទទួល​យក​ជនអន្តោប្រវេសន៍​ពី​ខ្លួន។ អ៊ីតាលី ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង នៅថ្ងៃនេះ ពីព្រោះ​ថា កិច្ចព្រមព្រៀង​នេះ​ដែល​មិន​បាន​កំណត់ ចាប់បង្ខំ ឲ្យ​ប្រទេស​សមាជិក អឺរ៉ុប ត្រូវ​តែ​ទទួល​ជនភៀសខ្លួន នោះទេ នឹង​ជួយ​ឲ្យ​អ៊ីតាលី លែង​ទទួល​បន្ទុក​តែម្នាក់ លើ​រឿងទទួល​ជនភៀសខ្លួន ជនអន្តោប្រវេសន៍។ ទៅតាម កិច្ច​ព្រមព្រៀង ប្រទេស​នៅ​អឺរ៉ុប អាច​ទទួល ជនអន្តោប្រវេសន៍ ទៅតាម​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​និង​ការសាមគ្គីភាព​គ្នា​រវាង​ប្រទេស​សមាជិក​អឺរ៉ុប។

កិច្ចព្រមព្រៀង​អឺរ៉ុប​លើកនេះ បាន​ជួយ​រដ្ឋាភិបាល​ចម្រុះ របស់​លោកស្រី​ម៊ែរកិល មិន​ឲ្យ​ប្រេះឆា។ ជាមួយ​កិច្ចព្រមព្រៀង លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អាច​ត្រលប់​ទៅ​ក្រុង​ប៊ែឡាំង ដើម្បី បញ្ចុះបញ្ចូល​កុំ​ឲ្យ​រដ្ឋមន្រ្តី​មហាផ្ទៃ មកពី​គណបក្ស​ដៃគូ ​ដើរ​ចេញ​ពី​រដ្ឋាភិបាល។ រដ្ឋមន្រ្តី​មហាផ្ទៃ​អាល្លឺម៉ង់ បាន​គំរាម​រួចហើយថា នឹង​ចាប់បញ្ជូន​ចេញពី​ប្រទេស​អាល្លឺម៉ង់​វិញ នូវ​ ជនអន្តោប្រវេសន៍ ទាំងឡាយណា ដែល​បាន​ចុះ​ឈ្មោះ នៅ​ប្រទេស​អឺរ៉ុប​ផ្សេង ប៉ុន្តែ បាន​ធ្វើដំណើរ​មក​តាំងទី នៅ​ទឹកដី​អាល្លឺម៉ង់។

តាម​កិច្ចព្រមព្រៀង ថ្មី សមាជិក​សហភាព​អឺរ៉ុប​បាន​យល់ព្រមព្រៀងគ្នា គ្រប់គ្រង​ឲ្យ​តឹងរ៉ឹង​ជាងមុន មិន​ឲ្យ​ជនអន្តោប្រវេសន៍​ដែល​បាន​ចុះឈ្មោះ​ក្នុង​ទឹកដី​ខ្លួន អាច​ដើរ​ចេញ ចូល ស្រេចចិត្ត ក្នុង​លំហរ​អឺរ៉ុប​ដូចមុន​នោះទេ។

កិច្ចព្រមព្រៀង ដែល​និយាយ​ច្រើន​ពីគោលការណ៍​ស្ម័គ្រចិត្ត

កិច្ចព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​មានចែង​ពី​ចំណុចគោល សំខាន់ៗ ចំនួន ១២ ដូចជា ការសហការ​គ្នា ជា​ធ្លុងមួយ នៅ​ក្នុង​រង្វង់​ប្រទេស​សមាជិក​អឺរ៉ុប​ដើម្បី​ទទួល​ជនអន្តោប្រវេសន៍ ការពង្រឹង​ការត្រួតពិនិត្យ នៅ​តាម​ព្រំដែនខាងត្បូង ហើយ​និង​ខាងកើត​អឺរ៉ុប វិធានការ​ទប់ស្កាត់​ការជួញដូរ​របស់​ពួកមេខ្យល់ ហើយ​និង​ការបង្កើត​ជំរំ​ទទួល​ជនអន្តោប្រវេសន៍ មិនថា ក្នុង​ទឹកដី​អឺរ៉ុប ឬ​នៅ​ប្រទេស​ដើម​របស់​ជនអន្តោប្រវេសន៍។

-ទៅតាម​កិច្ចព្រមព្រៀង សហភាព​អឺរ៉ុប​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ នៅ​តាម​ព្រំដែន អឺរ៉ុប ហើយ​ការត្រួតពិនិត្យ នេះត្រូវ​ធ្វើរួមគ្នា​ដោយ​ប្រទេស​នៅអឺរ៉ុប ទាំងមូល គឺមិនមែន​ជា​បន្ទុក​តែម្នាក់ឯង​របស់​ប្រទេស​ដែល​នៅ​ជាប់​ព្រំដែន​អឺរ៉ុប​នោះទេ។

-សហភាព​អឺរ៉ុប​នឹង​បង្កើន​ថវិកាបន្ថែមទៀត សម្រាប់​យន្តការ​ល្បាត និង​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​របស់​ពួកមេខ្យល់ នៅ​សមុទ្រ​មេឌីទែរ៉ាណេ ហើយ​និង​នៅក្នុង​ទឹកដី​លីប៊ី ដែល​កំពុង​ក្លាយ​ជា​កន្លែង​ឆ្លងកាត់ និង​រត់ពន្ធមនុស្ស​ខុសច្បាប់ របស់​បណ្តាញ​ឧក្រិដ្ឋជន។

-ក្នុង​រឿង​ចែករំលែក ទទួល​ជនអន្តោប្រវេសន៍ គេ​បាន​តម្រូវ​ឲ្យ​បង្កើត​ជំរំ​ទទួល​ជនភៀសខ្លួន នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ទៅតាម​ការស្ម័គ្រចិត្ត គឺ​មិនមែន​ប្រមូលផ្តុំ តែ​នៅ​អ៊ីតាលី ឬ​ក្រិក​ដូចមុន​ទៀតនោះទេ។ នៅ​ក្នុងជំរំ​ទទួល​ជនអន្តោប្រវេសន៍ ទៀតសោត គេ​ត្រូវកំណត់​ឲ្យ​បាន​ឆាប់​រវាង អ្នកដែល​ភៀសខ្លួន ដែល​អាចសុំ​សិទ្ធិជ្រកកោន ហើយ​និង​ជនអន្តោប្រវេសន៍​ខុសច្បាប់។ សម្រាប់​អ្នកដែល​ធ្វើដំណើរ​ខុសច្បាប់ មិនមែន​ជា​ជនភៀសខ្លួន គេ​ត្រូវ​ប្រញាប់​ចាប់បញ្ជូន​ទៅ​ប្រទេស​កំណើតវិញ។ ក្នុង​រឿង​បង្កើត​មណ្ឌល​ទទួល​ជនអន្តោប្រវេសន៍ សហភាព​អឺរ៉ុប ដែល​ទទួល​បាន​គំនិត​ពី ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន គ្រោង ចង់​បង្កើត​ឲ្យ​មាន​ជំរំទទួល​ជនអន្តោប្រវេសន៍ នៅក្រៅទឹកដី​អឺរ៉ុប ដូចជា​នៅ​បណ្តាប្រទេស​អាហ្វ្រិក ខាងជើង ដែល​ជា​ប្រទេស​ដើម ឬ​ប្រទេស​ឆ្លងកាត់ របស់​ជនអន្តោប្រវេសន៍។ សហភាព​អឺរ៉ុប​គ្រោងផងដែរ នឹង​បង្កើន​ការចរចា​ជាមួយ បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ដើម្បី​ឲ្យ​ទទួល​យក​ជនអន្តោប្រវេសន៍ ដែល​អឺរ៉ុប​ចាប់បញ្ជូនចេញ ទៅវិញ។

-សហភាព​អឺរ៉ុប​ប្រកាស​ផងដែរ ចង់​បង្កើន​ថវិកា​ជំនួយ ដល់​តួកគី ដែល​បាន​ផ្តល់​ដី​សម្រាប់​ជំរំ​ទទួលជនអន្តោប្រវេសន៍ ជនភៀសខ្លួន ដែល គេច​ចេញពី​សង្រ្គាម នៅ​ស៊ីរី ឬ​នៅ​អាហ្វហ្កានីស្ថាន​ជាដើម។ សម្រាប់​អឺរ៉ុប ការសហការ​ជាមួយ តួកគី បាន​ជួយ​ទប់ស្កាត់ ធ្វើ​ឲ្យ​ចំនួន​ជនអន្តោប្រវេសន៍ ហូរចូល​មក​អឺរ៉ុប​ធ្លាក់ចុះ ច្រើនណាស់ បើប្រៀប​នឹង​ឆ្នាំ ២០១៥។

កិច្ចព្រមព្រៀង ដែល​ល្អមើល ប៉ុន្តែ ដែល​គ្មានអ្នកណា​ចង់គោរពធ្វើ​តាម

កិច្ចព្រមព្រៀងគឺ​គ្រាន់តែ​ល្អមើល ប៉ុន្តែ មិនប្រាកដទេ ថា នឹង​ជួយដោះស្រាយ​វិបត្តិអន្តោប្រវេសន៍ ឲ្យ​ស៊ី​ជម្រៅ​នោះទេ។ នៅក្នុង​កិច្ចព្រមព្រៀង គេ​បាន​សរសេរ​ច្បាស់​ណាស់​ថា គ្រប់​ប្រទេស​នៅ​អឺរ៉ុប​អាច​បង្កើត​ជំរំ ទទួល​ជនអន្តោប្រវេសន៍​ក្នុង​ទឹកដី​ខ្លួន ទៅតាម​ការស្ម័គ្រចិត្ត។ គឺ​ពាក្យ​ស្ម័គ្រចិត្ត​នេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ដឹង​ភ្លាមថា វិបត្តិអន្តោប្រវេសន៍ នៅ​អឺរ៉ុប គឺ​គ្មាន​ថ្ងៃ​ដោះស្រាយ​ចេញរួចនោះទេ។ បារាំង អាល្លឺម៉ង់ ជាដើម ដែល​លើកនិយាយ​ច្រើន​ពីគោលការណ៍ ចែករំលែក របស់​សហភាពអឺរ៉ុប ដើម្បី សម្រាលបន្ទុក​របស់​បណ្តាប្រទេស​នៅ​សមុទ្រ មេឌីទែរ៉ាណេ​ដូចជា​អ៊ីតាលី ក្រិក ឬ​អេស្ប៉ាញ គឺ​នឹង​មិន​ចេញមុខ ស្ម័គ្រចិត្ត​ទទួល​ជនអន្តោប្រវេសន៍​នោះទេ។

ក្នុង​រឿង​បង្កើត​ជំរំ​ដាក់ជនអន្តោប្រវេសន៍ បណ្តោះអាសន្ន នៅក្រៅទឹកដី​អឺរ៉ុប ក្នុង​ពេល​សិក្សា​ឯកសារ​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ គឺ​រឹតតែ​មិនអាច​ទៅរួចទៅទៀត។ ប្រទេស​ម៉ារ៉ុក ទុយនីស៊ី អាល់បាលី ដែល​សហភាព អឺរ៉ុប​គ្រោង​ចង់​ចរចា​បង្កើត​ជំរំ ទទួល​ជនអន្តោប្រវេសន៍ បាន​ចេញមុខ រួចហើយ​ប្រឆាំង​នឹង​គំនិតចង់​បាន​របស់​សហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ