អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​រុស្ស៊ី​ប្រឆាំង មិនទទួល​ស្គាល់អំណាច​ថ្មី​របស់​អង្គការ ហាមឃាត់​អាវុធ​គីមី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​សមាជិក​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៅថ្ងៃ​ពុធ​ម្សិលមិញ បានសម្រេច ​បោះឆ្នោត បន្ថែមអំណាច ដល់​អង្គការ​អន្តរជាតិ​មួយ នេះ ដើម្បី​ចង្អុលមុខ រកអ្នកដែល​ទទួលខុសត្រូវ​ប្រើ​អាវុធគីមី។ កន្លងមក អង្គការ​ហាមឃាត់​អាវុធ​គីមី មានតួនាទី​ត្រឹម​ស៊ើបអង្កេត ថា តើ​ពិតជា​មានការប្រើអាវុធ​គីមី តែប៉ុណ្ណោះ ប៉ុន្តែ គ្មាន​សមត្ថភាព ឬ​តួនាទី រកមុខ​អ្នកប្រើអាវុធគីមី​នោះទេ។ នៅថ្ងៃ​ព្រហស្បតិ៍ទី ២៨ មិថុនា រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី ជាទី​ដែល​មាន​ការសង្ស័យ ប្រើអាវុធ គីមី នៅក្នុង​សមរភូមិ​សង្រ្គាម បាន​ចេញមុខ ប្រឆាំង​មិន​ទទួល​ស្គាល់​អំណាច​ថ្មី​របស់​អង្គការ ហាមឃាត់​អាវុធគីមី។ 

អង្គការ​ហាមឃាត់​អាវុធគីមី ​ (OPCW) បើកការប្រជុំ​ពិសេនៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃទី ២៦មិថុនា ២០១៨
អង្គការ​ហាមឃាត់​អាវុធគីមី ​ (OPCW) បើកការប្រជុំ​ពិសេនៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃទី ២៦មិថុនា ២០១៨ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ប្រទេស​សមាជិក​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​បោះឆ្នោត លើ​សេចក្តីសម្រេច មួយ ដែល​ស្នើឡើង​ដោយ​អង់គ្លេស ដើម្បី ផ្តល់​អំណាច ថ្មី​បន្ថែម​ដល់​អង្គការ​អន្តរជាតិ​មួយនេះ ក្នុង​ការដៅឈ្មោះ​អ្នកដែល​បាន​ប្រើអាវុធ​គីមី សម្លាប់​មនុស្ស។

អង់គ្លេស ដែល​រងគ្រោះ​ផ្ទាល់​ដោយ​ករណី​ប្រើអាវុធ​គីមី នៅក្នុង​ទឹកដី របស់ខ្លួន គឺ​ជា​អ្នកដែល​បាន​ស្នើ​សេចក្តីសម្រេច ដោយ​មាន​ការគាំទ្រ​ពី​បារាំង ហើយ​និង​អាមេរិក។ អំណើះ​តទៅ ក្រៅតែ​ពីអាច​ស៊ើបអង្កេត លើ​ករណី​ប្រើប្រាស់​អាវុធគីមី អង្គការ​ហាមឃាត់​អាវុធគីមី​មាន​អំណាច​ផងដែរ ដៅ ចង្អុរឈ្មោះ អ្នកដែល​បាន​ប្រើប្រាស់ ឬទទួល​ខុសត្រូវ​ឲ្យ​មាន​ការប្រើអាវុធ​គីមី​សម្លាប់​មនុស្ស។

បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៧ អង្គការ​ហាមឃាត់​អាវុធ​គីមី ដែល​មានទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ មាន​ទិសដៅ លុបបំបាត់​ទាំងស្រុង អាវុធគីមី គ្រប់ប្រភេទ ក្នុងពិភពលោក។ អង្គការ​ដែល​មាន​ប្រទេស​សមាជិក ចំនួន ១៩៣​ប្រទេស មាន​តួនាទី តាមដាន​មើលថា តើ​អនុសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​គីមី ត្រូវ​បាន​ប្រទេស​ហត្ថលេខី គោរព បាន​យ៉ាង​ខ្ជាប់ខ្ជួន​ដែរឬទេ។ នៅ​ឆ្នាំ ២០១៣ អង្គការ​ហាមឃាត់​អាវុធ​គីមី ដែល​បាន​ចូលរួម ក្នុង​យុទ្ធនាការ បំផ្លាញ អាវុធ​គីមី របស់​រដ្ឋាភិបាល​ស៊ីរី បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព សម្រាប់​ការប្រឹងប្រែង​របស់​ស្ថាប័ន ក្នុង​ការលុប​បំបាត់​អាវុធ​គីមី។

បច្ចុប្បន្ននេះ អង្គការ​ហាមឃាត់​អាវុធ​គីមី កំពុង​ស៊ើបអង្កេត​ទៅលើ​ករណី​សង្ស័យ ប្រើប្រាស់​អាវុធ​គីមី សម្លាប់​មនុស្ស នៅក្នុង​ប្រទេស​ស៊ីរី ហើយ​និង​នៅ​ប្រទេស​អង់គ្លេស។ បញ្ហា​គឺនៅត្រង់​ថា អង្គការ ហាមឃាត់​អាវុធ​គីមី មាននាទី ត្រឹម​តែ ស៊ើបអង្កេតថា តើ​ពិតជាមាន​ការវាយប្រហារ​ដោយ​ប្រើអាវុធ​គីមី ដែរឬទេ តែប៉ុណ្ណោះ គឺ​មិន​គ្មាន​សមត្ថកិច្ច ដើម្បីបញ្ជាក់​ថា អ្នកណា​ជា​ប្រព្រឹត្ត ប្រើ​អាវុធ​គីមី​នោះ​ទេ។

សូមអាន៖ បារាំង​ចង់ឲ្យ​អង្គការ​ប្រឆាំង​អាវុធ​គីមី អាច​មាន​លទ្ធភាព​កំណត់មុខ ​អ្នក​ទទួល​ខុសត្រូវ

នៅក្នុង​កិច្ចប្រជុំ​ពីរថ្ងៃ នៅទីស្នាក់ការ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៅទីក្រុង​ឡាអេ ​គេបាន​លើក​ពី​ករណី​ប្រើប្រាស់​អាវុធ​គីមី ដើម្បី ធ្វើឃាត គីម ជុងណាម បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង ករណី​បំពុលសម្លាប់ ចារកិច្ច​រុស្ស៊ី ក្នុង​ទឹកដី អង់គ្លេស ហើយ​និងការ​ប្រើប្រាស់ អាវុធគីមី សម្លាប់​មនុស្ស​ក្នុងទឹកដី​ស៊ីរី។ និទណ្ឌភាព ការរួចផុត​ពី​ការចោទប្រកាន់​សម្រាប់​ជនដៃដល់ ដែល​ប្រើប្រាស់​អាវុធ​គីមី រហូតមកនេះ គឺ​ជា​ហេតុផល ចំបង ដែល​ជំរុញ ឲ្យ​គេ​ចាំបាច់ ត្រូវ​ធ្វើកំណែទម្រង់ ពង្រឹង​អំណាច​បន្ថែម ដល់​អង្គការ​ហាមឃាត់​អាវុធ​គីមី។ ការបន្ថែម​អំណាច ដល់​ស្ថាប័ន​ហាមឃាត់អាវុធ គីមី ធ្វើឡើង​នៅមុន​ពេល​ដែល​អង្គការ​ហាមឃាត់អាវុធ​គីមី​ត្រូវ​ចេញ​របាយការណ៍​ស៊ើបអង្កេត​ទៅ​លើ​ការវាយប្រហារ ដែល​គេ​សង្ស័យថា ជា​ការវាយប្រហារ​សម្លាប់មនុស្ស​ដោយ​អាវុធគីមី ទៅលើ​ប្រជាជន​ស៊ីរី កាលពី​ខែ មេសា ឆ្នាំ ២០១៨។

រុស្ស៊ី​ប្រកាស​មិនទទួល​ស្គាល់​អំណាច​បន្ថែម​ថ្មី​របស់​អង្គការ​ហាមឃាត់អាវុធ​គីមី

នៅក្នុង​ការបោះឆ្នោត​បិទទ្វារ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រុស្ស៊ី រួមជាមួយ​ប្រទេស​ចំនួន ២៤ បាន​បោះឆ្នោត​ប្រឆាំង នឹង​ការបន្ថែម​អំណាចថ្មី ឲ្យ​អង្គការ​ហាមឃាត់​អាវុធគីមី។

សេចក្តីសម្រេច​ផ្តល់​អំណាចបន្ថែម ដល់​អង្គការ​ហាមឃាត់​អាវុធ គីមី ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​តែ ពី​ប្រទេស​ចំនួន​៨២ និង​មាន​អ្នកប្រឆាំង​ដល់​ទៅ ២៤ ដែលនៅក្នុង​នោះ មាន​រុស្ស៊ី និង​ប្រទេស​ស៊ីរី ដែល​ទាំងពីរ​សុទ្ធ​តែ​ជាសមាជិក​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី។ ប៉ុន្តែ សំឡេង​គាំទ្រ ៨២ គឺ​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​សេចក្តីព្រាង​របស់​អង់គ្លេស អនុម័ត​ជា​ផ្លូវការ ព្រោះ​វា​តំណាង​ឲ្យ​ពីរភាគបី នៃ​សំឡេង​អ្នកបោះឆ្នោត​សរុប។

រុស្ស៊ី និង​ស៊ីរី សុទ្ធតែ​កំពុង​ជាប់សង្ស័យ ក្នុង​រឿង​ប្រើប្រាស់​អាវុធ គីមី​សម្លាប់​មនុស្ស បាន​បោះឆ្នោត​ប្រឆាំង។ មុន​នឹង​ត្រូវ​រំលាយ​ចោល ទៅវិញ នៅ​ខែ​ធ្នូ​ឆ្នាំមុន បេសកកម្ម​ស៊ើបអង្កេត​មួយ របស់​អង្គការ​សហប្រជាជាតិ ដែលរួម​គ្នា​ជាមួយ អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​ចេញ​សេចក្តី​សន្និដ្ឋាន ថា របបស៊ីរី​របស់​ប្រធានាធិបតី​បាស្ហា អាល់អាសាដ ជា​អ្នកប្រើប្រាស់​អាវុធ​គីមី ដូចជា​ក្លរ ហើយ​និងឧស្ម័ន សារ៉ាំង ដល់ទៅ ៤លើក ដើម្បី​សម្លាប់​ប្រជាជននៅក្នុង​តំបន់​គ្រប់គ្រុង​ដោយ​ក្រុមប្រឆាំង​ស៊ីរី។

ចំណែក​រុស្ស៊ីវិញ កំពុង​ត្រូវ​អង់គ្លេស ចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយ ការប៉ុនប៉ង សម្លាប់​ដោយ​ប្រើអាវុធ​គីមី ទៅលើ​ចារកិច្ច​រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស។ ទីក្រុង​ម៉ូស្គូ​រហូត​មក​បាន​បដិសេធ ទាត់ចោល​ការចោទប្រកាន់​របស់​អង់គ្លេស។ អនុរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី នៅថ្ងៃ​នេះ នៅបាន​ចេញមុខ បដិសេធ​មិន​ទទួល​ស្គាល់ ការបន្ថែមអំណាច​ដល់​អង្គការ​ហាមឃាត់​អាវុធ គីមី ព្រោះ​បើតាម​ក្រុង​ម៉ូស្គូ រឿងទាំងអស់​នេះ​ផ្តួចផ្តើមឡើង ដោយ​ក្រុងឡុងដ៍ ដើម្បី​ប្រឆាំង រុស្ស៊ី។ សម្រាប់​រុស្ស៊ី ការដៅឈ្មោះ​អ្នកទទួល​ខុសត្រូវ ប្រើប្រាស់​អាវុធ​គីមី គឺ​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិនមែន​របស់អង្គការ​ហាមឃាត់​អាវុធ​គីមីនោះទេ។ រុស្ស៊ីវាយតម្លៃថា អង្គការ​ហាមឃាត់​អាវុធ​គីមី មាន​នាទី​ត្រឹម​តែ​ទប់ស្កាត់ ការមិនរីកសាយ​អាវុធ​គីមី​តែប៉ុណ្ណោះ។

ប៉ុន្តែ បញ្ហា​នៅត្រង់​ថា ក្រុមប្រឹក្សា​សន្តិសុខ រហូត​ដល់​ពេលនេះ គ្មាន​លទ្ធភាព​ចោទប្រកាន់​ជនដៃដល់​ដែល​ប្រើអាវុធ​គីមី ណាមួយ​នោះទេ ជាពិសេស នៅក្នុង​ករណី​សង្ស័យ ប្រើអាវុធ​គីមី នៅ​ប្រទេស​ស៊ីរី  ដោយសារ​តែ​ការបោះឆ្នោត​វេតូ​របស់​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត របស់​រដ្ឋាភិបាលស៊ីរី និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ដោយសារ​តែ​ការបោះឆ្នោត​វេតូ​របស់​រុស្ស៊ី នេះហើយ ដែល​បេសសកម្ម​របស់​អង្គការ​សហប្រជាជាតិ​រួមជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី នៅ​ទីបំផុត ត្រូវ​រំលាយ​ទៅវិញ បន្ទាប់​ពីបាន​សន្និដ្ឋានថា គឺរដ្ឋាភិបាល​ស៊ីរី សម្ព័ន្ធមិត្ត​របស់​ក្រុងម៉ូស្គូ ដែល​បានប្រើអាវុធ​គីមី សម្លាប់​ប្រជាជន​ឯង នៅក្នុង​សង្រ្គាម​វាយប្រហារ​ទៅលើ​ក្រុម​អ្នកប្រឆាំង នៅទឹកដី​ស៊ីរី។

អំណើះតទៅ គេ​នឹង​បាន​ស្គាល់​ឈ្មោះ​អ្នកដែល​ទទួល​ខុសត្រូវ​លើ​ប្រើប្រាស់​អាវុធ​គីមី​សម្លាប់មនុស្ស

អង្គការ​ហាមឃាត់អាវុធ​គីមី រហូតមកដល់ពេលនេះ បាន​ចូលរួម​លុបបំបាត់​ដល់ទៅ ៩៦ភាគរយ នៃ​អាវុធ​គីមី ក្នុងពិភពលោក។ ប្រទេស​សមាជិក និង​ហត្ថលេខី របស់​អនុសញ្ញា​ហាមឃាត់​អាវុធ​គីមី ភាគច្រើន គឺ​បាន​ចូលរួម​សហការ​រហូតមក ជាមួយ​អង្គការ​មួយនេះ ដែល​ជាស្ថាប័ន ឯករាជ្យ អព្យាក្រិត្យ។ រហូតមក ដោយសារ​តែ​ការបោះឆ្នោត​វេតូ​របស់​រុស្ស៊ី នៅ​ក្រុមប្រឹក្សា​សន្តិសុខ គ្មានជនដៃដល់ណាមួយ ត្រូវ​បាន​ដៅឈ្មោះ​ចំៗ និង​ផ្លូវការ​ថា ជាអ្នកប្រើប្រាស់​អាវុធ គីមីនោះទេ។ ជាមួយ​នឹង​អំណាច​ថ្មី អង្គការ​ហាមឃាត់​អាវុធគីមី ដែល​មានជំនាញ គ្រប់គ្រាន់ និង​ភាពស្របច្បាប់ ដើម្បី​ស៊ើបអង្កេត គឺ​ជា​ស្ថាប័ន​តែមួយ​គត់​ដែល​អាច​ដៅឈ្មោះ​ជនដៃដល់​ប្រើអាវុធ​គីមី​សម្លាប់មនុស្ស ដោយ​គ្មានឧបសគ្គរារាំង ពី​ប្រទេស​មហាអំណាច​ណាមួយ មិនថា ចិន បារាំង អាមេរិក រុស្ស៊ី ឬ​អង់គ្លេស ដែល​ជាទាំង ៥​ប្រទេស​ជាសមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​ដែល​មានសិទ្ធិវេតូ មិន​ឲ្យ​គេ​ដាក់​ចេញសេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ភាគី​ទទួល​ខុសត្រូវ​លើ​ការប្រើ​អាវុធ​គីមី។

យ៉ាងណាក៏ដោយ គេ​ក៏​មិនអាច​សង្ឃឹមច្រើនទេថា អំណាច​បន្ថែមថ្មី របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នឹងជួយ​ឲ្យ​គេ​អាច​នាំជនដៃដល់​មក​កាត់ទោស​ដែរ។ អង្គការ​ហាមឃាត់​អាវុធ​គីមី មាន​សិទ្ធិត្រឹម​បញ្ជាក់​ឈ្មោះ អ្នកទទួល​ខុសត្រូវ​លើការប្រើអាវុធ​គីមី តែប៉ុណ្ណោះ ប៉ុន្តែ គ្មាន​សមត្ថភាព​ចូល​ទៅ​ចាប់ខ្លួន​នោះទេ។ គឺ​សហគមន៍​អន្តរជាតិ ឬ​អង្គការ​សហប្រជាជាតិ ដែល​ជា​អ្នក​អាច​សម្រេចចិត្ត​បន្ទាប់មកទៀត ថា តើ ត្រូវ​ចាត់ការ​យ៉ាងណា ទៅលើ​ឧក្រិដ្ឋជន ដែល​ដៅឈ្មោះ ដោយ​អង្គការ​ហាមឃាត់​អាវុធ​គីមី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ