អានតួអត្ថបទ
បារាំង-អន្តោប្រវេស្តន៍

បារាំង​​ត្រូវគេ​​រិះគន់​​ថា​​យក​ច្បាប់​​ទប់ស្កាត់​​ភេរវកម្ម​​ដើម្បី​​ទប់​​លំហូរ​ជន​ភៀសខ្លួន​​

ក្រុមប្រឹក្សា​អឺរ៉ុប​​រួម​ប្រជុំគ្នា​នៅ​​ថ្ងៃ​​ព្រហស្បិត៍​​ទី ​២៨ ​និង​​ថ្ងៃ​​សុក្រ​​ទី​​២៩ ​​មិថុនា​ នេះ ​​ដើម្បី​​ដោះស្រាយ​​បញ្ហា​​អន្តោប្រវេស្តន៍។​ ស្របពេល​នោះ ​សមាគមន៍​​បារាំង​​​ឈ្មោះ​​ Cimade ​បានចេញរបាយការណ៍​​មួយ​ស្ពី​ពី​​​ចំនួន​​ជន​​អន្តោប្រវេស្តន៍​​ ដែល​ត្រូវ​បាន​​អាជ្ញាធរ​បារាំង​​ចាប់​បញ្ជូន​ខ្លួន​​និង​​រារាំង​​នៅ​​តាម​​ព្រំដែន។​​​ ​Cimade​ ថែម​ទាំង​បាន​​រិះគន់​​​រដ្ឋាភិបាល​​បារាំង​ថា​ ឆ្លៀត​​យក​​ច្បាប់​​ប្រយុទ្ធ​ប្រឆាំង​​ទល់​​នឹង​​អំពើ​ភេរវនិយម​ជាលេស​​នៅ​​​​ក្នុង​​ការ​​ទប់ស្កាត់​​លំហូរ​អន្តោប្រវេស្តន៍។​​​

ជនអន្តោប្រវេស្តន៍​​​ផ្តុំគ្នា​​នៅ​តាម​​ប្រឡាយ​​នាពេល​ដែល​ប៉ូលិស​បារាំង​បាន​ជម្លៀស​ពួកគេ​រាប់រយ​នាក់​ដែល​​កំពុង​​ស្នាក់​នៅ​​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​​នៅ​​ប៉ារីស​​ថ្ងៃទី​​៣០​​ឧសភា​​២០១៨​​
ជនអន្តោប្រវេស្តន៍​​​ផ្តុំគ្នា​​នៅ​តាម​​ប្រឡាយ​​នាពេល​ដែល​ប៉ូលិស​បារាំង​បាន​ជម្លៀស​ពួកគេ​រាប់រយ​នាក់​ដែល​​កំពុង​​ស្នាក់​នៅ​​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​​នៅ​​ប៉ារីស​​ថ្ងៃទី​​៣០​​ឧសភា​​២០១៨​​ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ក្រោយពីអំពើភេរវកម្មនានានៅឆ្នាំ​២០១៥​មក រដ្ឋាភិបាលបារាំង បាន​សម្រេចចិត្ត​​រៀបចំ​ការ​ត្រួតពិនិត្យដ៏ម័ត្យ័ត​បំផុត​នៅ​តាម​ព្រំដែន​ខ្លួន។ គោលដៅ​នាពេលនោះ​ គឺ​​ដើម្បី​ប្រយុទ្ធប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​- នាកាលនោះ​ក្រុម​ភេរវជន​ភាគ​ច្រើន​ដែល​បាន​ធ្វើការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ​ចេញ​មក​ពី​ប្រទេស Belgique ។ ​ចាប់តាំង​ពីពេល​នោះ​មក អាជ្ញាធរ​បារាំង​និង​បែលហ្សិក បាន​ចាត់​វិធានការណ៍ ដាក់​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​យ៉ាងតឹងតែង​ក្នុង​លក្ខណៈ​ពិសេស​គឺ​មាន​រយៈ​ពេល​តែ​៦​ខែ ​រួច​មក​នឹង​ត្រូវ​​បន្តធ្វើ​សា​ជា​ថ្មី​​ក្នុង​រយៈពេល​៦​ខែ​ទៀត​ជារៀងរហូត។​

ស្របគ្នានេះ សមាគមន៍បារាំង​ជួយជនភៀសខ្លួន​ឈ្មោះ  Cimade​ បាន​រិះគន់​​ថា ការ​ត្រួតពិនិត្យ​ព្រំដែនរបស់បារាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​ ឥឡូវនេះ បាន​ដើរ​​ខុសពី​​គោលដៅ​ពីមុនរបស់ខ្លួន។​​

ដោយហេតុថា ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​របស់​បារាំង ​ភាគច្រើន​ពុំមែន​តែ​ធ្វើ​នៅ​តាម​តំបន់​ព្រំដែន​បារាំង-បែលហ្សិក​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​ធ្វើ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីតាលី​ដែរ។​ ពីព្រោះ​នៅ​តាម​ព្រំដែនអ៊ីតាលី​នោះ​ក៏​​មាន​​ច្រក​ជា​ច្រើន​កន្លែង​​ដែល​​បណ្តា​ជន​អន្តោប្រវេស្តន៍​បាន​ឆ្លង​កាត់។​

ដួច្នេះ ចំនួន​ជនអន្តោប្រវេស្តន៍​ដែល ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទឹកដី​បារាំង​​ក៏ើន​​​ចំនួន​ដ៏ច្រើន​​សន្ធឹកសន្ធាប់​ចាប់តាំង​ពី​ឆ្នាំ​២០១៥​មក។

ហើយតាំងពីឆ្នាំនោះដែរ ចំនួន​ជន​អន្តោប្រវេស្តន៍​ដែល​ត្រូវ​បាន​ហាម​ចូល​ក្នុង​​ទឹកដី​បារាំង ​បាន​កើន​ឡើង​រហូត​ដល់ទៅ​​​៥​ដង។

ជាសរុប ជនអន្តោប្រវេស្តន៍​ចំនួន​ជាង​៨​ម៉ឺន​៥០០០​នាក់ ពុំ​អាច​ឆ្លង​កាត់​ព្រំដែន​បារាំង​បាន​ទេកាល​ពី​ឆ្នាំ​មុន។ យោងតាម សមាគមន៍ Cimade  ដដែល ក្នុង​ចំណោម​ ជន​អន្តោប្រវេស្តន៍​ដែល​ត្រូវ​បាន​អាជ្ញាធរ​បារាំង ធ្វើការ​បណ្តេញ​ចេញ​ពី​ប្រទេស​ គឺ​មាន​ជន​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ជា​អនីតិជន​ដែល​​នៅ​តែលតោល​អនាថា គ្មាន​ក្រុម​គ្រួសារ។​ ​ចំពោះ​​តុលាការ​បារាំង ការ​រុញច្រាន​​ពួកអនីតិជន​​ទាំង​នេះ គឺ​ជា​ការ​ខុស​ច្បាប់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ