អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង-បុរីវ៉ាទីកង់៖​ជំនួប​ដែល​បង្កប់​ដោយ​និមិត្តរូប និង​ភាព​ស្និទ្ធស្នាល​រវាង​លោក​ម៉ាក្រុង និង​សម្តេចប៉ាប​ហ្រ្វង់ស័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៦ មិថុនា​នេះ លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅ​បុរីវ៉ាទីកង់​ក្នុង​ប្រទេស​អ៊ីតាលី។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​បារាំង នេះ​ជា​លើកទី១ ដែល​លោក​ម៉ាក្រុង​ដាក់​ជើង​ជាន់​ដី​បុរីវ៉ាទីកង់ និង​ទទួល​ជួប​ដោយ​ប្រមុខសង្ឃ​កាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ។ តែ​គ្មាន​គម្រោង​ជួប​ណា​មួយ​រវាង​លោក​ម៉ាក្រុង និង​ថ្នាក់ដឹកនាំ​អ៊ីតាលី​ក្នុង​វត្តមាន​របស់​លោក​ម៉ាក្រុង​លើ​ទឹកដី​អ៊ីតាលី​ពេល​នេះ​ទេ។ មូលហេតុ មក​ពី​ទីក្រុង​រ៉ូម និង​ទីក្រុង​ប៉ារីស​កំពុង​បន្ត​ដំឡើង​សម្លេង​ដាក់​គ្នា​ក្នុង​បញ្ហា​ជនអន្តោប្រវេសន៍។

សម្តេចប៉ាប​ហ្រ្វង់ស័រ​ទទួល​ជួប​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​នៅ​បុរីវ៉ាទីកង់ ថ្ងៃទី២៦ មិថុនា
សម្តេចប៉ាប​ហ្រ្វង់ស័រ​ទទួល​ជួប​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​នៅ​បុរីវ៉ាទីកង់ ថ្ងៃទី២៦ មិថុនា Alessandra Tarantino/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ទៅ​ជួប​សន្ទនា​ជាមួយ​សម្តេចប៉ាប​ហ្រ្វង់ស័រ លោក​ម៉ាក្រុង​ក៏​ទៅ​ទទួល​មេដាយ​កិត្តិយស​ពី​បុរីវ៉ាទីកង់​ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​មាន​តាំង​ពី​ជំនាន់ស្តេច​បារាំង Henri ទី៤។ តែ​គេ​សង្កេត​ឃើញ​ថា ទោះ​បី​ជា​ទំនៀមទម្លាប់​ដែល​បាន​កើត​មាន​តាំង​ពី​សតវត្ស​ទី១៧ មួយ​នេះ​បាន​បន្ត​មក​ដល់​សព្វថ្ងៃ​ក៏​ដោយ ក៏​មាន​រូប​ប្រមុខរដ្ឋ​បារាំង​ខ្លះ​មិន​បាន​ទៅ​ទទួល​យក​ទេ។ គិត​ត្រឹម​របប​សាធារណរដ្ឋបារាំង​ទី៥ បច្ចុប្បន្ន មាន​ប្រធានាធិបតី ៣រូប​ដែល​បដិសេធ​មិន​ទទួល​យក​មេដាយ​កិត្តិយស​ពី​បុរីវ៉ាទីកង់ គឺ​លោក Georges Pompidou លោក François Mitterrand និង​លោក François Hollande។

ដោយឡែក និង​ក្រៅ​ពី​លោក Georges Pompidou ម្នាក់​ចេញ ប្រធានាធិបតី​បារាំង​ផ្សេង​ទៀត​សុទ្ធ​តែ​បាន​ទៅ​ជួប​សន្ទនា​ជាមួយ​សម្តេច​ប៉ាប ក្នុង​នោះ​មាន ឧត្តមសេនី de Gaulle លោក Valéry Giscard d'Estaing លោក François Mitterrand លោក Jacques Chirac លោក Nicolas Sarkozy និង​លោក François Hollande។ ក្រៅ​ពី​ទៅ​ទទួល​មេដាយ​កិត្តិយស វត្តមាន​របស់​លោក​ម៉ាក្រុង​នៅ​បុរីវ៉ាទីកង់​ពេល​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​រឹតចំណង​រវាង​បុរីវ៉ាទីកង់ និង​ប៉ារីស​ដែល​កំពុង​ប្រេះឆា ចង់​ស្គាល់​សម្តេចប៉ាប​ឲ្យ​កាន់​តែ​ច្បាស់ និង​លើក​យក​សំណុំរឿង​អន្តរជាតិ​មួយ​ចំនួន​ទៅ​ជជែក​ជាមួយ​សម្តេចប៉ាប។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​បារាំង​ជាង ១ឆ្នាំ​មក នេះ​ជា​លើកទី១ ដែល​លោក​ម៉ាក្រុង​បាន​ទៅ​ជួប​សម្តេចប៉ាប​នៅ​បុរីវ៉ាទីកង់។

បារាំង​ជា​ប្រទេស​មិន​យក​សាសនា​ណា​មួយ​ជា​សាសនា​របស់​រដ្ឋ

គេ​មិន​អាច​និយាយ​ចំ​ពី​ទំនាក់ទំនង​ប្រេះស្រាំ​រវាង​ទីក្រុង​ប៉ារីស និង​បុរីវ៉ាទីកង់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន គឺ​ភាព​មិន​សូវ​ស្និទ្ធស្នាល​រវាង​រដ្ឋ​បារាំង និង​សហគមន៍​គ្រឹស្តសាសនា​នៅ​ក្នុង​ប្រទេស​បារាំង។ អ្វី​ដែល​បុរីវ៉ាទីកង់​ចង់​បាន គឺ​ចង់​ឃើញ​សហគមន៍​គ្រឹស្តសាសនា និង​គ្រឹស្តបរិស័ទ​ក្នុង​ប្រទេស​បារាំង​អាច​ដើរ​តួនាទី​ជួយ​សង្គម​បារាំង​ឲ្យ​បាន​ច្រើន​ជាង​នេះ ពិសេស​តួនាទី​មនុស្សធម៌។ ក្រៅ​ពី​នេះ នៅ​មាន​ការ​អាក់អន់​ស្រពន់ចិត្ត​បន្តិចបន្តួច​ជា​លក្ខណៈ​បុគ្គល​រវាង​លោក​ម៉ាក្រុង និង​សម្តេចប៉ាប​ហ្រ្វង់ស័រ ពិសេស​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ឆ្នាំ ២០១៧ ដែល​លោក​ម៉ាក្រុង​បាន​ប្រកាស​ឈរ​ឈ្មោះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​បាន​ចុះ​ធ្វើ​យុទ្ធនាការ​យ៉ាង​គគ្រឹកគគ្រេង។

សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ថ្ងៃទី២៩ មេសា ឆ្នាំ ២០១៧ ថា ព្រះអង្គ​មិនដឹង​លោក​ម៉ាក្រុង​លេច​ចេញ​ពី​ណា​មក​ទេ និង​ថា ព្រះអង្គ​ក៏​មិន​យល់​ពី​នយោបាយ​ផ្ទៃក្នុង​របស់​បារាំង​ដែរ។ ចំណាប់​អារម្មណ៍​របស់​ប្រមុខសង្ឃកាតូលិក​កាល​ណោះ​មិន​ត្រូវ​បាន​លោក​ម៉ាក្រុង​ឆ្លើយ​តប​អ្វី​ទាំង​អស់។ តែ​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នា​ឱកាស​សន្និបាត​នៃ​គណៈសង្ឃ​កាតូលិក​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​មេសា​កន្លង​ទៅ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ប្រេះស្រាំ​រវាង​រដ្ឋ និង​វិហារកាតូលិក​ដែល​លោក​ចង់​ស្តារ​ឡើង​វិញ រួច​បញ្ជាក់​ថា ប្រធានាធិបតី​សាធារណរដ្ឋ​ម្នាក់​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​វិហារ​កាតូលិក និង​មិន​រវីរវល់​នឹង​គ្រឹស្តបរិស័ទ​ជា​ប្រធានាធិបតី​ខ្វះ​កាតព្វកិច្ច​របស់​ខ្លួន។

ចំណាប់​អារម្មណ៍​យ៉ាង​ដូច​នេះ​របស់​លោក​ម៉ាក្រុង​បាន​បង្ក​ចេញ​នូវ​រឿងអាស្រូវ​រហូត​មាន​ការ​លើកឡើង​ពី​ការ​រំលោភបំពាន​លើ​គោលការណ៍​មិន​មាន​និន្នាការ​លើ​សាសនា​ណា​មួយ។ ឃើញ​ថា គឺ​ការ​ច្រឡូកច្រឡំ លាយឡំ​រវាង​នយោបាយ និង​សាសនា​ដែល​បាន និង​កំពុង​បង្ក​ចេញ​ឲ្យ​មាន​រឿង​អាស្រូវ​ខ្លាំង ព្រោះ​ចូរ​កុំ​ភ្លេច​ថា បារាំង​ជា​ប្រទេស​ដែល​មិន​យក​សាសនា​ណា​មួយ​ជា​សាសនា​របស់​រដ្ឋ​ទេ ពោល​គោរព​សិទ្ធិសេរីភាព​សាសនា​ទាំង​អស់។ ដូច្នេះ រូប​ប្រធានាធិបតី​ក៏​មិន​ត្រូវ​មាន​និន្នាការ​លើ​សាសនា​ណា​មួយ​ដែរ។

អន្តោប្រវេសន៍​ជា​ប្រធានរឿង​អាទិភាព​របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ

ជំនួប​រវាង​លោក​ម៉ាក្រុង និង​សម្តេចប៉ាប​ហ្រ្វង់ស័រ​ជា​ជំនួប​លក្ខណៈ​ឯកជន និង​មាន​រយៈពេល ៥៧នាទី។ មាន​ប្រធានរឿង​ចម្រុះ​ដែល​លោក​ម៉ាក្រុង និង​សម្តេចប៉ាប​បាន​លើក​ទៅ​និយាយ រួម​មាន ការ​បារម្ភ​ចំពោះ​វាសនា​របស់​គ្រឹស្តបរិស័ទ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា បញ្ហា​លំហូរ​ជនអន្តោប្រវេសន៍​ក្នុង​ទ្វីប​អឺរ៉ុប ឬ​មួយ​បញ្ហា​បរិស្ថាន​ជា​ដើម។ តែ​បញ្ហា​ជនអន្តោប្រវេសន៍​ជា​ប្រធានរឿង​ក្តៅ និង​អាទិភាព​របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ ពិសេស​ចំ​ពេល​ដែល​រឿង​រ៉ាវ​មួយ​នេះ​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្ន​តានតឹង​រវាង​ប្រទេស​សមាជិក​អឺរ៉ុប និយាយ​ជា​រួម និង​រវាង​បារាំង និង​អ៊ីតាលី និយាយ​ដោយ​ឡែក។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ក្លាយ​ជា​ប្រមុខសង្ឃ​កាតូលិក សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​យក​ចិត្ត​ទុក​យ៉ាង​ខ្លាំង​លើ​ជនអន្តោប្រវេសន៍​ដែល​បាន​ផ្សងសំណាង​តាម​សមុទ្រ​ចូល​ទឹកដី​អឺរ៉ុប និង​ខ្លះ​បាន​លិច​កាណូត​ស្លាប់ និង​ខ្លះ​ត្រូវ​បាន​ប្រទេស​អឺរ៉ុប​បដិសេធ​មិន​ទទួល​យក ហើយ​រុញ​ច្រាន​ទៅ​សមុទ្រ​វិញ។ ជានិច្ចកាល សម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ទទួល​យក​ជនអន្តោប្រវេសន៍​ទាំង​អស់​ដែល​មក​ដល់​ទឹកដី​អឺរ៉ុប និង​បាន​បញ្ជាក់​ថា សមុទ្រ​មិនមែន​ជា​ទីកន្លែង​កប់ខ្មោច​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ