អានតួអត្ថបទ
តួកគី

តួកគី៖​ការ​បោះឆ្នោតសភា និង​ប្រធានាធិបតី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​កម្រិត​ខ្ពស់

នៅ​ក្នុង​ប្រទេស​តួកគី ការ​រៀបចំ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​មុន​អាណត្តិ​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អាទិត្យ ទី២៤ មិថុនា​នេះ។ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​ដើម្បី​ដើម្បី​ទទួល​អ្នក​បោះឆ្នោត​ប្រមាណ​ជា ៥៦លាននាក់ ក្នុង​នោះ​ពាក់​កណ្តាល​មាន​អាយុ​ក្រោម ៣០ឆ្នាំ។ សម្រាប់​ការ​បោះឆ្នោត​សភា​ត្រូវ​រៀបចំ​តែ​មួយ​លើក តែ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​អាច​មាន​ពីរ​លើក ប្រសិន​បើ​គ្មាន​បេក្ខជន​ណា​មួយ​ទទួល​បាន​សម្លេង​គាំទ្រ​លើស​ពី ៥០% ទេ​នោះ។ មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ៦រូប​សម្រាប់​តំណែង​ប្រធានាធបតី តែ​មាន​បេក្ខជន​ចំនួន​ពីរ​នាក់​ដែល​កំពុង​ប្រជែង​គ្នា​ខ្លាំង គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អ៊ែរដូហ្កាន និង​លោក​អ៊ីនហ្សេ​មក​ពី​បក្សប្រឆាំង គឺ​បក្ស​សាធារណរដ្ឋ​នៃ​ប្រជាជន។ អ្វី​ជា​ក្តី​បារម្ភ​របស់​ក្រុម​បក្សប្រឆាំង គឺ​ការ​លួចបន្លំ​សន្លឹក​ឆ្នោត។ លោក​អាម៉េត អ៊ីនសែល អ្នកជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ និង​សេដ្ឋវិទូ​តួកគី​បាន​រៀបរាប់​ពី​វិធានការ​របស់​បក្សប្រឆាំង​ក្នុង​ការ​កែនប្រមូល​អ្នកបោះឆ្នោត​ឲ្យ​ខ្លួន និង​ការ​ទប់ស្កាត់​ការ​លួចបន្លំ​សន្លឹក​ឆ្នោត។

នៅ​តួកគី ​ការ​បោះឆ្នោតសភា និង​ប្រធានាធិបតី​មុន​អាណត្តិ​ចាប់ផ្តើម​ក្នុង​ថ្ងៃទី២៤ មិថុនា ២០១៨
នៅ​តួកគី ​ការ​បោះឆ្នោតសភា និង​ប្រធានាធិបតី​មុន​អាណត្តិ​ចាប់ផ្តើម​ក្នុង​ថ្ងៃទី២៤ មិថុនា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

« អស់ លោក​ដឹង​ទេ​ថា​នៅ​ក្នុង​ការ​បោះឆ្នោត ជំហាន​ទី១ សម្រាប់​ក្រុម​គណបក្សប្រឆាំង គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​កែនប្រមូល​អ្នកបោះឆ្នោត​ខ្លួន​ឲ្យ​បាន​ច្រើន និង​ឲ្យ​មាន​ការ​ទម្លាក់​សន្លឹក​ឆ្នោត​ច្រើន​បំផុត​នៅ​ក្នុង​ហិបឆ្នោត។ នេះ​ជា​រឿង​ចំា​បាច់​ដែល​ត្រូវ​ធ្វើ​មុន​គេ ហើយ​ពួក​គេ​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​លំបាកលំបិន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា ៤សប្តាហ៍​ចុង​ក្រោយ​នេះ។

បន្ទាប់​មក​នៅ​ក្នុង​ជំហាន​ទី២ សន្លឹក​ឆ្នោត​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ហិបឆ្នោត​នឹង​ត្រូវ​យក​ចេញ​ទៅ​រាប់​ដោយ​មាន​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ និង​ត្រឹមត្រូវ​ជា​ទីបំផុត​នៅ​យប់​ក្រោយ​ការ​បិទ​ការិយាល័យ​បោះឆ្នោត។ នៅ​ក្នុង​ន័យ​នេះ បក្សប្រឆាំង​ទាំង ៥គណបក្ស ក្នុង​នោះ​មាន​ទាំង​គណបក្ស​សាធារណរដ្ឋ​នៃ​ប្រជាជន​របស់​លោក​អ៊ីនហ្សេ​ផង​បាន​បង្កើត​ឲ្យ​មាន​វេទិកា​នៃ​ការ​តាម​ដាន​ការ​បោះឆ្នោត។

ចាប់​ពី​ពេល​ចាក់​សោរ​បិទ​ហិបឆ្នោត​ភ្លាម វេទិកា​នៃ​ការ​តាម​ដាន​ការ​បោះឆ្នោត​នឹង​តាម​ឃ្លាំមើល និង​ប្រមែប្រមូល​គ្រប់​ព័ត៌មាន​ទាក់ទង​នឹង​ហិបឆ្នោត​ទាំង ១៦៣ ០០០ហិបឆ្នោត​នៅ​ទូទាំង​ប្រទេស​តួកគី។ ក្រុម​សកម្មជន និង​ក្រុម​អ្នកតំណាង​បក្សប្រឆាំង​ដែល​មាន​វត្តមាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​នឹង​បញ្ជូន​ព័ត៌មាន​របស់​ពួក​គេ​ទៅ​ឲ្យ​វេទិកា​នៃ​ការ​តាម​ដាន​ការ​បោះឆ្នោត។

ការ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ទប់​សា្កត់​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ពោល​កុំ​ឲ្យ​មាន​ការ​ចម្លង​ក្លែងក្លាយ ចម្លង​ខុស ឬ​ការ​ក្លែងបន្លំ​ដោយ​មាន​ការ​រៀបចំ​ទុក​មុន។ គឺ​ជា​វិធានការ​លើកទី១ នៅ​តួកគី »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ