rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី សហរដ្ឋអាមេរិក អវកាស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រុស្ស៊ី ទិតៀន​គម្រោង​លោក ដូណាល់ ត្រាំ បង្កើ់ត​កងទ័ព​អាមេរិក ប្រចាំ​នៅ​អវកាស

media
​រុស្ស៊ី ទិតៀន​គម្រោងបង្កើ់ត​កងទ័ព​អាមេរិក ប្រចាំ​នៅ​អវកាស លោក ដូណាល់ ត្រាំ KARIM SAHIB / AFP

រុស្ស៊ី​ថ្ងៃពុធ ទី ២០ មិថុនា បាន​សំដែង​ក្តីកង្វល់ ចំពោះ​ឆន្ទៈ លោក ដូណាល់ ត្រាំ បង្កើត កងទ័ព​អាមេរិក​ប្រចាំ​នៅ​អវកាស ដែល​នៅ​ដាច់ពី​កងអាកាស​អាមេរិក​មាន​ស្រាប់​ទៅហើយ ដ្បិត​ម៉ូស្គូ មើលឃើញ​ក្នុង​គម្រោង​នេះ​របស់​ក្រុងវ៉ាស៊ីនតោន គឺ “ហេតុការណ៍​នាំ​ឲ្យ​រង្គោះរង្គើ” ដល់​សន្តិសុខ​អន្តរជាតិ។


ថ្លែងក្នុងសន្និសីទ​កាសែត​ប្រចាំ​សប្តាហ៍ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova ចង្អុលឲ្យឃើញថា ៖ អ្វីដែល​នាំឲ្យ​ម៉ូស្គូ​ខ្វល់​មែនទែន គឺ គោលដៅ​ចោទ​យ៉ាង​ច្បាស់ ក្នុង​គម្រោង​នោះ - ធានា​នូវ​ឧត្តមភាព​អាមេរិក ក្នុង​អវកាស។

ថ្ងៃចន្ទ ១៨ មិថុនា លោក ដូណាល់ ត្រាំ បាន​បញ្ជា​ទៅ​ក្រសួង​ការពារជាតិ ឲ្យ​ចាប់ផ្តើម​នីតិវិធី​ចាំបាច់ “ដើម្បី​បង្កើត​កងទ័ព​អវកាស ក្នុង​ឋានៈ​ជា​កងទ័ព​ទី៦ របស់​សរអា។ តាមសំដី លោក ត្រាំ ៖ ដើម្បីការពារ សរអា បើពឹងផ្អែក​តែ​លើ​កងអាកាស​ប៉ុណ្ណោះ គឺមិន​គ្រប់គ្រាន់​ទេ សម្រាប់​យើង​គឺ​ចាំបាច់ ត្រូវតែ អាង​យ៉ាង នៅអវកាស !

ប៉ុន្តែតំណាងការទូតរុស្ស៊ី លោកស្រី Zakharova ព្រមានថា ៖ ការបង្កើន​សក្តានុពល​យោធា​នៅអវកាស “មុខ​ជា​នឹង​ជះ​ចំហាយ​នាំ​ឲ្យ​រង្គើរង្គើ” ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ និង សន្តិសុខ​អន្តរជាតិ។ គាត់​គូស​បញ្ជាក់​ថា រុស្ស៊ី​ចាត់ទុក “ជា​អាទិភាព​សម្រាប់ខ្លួន គឺ ប្រើប្រាស់​លំហអវកាស​ក្នុង​គោលដៅ​សន្តិភាព” ហើយរុស្ស៊ី​គ្មាន​ប្រយោជន៍​នឹង​បង្ហោះ​អ្វីជា មធ្យោបាយ​វាយប្រហារ ទៅបណ្តែត​ក្នុង​លំហអវកាស ឡើយ។

ចំណែក លោក ដូណាល់ ត្រាំ បានប្រកាស​ទៅ​ហើយ​ថា គាត់នឹង​ឲ្យ​ភ្លើង​ខៀវ ដល់​ការបង្កើត​កងទ័ព​ទី៦​នោះ នៅ​ទន្ទឹម​នឹង​ទ័ព​ជើងគោក ទ័ពអាកាស ទ័ពម៉ារីន ទ័ព​នាវិក​ឡើង​គោក និង ទ័ព​ឆ្មាំ​ឆ្នេរសមុទ្រ។

ប្រទេស​រុស្ស៊ី សព្វថ្ងៃ​មាន​ទ័ព​អវកាស ដែល​អាស្រ័យ​នឹង​កង​អាកាស។

លោក ដូណាល់ ត្រាំ បាន​ទម្លាយ​ចេញ​មក គម្រោង​បង្កើត​ទ័ព​អវកាស ដែលត្រូវ​ទទួល​ការអនុម័ត​សិន​ពីខាង រដ្ឋ​សភា​អាមេរិកាំង គឺ ក្រោយពី ម៉ូស្គូ និង វ៉ាស៊ីនតោន បាន​ចេញ​សេចក្តី​ថ្លែងការណ៍ សុទ្ធតែ​ខ្លាច​រៀងៗខ្លួន ក្រែងមាន​ការរត់​ប្រណាំង​បំពាក់​សព្វាវុធ​តទៅទៀត។

ថ្លែងសុន្ទរកថា កាលពីខែ​មីនា លោក វ៉្លាឌីមៀរ ពូទីន បាន​អួតអាង​ពី​មីស៊ីល​នុយក្លេអ៊ែរ ធុន​ថ្មីៗ​ដែល “គ្មាន​អ្វី​អាច​ទប់ស្កាត់​វាឡើយ” សម្រាប់​ប្រឈម​នឹង​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​អាមេរិកាំង ដំឡើង​នៅ​អឺរ៉ុប​ខាងកើត និង នៅអាស៊ីបូព៌ា។

ប៉ុន្មានថ្ងៃ​ក្រោយមក ប្រធានាធិបតី​ទាំងពីរ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ហើយចុះ​សម្រុងគ្នា​ថា ស្រាក់​កម្លាំង​គ្នា “កម្រិត​ការរត់​ប្រណាំង​បំពាក់សព្វាវុធ” - នេះ​បើ​តាម​វិមានក្រេមឡាំង។

ក្នុងបរិបទ​នៃ​ភាពតានតឹង​រស់​រវើក រវាង​ម៉ូស្គូ​និង​វ៉ាស៊ីនតោន អវកាស ជា វិស័យ​តែមួយ​គត់ ដែល​ប្រទេស​ទាំងពីរ បន្ត​សហការ​គ្នា ជាអាទិ៍ ដោយ​ចូលរួម ក្នុង ស្ថានីយអវកាសអន្តរជាតិ SSI ៕