rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅរុស្ស៊ី ការ​ដំឡើង​វ័យ​ពលរដ្ឋ​សម្រាប់​ចូល​រ៉ឺត្រែត​ញ៉ាំង​ឲ្យ​មាន​ការ​តវ៉ា​ពី​ខាង​អ្នកស្រុក​ជា​ច្រើន

media
លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី​ Dmitri Medvedev REUTERS/Dmitry Astakhov/Sputnik

ថ្ងៃចន្ទ ទី១៨ មិថុនា​នៅរុស្ស៊ី មានអង្គាសបានហត្ថលេខាអ្នកស្រុកតវ៉ា ជាង ១លាន៥សែននាក់ ទៅហើយ ចុះនៅលើញត្តិប្រឆាំងនឹងការដំឡើង​វ័យពលរដ្ឋ​សម្រាប់​ចូលរ៉ឺត្រែត-ការដំឡើង ដែលរដ្ឋាភិបាល បានប្រកាស ក្នុងសប្តាហ៍មុន ហើយ​ធ្វើ​ជា​លើកទី១ បើគិតក្នុង អំឡុងពេលជិត ៩០ ឆ្នាំ កន្លងទៅ។


ថ្ងៃព្រហស្បតិ៍ ១៤ មិថុនា កាលដែលនៅសល់ប៉ុន្មានម៉ោងដល់ពិធីបើកការប្រកួតបាល់ទាត់ពិភព លោកនៅរុស្ស៊ី រដ្ឋាភិបាលបានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ទ្រង់ទ្រាយធំ ប៉ះលើសមិទ្ធិផល សង្គមដែលពលរដ្ឋទទួលបានតាំងពីសម័យសូវៀតមក ហើយ ដែលលោកប្រធានាធិបតី វ៉ា្លឌីមៀរ ពូទីន តែង​ ចៀសវាងដោយប្រិតប្រៀន មិនប៉ះពាល់ទេ រហូតមកទល់ឥឡូវ។ ក្នុងឆ្នាំ ១៩៣២ រដ្ឋអំណាចសូវៀត បានកំណត់ថា បុរសចូលរ៉ឺត្រែត គឺក្នុងវ័យ ៦០ ឆ្នាំ ហើយស្ត្រី គឺ ក្នុងវ័យ ៥៥ ឆ្នាំ ជា វ័យចូលរ៉ឺត្រែតទាបបំផុតក្នុងលោក រួចតាំងពីពេលនោះមក មិនដែលមានការប្រែប្រួលឡើយ។

កំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ ប្រកាសដោយលោកនាយករដ្ឋមន្ត្រី ឌ្មីទ្រី មេដវេដេវ ប្រមើលថា ចាប់ពីឆ្នាំ ២០១៩ ទៅ ដំឡើងដោយសន្សឹមៗ ទៅទល់ឆ្នាំ ២០២៨ វ័យសម្រាប់បុរសចូលរ៉ឺត្រែត លុះគេអាយុបាន ៦៥ ឆ្នាំ ហើយសម្រាប់ស្ត្រី ទៅទល់ឆ្នាំ ២០៣៤ លុះគេអាយុបាន ៦៣ ឆ្នាំ។ លោកមេដវេដេវ បានពន្យល់ជាអាទិ៍ថា ពង្រាងច្បាប់ស្តីអំពីកំណែទម្រង់នេះ ដែលនឹងត្រូវដាក់ជូន សភាឌូម៉ា ពិភាក្សា ក្នុងពេលឆាប់ៗខាងមុខ តាំងគោលដៅ “បង្កើតធនធានបន្ថែមទៀត សម្រាប់ដំឡើងប្រាក់រ៉ឺត្រែត” ដែលសព្វថ្ងៃ ស្ថិតក្នុងកម្រិតត្រឹមតែប៉ុន្មានរយអឺរ៉ូប៉ុណ្ណោះ។

តាមហេតុការណ៍ជាក់ស្តែង មានពលរដ្ឋរុស្ស៊ីជាច្រើនបន្តធ្វើការដដែល ទាំងក្រោយពីដល់វ័យចូលរ៉ឺត្រែត ហើយគេទទួល ប្រាក់សោធននិវត្តន៍ ក្នុងឋានៈជាចំណូលបន្ថែម ក្នុងប្រទេសមួយដែល ប្រាក់ខែការី ការិនីនៅទាបនៅឡើយ។ ចំណែក សម្ព័ន្ធសហជីពរុស្ស៊ី​ដែលក្នុងសប្តាហ៍មុន បានទម្លាយចេញមកនូវញត្តិតវ៉ា បានថ្លែងអះអាងថា បច្ចុប្បន្ន គ្មានមូលដ្ឋានអ្វីណានឹងដំឡើងវ័យសម្រាប់ចូលរ៉ឺត្រែតឡើយ រីឯបញ្ហាឩនភាពថវិកា និងបញ្ហា ផ្តល់ហិរញ្ញប្បទានទៅក្នុងមូលនិធិសោធននិវត្តន៍ អាចដោះស្រាយតាមរបៀបផ្សេងសោះ។

ញត្តិនេះ ក្នុងថ្ងៃ ១៨ មិថុនា អង្គាសបានហត្ថលេខាអ្នកស្រុក ជាង ១លាន៥សែននាក់ទៅហើយ។ គ្រប់តែការស្ទង់មតិបង្ហាញថា បណ្តាជននៅរុស្ស៊ី ជំទាស់នឹងការដំឡើងវ័យចូលរ៉ឺត្រែត។ បាតុកម្មប្រឆាំង បានប្រព្រឹត្តទៅ ក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ នៅតាមក្រុងជាច្រើននៃប្រទេស។ ប៉ុន្តែសិទ្ធិ្វធ្វើបាតុកម្ម ឥឡូវត្រូវអាជ្ញាធររឹតបន្តឹង ដោយមកពីការប្រកួត World Cup-២០១៨ ដែលនឹងចប់ទៅ នៅរុស្ស៊ី លុះនៅថ្ងៃ ១៥ កក្កដា៕