rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាល្លឺម៉ង់ សហភាពអឺរ៉ុប អន្តោប្រវេសន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាល្លឺម៉ង់​រ​ក​ឃើញ​ភាព​ស្រុះស្រួល​ផ្ទៃក្នុង ស្តីពី​វិបត្តិ​អន្តោប្រវេសន៍

media
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ REUTERS/Fabrizio Bensch

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ អង់ហ្គឺឡា មែរកិល បានស្រុះ​ស្រួល​​នៅរសៀល​ថ្ងៃ​ចន្ទនេះ ជាមួយ​គណបក្ស​សង្គម​គ្រិស្តសាសនា CSU​ ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ ពង្រឹង​នយោបាយ​អន្តោប្រវេសន៍។ ជាការ​​​សម្របសម្រួលគ្នា ក្នុង​ក្តី​​សង្ឃឹម​ថា នៅ​ថ្ងៃទី ២៨ និង​២៩​​ខែ​មិថុនានេះ នា​ឱកាស​បើក​ជំនួប​កំពូល​​ សហភាព​អឺរ៉ុប​នឹង​រក​ឃើញ​កិច្ចព្រមព្រៀង​ដោះស្រាយ​​វិបត្តិ​អន្តោប្រវេសន៍។


ស្ថានភាព​នយោបាយ​នៅអាល្លឺម៉ង់​ មាន​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង​ណាស់ នៅ​ចន្ទទី​១៨​មិថុនា​នេះ។ មុន​ពេល​រសៀល​បន្តិច រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ជា​ប្រធានគណបក្ស​សង្គម​គ្រិស្តសាសនា CSU (បក្សជា​​ដៃគូ​មួយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​អាល្លឺម៉ង់) បាន​ដាក់​ឱសានវាទកំណត់​ពេល​ត្រឹម​ពីរ​សប្តាហ៍​​ឱ្យ​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​ ចរចា​រក​ដំណោះស្រាយ​​ជា​មួយ​អឺរ៉ុបស្តី​អំពី​វិបត្តិ​អន្តោប្រវេសន៍​ឱ្យ​ឃើញ។ បើ​ពុំ​នោះ​ទេ អាល្លឺម៉ង់​នឹងចាប់​បណ្តេញ​​អន្តោប្រវេសន៍​ពី​ប្រទេស នូវ​រាល់​ជនភៀស​ខ្លួន​ទាំង​ឡាយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​អន្តោប្រវេសន៍​ចូល​តាម​ច្រក​អ៊ីតាលី​ឬ​ក្រិក ឬ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត។ ចំណែក​ជន​ភៀស​ខ្លួន​ដែល​អាជ្ញាធរ​អាល្លឺម៉ង់​បដិសេធ​មិន​ឱ្យ​សិទ្ធិ​ជ្រក​កោនហើយ ក៏​នឹង​ត្រូវ​ចាប់​បញ្ជូន​ចេញ​ភ្លាមទៅ​វិញ​ដែរ ចាប់​ពី​ខែ​កក្កដា​ទៅ។

ឱសានវាទ​នេះ​ត្រូវ​បាន​លោកស្រី មែរកិល​ច្រាន​ភ្លាម ព្រោះ​យល់​ថា​អាល្លឺម៉ង់​មិន​អាច​បិទ​ព្រំដែន​ជា​ស្វ័យ​ប្រវត្តិ​ ប្រឆាំងនឹង​ដាក់​ពាក្យ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​​បាន​ឡើយ​ បើ​ទោះ​បី​ជា​ជំនួប​កំពូល​អឺរ៉ុប​ត្រូវ​បរាជ័យ​ក៏​ដោយ។ ប៉ុន្តែ​​លោក​ស្រី​ ព្រមសម្របសម្រួល​នយោបាយ​​​​រឹតបន្តឹង​ ​អន្តោប្រវេសន៍ ដោយ​ត្រូវ​ឱ្យ​​បក្ស​សង្គមគ្រិស្តសាសនា CSU ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​បក្ស​សម្ព័ន្ធប្រជាធិបតេយ្យគ្រិស្ត​សាសនិក CDU របស់​លោកស្រីធ្វើការ​រួមគ្នា ទើប​អាច​ចាត់​ចែង​បញ្ហា​អន្តោប្រវេសន៍​បាន​ប្រសើរ​ឡើង និងអាច​កាត់​បន្ថយ​ទាំង​ចំនួន​ជន​ត្រូវ​ចូល​មក​ទឹក​អាល្លឺម៉ង់​ទៀត។ សម្រាប់​លោកស្រី​មែរកិល ​បើ​អាល្លឺម៉ង់​ហ៊ាន​បណ្តេញ​អន្តោប្រវេសន៍​ ដោយ​គ្មាន​ហេតុផង នោះ​នឹង​អឺរ៉ុប​ទាំង​មូល​នឹង​ដួល​ធ្វើ​តាម​ជាក់​ជា​ពុំ​ខាន។ អន្តោប្រវេសន៍​នឹង​ក្លាយ​ជា​វិបត្តិជាតិ​និង​អឺរ៉ុប ឬ​អាច​និយាយ​បែប​ផ្សេង​ថា​ អឺរ៉ុប​រួបរួម ឬ​ប្រេះឆា អាស្រ័យ​លើ​អាល្លឺម៉ង់​ហើយ។

សូម​បញ្ជាក់​ថាក្រោយការ​បោះឆ្នោត​សភា និង​ដើម្បី​ចៀស​វាង​ការ​ជាប់​គាំង​នយោបាយ​ជាតិគណបក្ស​ ​​CSU និង ​CDU ​បាន​ចាប់​ដៃ​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​សព្វថ្ងៃ។ ប៉ុន្តែបក្ស​អភិរក្ស​ស្តាំ​និយម​ដូច​គ្នាទាំង​ពីរ​នេះមាន​នយោបាយ​អន្តោប្រវេសន៍​ខុស​គ្នាស្រលះ។ បក្ស​CSUរបស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ធ្លាប់​បាន​ប្រឆាំង​នឹង​សេចក្តី​សម្រេចទទួល​យក​ជនភៀស​ខ្លួន​​របស់​លោក​ស្រី មែរកិល​ កាលពី​ឆ្នាំ​២០១៥។ ម្យ៉ាង​វិញ​ទៀត ​គណបក្ស​សង្គម​គ្រិស្តសាសនាបង្ហាញ​​ជំហរ​ដាច់​ខាតខ្លាំង ក៏​ព្រោះ​តែ​ការ​បោះឆ្នោត​តំបន់​កាន់​តែ​ខិត​មក​ដល់ (ខែ​តុលា) គណបក្ស​មិន​ចង់​ឃើញ​ បក្ស​ស្តាំជ្រុលនិយម​ឈ្នះ​ដូច​នៅ​អ៊ីតាលី​ឬ​អូទ្រីសទេ៕