បារាំង និងអ៊ីតាលីបានកាត់បន្ថយភាពតានតឹងរវាងគ្នាក្នុងសំណុំរឿងអន្តោប្រវេសន៍
នៅថ្ងៃសុក្រ ទី១៥ មិថុនា លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងបានទទួលជួបលោកនាយករដ្ឋមន្រ្តីអ៊ីតាលីយូសសេប៉េ កុងតេនៅវិមានអេលីហ្សេ។ ជំនួបរវាងលោកម៉ាក្រុង និងលោកកុងតេបានធ្វើឡើង បន្ទាប់ពីទីក្រុងប៉ារីស និងទីក្រុងរ៉ូមបានដំឡើងសរសៃ ក ដាក់គ្នានារយៈពេលប៉ុន្មានថ្ងៃកន្លងទៅក្នុងសំណុំរឿងជនអន្តោប្រវេសន៍។ បារាំងបានស្តីពីបន្ទោសអ៊ីតាលីក្នុងរឿងមិនទទួលយកជនអន្តោប្រវេសន៍ក្នុងនាវាមនុស្សធម៌ « Aquarius » ដែលស្ថិតក្បែរឆ្នេរសមុទ្ររបស់ខ្លួន។ តែនៅក្នុងសន្និសីទកាសែតរួមគ្នា លោកម៉ាក្រុង និងលោកកុងតេបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តោប្រវេសន៍ និងការធ្វើកំណែទម្រង់នៅក្នុងតំបន់អឺរ៉ូ។ លោកម៉ាក្រុងបានទទួលស្គាល់ថា អ៊ីតាលីជាប្រទេសនៃការមកដល់ជនអន្តោប្រវេសន៍មុនគេ តែថា បារាំងក៏មិនមែនជាប្រទេសដែលបានឆ្លៀតកេងចំណេញពីប្រព័ន្ធអឺរ៉ុបក្នុងវិបត្តិអន្តោប្រវេសន៍នេះដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៧
« ប្រទេសអ៊ីតាលីបានទទួលរងដោយផ្ទាល់នៃការមកដល់របស់ក្រុមជនអន្តោប្រវេសន៍យ៉ាងច្រើនសម្បើម។ ប៉ុន្តែជាមួយនឹងការងារយ៉ាងសំខាន់ដែលសម្រេចបាន ការមកដល់នៃក្រុមជនអន្តោប្រវេសន៍មានការកាត់បន្ថយ។ នៅត្រីមាសទី១ នៃឆ្នាំ ២០១៨ ការមកដល់របស់ជនអន្តោប្រវេសន៍ដែលធ្វើដំណើរមកពីអាហ្រ្វិកខាងជើង ពិសេសពីប្រទេសលីប៊ីបានធ្លាក់ចុះដល់ទៅ ៧៧%។
សម្រាប់បារាំងខ្លួនឯង មិនមែនជាប្រទេសដែលបានឆ្លៀតកេងចំណេញពីប្រព័ន្ធសមូហភាពរបស់អឺរ៉ុបទេ ពិសេសកិច្ចព្រមព្រៀងដែលគេហៅថាកិច្ចព្រមព្រៀងក្រុងឌុយប្លាំង។ ចូរកុំភ្លេចថា បារាំងជាប្រទេសដែលមានបុរស និងស្រ្តីចូលមកកាន់តែច្រើន ទោះបីពួកគេធ្វើដំណើរតាមផ្លូវគោកប៉ែកខាងជើង ខាងកើត ឬមួយខាងលិចក្តី។
ប្រសិនបើក្នុងរយៈ ៤ខែដើមឆ្នាំ ២០១៨ នេះ ប្រទេសអ៊ីតាលីបានទទួលពាក្យសុំសិទ្ធិជ្រកកោនចំនួន ១៨ ០០០ច្បាប់ ប្រទេសបារាំងមានដល់ទៅ ២៦ ០០០ច្បាប់។ បើគិតពេញមួយឆ្នាំ ២០១៧ ប្រទេសបារាំងបានទទួលពាក្យសុំសិទ្ធិជ្រកកោនចំនួន ១០០ ០០០ច្បាប់ ហើយអ៊ីតាលីមាន ១២៩ ០០០ច្បាប់។ ឃើញថា មនុស្សជាច្រើនបានធ្វើខុសដោយច្រឡំលេខ។
ពិតណាស់ថា អ៊ីតាលីជាប្រទេសដែលនៅជាប់ច្រកសមុទ្រមេឌីទែររ៉ាណេខ្លាំងជាងគេ និងដែលប្រឈមនឹងការមកដល់នៃក្រុមជនអន្តោប្រវេសន៍មុនគេ។ ចំណែកបារាំងដែលមិនប្រឈមនឹងការមកដល់ផ្ទាល់នៃក្រុមជនអន្តោប្រវេសន៍ក៏ជាប្រទេសដែលត្រូវបានបុរស ស្រ្តីដែលប្រទេសក្នុងលំហ Schengen បដិសេធមិនព្រមចុះឈ្មោះ ឬមិនព្រមឲ្យសិទ្ធិជ្រកកោនលើកទី១ ចូលមកសុំសិទ្ធិជ្រកកោនជាថ្មីដែរ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ